Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖​​ ស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២

AVI Voiceស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២

សំណួរទី ១៖  ជាបឋម សូម (វាគ្មិន) ជួយពន្យល់ថា តើអ្វីជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់? ហើយតើការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងត្រូវរៀបចំដោយនរណា ព្រមទាំងប្រព្រឹត្តទៅនៅពេលណាដែរ?

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការបោះឆ្នោតមួយដែលត្រូវធ្វើរៀងរាល់៥ឆ្នាំម្ដង ដោយប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនៃឃុំ-សង្កាត់នីមួយៗ ដើម្បីជ្រើសរើសអង្គការតំណាងប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់ ដែលអង្គការនោះមានបេសកកម្មបម្រើឱ្យផលប្រយោជន៍ទូទៅក្នុងឃុំ-សង្កាត់របស់ខ្លួន។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវធ្វើឡើងជាទូទៅជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយស្មើភាព ដោយចំពោះ និងដោយសម្ងាត់ ស្របតាមនីតិវិធីស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយពិសេសគឺពីច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ នេះគឺជានិយមន័យឬក៏គោលការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ 

សំណួរទី ២៖  សូម (វាគ្មិន) រៀបរាប់អំពីការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថាតើវាមានលក្ខណៈ ក៏ដូចជាដំណើរការយ៉ាងដូចម្តេចខ្លះដែរ?

មុននឹងឆ្លើយនូវសំណួរនេះ ខ្ញុំសូមបញ្ចប់នូវសំណួរទីមួយ ដោយខ្ញុំបានឆ្លើយត្រឹមតែនិយមន័យ ឥឡូវនេះខ្ញុំសូមបញ្ជាក់បន្តិចអំពីថាតើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវរៀបចំដោយអ្នកណានឹងប្រព្រឹត្តទៅ នៅពេលណា? យោងកថាខណ្ឌទី១ មាត្រា១៥០ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែងនិងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងការបោះឆ្នោតផ្សេងទៀតតាមការកំណត់នៃច្បាប់។ ដូចនេះ ក្រៅពីការបោះឆ្នោតជាតិទាំង២ខាងលើ ដូចខ្ញុំបានបញ្ជាក់ យើងនៅមានការបោះឆ្នោតថ្នាក់ក្រោមជាតិ២ទៀតនោះ នោះគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តនិងក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគ.ជ.បមានសមត្ថកិច្ចនៅក្នុងការរៀបចំចាត់ចែងនិងគ្រប់គ្រង ហើយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បាទសូមអរគុណ។ ហើយទាក់ទងទៅនឹងសំណួរដែលសួរថា តើការបោះឆ្នោតជាតិ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មានលក្ខណៈខុសគ្នាបែបណា? ​ខ្ញុំសូមជម្រាបថាការបោះឆ្នោតជាតិ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានលក្ខណៈខុសគ្នាដូចខាងក្រោម៖ ទីមួយ យើងត្រូវដឹងថា តើអ្វីទៅគឺជាការបោះឆ្នោតថ្នាក់ជាតិ? ការបោះឆ្នោតថ្នាក់ជាតិនេះគឺ ជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំណែកឯការបោះឆ្នោតថ្នាក់ក្រោមជាតិមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ មួយទៀតគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។  អ៊ីចឹងការបោះឆ្នោតទាំងពីរនេះគឺជាការបោះឆ្នោតថ្នាក់ក្រោមជាតិ។ ភាពខុសគ្នាគឺសំដៅទៅលើមណ្ឌលបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មណ្ឌលបោះឆ្នោតកំណត់ដោយភូមិភាគដែលមានចំនួន៨ ចំណែកឯការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគឺច្បាប់កំណត់យករាជធានី-ខេត្តជាមណ្ឌលបោះឆ្នោតដែលមានចំនួន២៥ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ គឺរាជធានីយើងមាន២៥រួមជាមួយនឹងក្រុង-ស្រុក-ខណ្ឌមាន២០៤ អ៊ីចឹងសរុបទាំងពីរនេះគឺមានមណ្ឌលបោះឆ្នោតចំនួន២២៩មណ្ឌល ហើយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់កំណត់យកឃុំ-សង្កាត់ជាមណ្ឌលបោះឆ្នោត សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង យើងមានឃុំ-សង្កាត់ចំនួន១៦៥២ឃុំ-សង្កាត់ នោះគឺស្មើនឹង១៦៥២មណ្ឌលបោះឆ្នោត។ ចំណុចខុសគ្នាពាក់ព័ន្ធទៅនឹងលក្ខខណ្ឌឈរឈ្មោះរបស់បេក្ខជន៖ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បេក្ខជនត្រូវមានអាយុ៤០ឆ្នាំ ប៉ុន្តែសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់គឺបេក្ខជនមានអាយុ២៥ឆ្នាំគិតដល់ថ្ងៃបោះឆ្នោត។ លក្ខខណ្ឌមួយទៀតគឺលក្ខខណ្ឌអំពីការមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បេក្ខជនត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនៅក្នុងឃុំ-សង្កាត់ណាក៏ដោយឱ្យតែស្ថិតនោក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ចំណែកឯការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់គឺបេក្ខជនតម្រូវឱ្យមានឈ្មោះនៅក្នុងឃុំសង្កាត់ដែលសាមីខ្លួនត្រូវឈរឈ្មោះជាបេក្ខជន។ ចំណុចមួយទៀតគឺពាក់ព័ន្ធទៅនឹងកម្រិតវប្បធម៌ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីការជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តនិងក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌមិនមានចែងអំពីកម្រិតវប្បធម៌របស់បេក្ខជននោះទេ។ ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់កំណត់លក្ខខណ្ឌចេះអាន ចេះសរសេរអក្សរខ្មែររបស់បេក្ខជន។ បាទនេះគឺជាចំណុចខុសគ្នារវាងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយពិសេសគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ចំណុចខុសគ្នាមួយទៀតគឺ ប្រភេទសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិងតំណាងរាស្ត្រ សន្លឹកឆ្នោតមានតែមួយប្រភេទទេ ចំណែកឯការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ សន្លឹកឆ្នោតគឺមានចំនួន២០៤ប្រភេទ ហើយដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សន្លឹកឆ្នោតមាន១៦៥២ប្រភេទផ្សេងៗគ្នា។ នេះគឺជាអ្វីដែលខ្ញុំចង់បញ្ជាក់ពាក់ព័ន្ធ ភាពខុសគ្នារវាងការបោះឆ្នោតជាតិ និងការបោះឆ្នោតថ្នាក់ក្រោមជាតិ។ ដូច (វាគ្មិន)​ បានលើកឡើងថាសន្លឹកឆ្នោតរបស់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់មានច្រើនប្រភេទ តើសន្លឹកឆ្នោតទាំងនោះមានប្រភេទអ្វីខ្លះ ហើយហេតុអ្វីបានជាយើងត្រូវបែងចែកជាច្រើនប្រភេទបែបនេះ ? ដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹង មណ្ឌលបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់គឺមាន១៦៥២ឃុំ-សង្កាត់ ហើយគណបក្សនយោបាយដែលចុះបញ្ជី បេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតត្រូវចុះបញ្ជីនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត អញ្ចឹងចំនួនគណបក្សចុះបញ្ជីបេក្ខជនគណបក្សនយោបាយតាមឃុំសង្កាត់នីមួយៗមិនដូចគ្នាទេ។ នេះគឺជាចំណុចមួយបង្ហាញអំពីភាពខុសគ្នារវាងឃុំ-សង្កាត់នីមួយៗ។ ចំណុចទីពីរគឺពាក់ព័ន្ធទៅនឹងការចាប់ឆ្នោតកំណត់លំដាប់លេខរៀងនៃគណបក្សនៅលើសន្លឹកឆ្នោត។ អ៊ីចឹងតាមលទ្ធផលនៃការចាប់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោតសម្រាប់ឃុំ-សង្កាត់ទាំង១៦៥២ឃុំ-សង្កាត់គឺមិនដូចគ្នាទេ។ នេះគឺជាភាពខុសគ្នារវាងឃុំ-សង្កាត់នីមួយៗ ដោយភាពមិនដូចគ្នារវាងចំនួនគណបក្សចូលរួម ចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅតាមឃុំសង្កាត់នីមួយៗ រួមជាមួយនិងលទ្ធផលមិនដូចគ្នារវាងការចាប់លំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត វានាំទៅដល់ការកំណត់ប្រភេទសន្លឹកឆ្នោតផ្សេងគ្នារវាងឃុំ-សង្កាត់នីមួយៗ អញ្ចឹងទេមានន័យថាឃុំ-សង្កាត់១៦៥២ឃុំ គ.ជ.បត្រូវផលិតសន្លឹកឆ្នោត១៦៥២ប្រភេទផ្សេងគ្នា។

សំណួរទី ៣៖  នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ តើភាគីណាខ្លះដែលអាចចូលរួមការបោះឆ្នោតនេះបាន ហើយជាពិសេសតើមានគណបក្សនយោបាយប៉ុន្មានហើយដែលបានចុះឈ្មោះនៅក្នុងការឈរឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ?

ក្រៅពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ភាគីដែលចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខនេះរួមមាន ទីមួយ៖ ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតជាង៩លាន២សែននាក់ នៅក្នុងចំណោមប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំគិតដល់ថ្ងៃបោះឆ្នោតជាង១០លាននាក់។ ទីពីរ៖ គឺគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតគឺមានចំនួន១៧គណបក្ស។ ហើយទីបី​៖ ភ្នាក់ងារគណបក្សនយោបាយដែលបានដាក់ចុះឈ្មោះសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតមានជាង៨ម៉ឺននាក់។ ហើយទីបួន៖ គឺអ្នកសង្កេតការណ៍ដែលនឹងចូលរួមពិនិត្យមើលការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតមានជិត៨ម៉ឺននាក់។ ចំណែកឯអ្នកសារព័ត៌មានដែលនឹងចូលរួមក្នុងការយកព័ត៌មានក្នុងពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោតមានប្រមាណជាជាង៤០០នាក់មកពីស្ថាប័នសារព័ត៌មានចំនួន៣៧ស្ថាប័ន ហើយក្នុងនេះដែរក៏មានអ្នកសារព័ត៌មានអន្តរជាតិចំនួន១៦នាក់មកពី៨ប្រទេស ហើយទន្ទឹមនឹងអ្នកសារព័ត៌មានក៏យើង ពេលនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានអនុញ្ញាតឱ្យភ្ញៀវពិសេសម្នាក់មកពីជប៉ុនដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតដែរ ហើយនៅពេលខាងមុខនេះភ្ញៀវពិសេសនិងមកពីប្រទេសផ្សេងទៀតនឹងចូលរួមប៉ុន្តែតួលេខជាក់ស្ដែងយើងមិនទាន់ទទួលបានទេ ប៉ុន្តែទទួលព័ត៌មានថាប្រទេសមួយចំនួននិងស្នើសុំដាក់ភ្ញៀវពិសេសដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតនិងរាប់សន្លឹកឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ឆ្នាំខាងមុខនេះ។ ហើយមួយទៀតដែលជាភាគីសំខាន់ចូលរួមនៅក្នុងដំណើរការបោះឆ្នោត ពិសេសគឺចូលរួមក្នុងការរក្សាការពារសន្តិសុខ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់សាធារណៈ នោះគឺអាជ្ញាធរមានសមត្ថកិច្ចកម្រិតថ្នាក់ជាតិ ថ្នាក់រាជធានី-ខេត្ត ថ្នាក់ក្រុង-ស្រុក-ខណ្ឌ ថ្នាក់ឃុំ-សង្កាត់ ហើយក៏មានកម្លាំងប្រជាការពារនៅតាមឃុំ-សង្កាត់ផងដែរ។ បើអញ្ចឹងទេភាគីពាក់ព័ន្ធដែលចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងគឺមានប្រជាពលរដ្ឋដែលបោះឆ្នោត មានគណបក្សនយោបាយទាំង១៧ មានភ្នាក់ងារគណបក្សនយោបាយជាង៨ម៉ឺននាក់ មានអ្នកសង្កេតការណ៍បោះឆ្នោតដែលមកពីស្ថាប័នផ្សេងៗចំនួនជិត៨ម៉ឺននាក់ អ្នកសារព័ត៌មានជាតិជាង៤០០នាក់ អ្នកសារព័ត៌មានអន្តរជាតិ១៦នាក់មកពីតំបន់៨ប្រទេស ហើយភ្ញៀវពិសេសចំនួន១នាក់ ដែលបានដាក់ពាក្យសុំធ្វើជាភ្ញៀវពិសេសហើយដើម្បីសង្កេតមើលការបោះឆ្នោតរួមជាមួយនិងអាជ្ញាធរដូចដែលខ្ញុំបានបញ្ជាក់មកអម្បាញ់មិញនេះ។ 

សំណួរទី ៤៖  សូម (វាគ្មិន) រៀបរាប់បន្តិចអំពីការបោះឆ្នោតខាងមុខនេះវាមានន័យយ៉ាងដូចម្ដេច ក៏ដូចជាសារៈសំខាន់អ្វីខ្លះសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ ?

សំណួរនេះគឺសំខាន់ ហើយដែលឆ្លៀតក្នុងឱកាសនេះក៏ខ្ញុំសូមបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះគឺជាការគោរពនិងអនុវត្តតាមស្មារតី មាត្រា៥១មួយនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាដែលចែងថា «ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្ដី»។​ ដូច្នេះហើយការបោះឆ្នោតពិតជាមានសារៈសំខាន់ដែលប្រជាពលរដ្ឋនៅក្នុងឱកាស៥ឆ្នាំម្ដងបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោតដូចចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា៣៤ ហើយការបោះឆ្នោតនេះគឺដើម្បីជ្រើសរើសតំណាងស្របច្បាប់បម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋទូទៅនៅក្នុងឃុំ-សង្កាត់។ ទីពីរ គឺជាការចូលរួមគាំទ្រការអនុវត្តនយោបាយវិមជ្ឈការសំដៅជំរុញការអភិវឌ្ឍន៍ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងតាមមូលដ្ឋានឃុំ-សង្កាត់នីមួយៗ។ នេះគឺជាសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលខ្ញុំបានបញ្ជាក់នេះ។

ជាចុងក្រោយ តើ (វាគ្មិន) មានពាក្យពេចន៍ ឬដូចជាសារអ្វី ចំពោះប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ។

ខ្ញុំបានបញ្ជាក់ជូនហើយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺជាការអនុវត្តតាមស្មារតីរដ្ឋធម្មនុញ្ញ មាត្រា៥១មួយ ហើយក៏ជារយៈពេលប្រាំឆ្នាំម្ដង ដែលប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួន ដូចបានចែងនៅក្នុងមាត្រា៣៤នៃរដ្ឋធម្មនុញ្ញ ដើម្បីជ្រើសរើសតំណាងដោយស្របច្បាប់ អញ្ចឹងទេការបោះឆ្នោតនេះ គឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ឆ្នាំមុននេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្រប់គ្នា។ ដើម្បីបោះឆ្នោតបានបងប្អូនត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនិងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនអស់សុពលភាពឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនខូចឬបាត់ សូមបងប្អូនរួសរាន់ទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតដើម្បីបំពេញបែបបទសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដែលការស្នើសុំនិងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតនេះមានរយៈពេល៣០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភារហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ អញ្ចឹងរយៈពេលនេះយើងសល់ ដែលយើងគិតមកដល់ពេលនេះ គឺពេលវេលានៅសល់តិច យ៉ាងណាក៏ដោយសូមបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងស្ថានភាពពុំមានអត្តសញ្ញាណប័ណ្ណដូចដែលខ្ញុំបានបញ្ជាក់ខាងដើមនេះ សូមមេត្តារួសរាន់ហើយនៅពេលដែលបងប្អូនទទួលបានឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតដែលគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតរៀបចំជូនហើយសូមរួសរាន់ទៅជួបមេឃុំ-ចៅសង្កាត់ ដើម្បីចុះហត្ថលេខាផ្ដល់សុពលភាពនៅការប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការបោះឆ្នោតដើម្បីបោះឆ្នោតនាពេលខាងមុខ៕

វាគ្មិនកិត្តិយស៖ ឯកឧត្ដម សោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

Recent Posts

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031