Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice Ep138 :ទស្សនវិស័យនៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី សម្រាប់ការពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ (ភាគ ១)

កម្ពុជាតែងតែប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយ​ការបរទេសឯករាជ្យរបស់ខ្លួនផ្អែកលើច្បាប់អន្តរជាតិ ប្រកបដោយភាពបត់បែន វាងវៃ អព្យាក្រឹត និងតបតទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ​បានយ៉ាងឆាប់រហ័រ។ នេះគឺជាគោលជំហរគោលនយោបាយដ៏រឹងមាំ និងមានភាពត្រឹមត្រូវក៏ដូចជាប្រសិទ្ធភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងបាននឹងកំពុងបន្តអនុវត្តក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត នឹងពន្យល់អំពីគោលនយោបាយការបរទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីកម្ពុជា គោលជំហរក្នុងការឆ្លើយតបទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ និងអាទិភាពរបស់កម្ពុជាក្នុងការពង្រឹងគោលជំហរឯករាជ្យ អព្យាក្រឹត មានភាពបត់បែន និងភាពចាស់ទុំនៃគោលនយោបាយការបរទេសរបស់កម្ពុជា។

សំណួរទី ១៖  ជាបឋម តើលោកអាចពន្យល់បន្តិចបានទេថាអ្វីទៅជាយុទ្ធសាស្រ្ត ឬគោលនយោបាយការបរទេសនៃរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ?

នៅក្នុងរាជរដ្ឋាភិបាលថ្មីនីតិកាលទី​៧ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីនយោបាយរបស់ខ្លួន ដែលបានសិក្សានិងវាយតម្លៃគ្រប់ជ្រុងជ្រោយ នៃលទ្ធផលការងារដែលបានអនុវត្តក្នុងនីតិកាលមុនៗ ក៏ដូចជាបរិការណ៍ជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ន និងអនាគតផងដែរ។ នៅក្នុងកម្មវិធីនយោបាយនេះដែរគឺផ្តោតសំខាន់លើគោលនយោបាយចម្បងៗ ជាអាទិភាព គោលនយោបាយអភិវឌ្ឍតាមវិស័យ និងកម្មវិធីនយោបាយជាអាទិភាពខ្លាំងដែលត្រូវចាប់អនុវត្តចាប់ពីឆ្នាំ២០២៣ តទៅ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ ‘យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១’ ដែលផ្អែកលើគោលការណ៍ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចរីភាព សំដៅលើការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចនូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ‘យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១’ នេះគឺជាមគ្គុទេសក៍សម្រាប់តម្រង់សកម្មភាព របស់ស្ថាប័នរដ្ឋទាំងអស់ ក្នុងគោលដៅបន្តរក្សាអោយបាននូវសន្តិភាព ពង្រឹងសមិទ្ធផលនៃកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាដែលបានសម្រេចកន្លងមក និងដើម្បីកសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍជាតិក្នុងរយៈពេលមធ្យម និងវែងនាពេលអនាគត តាមរយៈការធ្វើកំណែទម្រង់មុតស្រួចលើគ្រប់វិស័យ។ ដើម្បីសម្រេចបាននូវភាពជោគជ័យក្នុងការអនុវត្ត ‘យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១’ ត្រូវមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ដើម្បីសហការគ្នា និងលើកកម្ពស់សាមគ្គីភាពជាតិ ដើម្បីប្រយោជន៍ជាតិទាំងមូល។

រាជរដ្ឋាភិបាលកម្ពុជាថ្មីនីតិកាលទី៧ នេះមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិឲ្យកាន់តែខ្ពស់ឡើង តាមរយៈការកសាងជាតិមួយឲ្យរឹងមាំ រស់រវើក​ រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០។ ដូចដែលបានរៀបរាប់ជូនខាងលើ​ ការអភិវឌ្ឍនិងកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ត្រូវមានការចូលរួមពីដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ ដូចនេះហើយគោលនយោបាយការបរទេសកម្ពុជានៅតែផ្តោតសំខាន់លើការទូតសន្តិភាព ការទូតសេដ្ឋកិច្ច និងការទូតវប្បធម៌ ដើម្បីលើកកម្ពស់ស្មារតីពហុភាគីនិយម និងចូលរួមកសាងសហគមន៍អន្តរជាតិមួយដែលពោរពេញដោយសន្តិភាព​ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចរីភាព និងបរិយាបន្ន។

ក៏ប៉ុន្តែ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺស្របពេលដែលពិភពលោកទាំងមូលកំពុងតែក្រោកឡើងនិងស្តារសកម្មភាពទំនាក់ទំនងអន្តរជាតិឡើងវិញពីជំងឺរាតត្បាតកូវីដ ១៩ សកម្មភាពសេដ្ឋកិច្ចក៏ដូចជាការវិនិយោគបរទេសកំពុងមានសន្ទុះងើបឡើងវិញ ដែលនេះជាសញ្ញាល្អនៃការស្តារសេដ្ឋកិច្ចអន្តរជាតិ ក៏ប៉ុន្តែសន្តិសុខនិងស្ថិរភាពអន្តរជាតិកំពុងតែជួបភាពតានតឹងនិងផុយស្រួយ ដែលជាអាទិ៍មានសង្រ្គាមនៅអ៊ុយក្រែននិងអ៊ីស្រាអ៊ែន-ហាម៉ាស បញ្ហានៅមីយ៉ាន់ម៉ានិងសមុទ្រចិនខាងត្បូង បញ្ហានៅឧបទ្វីបកូរ៉េនិងសមុទ្រចិនខាងកើត បញ្ហាផ្តួលរលំរដ្ឋាភិបាលនៅទ្វីបអាហ្វ្រិក និងបញ្ហាសន្តិសុខមិនប្រពៃណីជាច្រើនទៀត ដែលទាមទារអោយមានការដោះស្រាយដោយសន្តិវិធី ក្នុងស្មារតីស្ថាបនា ពហុភាគីនិយម និងយោងទៅតាមច្បាប់អន្តរជាតិ។

បញ្ហាអន្តរជាតិទាំងក្នុងតំបន់និងសកលសុទ្ធតែប៉ះពាល់សេដ្ឋកិច្ចពិភពលោក ចរន្តចង្វាក់ផ្គត់ផ្គង់ ការវិនិយោគបរទេស ដែលនេះហើយជាបញ្ហាដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នេះកំពុងព្យាយាមនិងចូលរួមជាមួយបណ្តាប្រទេសដទៃក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិក្នុងការជំរុញការដោះស្រាយបញ្ហាទាំងនោះក្នុងយន្តការទ្វេភាគីនិងពហុភាគី ក្នុងក្របខណ្ឌតំបន់និងអន្តរជាតិ ក៏ដូចជាធ្វើការកែទម្រង់ប្រព័ន្ធអភិបាលកិច្ច ការកសាងធនធានមនុស្ស ការរៀបចំជំនាញនិងបង្កើនជំនាញឡើងវិញ ដើម្បីជំរុញអោយមានកំណើនការវិនិយោគបន្ថែមនៅកម្ពុជា ស្របពេលដែលសកលលោកកំពុងជួយប្រទះចលាចល និងអស្ថិរភាព។ ជារួមគោលនយោបាយការបរទេសកម្ពុជាក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នេះគឺនៅតែបន្តឈរលើគោលការណ៍អព្យាក្រឹត្យ គោរពអធិបតេយ្យភាពនិងមិនលូកដៃចូលកិច្ចការផ្ទៃក្នុង ការបង្កើនមិត្តនិងកិច្ចសហប្រតិបត្តិការសកល ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដែលមានប្រជាជនជាស្នូល និងលើកកម្ពស់សណ្តាប់ធ្នាប់ពិភពលោកឈរលើមូលដ្ឋានច្បាប់ ពហុភាគីនិយម និងសន្តិភាព។

សំណួរទី ២៖ តើលោកយល់ឃើញយ៉ាងណាចំពោះដំណើរបេសកម្មក្រៅប្រទេសរបស់សម្ដេចធិបតីជាលើកដំបូងនេះ?

បន្ទាប់អំពីដំណើរទស្សនៈកិច្ចការងារផ្លូវការជាលើកដំបូងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា សម្ដេចក៏បានជ្រើសរើសទិសដៅប្រទេសសម្រាប់ដំណើរទស្សនកិច្ចរបស់លោកបន្ទាប់ នោះគឺចិន និងស.រ.អា. ហើយក៏មានប្រទេសមួយចំនួនផ្សេងទៀតផងដែរ ដែលពេលថ្មីៗនេះ​ សម្តេចធិបតី​ ហ៊ុន ម៉ាណែត ទើបតែបញ្ចប់ការទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំផ្លូវមួយខ្សែរក្រវ៉ាត់មួយលើកទី​៣ នៅទីក្រុង ប៉េកាំង និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ក្រុម បណ្តាប្រទេសឈូងសមុទ្រនៅទីក្រុង រីយ៉ាដ នៅមជ្ឈិមបូព៌ា ដែលកិច្ចប្រជុំទាំងអស់នេះគឺផ្តោតលើកិច្ចសហប្រតិបត្តិការតំបន់ និងការតភ្ជាប់រវាងពីតំបន់មួយទៅតំបន់មួយក្នុងស្មារតីពង្រឹងពហុភាគីនិយម និងការដោះស្រាយជម្លោះដោយសន្តិវិធី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងរវាងប្រជាជននិងប្រជាជនផងដែរ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ កំពុងតែអនុវត្ត​ ‘យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១’។

រដ្ឋាភិបាលកម្ពុជាថ្មីក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំជំរុញកិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ ដើម្បីទាក់ទាញក្រុមអ្នកវិនិយោគបរទេសជាពិសេសបស្ចឹមលោកនិងបរទេសអោយមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាអាទិ៍កម្ពុជាកំពុងតែចរចារកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយនឹងឥណ្ឌា អង់គ្លេស សហព័ន្ធសេដ្ឋកិច្ចអឺរ៉ាសៀរ (Eurasian Economic Union)  ជប៉ុន សហព័ន្ធអារ៉ាប់ កាណាដា តួកគី និងអាមេរិកឡាទីន ដែលទាំងអស់នេះគឺជាកិច្ចខិតខំមួយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការទូតសេដ្ឋកិច្ច អោយមានការធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា ពង្រីកដៃគូពាណិជ្ជកម្មអន្តរជាតិ ខណៈពេលដែលរដ្ឋាភិបាលកម្ពុជាក៏កំពុងពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈនិងអភិបាលកិច្ច អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនិងនវានុវត្តន៍ ពង្រឹងប្រព័ន្ធធនាគារ​និងហិរញ្ញវត្ថុ អភិវឌ្ឍទីផ្សារការងារនិងធនធានមនុស្ស និងវិស័យសង្គម-សេដ្ឋកិច្ចជាច្រើនទៀត ដើម្បីឲ្យកម្ពុជាមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលយកការវិនិយោគថ្មី បច្ចេកវិទ្យាថ្មីនិងដើម្បីអោយរត់ទាន់សេដ្ឋកិច្ចឌីជីថល ៤.០។ ​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាជនបរទេសថា កម្ពុជាមានអ្នកដឹកនាំប្រកបដោយពុទ្ធិ មានសមត្ថភាពនិងបទពិសោធន៍គ្រប់គ្រាន់ បើទោះបីជា សម្តេច មានវ័យក្មេងជាងគេក៏ដោយ។ បេសកកម្មក្រៅប្រទេសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ជាបេសសកម្មដ៏មានសារៈសំខាន់ខាងនយោបាយ ការទូតនិងយុទ្ធសាស្រ្ត​ ដែលបានឆ្លុះបញ្ចាំងអំពីគោលជំហររបស់កម្ពុជាក្នុងកិច្ចដំណើរការកសាងសហគមន៍អន្តរជាតិ និងជាសារមួយរបស់កម្ពុជាប្រាប់ដល់អន្តរជាតិថាកម្ពុជាជាប្រទេសតូចមែនពិត តែកម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយនឹងបណ្តាប្រទេសទាំងអស់ ដើម្បីប្រយោជន៍រួមក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

សំណួរទី ៣៖ តើលោកអាចវាយតម្លៃយ៉ាងណាអំពីគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលអាណត្តិថ្មី ដែលស្ដែងចេញអំពីដំណើរទស្សនកិច្ចដែលបានរៀបរាប់ខាងលើនេះ?

កន្លងមកកម្ពុជាបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យរបស់ខ្លួនផ្អែកលើច្បាប់អន្តរជាតិ ប្រកបដោយភាពបត់បែន វាងវៃ អព្យាក្រឹត និងតបតទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយបានយ៉ាងឆាប់រហ័ស ហើយវាក៏បានសបញ្ជាក់ឱ្យឃើញថាកម្ពុជាមានភាពឈ្លាសវៃនិងចាស់ទុំច្រើននៅក្នុងទំនាក់ទំនងអន្តរជាតិ និងការមើលឃើញកោតសរសើរពីសំណាក់អន្តរជាតិអំពីទេពកោសលនៃការអនុវត្តគោលនយោបាយ ការបរទេសប៉ុន្មានឆ្នាំកន្លងមកនេះ។

យ៉ាងណាមិញ កម្ពុជាក៏បានទទួលរងនូវការវាយប្រហារ ក៏ដូចជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ពីសំណាក់ភាគីមួយចំនួនទៅលើគោលជំហរលំអៀងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ នៅកំឡុងពេលថ្លែងសុន្ទរកថានៅក្នុងអង្គមហាសន្និបាទអង្គការសហប្រជាជាតិលើកទី ៧៨ នៅបុរី ញូយ៉ក នាពេលថ្មីៗនេះ សម្តេចធិបតី បានលើកឡើងអំពីបញ្ហាតំបន់និងសកល ការធ្លាក់ចុះនៃពហុភាគីនិយម ការកើនឡើងនៃបញ្ហាសន្តិសុខមិនប្រពៃណីដូចជាការបំរែបំរួលអាកាសធាតុ និងការកើនឡើងយឺតនៃសេដ្ឋកិច្ចសកល ដែលបង្កឡើងអោយបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ដែលទាមទារអោយសហគមន៍អន្តរជាតិពង្រឹងតួនាទីរបស់ខ្លួនក្នុងការថែររក្សាសណ្តាប់ធ្នាប់ពិភពលោក បង្កើតយន្តការដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខសកលប្រកបដោយសន្តិវិធីនិងស្មារតីពហុភាគីនិយម និងគោរពតាមច្បាប់អន្តរជាតិ។ សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមអំពីគោលជំហរនិងគោលនយោបាយអព្យាក្រឹត្យរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

នៅកំឡុងពេលចូលរួម ‘វេទិកាខ្សែរក្រវ៉ាត់មួយ និងផ្លូវ’ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ       សម្តេចធិបតី បានថ្លែងសុន្ទរកថាអំពីការគាំទ្ររបស់កម្ពុជាទៅលើគម្រោងខ្សែរក្រវ៉ាត់មួយនិងផ្លូវ​ ដែលជាគម្រោងអភិវឌ្ឍតំបន់និងសកលដែលផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងឌីជីថល តំណភ្ជាប់ភូមិសាស្រ្តនិងតំបន់ ក៏ដូចជារវាងប្រជាជននិងប្រជាជនផងដែរ។ នៅក្នុងជំនួបរវាងប្រធានាធិបតីចិន ស៊ី ជីនពីង និងសម្តេចធិបតី នៅថ្ងៃទី១៩ តុលា កន្លងមកនេះ​ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជនកម្ពុជានិងចិន ដែលផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្មនិងវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អនិងគ្រប់ជ្រុងជ្រោយតាមរយៈការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រនិងការបង្កើត ‘ច្រករបៀងមច្ឆា និងអង្ករ’ និង’ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា’ ដែលទាំងអស់នេះគឺជាសមិទ្ធផលនិងផ្លែផ្ការបស់គោលនយោបាយការបរទេសវ័យឆ្លាតរបស់កម្ពុជា។

កម្ពុជាក៏ដូចជាប្រទេសអាស៊ានដទៃទៀតគឺកំពុងធ្លាក់ចូលទៅក្នុងល្បែងប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាចនៅក្នុងតំបន់ ដែលទាមទារអោយកម្ពុជាត្រៀមលក្ខណៈក្នុងការដាក់ចេញគោលនយោបាយមានភាពវ័យឆ្លាត បត់បែន និងចូលរួមជាមួយបណ្តាមិត្តអាស៊ានដទៃទៀតក្នុងកិច្ចសហប្រតិបត្តិការឬក្របខណ្ឌឬគំនិតផ្តួចផ្តើមនានាដែលដាក់ចេញដោយអាស៊ាន។ ជាចុងក្រោយ ស្តែងចេញពីដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅក្រៅប្រទេសដើម្បីចូលរួមកិច្ចប្រជុំផ្សេងៗនាពេលកន្លងមក ខ្ញុំយល់ឃើញថា កម្ពុជានៅតែរក្សានិងបន្តជំហរគោលនយោបាយអន្តរជាតិឯករាជ្យ ពហុភាគីនិយម គោរពច្បាប់អន្តរជាតិនិងផ្តោតលើប្រយោជន៍ជាតិជាធំ។ ការកសាងនិងអភិវឌ្ឍក៏ដូចជាការធ្វើកំណែទម្រង់ផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏មិនអាចខ្វះបាននូវការរឹតចំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់តួនាទីនិងមុខមាត់របស់កម្ពុជាក្នុងឆាកអន្តរជាតិ និងដើម្បីលើកស្ទួយសេដ្ឋកិច្ច-សង្គមកម្ពុជាអោយមានការរីកចម្រើននិងទំនើបស្របតាមចក្ខុវិស័យកម្ពុជា ២០៥០។

វាគ្មិនកិត្តិយស៖ លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ