Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
#24 Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice ៖ នយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្គ

AVI Voice
នយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្
AVI Voiceនយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្

តំបន់ទន្លេមេគង្គត្រូវបានគេមើលឃើញថា គឺជាតំបន់សក្ដានុពលអភិវឌ្ឍន៍មួយយ៉ាងឆាប់រហ័សនៅក្រោមការគ្របដណ្ដប់ដោយសហគមន៍អាស៊ាន ជាពិសេសការរីកលូតលាស់ខ្លាំងខាងផ្នែកសេដ្ឋកិច្ច។ ស្របពេលជាមួយគ្នានេះប្រទេសក្នុង និងក្រៅតំបន់ជាច្រើនជាពិសេស អាមេរិក ចិន ជប៉ុន ឥណ្ឌា និងអូស្រ្តាលីជាដើម បាននឹងកំពុងបង្កើនការចូលរួមរបស់ខ្លួននៅក្នុងតំបន់មេគង្គនេះ ដោយមើលឃើញពីការរីកលូតលាស់យ៉ាងឆាប់រហ័ស និងផលប្រយោជន៍រៀងៗខ្លួន។ យ៉ាងណាមិញ បើទោះបីជាតំបន់នៃទន្លេមេគង្គនេះកំពុងតែទទួលបានការចាប់អារម្មណ៍ពីប្រទេសជាច្រើនក៏ដោយ តែតំបន់មួយនេះក៏កំពុងតែជួបប្រទះនូវវិបត្តិនៃការគ្រប់គ្រងធនធានទឹកនៅតាមដងទន្លេមេគង្គ​នេះផងដែរ។ នៅក្នុងកិច្ចសម្ភាស៍សប្ដាហ៍នេះ យើងនឹងមកស្វែងយល់ឲ្យកាន់តែច្បាស់អំពីបញ្ហាចម្បង និងកត្តាដែលបង្កឲ្យមានបញ្ហាទាំងអស់នេះនៅក្នុងតំបន់នៃទន្លេមេគង្គ ព្រមទាំងយន្តការរបស់ប្រទេសមហាអំណាចក្នុងការលូកដៃចូលក្នុងបញ្ហាទាំងអស់នេះដើម្បីសម្ញែងនូវឥទ្ធិពល និងអំណាចរបស់ខ្លួន។

សំណួរទី១៖ តើអ្វីជាបញ្ហាលេចធ្លោដែលពាក់ព័ន្ធនឹងការគ្រប់គ្រង និងជម្លោះធនធានទឹកក្នុងមហាអនុតំបន់មេគង្គ?

ខ្ញុំសូមលើកអំពីបញ្ហាមួយចំនួននៅក្នុងទន្លេមេគង្គ ឬក៏តំបន់មេគង្គ ដែលយើងដឹងហើយថា ទន្លេមេគង្គ គឺជាទន្លេមួយដែលមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនៅជាប់ដងទន្លេមេគង្គ ដែលជាអនុតំបន់មួយដែលមានប្រទេស ០៥ ជាសមាជិក។ ទន្លេមេគង្គនេះ គឺជាទន្លេមួយដែលមានប្រវែងដល់ទៅ៤៨០០ គីឡូម៉ែត្រ និងជាទន្លេដែលវែងជាងគេបំផុតទី១២ នៅក្នុងពិភពលោក ហើយក៏ជាទន្លេ ដែលមានឧស្សាហកម្មទឹកសាបធំបំផុតរបស់ពិភពលោក។ ទន្លេនេះផ្តល់នូវសារៈសំខាន់ខ្លាំងណាស់ចំពោះតំបន់នេះ ជាពិសេស គឺទាក់ទងលើវិស័យសន្តិសុខអាហារ មានតម្លៃរហូតដល់ទៅប្រមាណជាង ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយទន្លេនេះ គឺជាទន្លេដ៏សំខាន់បំផុតមួយ ដែលជាទូទៅសម្បូរបែបទៅដោយមច្ឆាទឹកសាប សម្រាប់ទ្រទ្រង់ជីវិតប្រជាជនរស់នៅតាមតំបន់ទន្លេនេះ ប្រមាណជាង ៦០លាននាក់។ ទន្ទឹមនឹងនេះ ទន្លេមេគង្គ ក៏ជាប្រភពដ៏សំខាន់នៅក្នុងប្រព័ន្ធស្រោចស្រព ព្រមទាំងផ្តល់នូវដីដ៏ល្អ មានជីជាតិ សម្រាប់វិស័យកសិកម្មដែលជាវិស័យសំខាន់បំផុតសម្រាប់ប្រទេសមេគង្គទាំង ០៥នេះ។​ ទន្លេនេះ ក៏ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែរ ដោយសារទន្លេមេគង្គនេះ គឺជាច្រកដ៏សំខាន់មួយសម្រាប់ចូលទៅក្នុងទីផ្សារធំរបស់អាស៊ាន ដែលមានប្រជាជនប្រមាណជាង ៦៥០លាននាក់។ 

ទន្ទឹមនឹងសារៈសំខាន់នេះ គេក៏ឃើញថា មានបញ្ហាមួយចំនួនកើតឡើងនៅក្នុងតំបន់មេគង្គនេះ ជាពិសេស គឺបញ្ហាសាងសង់ទំនប់វារីអគ្គិសនី ដែលកន្លងមកនេះ រដ្ឋសមាជិកមេគង្គក៏មានភាពចម្រូងចម្រាសលើការសាងសង់ ដូចជាកន្លងមកមានបញ្ហាជំទាស់ទៅលើទំនប់វារីអគ្គិសនីដនសាហុង នៅប្រទេសឡាវ ដែលមានប្រទេសថៃជាដើម ជាសមាជិកសំខាន់បានជំទាស់ជាមួយនឹងការសាងសង់នេះ។ ទន្ទឹមនឹងនោះក៏មានបញ្ហាការគ្រប់គ្រងទឹកដោយប្រទេសសមាជិកដែលនៅខ្សែទឹកខាងក្រោម ចោទសមាជិកដែលនៅខ្សែទឹកខាងលើថា ទប់ទឹកពីចិនធ្វើឲ្យប៉ះពាល់ដល់វិស័យស្រោចស្រពអ្នកខាងក្រោមមិនគ្រប់គ្រាន់ ឬក៏ពេលទឹកជំនន់ជន់ខ្លាំងពេក ធ្វើឲ្យអ្នកខាងក្រោមលិចលង់។ យើងក៏ឃើញមានបញ្ហាលេចធ្លោសំខាន់មួយទៀតគឺ ថ្មីៗនេះ មានការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយរវាងមហាអំណាចខាងក្រៅនៅក្នុងតំបន់មេគង្គ ដែលធ្វើឲ្យតំបន់មេគង្គនេះកាន់តែមានភាពស្មុគស្មាញរឿងផ្ទៃក្នុងខ្លួនឯងផង និងរឿងប្រកួតប្រជែងពីខាងក្រៅផង។

សំណួរទី២៖ យើងឃើញថា បញ្ហាការគ្រប់គ្រងធនធានទឹកនៅតាមដងទន្លេមេគង្គ ក៏ត្រូវបានប្រទេសមហាអំណាចខាងក្រៅ ជាពិសេសគឺ សហរដ្ឋអាមេរិក យកមកធ្វើជាប្រធានបទក្តៅនៅក្នុងជម្លោះភូមិសាស្រ្តនយោបាយជាមួយចិនផងដែរ។ តើមានហេតុ និងផលអ្វីខ្លះ ដែលចិន និងអាមេរិក​បាន​លើក​ឡើង ក៏ដូចជាជជែកតឹងសរសៃកដាក់គ្នា?

យើងឧស្សាហ៍ឮនូវការទាស់ទែងគ្នារវាងមហាអំណាចទាំងពីរនេះ គឺអាមេរិក និងចិនទាក់ទងនឹងតំបន់មេគង្គនេះ។ ជាការពិតណាស់ រដ្ឋបាលអាមេរិកពិសេសក្រោមរដ្ឋបាលលោកប្រធានាធិបតេយ្យ Joe Biden ដែលផ្ដោតសំខាន់ទៅលើការពង្រឹងប្រជាធិបតេយ្យ ការពង្រឹងសម្ព័ន្ធមិត្ត ហើយពិសេសគឺការប្រកួតប្រជែងដ៏ស្រួចស្រាល់រវាងចិន ដែលមានការលូតលាស់យ៉ាងខ្លាំងធ្វើឲ្យការប្រកួតប្រជែងកាន់តែខ្លាំងក្លា និងស្វិតស្វាញជាងមុន ព្រមទាំងមានភាពប្រកួតប្រជែងខ្លាំងក្លាដែលមានការអូសទាញសម្ព័ន្ធមិត្តពីខាងក្រៅក៏ដូចជាការបង្កើតយន្តការផ្សេងៗដើម្បីឲ្យអាមេរិក សម្ព័ន្ធមិត្ត និងដៃគូអាចរួមគ្នាប្រកួតប្រជែងជាមួយនឹងចិនដើម្បីកាត់បន្ថយឥទ្ធិពលរបស់ចិននៅតាមបណ្ដាប្រទេសមេគង្គនេះ។

យើងឃើញថា វាមានកត្តាបីយ៉ាងដែលជាកត្តាជំរុញឲ្យមហាអំណាចខាងក្រៅ ពិសេសអាមេរិកនេះចូលទៅជជែកតឹងសរសៃកគ្នាដាក់គ្នាជាមួយនឹងចិន។ ករណីទីមួយ គឺយើងឃើញថាភាពសងខាងនៃមហាអនុតំបន់មេគង្គដែលយើងឃើញថាតំបន់មេគង្គនេះ គឺជាតំបន់ដែលមានសេដ្ឋកិច្ចលូតលាស់ធំមួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោក នៅក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះដែលមានការកើនឡើងនៃថ្នាក់កណ្ដាលជាច្រើនលាននាក់ ធ្វើឲ្យតំបន់នេះក្លាយជាតំបន់លេចធ្លោ និងជាទីចាប់អារម្មណ៍របស់ពិភពលោក ជាពិសេសមហាអំណាច។ បើតាមអ្វីដែលលោកនាយករដ្ឋមន្ត្រីចិន Li Keqiang  បានលើកឡើងនៅក្នុងកិច្ចប្រជុំមេគង្គឡានឆាងលើកទីបីថា តំបន់មេគង្គ គឺជាតំបន់ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតរបស់ពិភពលោក ហើយចាំបាច់ណាស់ដែលមហាអំណាចត្រូវតែប្រជែងឥទ្ធិពលគ្នាធ្វើយ៉ាងម៉េចមិនឲ្យមហាអំណាចម្ខាងទៀត អាចធ្វើអ្វីស្រេចតែចិត្តនៅក្នុងតំបន់ ត្រូវតែខិតខំប្រជ្រៀតចូលតាមមធ្យោបាយនានាដែលអាចធ្វើទៅបាន។ កត្តាទីពីរ ក្រោយពីចំណុចលូតលាស់ខាងលើ យើងឃើញថាកត្តាធនធានធម្មជាតិ ដូចដែលខ្ញុំទើបតែបានលើកឡើងនេះ ថាតំបន់មេគង្គ គឺជាតំបន់សំខាន់មួយទាក់ទងជាមួយនឹងឧស្សាហកម្មទឹកសាប ក៏ដូចជាត្រី និងសត្វទន្លេផ្សេងៗទៀត ដែលមានសារៈសំខាន់។ ទន្ទឹមនឹងនេះ វាក៏ជាច្រកយុទ្ធសាស្ត្រ (Strategic Pathway) សំខាន់មួយចូលទៅផ្សារអាស៊ាន ដែលមានប្រជាជនសរុបរហូតប្រមាណជា ៦៥០លាននាក់ ហើយមាន GDP សរុបដល់ទៅ ៣ទ្រីលានសហរដ្ឋអាមេរិក ហើយតំបន់មេគង្គនេះ គឺជាតំបន់មួយដែលស្ថិតនៅចន្លោះអាស៊ាន ហើយនៅចន្លោះមហាយក្សពីរគឺឥណ្ឌា និងចិន ដែលជាទីតាំងសំខាន់មួយសម្រាប់អាមេរិកនៅក្នុងការប្រជែងជាមួយនឹងចិន។ កត្តាទីបី គឺកត្តាការកើនឡើងនៃការប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយរវាងចិន និងអាមេរិក ដូចដែលខ្ញុំទើបតែបានរៀបរាប់ខាងលើមិញដែរ ថាក្រោមរដ្ឋបាលរបស់លោក Joe Biden នយោបាយការបរទេសរបស់អាមេរិកចំពោះចិនកាន់តែមានភាពធូរស្រាល ហើយនឹងមានភាពប្រទង់ប្រទាញខ្លាំង ធ្វើយ៉ាងណាគឺដើម្បីទប់ការរីកលូតលាស់របស់ចិនដោយសារ (១) ការកើនឥទ្ធិពលរបស់ចិននៅក្នុងតំបន់ក៏ដូចយើងដឹងហើយថា បច្ចុប្បន្នចិន គឺជាដៃគូពាណិជ្ជកម្មទីពីររបស់ប្រទេសមេគង្គ និងទីមួយសម្រាប់ដៃគូពាណិជ្ជកម្មកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា និងជាដៃគូពាណិជ្ជកម្មទីពីរសម្រាប់ថៃ និងវៀតណាម បើយោងតាមរបាយការណ៍ថ្មីៗនេះ (២) បើនិយាយទៅតំបន់អាស៊ានទាំងមូលដែលគ្រប់ដណ្ដប់លើតំបន់មេគង្គនេះ ចិនជាប្រទេសដៃគូពាណិជ្ជកម្មទីមួយរបស់អាស៊ាន ហើយជាចំណុចសំខាន់ណាស់ ដែលអាមេរិកខិតខំធ្វើយ៉ាងណា ដើម្បីទប់ចិនកុំឲ្យកើនឡើងឥទ្ធិពលខ្លាំងពេក ដើម្បីការពារកុំឲ្យចិនសម្រេចបានជាប្រទេសសេដ្ឋកិច្ចទីមួយលើលោកដូច ដែលការលើកឡើង និងការទាយរបស់សារព័ត៌មាន Bloomberg ថាឆ្នាំ២០៣១ បើខ្ញុំមិនច្រឡំទេ ដែលគេទស្សទាយថា ចិននឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទីមួយ។ បើក្រឡេកទៅមើលនិន្នាការនេះ បច្ចុប្បន្នប៉ុន្មានខែកន្លងទៅខ្ញុំបានឃើញរបាយការណ៍មួយបានលើកឡើងថា ចិនបានក្លាយទៅជាប្រទេសដៃគូពាណិជ្ជកម្មទីមួយរបស់សហភាពអឺរ៉ុបបាត់ទៅហើយ ហើយចិនក៏បានមាន PPP ដែលហៅថាអំណាចបញ្ជាទិញធំជាងអាមេរិករួចទៅហើយ។ ការណ៍នេះពិតជាធ្វើឲ្យអាមរិកមានការបារម្មណ៍ណាស់ដែលថាចិនអាចនឹងវ៉ាអាមេរិកក្នុងឆ្នាំ២០៣១ ប៉ុន្មានឆ្នាំខាងមុខនេះដូចអ្វីដែល Bloomberg បានទស្សទាយ។ ដូចនេះ អាមេរិកត្រូវខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីទប់ឥទ្ធិពលរបស់ចិនទាំងផ្នែកសេដ្ឋកិច្ច ក៏ដូចជាការកើនឡើងយោធា ហើយអាមេរិកគិតថា ប្រសិនបើសេដ្ឋកិច្ចចិនឡើងនោះ ចិននឹងមានលទ្ធភាពពង្រីកវិស័យយោធាកាន់តែខ្លាំង ដែលកន្លងមកនេះចិនបានធ្វើរួចទៅហើយ។ អាមេរិកសង្កេតឃើញថា ថវិកាចំណាយសម្រាប់យោធារបស់ចិនបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះ នៅពេលដែលចិនមានសេដ្ឋកិច្ចធំវ៉ាដាច់អាមេរិក នោះវិស័យយោធាចិនកាន់តែរីកចម្រើនខ្លាំង ដែលជាការបារម្ភកាន់តែខ្លាំងរបស់អាមេរិកផងដែេ។ យើងឃើញថា នៅក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហកន្លងមក ក្រុមអ្នកការទូតអាមេរិកជាច្រើន តែងតែអំពាវនាវឲ្យប្រទេសផ្សេងៗ ពិសេសប្រទេសជិតខាងរបស់ចិននិយាយឲ្យចំគឺប្រទេសមេគង្គតែម្ដង ឲ្យមានការជំទាស់ឬប្រឆាំងជាមួយនឹងអនុត្តរភាពរបស់ចិន ក៏ដូចជាសកម្មភាពក្អេងក្អាងរបស់ចិននៅក្នុងតំបន់។ ការណ៍នេះគឺដើម្បីអូសទាញប្រទេសទាំងនោះឲ្យចូលទៅខាងអាមេរិកដើម្បីឲ្យអាមេរិកកាន់តែមានកម្លាំងទប់ទល់ជាមួយចិន។ ម្យ៉ាងទៀតយើងឃើញថា អាមេរិក ក៏បានខិតខំបង្កើតយុទ្ធសាស្ត្រ និងយន្តការនានា ដើម្បីពង្រឹង និងពង្រីកការចូលរួមរបស់ខ្លួន នៅក្នុងតំបន់ដែលថ្មីៗនេះអាមេរិកបានដំឡើងគំនិតផ្ដួចផ្ដើមមេគង្គក្រោម (Lower Mekong Initiative) ឲ្យទៅជាភាពជាដៃគូមេគង្គអាមេរិក (Mekong-US Partnership) ហើយក៏បានដំឡើងមិត្តមេគង្គក្រោម (Friends of Lower Mekong) ឲ្យទៅជា មិត្តរបស់មេគង្គ (Friends of Mekong) ដែលនេះអាចអនុញ្ញាតឲ្យឥណ្ឌា អូស្ត្រាលី និងញូ៉វហ្សេលែនចូលរួមជាមួយអាមេរិក នៅក្នុងតំបន់មេគង្គកាន់តែសកម្ម។ ទន្ទឹមនេះអាមេរិកក៏បានគាំទ្រយ៉ាងសកម្មទៅនឹងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ (Free and Open Indo-Pacific Strategy) ដែលជាគំនិតផ្ដួចផ្ដើមរបស់ជប៉ុន ដែលធ្វើឲ្យអាមេរិកាន់តែមានដៃគូច្រើនខ្លាំងជាងមុន ដើម្បីចូលរួមទប់ស្កាត់ឥទ្ធិពលរបស់ចិនកុំឲ្យរីកខ្លាំងពេកនៅក្នុងតំបន់មេគង្គក្ដី ឬក៏អាស៊ានក្ដី។ ហើយអ្វីដែលសំខាន់នេះ គឺយើងឃើញថាអាមេរិកក៏បានផ្ដួចផ្ដើមបង្កើតកិច្ចសន្ទនាសន្តិសុខមួយដែលឲ្យឈ្មោះថា QUAD ដែលមានប្រទេសបួនគឺអូស្ត្រាលី ជប៉ុន អាមេរិក និងឥណ្ឌាដែលសុទ្ធតែជាប្រទេសធំនិងខ្លាំងដែលអាចទប់ទល់ជាមួយនឹងប្រទេសចិន។ យើងឃើញយន្តការទាំងអស់នេះ គឺដើម្បីទប់កុំឲ្យចិនសម្រេចនូវសេដ្ឋកិច្ចទីមួយលើលោកដូចអី្វBloomberg បានធ្វើការប៉ាន់ស្មានក៏ដូចជាកុំឱ្យចិនមានលទ្ធភាពប្រើប្រាស់សេដ្ឋកិច្ចរបស់ខ្លួនពង្រីកវិស័យយោធាឲ្យកាន់តែខ្លាំង ដែលកាន់តែមានភាពស្មុគស្មាញ និងពិបាកដោះស្រាយសម្រាប់អាមេរិក។

សំណួរទី៣៖   ពាក់ព័ន្ធនឹងបញ្ហានេះ តើប្រទេសមេគង្គមានទស្សនៈ ក៏ដូចជាគោលជំហរយ៉ាងដូចមេ្តច? ហើយក្នុងចំណោមប្រទេសមេគង្គទាំង០៥នេះ តើពួកគេមានសម្លេងតែមួយ ឬក៏មានការបែងចែកគោលជំហរដែរ?

ជាការពិតណាស់ នៅក្នុងចំណោមប្រទេសមេគង្គ ក៏មានប្រទេសមួយចំនួនដែលមានទំនាក់ទំនងរដាក់រដុប មិនសូវជាល្អជាមួយចិនប៉ុន្មានទេ ហើយក៏បានឈានទៅពង្រីកកិច្ចសហការរបស់ខ្លួនជាមួយប្រទេសផ្សេងទៀត ដើម្បីបង្កើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍរបស់ខ្លួន ដោយសារមិនអាចសង្ឃឹមច្រើនពេកទៅលើប្រទេសចិនដោយសារទំនាស់របស់ខ្លួនជាមួយចិន។ ប៉ុន្តែថ្វីបើមានទំនាក់ទនងដូចនេះក្ដី យើងឃើញថា ប្រទេសមេគង្គនេះជារួមមានជំហរមួយ គឺតែងតែគិតមហាអំណាចទាំងពីរនេះគឺចិន និងអាមេរិកជាមហាអំណាចសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន ទាំងផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា។ល។ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិរបស់ខ្លួន ឬក៏ការអភិវឌ្ឍរបស់ខ្លួន។ ជាទូទៅ ប្រទេសទាំងនេះ ទោះបីជាមានការប៉ះទង្គិចតិចតួចជាមួយនឹងចិនក្ដី ក៏មិនមានបំណងចង់ជ្រើសរើសរវាងចិន និងអាមេរិកឡើយ គឺគេតែងតែចង់រក្សាទំនាក់ទំនងជាមួយប្រទេសធំទាំងពីរនេះ ដើម្បីជាការអភិវឌ្ឍរបស់ខ្លួន។ យើងបានឃើញនៅក្នុងវេទិកាច្រើនណាស់ដែលប្រទេសសមាជិកមេគង្គទាំងអស់ តែងតែបញ្ជាក់ពីជំហររបស់ខ្លួនមិនចង់ធ្វើការជ្រើសរើសណាមួយរវាងប្រទេសមហាអំណាចទាំងពីរ បើទោះបីជាពេលខ្លះ មានការបង្ខិតបង្ខំពីមហាអំណាចមួយចំនួនដែលចង់ឲ្យប្រទេសទាំងនោះ ធ្វើការជ្រើសរើសគាំទ្រខ្លួនឲ្យបានរឹងមាំ។ នៅក្នុងនយោបាយពហុប៉ូលបច្ចុប្បន្ននេះ ប្រទេសមេគង្គទាំងនេះ គឺតែងតែគិតអំពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទំនាក់ទំនងរបស់ខ្លួន ដើម្បីការលូតលាស់ និងអភិវឌ្ឍប្រទេសរបស់ខ្លួន ដោយមិនចង់មានការជ្រើសរើសរវាងមហាអំណាចណាជាក់លាក់ ដូចកាលដែលនៅក្នុងសង្គ្រាមត្រជាក់ឡើយ។

សំណួរទី៤៖ តាមអ្វីដែលខ្ញុំបាទបានតាមដានពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកនៅតំបន់នេះដែរ ប្រទេសមហាអំណាចអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលក្នុងនោះក៏មានវៀតណាមផងដែរ បានលើកឡើងថា បញ្ហា កង្វះទឹកខ្លាំង ទឹកជំនន់ធ្ងន់ធ្ងរ ការឡើងកំហាប់ជាតិប្រៃនៅក្នុងទឹកទន្លេមេគង្គ និងភាពខ្វះជីជាតិនៃដីល្បាប់ នៅតាមតំបន់ដីសណ្តរនៃទន្លេមេគង្គ គឺបណ្តាមកពីការលាក់បាក់នូវទិន្នន័យគ្រប់គ្រងទឹកនៅតំបន់មេគង្គ របស់ចិន និងការសាងសង់ទំនប់វារីអគ្គិសនីរបស់ប្រទេសចិន។ តើនេះជាការពិត ឬយ៉ាងណា?

ខ្ញុំសូមបញ្ជាក់ថា បញ្ហានេះកើតឡើងខ្លាំងបំផុតគឺនៅឆ្នាំ២០១៦ និង២០១៩ ដែលធ្វើឲ្យប្រទេសមេគង្គពិសេស ប្រទេសវៀតណាមដែលជាប្រទេសនៅខ្សែទឹកខាងក្រោមបំផុត ទទួលរងគ្រោះធ្ងន់ជាងគេមិនត្រឹមតែមិនពេញចិត្តប្រទេសចិនដែលនៅខ្សែទឹកខាងលើបំផុត ក៏មានការខឹងសម្បាពីភាគីវៀតណាមទៅនឹងប្រទេសនៅខ្សែទឹកខាងក្រោមដូចគ្នា ពិសេសប្រទេសឡាវដែលមានការសាងសង់ទំនប់វារីអគ្គិសនីច្រើននៅក្នុងតំបន់។ ក៏ប៉ុន្តែយើងឃើញថា មានការបកស្រាយជាផ្លូវការមួយពីគណៈកម្មការទន្លេមេគង្គ (MRC) អំពីហេតុផលនៃភាពរាំងស្ងួតដែលជះឥទ្ធិពលខ្លាំងដល់ប្រទេសខ្សែទឹកខាងក្រោមនេះ។ យើងឃើញថា តាមការបកស្រាយនោះបង្ហាញថា នៅឆ្នាំ២០១៦ និង២០១៩នោះ មានការថយចុះនៃកម្ពស់ទឹកភ្លៀងប្រចាំឆ្នាំ មានន័យថា ភ្លៀងធ្លាក់ទាបមែនទែន ដែលបណ្តាលឲ្យទឹកក្នុងអាងទន្លេមេគង្គទាំងមូលមានការថយចុះ។ ដូចនេះ វាមិនអាចមានទឹកគ្រប់គ្រាន់សម្រាប់ប្រទេសខ្សែទឹកខាងក្រោមឡើង។ វាក៏អាចធ្វើឲ្យតំបន់ខ្សែទឹកខាងក្រោម ក៏ដូចជាវៀតណាម មានការកើនឡើងនៃកម្រិតជាតិប្រៃនៅទន្លេ ដែលនៅក្បែរទន្លេនោះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្មរបស់ខ្លួន។ បញ្ហានេះក៏បានលើកឡើងនៅក្នុងកិច្ចប្រជុំមេគង្គ-ឡានឆាងលើកទី៣ កាលពីឆ្នាំ២០២០ ខែសីហា ដោយនៅក្នុងកិច្ចប្រជុំនោះគេបានពិភាក្សាអំពីបញ្ហាព័ត៌មានទឹកក្នុងអាងទន្លេមេគង្គ ពិសេសគឺរវាងខ្សែទឹកខាងលើ និងខាងក្រោម។ នៅក្នុងកិច្ចប្រជុំនោះដែរ នាយករដ្ឋមន្ត្រីចិនលោក Li Keqiangក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់ថា នឹងធ្វើការចែករំលែកព័ត៌មានស្ដីពីទឹកពេញមួយឆ្នាំ ដែលគេហៅថា Year Round Hydrological Data ជាមួយនឹងប្រទេសខ្សែទឹកខាងក្រោម ហើយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ក៏មានការចុះអនុស្សរណៈនៃការយោគយល់មួយស្តីអំពីការចែករំលែកទិន្នន័យទឹកនេះរវាងខ្សែទឹកខាងលើនិងខាងក្រោម។ យើងឃើញថាចាប់ពីពេលនោះមកចុងឆ្នាំ២០២០ ឬឆ្នាំ២០២១នេះ ហាក់បីដូចជាមិនទាន់មានការត្អូញត្អែរ ឬក៏ចោទប្រកាន់ប្រទេសខ្សែទឹកលើ ពីការគ្រប់គ្រងទឹកមិនបានល្អ ដូចជាមានការទប់ទឹកមិនទម្លាក់មកឲ្យខ្សែទឹកខាងក្រោម ឬក៏បើកទំនប់ធ្វើឲ្យលិចលង់អ្នកខាងក្រោមគឺ យើងមិនឃើញមានទេ។ ខ្ញុំគិតថា នេះគឺជាយន្តការល្អមួយដែលប្រទេសខ្សែទឹកខាងលើចិន ហើយនឹងប្រទេស ០៥ទៀត នៅខ្សែទឹកខាងក្រោមរបស់យើងបានសម្រេច ធ្វើឲ្យលុបបំបាត់នូវគំនិតសង្ស័យគ្នាទៅវិញទៅមកថា ប្រទេសខ្សែទឹកខាងលើលាក់បាំងទិន្នន័យទឹកដែលធ្វើឲ្យលិចលង់ ឬក៏ប៉ះពាល់ដល់គ្រប់ប្រទេសខ្សែទឹកខាងក្រោម។

សំណួរទី៥៖    ក្រៅពីបញ្ហាការគ្រប់គ្រងធនធានទឹកនៅតាមដងទន្លេមេគង្គ ប្រទេសមហាអំណាចអាមេរិក និងសម្ព័ន្ធមិត្តខ្លួនដែលរួមមានជប៉ុន និងអូស្រ្តាលី ក៏បានផ្តោតសំខាន់មួយទៀតទៅលើវិស័យថាមពលនៅតំបន់មេគង្គ។ ក្នុងនោះអាមេរិក ជប៉ុន និងអូស្ត្រាលីបានគិតគូរបន្ថែមទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល អគ្គិសនី ទាំងផ្នែកទន់ និងរឹង ពិសេសនៅប្រទេសឡាវ មីយ៉ាន់ម៉ា និងថៃ។ អាចទេ ការគ្រប់គ្រងលើទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពលនៅតំបន់មេគង្គ នឹងផ្តល់នូវទម្ងន់ និងតួនាទីស្នូលបន្ថែមទៅដល់បច្ចឹម លោក ដើម្បីទប់ទាល់នឹងការរីកលូតលាស់របស់ចិន នៅក្នុងតំបន់ និងសកល?

ខ្ញុំគិតថា បើសិនជារឿងនេះជាការពិតមែន គឺជារឿងល្អសម្រាប់ប្រទេសមេគង្គ ពីព្រោះថានេះជាអ្វីដែលបណ្ដាប្រទេសមេគង្គចង់ឃើញ គឺចង់ធ្វើពិពិធកម្មដៃគូវិនិយោគ ក៏ដូចជាម្ចាស់ជំនួញក្នុងវិស័យថាមពលនេះ។ បើនិយាយឲ្យចំ គឺវិស័យវារីអគ្គីសនីតែម្តងនៅក្នុងប្រទេសមេគង្គ ដែលនេះគឺជាការមួយដែលអាចឲ្យប្រទេសមេគង្គមានជម្រើសផ្សេងទៀត ក្រៅតែពីចិន។ យើងឃើញថា បច្ចុប្បន្នមានតែចិនទេគឺជាប្រទេសមួយដែលធ្វើការវិនិយោគលើប្រព័ន្ធទំនប់វារីអគ្គិសនីច្រើនជាងគេ ដែលផ្តល់ឲ្យប្រទេសមេគង្គនេះមានលទ្ធភាពធ្វើឲ្យតម្លៃនៃថាមពលចុះថោក ដោយសារតែទំនប់វារីអគ្គិសនីចិននេះ។ ខ្ញុំគិតថា បើសិនជាអាមេរិក ជប៉ុន និងអូស្រា្តលី ចូលរួមវាជាការមួយដែលអាចឲ្យសមាជិកមេគង្គដូចជាថៃ វៀតណាម ឬឡាវក្ដី អាចធ្វើការពិចារណាថា តើត្រូវផ្ដល់ការវិនិយោគទៅឲ្យភាគីណាមួយចិនឬក៏ជប៉ុន។ នេះគឺជាជម្រើសប្រសើរ ដែលប្រទេសទាំងនោះអាចធ្វើទៅបាន ហើយក៏ជាកត្តាជំរុញដល់វិស័យថាមពល ដែលអាចជួយជំរុញដល់សន្ទុះសេដ្ឋកិច្ចប្រទេសមេគង្គឲ្យកាន់តែលឿនថែមទៀត។ យើងក៏បានឃើញ នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងចំហដែរថា វិស័យថាមពល គឺជាវិស័យអាទិភាពមួយដែលលើកឡើងនៅក្នុងយុទ្ធសាស្ត្រនេះ។ ខ្ញុំគិតថា បើសិនជាមានការចូលរួមពីប្រទេសទាំងនេះគឺកាន់តែប្រសើរសម្រាប់ប្រទេសមេគង្គដែលអាចជួយពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែល្អប្រសើរជាងនេះទៀត ហើយវាច្បាស់ណាស់ថា អាចនឹងមានការប៉ះទង្គិចខ្លះជាមួយចិន ដ្បិតអីមានដៃគូប្រកួតប្រជែង ប៉ុន្តែខ្ញុំជឿថាយ៉ាងណាក្នុងនាមជារដ្ឋអធិបតេយ្យ ប្រទេសមេគង្គចាំបាច់ត្រូវតែគិតពីផលប្រយោជន៍ជាតិរបស់ខ្លួនជាចម្បង ហើយនឹងធ្វើការពិចារណាថាតើគួរផ្ដល់ការវិនិយោគលើវិស័យនេះ ទៅដល់ភាគីណាដោយផ្អែកទៅលើការវិភាគទៅលើផលប្រយោជន៍ការប៉ះពាល់រវាងគ្នានិងគ្នា។ ខ្ញុំជឿថា បើទោះបីជាភាគីអាមេរិក ជប៉ុន និងអូស្ត្រាលីចូលរួមក៏ដោយ ក៏ការសាងសង់ទំនប់អគ្គិសនីនៅតែស្ថិតនៅក្រោមយន្តការដែលមានស្រាប់តាមរយៈ MRC មានដូចជាការពិភាក្សាការសិក្សាពីផលប៉ះពាល់លើបរិស្ថាន ឬក៏ខាងជីវចម្រុះនៅក្នុងទន្លេលំហូរត្រីជាដើមហើយក៏ទាមទារការឯកភាពពីប្រទេសជាសមាជិក ដើម្បីឲ្យការសិក្សារបស់ខ្លួនក្នុងការធានាថាទំនប់វារីអគ្គិសនីដែលសាងសង់នេះមានផលវិជ្ជមានច្រើនជាងផលប៉ះពាល់។ ការពិតណាស់ វាចៀសមិនរួចពីផលប៉ះពាល់ឡើយ គ្រាន់តែអ្វីដែលយន្តការចាស់បានកន្លងមក គឺគេត្រូវសិក្សាច្បាស់លាស់លើផលប៉ះពាល់រួចហើយ។ លុះត្រាតែ មានការយល់ព្រមពីប្រទេសជាសមាជិក ទើបការសាងសង់វារីអគ្គីសនីអាចទៅរួច។​ ជារួម ទាំងគិតថា វាជាការល្អដែលយើងអាចមានដៃគូវិនិយោគលើវិស័យថាមពលនេះក្រៅតែពីចិន ដើម្បីជាការពន្លឿនវិស័យថាមពល ក៏ដូចជាជំរុញដល់ការរីកចម្រើននៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់យើងកាន់តែល្អប្រសើរជាងនេះ។

សំណួរទី៦៖ តើកម្ពុជាគួរមានគោលជំហរ និងគោលនយោបាយបែបណា ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ នៃការគ្រប់គ្រងទឹកក្នុងតំបន់មេគង្គនេះ?​

វិស័យគ្រប់គ្រងនយោបាយទឹកនេះ គឺសំខាន់ណាស់សម្រាប់ប្រទេសមេគង្គពីព្រោះទន្លេមេគង្គជាទន្លេសំខាន់ដូចដែលខ្ញុំបានលើកឡើងខាងលើ ដល់វិស័យកសិកម្មដែលជាវិស័យឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិនៃប្រទេសមេគង្គទាំងអស់។ ក្នុងនាមជាសមាជិកទន្លែមេគង្គ យើងគួរមានគោលជំហរមួយគឺជាទូទៅយើងត្រូវធ្វើអ្វីឲ្យស្របជាមួយនឹង ឬក៏បន្ស៊ីគោលជំហររបស់យើងពាក់ព័ន្ធជាមួយនឹងរឿងមេគង្គ ដូចជារាល់ការសាងសង់ទំនប់វារីអគ្គិសនីនេះត្រូវស្របជាមួយនឹងគណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នស្នូលនៅក្នុងការគ្រប់គ្រងនិងថែរក្សាអាងទន្លេមេគង្គ។ ទន្ទឹមនឹងនេះដើម្បីឲ្យការគ្រប់គ្រងទឹកកាន់តែល្អប្រសើរយើងគួរចូលរួមជំរុញស្ថាប័នតំបន់គឺMRC ឲ្យខ្លាំងដើម្បីកុំឲ្យថាបើកាលណាកុំ MRC ខ្សោយហើយវាអាចប៉ះពាល់ការដោះស្រាយនូវធនធានទឹកទន្លេមេគង្គដែលឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ ចឹងធ្វើយ៉ាងម៉េចឲ្យអង្គការ MRC នេះជាស្ថាប័នខ្លាំងដែលអាចដោះស្រាយបញ្ហាគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព។

វាគ្មិន៖ លោក កឹម ដឿន សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត (PUC)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ