Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ សក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

AVI Voiceសក្ដានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្រោមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

កំណើនសេដ្ឋកិច្ចកម្ពុជាកំពុងតែមានសន្ទុះទៅមុខ ខណៈដែលការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីដែលកម្ពុជាមានជាសមាជិក នៅតែជាកត្តាជួរមុខក្នុងការផ្ដល់នូវសក្តានុពល និងកាលានុវត្តភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជា។ ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្ដម ប៉ែន សុវិជាតិ បានរៀបរាប់អំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងឡាយ ដែលបានត្រូវដាក់ចូលជាធរមានកាលពីដើមឆ្នាំ២០២២នេះ ក៏ដូចជាលទ្ធភាពនានាដែលកម្ពុជាទទួលបានក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ ដើម្បីជាមាគ៌ាក្នុងការនាំសេដ្ឋកិច្ចកម្ពុជាឱ្យមានសក្តានុពលកាន់តែធំទូលាយក្នុងទីផ្សារអន្តរជាតិ។

សំណួរទី ១៖ ដើម្បីជាជំនួយជួយឱ្យការពិភាក្សានេះកាន់តែមានភាពស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ តើ (វាគ្មិន) អាចជួយរៀបរាប់សង្ខេបបន្តិចបានទេទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីដែលកម្ពុជាមានជាមួយនឹងប្រទេសដៃគូនាពេលបច្ចុប្បន្ននេះ?

ចំពោះសំណួរទីមួយដែលទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលយើងមានទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី។ ខ្ញុំបានសូមអនុញ្ញាតជម្រាបជូន បងប្អូនយើងជាទូរទស្សនិកជន និងជាអ្នកស្ដាប់ឱ្យបានជ្រាបថាបច្ចុប្បន្ននេះយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចំនួនពីររួចមកហើយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ។ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីគឺយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គេហៅថា RCEP គឺភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ដែលក្នុងនោះយើងរួមជាមួយសមាជិកអាស៊ានផ្សេងទៀតហើយ ហើយមានសមាជិកដែលជាដៃគូរបស់អាស៊ានចំនួន៥ជាដៃគូរបស់យើង សរុបយើងមានសមាជិក១៥ប្រទេសនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថា្នក់តំបន់RCEPនេះ។​ នៅក្នុងការរៀបចំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ ប្រទេសកម្ពុជាយើងក៏ដូចជាប្រទេសសាមីដទៃទៀត តែងរៀបចំឱ្យមានការសិក្សាសព្វជ្រុងជ្រោយជាលទ្ធភាពនៃការសិក្សាជាមុនដើម្បីប៉ាន់ប្រមាណអំពីផលចំណេញ​ និងបញ្ហាប៉ះពាល់មួយចំនួនដែលអាចកើតជាយថាហេតុអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងរវាងទ្វេភាគី ក៏ដូចជាពហុភាគី។ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំង៣នេះ តាមការសិក្សាដែលធ្វើឡើងពីវិទ្យាស្ថានឯករាជ្យ យើងសង្កេតឃើញថាលទ្ធផលសុទ្ធតែបង្ហាញនូវភាពវិជ្ជមានចំពោះសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើឱ្យមានកំណើនក្នុងការនាំចេញទំនិញ ទាំងការធ្វើពិពិធកម្មមុខទំនិញសម្រាប់នាំចេញ និងការបើកឱ្យទូលំទូលាយក្នុងការនាំចូល ក៏ដូចជាការទាក់ទាញវិនិយោគ និងការអនុវត្តកាន់តែងាយស្រួលថែមទៀតនូវវិធានប្រភពដើមទំនិញ ដែលជាបញ្ហាសម្រួលដល់ការធ្វើវិនិយោគ និងជាបញ្ហាសម្រួលដល់ការបង្កើនផលិតកម្មរបស់កម្ពុជា។

ក្នុងនោះការរំពឹងទុករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ បើខ្ញុំអាចនឹងជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី RCEP ដែលចូលជាធរមានតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២កន្លងមកនេះ ផ្អែកតាមលទ្ធផលនៃការចរចានិងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា ដែលយើងហៅថា ERIA យើងឃើញថាកម្ពុជាអាចនឹងមានកំណើននូវការនាំចេញប្រចាំឆ្នាំចំនួន​៧.៣% ហើយយើងនឹងអាចមានកំណើនចំពោះវិស័យវិនិយោគចំនួន២៣.៤%ធ្វើឱ្យផលិតផលក្នុងស្រុកសរុបរបស់យើងនេះ នឹងកើនឡើងក្នុងចំនួនមួយដែលមានកម្រិតខ្ពស់គួរជាទីរំពឹងទុក។ ចំណែកការសិក្សាជាបន្តបន្ទាប់ពី យើងចូលជាធរមាននូវកិច្ចព្រមព្រៀងនេះដោយផ្អែកលើសន្ទុះនៃការនាំចេញ យើងឃើញថាកម្ពុជាយើងនឹងអាចមានកំណើនប្រចាំឆ្នាំទៀតនៅលើការនាំចេញនៅក្នុងរង្វង់៩​ទៅ១៨% ដែលទាំងអស់នេះរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំប្រមាណពី២ទៅ៣.៨% ហើយនឹងចូលរួមចំណែកផងដែរនូវឱកាសបង្កើតការងារពី៣.២ទៅ៦.២% នេះជាអ្វីដែលយើងរំពឹងទុកហើយប៉ាន់ស្មានទៅលើលទ្ធផលជាក់ស្ដែងដែលបានអនុវត្ត។ ក្នុងកំណើននេះក៏មានចំណូលពន្ធប្រចាំឆ្នាំដែរ ដែលយើងអាចថាមានចំណូលពន្ធប្រមាណ២ទៅ៣.៩%។

ខ្ញុំសូមអនុញ្ញាតជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមកនៅក្នុងប្រទេសជាសមាជិករបស់ខ្លួន ជាពិសេសប្រទេសដែលស្ថិតនៅក្នុងដំណាក់កាលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្មនិងពឹងផ្អែកទៅលើឯកទេសនីយកម្មនៃការនាំចេញដូចប្រទេសកម្ពុជាយើង យើងនឹងមានភាពចំណេញច្រើនដោយសារកិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងទំនើបមួយដែលជំរុញឱ្យមានការបង្កើតនូវសក្ដានុពលរបស់សហគ្រាសធុនតូចនិងមធ្យម ហើយបើកឱកាសនៃការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ហើយនឹងបំពេញបន្ថែមទៀតដល់កិច្ចសន្យានិងកាតព្វកិច្ចនានាដោយធ្វើឡើងដោយផ្អែកទៅលើកិច្ចសន្យា និងកាតព្វកិច្ចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ​ដែលប្រទេសជាសមាជិកទាំងអស់នៃកិច្ចព្រមព្រៀងនេះបានជាហត្ថលេខី។ ចំណុចទីពីរ ដែលយើងឃើញថាកិច្ចព្រមព្រៀងនេះមានលក្ខណៈសព្វជ្រុងជ្រោយដូចឈ្មោះរបស់កិច្ចព្រមព្រៀងនេះ គឺថាកិច្ចព្រមព្រៀងបានយកចិត្តទុកដាក់ច្រើនវិស័យ ជាពិសេសមានវិស័យអំពីពាណិជ្ជកម្មទំនិញ ដែលគិតគូរសព្វគ្រប់ដល់វិធាននៃដើមកំណើតទំនិញ នីតិវិធីគយ និងការសម្រួលពាណិជ្ជកម្ម បញ្ហាអនាម័យនិងភូតគាមអនាម័យ អនុលោមភាពផ្នែកបច្ចេកទេស ស្តង់ដារនិងគុណភាព ព្រមទាំងវិធីដោះស្រាយវិវាទពាណិជ្ជកម្ម ដែលយើងហៅថាឧបាស្រ័យពាណិជ្ជកម្ម ដោយសារមានភាពសព្វជ្រុងជ្រោយរបៀបនេះយើងក៏ឃើញមានផងដែរថា កិច្ចព្រមព្រៀងរបស់យើងក៏មានមាត្រាដែលគ្របដណ្ដប់ពាណិជ្ជកម្មស្ដីពីសេវាវិនិយោគ ដែលធ្វើឱ្យកិច្ចព្រមព្រៀងនេះកាន់តែមានលក្ខណៈប្រសើរជាងកិច្ចព្រមព្រៀងថ្នាក់តំបន់ដទៃទៀត ហើយជាកិច្ចព្រមព្រៀងមួយដែរ ដែលមានគុណភាពខ្ពស់ ដោយសារកិច្ចព្រមព្រៀងបានរំលេចនូវបញ្ហាមួយចំនួនដែលជាបញ្ហាប្រឈមហើយគាំទ្រដល់ការចូលរួមរបស់សមាជិកទាំងអស់នៅក្នុងខ្សែចង្វាក់តម្លៃសកល និងខ្សែចង្វាក់តម្លៃតំបន់ ដែលធ្វើឱ្យការបើកច្រកទីផ្សារ និងធ្វើឱ្យការធ្វើអាជីវកម្មមានលក្ខណៈងាយ ហើយងាយនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា តាមរយៈការជំរុញការប្រកួតប្រជែង និងតាមរយៈការជំរុញផលិតភាព ផលិតកម្មប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ នេះជាអ្វីដែលយើងអាចវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងRCEP។​

ដោយសារតែកិច្ចព្រមព្រៀងនេះប្រមូលផ្ដុំនៅប្រទេសដែលជាសមាជិកជាច្រើន ជាពិសេសសមាជិកប្រទេសដែលជាដៃគូរបស់អាស៊ានដូចជាចិន កូរ៉េ ជប៉ុន អូស្ត្រាលី ញូវហ្សេឡេន យើងឃើញថាជាទីផ្សារធំមួយ ហើយទីផ្សារនេះទៀតសោត បានបង្កើននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបច្ចេកទេស ដែលធ្វើឱ្យការកសាងសមត្ថភាពរបស់ប្រទេសដទៃទៀតនៅក្នុងចង្កោមនៃកិច្ចព្រមព្រៀងអាចនឹងអនុវត្តបានទៅប្រកបដោយភាពវិជ្ជមាន។ អ៊ីចឹងនៅចំពោះប្រទេសកម្ពុជាការចូលនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី RCEP គឺជាបញ្ហាសំខាន់មួយហើយនឹងអាចប្រមូលផលជាវិជ្ជមានមកឱ្យប្រទេសយើងដូចដែលខ្ញុំបាទបានរៀបរាប់ពីខាងលើ។ ចំណុចទីពីរគឺ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាទីផ្សារសំខាន់មួយរបស់កម្ពុជា ពិសេសសម្រាប់ ផលិតផល កសិផល ហើយជាកិច្ចព្រមព្រៀងមួយដោយបន្ថែមពីលើកិច្ចព្រមព្រៀង RCEP ពីព្រោះអាចនឹងមានសំណួរថាហេតុអីដែលកម្ពុជាជាសមាជិករបស់កិច្ចព្រមព្រៀងសេរីពហុភាគីថ្នាក់តំបន់ RCEP ដែលមានចិនជាសមាជិកហើយយើងចាំបាច់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាទ្វេភាគីជាមួយភាគីចិនទៀត? ចំណុចនេះខ្ញុំបាទចង់ជម្រាបជូនបងប្អូនទូរទស្សនិកជនបានជ្រាបថាប្រទេសចិនជាមិត្តដែកថែប គឺជាដៃគូពាណិជ្ជកម្មសំខាន់មួយ គឺជាទីផ្សារធំមួយនៅក្នុងតំបន់ ហើយការយកចិត្តទុកដាក់របស់ចិនមកលើកម្ពុជា និងជំរុញឱ្យប្រទេសកម្ពុជាបានអភិវឌ្ឍន៍បានឆាប់រហ័ស។ 

ទីមួយ យើងសង្កេតឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែលចូលជាធរមានរួចមកហើយដែរ តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ គឺថាជំរុញឱ្យមានការធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែសកម្មថែមទៀតហើយកាន់តែងាយស្រួលថែមទៀត តាមរយៈការកាត់បន្ថយ លុបបំបាត់របាំងពន្ធគយ និងរបាំងមិនមែនពន្ធគយ គឺរបាំងបច្ចេកទេសដែលទាក់ទងទៅដល់ស្តង់ដារបញ្ញត្តិបច្ចេកទេស និងការវាយតម្លៃអនុលោមភាពគុណភាពផលិតផល។ល។ 

ទីពីរ ទៀតក៏បានធ្វើសេរីភាវូនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្មផ្នែកសេវាឱ្យបានច្រើនវិស័យផងដែរ ហើយនិងជួយសម្រួលការពារជម្រុញទាក់ទាញវិនិយោគឱ្យមកធ្វើវិនិយោគនៅកម្ពុជាដើម្បីនាំត្រឡប់ទៅវិញទៅកាន់ទីផ្សារចិន។ ក្នុងនោះក៏មានការជួយជំរុញធ្វើពិពិធកម្ម និងលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចរបស់យើង សេដ្ឋកិច្ចផង ពាណិជ្ជកម្មផង និងវិនិយោគផង ដើម្បីឱ្យស្របទៅតាមគោលគំនិតផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលផ្ដួចផ្ដើមឡើងដោយប្រធានាធិបតីចិន ឯកឧត្ដម ស៊ី ជីនពីង (Xi JinPing) ដែលជាកិច្ចសហប្រតិបត្តិការមួយភ្ជាប់ទីផ្សារយើង ភ្ជាប់ការផលិតរបស់យើង ធ្វើឱ្យប្រទេសយើងក្លាយទៅជាផ្នែកមួយនៃខ្សែចង្វាក់តម្លៃសកល ហើយធានាឱ្យបាននៅឋានៈជាប្រភពនៃការផ្គត់ផ្គង់ ដែលយើងហៅថា Supply Chain Source សម្រាប់ទីផ្សារពិភពលោក ទន្ទឹមនឹងនេះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក៏ជាមុខសញ្ញាមួយដែលភាគីចិនជំរុញនិងជួយដល់ភាគីកម្ពុជា ដើម្បីឱ្យភាគីកម្ពុជាយើងអាចនឹងអនុវត្តនៅកិច្ចព្រមព្រៀង ឬក៏វិធាននានាដែលទាក់ទងនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានល្អប្រសើរ ហើយក៏អាចនឹងជំរុញឱ្យការធ្វើពាណិជ្ជកម្មឆ្លងដែនកាន់តែងាយស្រួលជាងមុន។ ជាការជាក់ស្ដែងយើងឃើញថាប្រទេសកម្ពុជាយើងទទួលបានបន្ទាត់ពន្ធស្មើនឹងអត្រាពន្ធសូន្យភ្លាមៗនៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន គឺយើងបានទទួលនូវអត្រាពន្ធរហូតដល់៨ ៣២៨បន្ទាត់ពន្ធ ដែលស្មើនឹង៩៧%នៃបន្ទាត់ពន្ធសរុប សូន្យភ្លាមៗ ហើយបន្ទាប់មកទៀតហ្នឹងក៏ក្នុងរយៈពេលប្រាំឆ្នាំ យើងនឹងទទួលបាន០%សម្រាប់ទំនិញ០៦បន្ទាត់ពន្ធទៀតដែលជាទំនិញរសើបសម្រាប់ទីផ្សារចិន ហើយនឹងទទួលបាន​៥%សម្រាប់៣០បន្ទាត់ពន្ធទៀត ដែលជាទំនិញស្ថិតនៅក្នុងទំនិញជាប់កម្រិតកំណត់របស់ប្រទេសចិន។​ អ៊ីចឹងហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-​ចិនក៏នឹងរួមចំណែកផងដែរទៅដល់ការបង្កើតទីផ្សារថ្មី ការបង្កើតនូវទីផ្សារពលកម្ម ហើយនិងការជំរុញនូវការនាំចេញផលិតផល កសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិនដូចដែលយើងធ្លាប់បាននាំចេញអង្ករ ធ្លាប់បាននាំចេញទំនិញជាបន្លែផ្លែឈើ ជាត្រីសាច់មួយចំនួនទៅកាន់ទីផ្សារចិនរួចទៅហើយ។

កិច្ចព្រមព្រៀងទីបីដែលមិនទាន់ចូលជាធរមានក៏ប៉ុន្តែបានបំពេញនីតិវិធីសព្វគ្រប់រួចទៅហើយនោះគឺ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-​កូរ៉េ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ តាមពិតទៅត្រូវចូលជាធរមានតាំងតែពី២-​៣ខែមុន ប៉ុន្តែដោយសារភាគីកូរ៉េជាប់បោះឆ្នោតប្រធានាធិបតី អ៊ីចឹងយើងរំពឹងថាអាចនឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-​កូរ៉េក៏ជាផ្នែកមួយដែរ ដែលយើងបានសង្កេតឃើញថាកិច្ចព្រមព្រៀងនេះនឹងក្លាយទៅជាកម្លាំងចលករមួយសម្រាប់ការជំរុញការនាំចេញ និងការពង្រីកទីផ្សាររវាងប្រទេសទាំងពីរ។ ចំណុចសំខាន់របស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ គឺការរក្សានូវគុណភាពទំនិញនិងការបើកច្រករវាងសហប្រតិបត្តិការ ការនាំចេញនាំចូលរវាងប្រទេសទាំងពីរ ដោយផ្អែកទៅលើពាណិជ្ជកម្មទំនិញដែលរួមមាន ស្តង់ដារបញ្ញត្តិបច្ចេកទេស នីតិវិធីវាយតម្លៃអនុលោមភាព វិធានអនាម័យនិងភូតគាមអនាម័យ ដែលយើងនិយាយសាមញ្ញថាធានាឱ្យទំនិញកម្ពុជាយើង ដែលនាំទៅលក់នៅប្រទេសកូរ៉េនេះគឺជាទំនិញប្រកបដោយគុណភាពសម្រាប់ទីផ្សារកូរ៉េ ហើយខ្ញុំបាទសូមជម្រាបថាទីផ្សារកូរ៉េមានលក្ខខណ្ឌតឹងរ៉ឹងបង្គួរដែរសម្រាប់ទំនិញ ហើយមានការទទួលស្គាល់ជាសកលសម្រាប់ទំនិញដែលមានគុណភាពនៅលើទីផ្សារកូរ៉េ ដូច្នេះបើទំនិញកម្ពុជាជ្រៀតចូលទៅក្នុងទីផ្សារកូរ៉េបាន វាបានន័យថាទំនិញកម្ពុជាក៏អាចជ្រៀតចូលទៅកាន់ទីផ្សារដទៃទៀតនៅលើសកលលោកផងដែរ។

ទន្ទឹមនឹងអ្វីដែលយើងមានស្រាប់ដែលជាឯកទេសនីយកម្មរបស់យើងគឺទំនិញវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ កង់ គ្រឿងបន្លាស់ គ្រឿងបង្គុំ ដែលយើងមានយើងនឹងជំរុញបន្ថែមទៀតនូវទំនិញដែលជាសមិទ្ធផលឬក៏ជាស្នាដៃរបស់សហគ្រាសតូចនិងមធ្យម ដើម្បីធ្វើយ៉ាងណាទំនិញទាំងអស់នោះមានគុណភាព រួមទាំងទំនិញGIទំនិញផ្លាកសម្គាល់ភូមិសាស្ត្ររបស់យើង ដែលជាទំនិញសម្រាប់ «Niche Market» ដើម្បីធ្វើ​ឱ្យទំនិញទាំងអស់នោះអាចនឹងមានលទ្ធភាពចូលទៅដល់ទីផ្សារកូរ៉េ ហើយមានលទ្ធភាពចូលដល់ទីផ្សាររបស់ប្រទេសដទៃទៀតដែលមានលក្ខខណ្ឌជាអន្តរជាតិដូចកូរ៉េដែរ។ កិច្ចព្រមព្រៀងនេះនឹងជំរុញចេញការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េនូវផលិតផលសម្លៀកបំពាក់ វាយនភណ្ឌស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក ផលិតផលកៅស៊ូ ផលិតផលកសិកម្ម ដែលយើងឃើញមានស្វាយ មានចេក មានទំនិញផ្សេងៗទៀត ដែលធ្លាប់នាំចេញទៅកាន់ប្រទេសដទៃទៀតរួចទៅហើយ។

ដូច្នេះកិច្ចព្រមព្រៀងសរុបមក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងបីនេះ គឺជាប្រភពមួយនៃការធ្វើពិពិធកម្មទីផ្សារដ៏សំខាន់ដែលពង្រីកនៅច្រកទីផ្សាររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកហើយក៏ជាឱកាសមួយដែរ សម្រាប់ផ្តល់នូវកាលានុវត្តភាពសម្រាប់ធុរជន និងវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសដើម្បីមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាយើង សម្រាប់នាំចេញទៅកាន់ទីផ្សារទាំងអស់នោះ ក៏ដូចជាផលិតនិងបង្កើននូវផលិតផលរបស់ខ្លួនសម្រាប់បម្រើទីផ្សារក្នុងស្រុក។ល។ នេះជាចម្លើយរបស់ខ្ញុំបាទចំពោះសំណួរទីមួយដែលប្អូនសួរ ហើយខ្ញុំបាទក៏សូមជម្រាបជូនដែរថា ចំពោះទីផ្សារចិនបន្ថែមលើទំនិញកសិកម្មដែលយើងមាន យើងក៏អាចនាំនូវទំនិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលឧស្សាហកម្មស្រាលផ្សេងទៀតកាន់ទីផ្សារចិនផងដែរ។ 

សំណួរទី ២៖ ដោយសារតែកម្ពុជាជាកូននាគសេដ្ឋកិច្ចថ្មី ដែលធ្វើការពឹងផ្អែកមួយផ្នែកធំលើទំនិញឧស្សាហកម្មធន់ស្រាល ហើយកង្វះខាតថាមពលសម្រាប់ការផលិត កង្វះខាតហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដឹកជញ្ជូន ក៏ដូចជាភាពទន់ខ្សោយនៃឧស្សហកម្មក្មេងខ្ចី (Infant Industry) ដែលបណ្ដាលឱ្យមានការកើនឡើងនៃតម្លៃនៃផលិតផលសម្រាច់ ដែលជាហេតុធ្វើឱ្យផលិតផលរបស់កម្ពុជាបាត់បង់ភាពទាក់ទាញដោយសារមាន​តម្លៃថ្លៃជាងផលិតផលនាំចូលពីបរទេស។ តើ (វាគ្មិន) គិតថាបញ្ហានេះ​ អាចធ្វើឱ្យបះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរឬទេនៅពេលដែលកម្ពុជាធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូទាំងនោះ?

ខ្ញុំបាទសូមអនុញ្ញាតជម្រាបជូនថា ខ្ញុំបាទយល់ស្របមួយផ្នែក និងមិនយល់ស្របមួយផ្នែកទៅលើសម្មតិកម្មដែលបានលើកអំពីភាពទន់ខ្សោយនៃឧស្សាហកម្មក្មេងខ្ចី ហើយនិងកង្វះភាពទាក់ទាញចំពោះផលិតផលសម្រេច។ ការដែលយើងក្រឡេកឃើញនូវចំណុចខ្សោយរបស់យើង គឺថាយើងមានការខ្វះខាតមែននូវថាមពលសម្រាប់ការផលិត គឺចរន្តអគ្គិសនីរបស់យើងនៅមានកម្រិតហើយក៏មានតម្លៃថ្លៃនៅក្នុងផលិតកម្មបើធៀបទៅនឹងប្រទេសជិតខាង ប៉ុន្តែជាបណ្តើរៗបញ្ហានេះត្រូវបានដោះស្រាយតាមរយៈការកសាងហេដ្ឋាសម្ព័ន្ធវារីអគ្គិសនីនិងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីបញ្ចុះតម្លៃអគ្គិសនីសម្រាប់ឧស្សាហកម្ម នេះជាអ្វីដែលយើងអាចឆ្លើយតបចំពោះសម្មតិកម្មដែលបានលើកឡើងនេះ។

ទីពីរ ចំពោះការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដឹកជញ្ជូនបច្ចុប្បន្ននេះ យើងឃើញថាយើងជួបប្រទះនូវបញ្ហានេះមែន ក៏ប៉ុន្តែជាបណ្ដើរៗយើងក៏បានដោះស្រាយដែរ ក្រសួងពាណិជ្ជកម្មនិងស្ថាប័នពាក់ព័ន្ធ និងក្រសួងសាធារណការនិងដឹកជញ្ជូន បានរៀបចំផែនការមេស្ដីពីភស្តុភារកម្ម ហើយជាក់ស្តែងលទ្ធផលនៃការអនុវត្តគោលនយោបាយស្ដីពីផែនការមេនោះ ធ្វើឱ្យយើងទទួលបាននូវផ្លូវ សមិទ្ធិផលដូចជាផ្លូវល្បឿនលឿនភ្នំពេញ-​ក្រុងព្រះសីហនុ ការគិតគូរនៅក្នុងការជីកព្រែកទម្លាយដើម្បីភ្ជាប់ទន្លេផ្នែកខាងក្រោមនៃទន្លេបាសាក់ទៅកាន់សមុទ្រនៅកំពត។ល។ ដើម្បីសម្រួលហើយនិងការបង្កើតនៅកំពង់ផែរណបថ្មីៗដូចជាជាក់ស្ដែងកំពង់ផែស្វយ័តភ្នំពេញបានធ្វើទំនើបកម្ម នៅទីលានផ្ទុកទំនិញរបស់ខ្លួន ទំនើបកម្មនៅក្នុងការលើកដាក់ទំនិញដើម្បីកាត់បន្ថយពេលវេលាក៏ដូចជាការបង្កើតនូវផែដឹកនាំថ្មីៗ ដែលតាមគម្រោងគឺយើងធ្វើ០៧ផែរណប ដើម្បីស្រូបទាញនៃការដឹកជញ្ជូនទំនិញជាទំនិញកសិផល ដោយចៀសវាងនូវការប្រើប្រាស់ផ្លូវថ្នល់ច្រើនពេក ដែលជាហេតុធ្វើការខូចខាតផ្លូវថ្នល់ផង ហើយធ្វើឱ្យស្ទះចរាចរណ៍ ធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ល។ ឱ្យបង្វែរមកប្រើប្រាស់ផ្លូវទឹកមានភាពងាយស្រួលហើយនិងដឹកជញ្ជូនបានទំហំបរិមាណច្រើនផង ដោយឡែកចំពោះកំពង់ផែក្រុងព្រះសីហនុក៏ដូចគ្នា ក៏បានធ្វើការអភិវឌ្ឍខ្លួនទៅជាកំពង់ផែទឹកជ្រៅ ដែលអាចស្រូបទាញកប៉ាល់ឱ្យចូលមកត្រង់នៅក្នុងកំពង់ផែក្រុងព្រះសីហនុ ដើម្បីទទួលដឹកទំនិញចៀសវាងការឆ្លងកាត់កំពង់ផែបរទេសដទៃទៀត ដោយហេតុធ្វើមានការខាតបង់ពេលវេលា។ល។ ទន្ទឹមនឹងនេះ ថ្មីៗរដ្ឋាភិបាលក៏ទើបនឹងបើកសម្ពោធការកសាងកំពង់ផែសមុទ្រទឹកជ្រៅមួយទៀតនៅខេត្តកំពត ដែលនឹងបម្រើផងដែរដល់ការនាំចេញរបស់កម្ពុជាយើង។ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធឃ្លាំងទំនិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកំពុងតែកសាងបណ្ដើរៗហើយកត្តាទាំងអស់នេះនឹងអាចឆ្លើយតបទៅនឹងសំណួរដែលប្អូនបានលើកអម្បាញ់មិញអំពីភាពខ្វះខាត ទាំងការខ្វះខាតថាមពល ទាំងការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ។

ទីបី ចំណុចទាក់ទងនឹងភាពទន់ខ្សោយនៃឧស្សាហកម្មរបស់យើង ពីព្រោះឧស្សាហកម្មតូចនិងមធ្យមរបស់យើងជាឧស្សាហកម្មក្មេងខ្ចី ក៏ប៉ុន្តែនៅពេលដែលយើងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសដៃគូ ក៏ដូចជាកិច្ចព្រមព្រៀងសេរីទ្វេភាគីក៏ដូចជាគូភាគី យើងរំពឹងទុកថានឹងមានអ្នកវិនិយោគមកធ្វើការវិនិយោគផលិតទំនិញដើម្បីនាំចេញ ការធ្វើវិនិយោគដោយផ្ទាល់របស់បរទេស ជាក់ស្តែងនៅក្នុងត្រីមាសទីមួយនៅក្នុងឆ្នាំនេះ យើងឃើញកំណើននៃការមកធ្វើវិនិយោគរបស់បរទេសនៅកម្ពុជាមានការកើនឡើង វាជាឥទ្ធិពលមួយដែររបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរនេះ ឬយើងអាចនិយាយបានថាទាំងបី យើងកំពុងទុកថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េនឹងចូលជាធរមាននាពេលឆាប់ៗ ហើយការធ្វើវិនិយោគដោយផ្ទាល់របស់បរទេសវានឹងនាំមកនូវបច្ចេកវិទ្យា ការផ្លាស់ប្តូរបច្ចេកវិទ្យា ការបង្ហាត់បង្រៀនទៅដល់ពលករក្នុងស្រុក និងការជួយពិនិត្យ ឬក៏លើកកម្ពស់សមត្ថភាពផ្នែកបច្ចេកទេស ឬក៏លទ្ធភាពផ្សេងទៀត ដែលជាការបង្កើននូវគុណភាពរបស់ទំនិញ និងការទទួលស្គាល់របស់ទីផ្សារបរទេសគឺជាក្ដីរំពឹងទុកធំមួយសម្រាប់យើង។ ទន្ទឹមនឹងនេះច្បាប់វិនិយោគថ្មីរបស់យើងក៏មានការលើកទឹកចិត្តដល់ការធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលជាកត្តាជំរុញឱ្យឧស្សាហកម្ម ជាពិសេសឧស្សាហកម្មតូចនិងមធ្យមរបស់យើងអាចនឹងមានការរីកចម្រើនធំធាត់ទៅតាមការចូលមកធ្វើការវិនិយោគរបស់បរទេស។

ខ្ញុំបាទសូមជម្រាបថា ការរៀបចំឱ្យមាន «Cluster Industry» ​ បានន័យថាបណ្តុំឧស្សាហកម្មដែលមានភាពស្រដៀងគ្នាឬដូចគ្នាដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជារោងចក្រផលិតគ្រឿងបន្លាស់រថយន្តនៅជិតរោងចក្រដំឡើងរថយន្ត។ល។ គឺជាគោលគំនិតមួយរបស់រាជរដ្ឋាភិបាលហើយការបើកទូលាយឱ្យមានតំបន់សេដ្ឋកិច្ចពិសេស ដែលពេលបច្ចុប្បន្ននេះមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាង៤០ទៅហើយ ដែលកំពុងដំណើរការប្រកបទៅដោយភាពសកម្ម ហើយក៏មានតំបន់សេដ្ឋកិច្ចពិសេសធំៗដទៃទៀតដែរ ដែលកំពុងតែរៀបចំដំណើរការ ដែលបានទទួលច្បាប់អនុញ្ញាតហើយ ហើយកំពុងតែរៀបចំដំណើរការ ហើយជាទីតាំងដែលផ្ដល់នូវលទ្ធភាពដល់រោងចក្រធំៗ សម្រាប់មកវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ ការកែច្នែផលិតផលកៅស៊ូ ដូចយើងឃើញថាថ្មីៗនេះមានរោងចក្រកង់ឡានបានមករៀបចំផលិតនៅកម្ពុជា មានរោងចក្រដំឡើងរថយន្តមកធ្វើនៅខេត្តពោធិ៍សាត់ និងមានស្រាប់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងនិងនៅបាវិត ហើយក៏មានរោងចក្រផលិតទំនិញជាគ្រឿងបន្លាស់អគ្គិសនី គ្រឿងបង្គុំតូចៗ ដែលសឃើញថាយើងមានលទ្ធភាពជំរុញឧស្សាហកម្មក្មេងខ្ចីរបស់យើងឱ្យទៅជាឧស្សាហកម្មចាស់ទុំ ដែលអាចនឹងមានភាពប្រកួតប្រជែងបាននៅក្នុងថ្ងៃណាមួយក្នុងអនាគតឆាប់ៗ អាស្រ័យទៅលើការធ្វើវិនិយោគ សំដៅជំរុញ និងកាត់បន្ថយនូវថ្លៃដើម ដើម្បីឱ្យ ទីមួយ៖ មានទំនិញសម្រាប់ជំនួសដោយទំនិញនាំចូល ទីពីរ៖ មានទំនិញសម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។

យើងអាចនិយាយបានថាបច្ចុប្បន្ននេះ បើទំនិញប្រើប្រាស់ក្នុងស្រុកធម្មតាដែលជាគ្រឿងឧបភោគបរិភោគក្ដី អ្នកប្រើប្រាស់កម្ពុជាយើងបានងាកទៅរកទំនិញដែលផលិតនៅក្នុងស្រុកដែលបច្ចុប្បន្នមានគុណភាពល្អ ហើយអាចនឹងជំនួសនូវទំនិញនាំចូលមួយចំនួនធំបានរួចទៅហើយ។ ដូច្នេះការធ្វើពាណិជ្ជកម្មសេរី របស់យើងជាមួយនឹងដៃគូ យើងមានសេចក្ដីសង្ឃឹមច្រើននិងអាចប្រើប្រាស់នូវផលប្រយោជន៍ ឬអត្ថប្រយោជន៍ដែលនាំមកដោយដៃគូវិនិយោគ ក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យា ការផ្តល់នូវលទ្ធភាពសិក្សាបន្ថែមជំរុញនៅក្នុងការធ្វើពិពិធកម្មទំនិញសម្រាប់ការនាំចេញ ក៏ដូចជាការបម្រើនៅទីផ្សារក្នុងស្រុក។ 

សំណួរទី ៣៖ ក្នុងនាមកម្ពុជាបានសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសធំៗចំនួន២គឺចិននិងសាធារណរដ្ឋកូរ៉េ និងជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងដ៏ធំជាងគេក្នុងពិភពលោកផងនោះ តើវាបានផ្ដល់នូវកាលានុវត្តភាពអ្វីខ្លះដល់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាតសកល ក៏ដូចជាមាគ៌ាសម្រាប់កម្ពុជាឆ្ពោះទៅសម្រេចនូវគោលដៅក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ (Higher Middle Income) នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ (High Income) នៅឆ្នាំ២០៥០ខាងមុខ?

ខ្ញុំបាទសូមអនុញ្ញាតជម្រាបថា ដូចខ្ញុំបាទបានរៀបរាប់ពីក្នុងសំណួរទីមួយដូច្នេះ នៅពេលដែលធ្វើការសិក្សាយើងឃើញថាលទ្ធភាពដែលធ្វើការសិក្សាបង្ហាញនូវកំណើនដែលកម្ពុជាអាចទទួលបាននៅក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងបីនេះ។ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩បានកើតឡើងវាធ្វើឱ្យប៉ះពាល់ដល់ប្រទេសទាំងអស់នៅលើពិភពលោករួមទាំងកម្ពុជាផង ប៉ុន្តែជាសំណាងល្អ យើងនៅរក្សាបានទីផ្សារនាំចេញរបស់យើង ដែលគិតថាមកដល់ពេលនេះយើងមិនទាន់មានបាត់បង់ទីផ្សារនាំចេញណាមួយនោះទេ ការបញ្ជាទិញនៅបន្តកើនឡើងដដែល ហើយការនាំចេញរបស់យើងបានកើនឡើងជាពិសេសទំនាក់ទំនងពាណិជ្ជកម្មរបស់យើងជាមួយសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់មួយ ហើយយើងក៏ធ្វើការកត់សម្គាល់ផងដែរថាទំនាក់ទំនងពាណិជ្ជកម្មរបស់យើងជាមួយភាគីចិន ដែលជាទីផ្សារធំមួយក៏ឡើងដល់កម្រិតខ្ពស់មួយដែលសម្រេចបាននូវទឹកប្រាក់ជាង១០ប៊ីលាន (Billion)ដុល្លារមុនការកំណត់ដែលយើង មុនដំបូងយើងគិតថាវានឹងឡើងដល់១០ប៊ីលាននៅក្នុងឆ្នាំ២០២៣ ប៉ុន្តែជាក់ស្ដែងនៅត្រឹមនៅក្នុងឆ្នាំ២០២១ ចំនួននេះបានកើនដល់កម្រិតជាង១០ប៊ីលានទៅហើយ ឬ១១ប៊ីលានទៅហើយ។ អ៊ីចឹងតាមការវាយតម្លៃរបស់ អង្គភាពឯករាជ្យផ្សេងៗ ដែលប្អូនបានជ្រាបស្រាប់ហើយថា ការវាយតម្លៃរបស់អង្គភាពដូចជា NIKKEI របស់ជប៉ុនក្ដីបានបង្ហាញថាកម្ពុជាយើង​នេះស្ថិតនៅក្នុងលំដាប់ទី២ ដែលជាប្រទេសស្ដារសេដ្ឋកិច្ចរបស់ខ្លួនបានឡើងវិញល្អក្រោយពីវិបត្តិកូវីដ-១៩ ហើយជាគោលនយោបាយនៅក្នុងស្រុកដែល សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីរបស់យើងបានអនុវត្តនោះ គឺជាការចាក់វ៉ាក់សាំងដើម្បីធ្វើឱ្យមានភាពស៊ាំនៅក្នុងសហគមន៍ ដែលជាឱកាសមួយបើកចំហនូវសេដ្ឋកិច្ចពេញទំហឹងដែលបងប្អូនយើងសព្វថ្ងៃនេះបានទទួលផលប្រយោជន៍ អំពីការបើកចំហសេដ្ឋកិច្ចនេះឡើងវិញក៏ប៉ុន្តែជាអកុសលយើងជួបវិបត្តិមួយទៀត គឺសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃធ្វើឱ្យប៉ះពាល់ជាផលអវិជ្ជមានមួយចំនួនមកលើសេដ្ឋកិច្ច ក៏ប៉ុន្តែទោះជាយ៉ាងនេះក្ដី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងបី ដែលបានរៀបរាប់ខាងលើនឹងរួមចំណែក ចំណុចទីមួយ ដល់ការសម្រួលពាណិជ្ជកម្ម ទំនិញដែលយើងអាចនឹងប្រើប្រាស់នូវវិធានកូដកម្មទំនិញរួមជាការងាយស្រួលដល់ការផលិត និងការជំរុញការនាំចេញ ជាការធ្វើឱ្យយើងអាចនាំនឹងមានលទ្ធភាពធ្វើពិពិធកម្មទំនិញបានច្រើនមុខហើយមានលទ្ធភាពងាយស្រួលនិងប្រើប្រាស់វិធានប្រភពដើមទំនិញរួមគ្នានេះ សម្រាប់ការនាំចេញទៅកាន់ទីផ្សារនៅក្នុងតំបន់ដែលជាដៃគូសេដ្ឋកិច្ចរបស់យើងក៏ដូចជា ការនាំចេញទៅកាន់ទីផ្សារពិភពលោកផ្សេងទៀតផងដែរ នេះជាកាលានុវត្តភាពទីមួយ។ 

ចំណុចទីពីរ គឺលក្ខខណ្ឌដែលបង្កឡើងនូវភាពងាយស្រួលរបស់កិច្ចព្រមព្រៀងនេះទៅលើវិធានអនាម័យនិងភូតគាមអនាម័យ បញ្ញត្តិច្បាប់ អនុលោមភាពស្ដីពីបទដ្ឋានបច្ចេកទេសនៃគុណភាពនិងបទដ្ឋានអន្តរជាតិ វាជួយរំលេចឱ្យទំនិញរបស់យើងក្លាយទៅជាទំនិញដែលមានការទទួលស្គាល់ពីទីផ្សារពិភពលោក ដោយសារយើងដូចខ្ញុំបានជម្រាបជូនពីខាងដើម គឺយើងអាចជ្រៀតចូលទៅទីផ្សារកូរ៉េ ដែលជាទីផ្សារមានកម្រិតកំណត់លក្ខខណ្ឌតឹងរ៉ឹង តែទំនិញយើងនៅតែអាចនាំចូលទៅបាន មានន័យថាយើងមានឈ្មោះស្របទៅតាមគោលដៅរបស់ក្រសួងពាណិជ្ជកម្មដែលជំរុញឱ្យមានការទទួលស្គាល់ទំនិញដែលធ្វើឡើងនៅកម្ពុជាដើម្បីលើកស្ទួយទំនិញកម្ពុជានេះឱ្យខ្ពស់មុខខ្ពស់មាត់ ហើយជំរុញភាពប្រកួតប្រជែងរបស់យើងជាមួយនឹងប្រទេសដទៃទៀតក្នុងការដណ្តើមចំណែកទីផ្សារនៃពិភពលោក នេះជាកាលានុវត្តភាពទីពីរ។ 

ចំណុចទីបី យើងសង្កេតឃើញថា លទ្ធភាពក្នុងការទាក់ទាញអ្នកវិនិយោគសម្រាប់កម្ពុជា គឺស្ថិតនៅក្នុងកម្រិតខ្ពស់មួយ៖ ទីមួយ លក្ខខណ្ឌដែលយើងមានស្រាប់គឺយើងជាទីផ្សារថ្មី យើងជាប្រទេសដែលមានកម្លាំងពលកម្មក្មេង ហើយយើងស្ថិតនៅក្នុងកម្រិតប្រទេសដែលនូវមានតម្លៃពលកម្មទាបនៅឡើយ បើសិនប្រៀបធៀបជាមួយប្រទេសផ្សេងនៅក្នុងតំបន់ ហើយទីបីទៀតជាប្រទេសក្មេងខ្ចី ដែលទើបនឹងចាប់យកបច្ចេកវិទ្យាថ្មីៗសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយជាទីផ្សារមួយ ជាទីកន្លែងមួយដែលមានច្បាប់វិនិយោគប្រកបដោយបរិយាកាសវិនិយោគប្រសើរ និងបរិយាកាសធុរកិច្ចប្រសើរ ដែលបច្ច័យនេះអាចទាក់ទាញអ្នកវិនិយោគ ដែលយើងសង្ឃឹមទុកថានឹងមានអ្នកវិនិយោគមកធ្វើធុរកិច្ច និងធ្វើវិនិយោគនៅក្នុងស្រុកយើងបានកាន់តែច្រើន ដែលជួយឱ្យ ដូចដែលខ្ញុំនិយាយបានពីខាងដើម ជួយឱ្យអ្នកសហគ្រិននៅក្នុងស្រុកយើងមានលទ្ធភាពស្រូបយកនូវបច្ចេកវិទ្យាថ្មីៗ ហើយអាចកែប្រែខ្លួន ពីសហគ្រិន ពីសហគ្រាសតូចនិងមធ្យម ពីសហគ្រាសក្មេងខ្ចីទៅជាសហគ្រាសចាស់ទុំនៅពេលអនាគត។ ទាំងអស់នេះគឺជាកាលានុវត្តភាពមួយដែល សម្រាប់រុញយើងឱ្យឆ្លងផុតពីឋានៈប្រទេសដែលជាប្រទេសអភិវឌ្ឍន៍តិចតួច ដែលបច្ចុប្បន្នយើងជាLDC (Least Developed Country) ហើយយើងកំពុងតែសម្រិតសម្រាំងខ្លួន​យើង តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការពង្រីកទីផ្សារ និងការធ្វើពិពិធកម្មទំនិញ ការពង្រឹងឧស្សាហកម្មក្មេងខ្ចី ការប្រើប្រាស់បច្ចេកវិទ្យា ដូចដែលរាជរដ្ឋាភិបាលបានកំណត់នូវទិសដៅអំពី សេដ្ឋកិច្ចឌីជីថល ដែលមានជាគោលនយោបាយដែលបានអនុម័តរួចហើយ ក៏ដូចជាការកែខ្លួន និងការពង្រឹងនូវឧស្សាហកម្មដែលជាជំនាញរបស់យើងដូចជាគោលនយោបាយយុទ្ធសាស្ត្រស្ដីពីការរក្សាកំណើនសម្រាប់រោងចក្រទំនិញកាត់ដេរ វាយនភណ្ឌស្បែកជើង និងកាបូបធ្វើដំណើរ ក៏ដូចជាយុទ្ធសាស្ត្រផ្សេងទៀត ក្នុងការជួយដល់ប្រជាពលរដ្ឋយើងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។ ទាំងអស់នេះនឹងជាកត្តាជំរុញដើម្បីរុញប្រទេសយើងឱ្យស្របទៅតាមអ្វីដែលយើងរំពឹងទុកថា យើងនឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ខាងមុខ។

ខ្ញុំបាទសូមជម្រាបថា ក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការត្រៀមចាកចេញពីឋានៈជាប្រទេសដែលអភិវឌ្ឍន៍តិចតួចនៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយទីមួយ ពង្រឹងនូវលិខិតបទដ្ឋានគតិយុត្តផ្សេងៗដែលយើងហៅថាហេដ្ឋារចនាសម្ព័ន្ធទន់ ហើយចូលរួមជាមួយនឹងក្រសួងស្ថាប័នដទៃទៀត ក្នុងការអនុវត្តន៍ការចរចា ដែលយើងហៅថាការចរចាពង្រីកទីផ្សារ សម្រាប់ពាណិជ្ជកម្មសេរី ដែលយើងអាចនឹងឈានទៅធ្វើជាមួយនឹងសាធារណរដ្ឋឥណ្ឌា យើងអាចនឹងឈានទៅធ្វើជាមួយចក្រភពអង់គ្លេស យើងអាចនឹងឈានទៅធ្វើជាមួយនឹងប្រទេសជប៉ុន។ល។ ដែលជាទីផ្សារសំខាន់ៗ ដែលអាចធ្វើឱ្យកម្ពុជាយើងនេះ ធ្វើខ្លួន រក្សាជំហរខ្លួនជាប្រភពផ្គត់ផ្គង់មួយ ជាចំណែកមួយនៃប្រភពផ្គត់ផ្គង់សកល ជាផ្នែកមួយនៃ«Global Supply Chain» និងជាចំណែកមួយនៃខ្សែចង្វាក់តម្លៃសកល ដែលមានការផ្តល់ គេហៅថា Value Addedបានន័យថាតម្លៃបន្ថែមខ្ពស់ ដែលអាចជួយឱ្យប្រជាពលរដ្ឋយើងកាត់បន្ថយបាននូវភាពក្រីក្រ និងបង្កើនជីវភាពខ្លួនដែលបច្ចុប្បន្ននេះ យើងមានចំណូលម្នាក់ៗជាងមួយពាន់ដុល្លារហើយ យើងអាចនឹងមានចំនួនលើសពីនេះ នៅពេលដែលយើងឆ្លងផុតបន្ទាត់នៃភាពជាប្រទេសអភិវឌ្ឍន៍តិចតួច៕

វាគ្មិនកិត្តិយស៖ ឯកឧត្ដម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ