Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE​ ៖ កម្រងសំនួរចម្លើយលើប្រធានបទ៖ សមាជថ្នាក់ជាតិលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម

វាគ្មិន៖ បណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឍមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញគោលនយោបាយការបរទេស និងភូមិសាស្រ្តនយោបាយដែលផ្តោតសំខាន់នៅក្នុងតំបន់អាស៊ាន និងមេគង្គ ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ New South Wales Canberra ប្រទេសអូស្រ្តាលី និងថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ International University of Japan (IUJ) ប្រទេសជប៉ុន។

បច្ចុប្បន្ន ថ្នាក់ដឹកនាំ ក៏ដូចជាអ្នកវិភាគនយោបាយនៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិមួយចំនួន កំពុងតែតាមដានជាពិសេសជុំវិញវឌ្ឍនភាពនៃសមាជថ្នាក់ជាតិលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម បន្ទាប់ពីព្រឹត្តការណ៍នៃការចូលកាន់តំណែងជាផ្លូវការរបស់លោកប្រធានាធីបតីសហរដ្ឋអាមេរិកថ្មី លោក Joe Biden។ ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការធ្វើសមាជនេះ តើ លោកបណ្ឌិត បានសង្កេតឃើញនូវទិដ្ឋភាពអ្វីខ្លះដែរ? ហើយហេតុអ្វីបានជាវៀតណាមចាំបាច់ត្រូវមានសមាជថ្នាក់ជាតិនេះដែរ?
វាគ្មិន៖ ជាទិដ្ឋភាពរួម យើងសង្កេតឃើញថាសមាជថ្នាក់ជាតិលើកទី១៣ មានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសទាក់ទងទៅនឹងចំនួនអ្នកចូលរួមដែលជាស្ត្រី គឺមានចំនួនកើនឡើងរហូតទៅដល់១៤% បើធៀបទៅនឹងសមាជមុនៗ ពិសេសសមាជលើកទី១២ ដែលមានត្រឹមតែ ១២% ប៉ុណ្ណោះ។ ដូច្នេះហើយ នេះអាចសបញ្ជាក់ឱ្យឃើញថាថ្នាក់ដឹកនំាវៀតណាមកាន់តែឱ្យតម្លៃច្រើនទៅលើការចូលរួមរបស់ស្រ្ដីក្នុងជីវភាពនយោបាយ ជាពិសេសទៅលើក្បាលម៉ាស៊ីនដឹកនំានយោបាយរបស់ប្រទេសវៀតណាមផ្ទាល់ (គណៈបក្សកុម្មុយនីស្តវៀតណាម)។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍ទី២ គឺសមាជនេះប្រព្រឹត្តឡើងស្របពេលជាមួយនឹងការផ្លាស់ប្ដូរប្រធានាធីបតីសហរដ្ឋអាមេរិកថ្មី លោក Joe Biden។ ដូច្នេះ យើងកំពុងរង់ចាំមើលថា តើប្រទេសវៀតណាមនឹងមានគោលនយោបាយបែបណាចំពោះសហរដ្ឋអាមេរិក? ព្រោះប្រទេសវៀតណាម បានដើរតួយ៉ាងសំខាន់ចំពោះតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គផងដែរ។ ដូចនេះ ប្រសិនបើទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិកមានភាពវិជ្ជមាន នោះយើងនឹងមានវឌ្ឍនភាពក្នុងតំបន់មួយដែលគួរឱ្យចាប់អារម្មណ៍។ ចំណែកឯទិដ្ឋភាពដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះ គឺប្រទេសវៀតណាមក្នុងកំឡុងពេល COVID-19 នេះ មានកម្រិត GDP វិជ្ជមានរហូតដល់ ២,៩% ស្របពេលដែលបណ្ដាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ាន ស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលមាន GDP អវិជ្ជមាន ។ ដូចនេះហើយ មានការលើកឡើងជាច្រើន ថាតើសមាជលើកនេះនឹងអាចធ្វើឱ្យប្រទេសវៀតណាមទទួលបាននូវចរន្តនៃការអភិវឌ្ឍសេដ្ឋកិច្ចដូចទៅនឹងឆ្នាំមុនដែរឬទេ? ចំណុចទី៤ គឺទាក់ទងទៅនឹងក្បាលម៉ាស៊ីនដឹកនាំរបស់ប្រទេសវៀតណាម ដែលចរន្តថ្នាក់ដឹកនាំមួយចំនួននឹងបន្តការគ្រប់គ្រងដដែល។
ថ្ងៃស្អែក ដែលជាថ្ងៃបញ្ចប់ ក៏ដូចជាអាចនឹងឈានដល់ការប្រកាសនូវលទ្ធផលនៃសមាជនេះ តើអាចនឹងមានតួអង្គសំខាន់ៗណាខ្លះដែលនឹងត្រូវដើរតួនាទីជាក្បាលម៉ាស៊ីនថ្មីរបស់រដ្ឋាភិបាលវៀតណាម?
វាគ្មិន៖ ថ្ងៃទី០២ ខែកុម្ភៈ នេះជាថ្ងៃបញ្ចប់នូវសមាជបក្សលើកទី១៣ របស់ប្រទេសវៀតណាម។ ពេលនោះ យើងនឹងអាចដឹងថា តើអ្នកណាជាជនបង្គោលពិតប្រាកដនៅក្នុងការដឹកនាំក្បាលម៉ាស៊ីននយោបាយនៃគណបក្សកុម្មុយនីស្តវៀតណាម ជាពិសេសគឺការិយាល័យកណ្ដាលនយោបាយ។ យោងតាមប្រភពព័ត៌មានរបស់វៀតណាម យើងអាចសង្កេតឃើញថាថ្នាក់ដឹកនាំចាស់ៗមួយចំនួន នឹងអាចក្លាយជាក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗរបស់ប្រទេសវៀតណាម។ គួរកត់សម្គាល់ផងដែថា នៅរៀងរាល់០៥ឆ្នាំម្ដង គណបក្សកុម្មុយនីស្តវៀតណាមតែងតែធ្វើការជ្រើសរើសគណៈកម្មាធិការកណ្ដាល ដែលក្នុងនោះមានសមាជិកប្រមាណ ១៦០០នាក់ នឹងធ្វើការជ្រើសរើសសមាជិកមជ្ឈឹមបក្សចំនួន ២០០នាក់ បន្ទាប់មកសមាជិក ២០០នាក់នោះ នឹងធ្វើការជ្រើសរើសបន្តទៀតនូវសមាជិកកណ្ដាលរបស់បក្សចំនួន១៩ រូប ដែលនឹងធ្វើជាក្បាលម៉ាស៊ីនស្នូលនៃការដឹកនាំប្រទេសវៀតណាម ។ ក្នុងចំណោម ១៩នាក់នោះដែរ នឹងមានការជ្រើសរើសជនបង្គោល ចំនួន០៤ (4 Pillars) ដែលមានតួនាទីដូចជា ទី១គឺអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
ទី២គឺប្រធានរដ្ឋ ទី៣គឺនាយករដ្ឋមន្ត្រី និងទី៤គឺជាប្រធានរដ្ឋសភា។ បើតាមប្រភពដំណឹងលេចធ្លាយមួយ បានបញ្ជាក់ថា លោកអគ្គលេខាធិការបក្សចាស់ គឺលោក Nguyen Phu Trong នឹងបន្តកាន់តំណែងនៅអាណត្តិទី៣របស់លោក ក្នុងនាមជាអគ្គលេខាធិការបក្សម្ដងទៀត។ លោក Nguyen Xuan Phuc ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីរបស់វៀតណាម នឹងក្លាយទៅជាប្រធានរដ្ឋ រីឯលោក Pham Minh Chinh និងក្លាយទៅជានាយករដ្ឋមន្ត្រីថ្មី ដែលគាត់មានបទពិសោធន៍ច្រើនទាក់ទងនឹងសន្តិសុខសង្គម។ ជាចុងក្រោយលោក Vuong Dinh Hue ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាប្រធានរដ្ឋសភា ដែលលោកគឺជាបញ្ញវ័ន្តម្នាក់ ជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់វៀតណាម។
តាមរយៈបុគ្គលិកលក្ខណៈរបស់តួអង្គដែលលោកបណ្ឌិតបានរៀបរាប់ខាងលើ ក៏ដូចជាផ្អែកលើបរិបទពិភពលោកសព្វថ្ងៃ តើគោលនយោបាលការបរទេសរបស់វៀតណាមអាចនឹងមានការប្រែប្រួលខ្លាំងជាងបច្ចុប្បន្នដែរឬទេ? ជាពិសេសទំនាក់ទំនងរបស់វៀតណាម ជាមួយនឹងសហរដ្ឋអាមេរិក និងចិន?
វាគ្មិន៖
 គោលនយោបាយរបស់វៀតណាមនឹងមិនមានការផ្លាស់ប្ដូរទេ ព្រោះគេសង្កេតឃើញថាក្បាលម៉ាស៊ីនកណ្ដាលរបស់វៀតណាម ដែលជាអ្នកធ្វើការសម្រេចចិត្តទៅលើគោលនយោបាយនានា ក្នុងនោះរួមទាំងគោលនយោបាយការបរទេសផងដែរ គឺសុទ្ធតែផ្អែកទៅលើគោលនយោបាយជា
ឯកច្ឆន្ទ ពោលគឺលុះត្រាតែមានឯកភាពពីគ្រប់សមាជិកបក្សទាំងអស់។ មួយវិញទៀត ទាក់ទងទៅនឹងបុគ្គលិកលក្ខណៈនីមួយៗរបស់ថ្នាក់ដឹកនាំទាំងនោះ ភាគច្រើនមកពីភាគខាងជើងនៃប្រទេសវៀតណាម លើកលែងតែលោក Nguyen Xuan Phuc ដែលមកពីភូមិភាគកណ្ដាលរបស់ប្រទេសវៀតណាម។ ដូចនេះ ពួកគេមានសមត្ថភាពយល់ដឹងច្បាស់ពីប្រទេសចិន ដែលនឹងមិនបង្កជម្លោះ ឬខ្លាចអំណាចរបស់ប្រទេសចិននោះទេ។ ដោយឡែក យើងសង្កេតឃើញថាគោលនយោបាយរបស់ប្រទេសវៀតណាមដែលអនុវត្តទៅលើប្រទេសចិន ផ្អែកលើចំនុចសំខាន់ៗ ចំនួន០២គឺ ទី១ ការសហការជាមួយចិន និងទី២ ការតតាំងជាមួយចិន។ ដូចនេះ មេដឹកនាំថ្មី នឹងពុំមានការផ្លាស់ប្ដូរគោលនយោបាយចំពោះប្រទេសចិននោះទេ ហើយក៏នឹងបន្តធ្វើយ៉ាងណាឱ្យមានទំនាក់ទំនងល្អជាមួយចិន។ ទន្ទឹមនឹងនេះ វៀតណាមនឹងមិនធ្វើឱ្យចិនមានភាពងាយស្រួលក្នុងការវាតទីលើសមុទ្រចិននោះដែរ។ ស្របគ្នានេះដែរ គោលនយោបាយរវាងវៀតណាម និងសហរដ្ឋអាមេរិកក៏នឹងមិនមានភាពខុសគ្នាដែរ។ ប្រទេសវៀតណាម និងអាមេរិក នឹងទទួលបាននូវទំនាក់ទំនងល្អជាមួយគ្នាដដែល ក្នុងជំនាន់លោក Donald Trump មានគោលជំហច្បាស់ លាស់ដែលគាំទ្រ និងការពារប្រទេសវៀតណាមប្រឆាំងនឹងប្រទេសចិន។ ដោយឡែក ចំពោះប្រធានាធិបតីថ្មីលោក Joe Biden យើងពុំទាន់ដឹងថាសភាពការណ៍នឹងទៅជាយ៉ាងណានៅឡើយទេ? ប៉ុន្តែលោកបានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់ខ្លួនខ្លះៗហើយ ដែលនឹងពុំមានការខុសប្លែកគ្នាប៉ុន្មានទេ។ វៀតណាមនៅតែព្យាយាមបន្តនូវកិច្ចសហការល្អជាមួយសហរដ្ឋ អាមេរិក។ ជាមួយគ្នានោះ យើងឃើញថាគោលនយោបាយការបរទេសនៅក្រោយសមាជបក្សលើកទី១៣នេះ បណ្ដាប្រទេសមហាអំណាច និងវៀតណាម នឹងព្យាយាមរក្សាតុល្យភាពនៃគោលនយោបាយការបរទេសរវាងចិន និងសហរដ្ឋអាមេរិក។
តើ លោកបណ្ឌិត យល់ឃើញយ៉ាងណាចំពោះសកម្មភាព និងតួនាទីរបស់វៀតណាមនៅក្នុងតំបន់? ថាតើវៀតណាមអាចនឹងពង្រីកនូវសកម្មភាព និងពង្រឹងនូវតួនាទីរបស់ខ្លួន នៅក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជាតំបន់មេគង្គដែរឬទេ? ហើយបើអាច តើអាចដោយរបៀបណាខ្លះដែរ?
វាគ្មិន៖
 ប្រទេសវៀតណាមនឹងដើរតួនាទីសំខាន់ នៅក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គ ដោយសារតែប្រទេសនេះ គឺជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចវិជ្ជមាន នៅក្នុងអំឡុងពេលដែលប្រទេសនានានៅក្នុងតំបន់ទទួលបាននូវកំណើនសេដ្ឋកិច្ចអវិជ្ជមានស្ទើរតែទាំងអស់។ ដូចនេះ ប្រទេសវៀតណាមដើរតួនាទីសំខាន់ក្នុងការប្រមូលធនធាន និងចេញជាគោលនយោបាយនានា ដើម្បីឱ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គទាំងមូលគេចផុតពីវិបត្តិសេដ្ឋកិច្ចដែលបង្កមកពី COVID-19។ ទី២ គឺដោយសារតែប្រទេសនេះ ជាប្រទេសមួយដើរតួនាទីកណ្ដាលក្នុងអំឡុងសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ដែលវៀតណាមទទួលបាននូវការ
វិនិយោគធំៗជាច្រើន។ ដោយសារតែកំណើនសេដ្ឋកិច្ចនេះហើយដែលធ្វើឱ្យវៀតណាមមាន
សម្លេងនៅក្នុងឆាកអន្តរជាតិ ក៏ដូចជាឆាកតំបន់ ជាពិសេសនៅក្នុង Regional Comprehensive Economic Partnership (RCEP) ហើយក៏ដើរតួនាទីសំខាន់ក្នុងការជួយបណ្ដាលប្រទេស
ផ្សេងៗឱ្យក្លាយជាសមាជិកនៃ TPP (Trans-Pacific Partnership) នេះដែរ។
បើយើងផ្តោតទៅដល់ឆ្នាំ២០២២ ដែលកម្ពុជាយើងនឹងធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានវិញម្តង ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង តើវៀតណាមអាចនឹងលើកយកបញ្ហារសើបថ្មីៗអ្វីខ្លះមកដាក់លើតុ ដើម្បីពិភាក្សាដែរលោកបណ្ឌិត?
វាគ្មិន៖
 យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា វៀតណាមនឹងលើកយកបញ្ហាអ្វីមកពិភាក្សានោះទេ។ តែយ៉ាងណាមិញ ប្រទេសវៀតណាមអាចនឹងលើកយកពីបញ្ហាសេដ្ឋកិច្ច និងគំនិតផ្តួចផ្ដើមនានា ធ្វើយ៉ាងណាឱ្យបណ្ដាលប្រទេសអាស៊ានជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសកំណើនផលិតកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់មេគង្គ។
ចំពោះគំនិតយោបល់របស់ លោកបណ្ឌិត ផ្ទាល់ តើការផ្លាស់ប្តូរសមាសភាពនៅក្នុងរដ្ឋាភិបាលវៀតណាម នេះ អាចនឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា-វៀតណាមដែរឬទេ?
វាគ្មិន៖ 
ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងបន្តនៅក្នុងកម្រិតមួយដែលមានលក្ខណៈល្អផូរផង់ និងបន្តរីកលូតលាស់ទៅមុខទៀត ដោយសារតែថ្នាក់ដឹកនាំវៀតណាមដែលអាចនឹងដើរតួជាក្បាលម៉ាស៊ីនក្រោយសមាជថ្នាក់ជាតិនេះ គឺពុំមានអ្វីផ្លាស់ប្តូរជាដុំកំភួននោះទេ ហើយពួកគាត់ធ្លាប់បានធ្វើការ ក៏ដូចជាស្គាល់ចិត្តស្គាល់ថ្លើមជាមួយថ្នាក់ដឹកនាំកម្ពុជា ពីមុនរួចមកហើយ។ តួយ៉ាងដូចជា លោកអគ្គលេខាធិការបក្ស Nguyen Phu Trong និងលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។ ជាក់ស្តែង លោក Nguyen Phu Trong ធ្លាប់បានលើកឡើងថា កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងបដិវត្តន៍របស់វៀតណាមប្រឆាំងនឹងពួកចក្រពត្តិអាមេរិក កាលពីជំនាន់សង្រ្គាម
អាមេរិក-វៀតណាម ទសវត្សទី៦០-៧០។ បើធៀបជាមួយថ្នាក់ដឹកនាំមុនៗ យើងដូចជាពុំធ្លាប់បានលឺនោះទេ។ យើងឃើញថា លោក Nguyen Phu Trong បានឱ្យតម្លៃមកលើកម្ពុជាខ្ពស់ និងក៏កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងដ៏រឹងមាំរបស់កម្ពុជា-
វៀតណាម ឱ្យកាន់តែមានភាពស្អិតរមួតខ្លាំង។ ដូចនេះ ថ្នាក់ដឹកនាំវៀតណាមថ្មី នឹងបន្តនូវគោលនយោបាយអ្នកជិតខាងល្អ ដែលក្នុងនោះរួមមានកម្ពុជា ដោយផ្អែកលើបរិបទតំបន់មួយដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមគ្នា។

អ្នកសម្របសម្រួល៖លោកស្រី ហ៊ឹម សុធារ័ត្ន
AMS: https://ams.com.kh/central/detail/255533

Leave a Reply

Join our AVI Channel

Recent Posts

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930