Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: ចិនរៀបចំផែនការសង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែស៊ីជម្រៅ ស្របពេលនៃភាពចលាចលលើពិភពលោក

ពិភពលោកកំពុងតែជួបប្រទះការកើនឡើងកម្ដៅផ្នែកសន្តិសុខ និងភូមិសាស្រ្តនយោបាយ ខណៈដែលប្រទេសចិនក្រោមការដឹកនាំរបស់លោក Xi Jinping កំពុងតែពង្រឹងផ្នែកយោធា និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងន័យការពារដែនអធិបតេយ្យ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត នឹងពន្យល់អំពីគោលដៅយុទ្ធសាស្រ្តនៃការពង្រឹងបន្ថែមនូវផែនការសង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែស៊ីជម្រៅរបស់ចិន និងទស្សនៈរបស់រដ្ឋបាលទីក្រុងប៉េកាំងទៅលើស្ថានភាពបច្ចុប្បន្ននៅលើពិភពលោក។

សំណួរទី ១៖ ជាបឋម ថ្មីៗនេះ លោក Xi Jinping បានជំរុញឱ្យយោធារបស់ខ្លួនពង្រឹងនូវផែនការសម្រាប់សង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែមានភាពស៊ីជម្រៅ ដើម្បីបង្កើនឱកាសជ័យជម្នះនៅក្នុងសង្រ្គាមជាក់ស្ដែង ដែលនេះគឺជាការអំពាវនាវរបស់លោកទៅកាន់កងទ័ព ដើម្បីការពារអធិបតេយ្យភាព និងទឹកដីរបស់ចិន។ តើលោកយល់ឃើញយ៉ាងណាចំពោះការអំពាវនាវរបស់លោក Xi ទៅកាន់កងទ័ពរបស់ខ្លួនមួយនេះ?

បាទសូមអរគុណចំពោះសំនួរមួយនេះ សុផារិទ្ធិ។ ការលើកឡើងរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង គឺសំដៅទៅលើការធ្វើទំនើបកម្មយោធានិងការពង្រឹងសមត្ថភាពកងទ័ពដើម្បីឆ្លើយតបទៅនឹងបំរែបំរួលសន្តិសុខតំបន់និងអន្តរជាតិ ក៏ដូចជាការថែររក្សាស្ថេរភាពនិងសន្តិសុខនៅក្នុងប្រទេសនិងតាមបណ្តោយព្រំដែនចិន។ លោកមានបំណងចង់កែប្រែកងទ័ពចិនអោយទៅជាកងទ័ពទំនើបដោយបំពាក់ដោយសព្វាវុធនិងបច្ចេកវិទ្យាទំនើបអោយបានក្នុងឆ្នាំ ២០៣៥។ ការធ្វើទំនើបកម្មយោធាចិនគឺជាដំណើរការកំនែទម្រង់រចនាសម្ព័ន្ធយោធា ការធ្វើសមយុទ្ធជាមួយនឹងសព្វាវុធទំនើបនិងថ្មីៗ និងការកសាង‘ពត៌មានវិទ្យាបនីយកម្មយោធា’ ឬ Military Informationisation ដែលផ្តោតសំខាន់លើការហ្វឹកហាត់សមត្ថភាពកងទ័ពក្នុងការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ការធ្វើអោយបស្ស៊ីគ្នារវាងសព្វាវុធទំនើបនិងកងទ័ពក្នុងការស៊ើបការណ៏យកពត៌មាន និងកសាងជំនាញច្បាស់លាស់។

ការធ្វើពត៌មានវិទ្យាបនីយកម្មយោធារបស់ចិនគឺរួមមានការធ្វើសមាហរណកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (A.I) និងស្វ័យយ័តភាព (Autonomy) ទៅក្នុងបញ្ជាការដ្ឋាន ប្រព័ន្ធអាវុធ និងការសំរេចចិត្ត។ ក្រៅពីនេះទៅទៀតចិនក៏បាននឹងកំពុងបង្កើនសមត្ថភាពអាវុធនុយក្លែអ៊ែរ​​ ដែលកាន់តែទំនើប មានសមត្ថភាពខ្ពស់ក្នុងការកម្ទេចគោលដៅច្បាស់ លឿននិងអាចបំលាស់ទីបាន។ ដែលទាំងអស់នេះហើយជាកត្តាដែលធ្វើអោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានការព្រួយបារម្ភអំពីកំណើនឥទ្ធិពលយោធាចិន និងអនុត្តរភាពចិននៅក្នុងតំបន់ ដែលចិនកំពុងមានបំណងផ្លាស់ប្តូរសណ្តាប់ធ្នាប់សន្តិសុខតំបន់។ ការលើកឡើងរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ក៏ជាសញ្ញាបញ្ហាអំពីការព្រួយបារម្ភរបស់ចិនអំពីសន្តិសុខផ្ទៃក្នុងរបស់ខ្លួនផងដែរដូចជាបញ្ហាភាវរកម្ម បញ្ហាព្រំដែនជាមួយប្រទេសជិតខាងដូចជាឥណ្ឌា កូរ៉េខាងត្បូងនិងជប៉ុន ក៏ដូចជាបញ្ហាកោះតៃវ៉ាន់ផងដែរ។

សហរដ្ឋអាមេរិកតែងតែចាត់ទុកចិនជា ‘សត្រូវយុទ្ធសាស្រ្តនិងយូរអង្វែង’ និងបានកៀរគងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ដោយដាក់សម្ពាធចិនទាំងផ្លូវសេដ្ឋកិច្ច នយោបាយ យោធានិងបច្ចេកវិទ្យា ដែលយើងបានដឹងហើយថាចាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ មក សហរដ្ឋអាមេរិកតែងតែដាក់សម្ពាធផ្លូវសេដ្ឋកិច្ចនិងនយោបាយចិន និងបានបង្កអោយមានសង្រ្គាមពាណិជ្ចកម្មនិងបច្ចេកវិទ្យាចាប់តាំងពីឆ្នាំ ២០១៨មក ហើយនៅក្នុងរដ្ឋបាលលោក ចូ បៃឌិន វិញ សហរដ្ឋអាមេរិកបានបង្វែគោលនយោបាយរបស់ខ្លួនវិលត្រលប់មកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកវិញ បន្ទាប់ពីបរាជ័យនិងដកទ័ពនៅអាហ្វហ្គានីស្ថាន។

សំណួរទី ២៖ បន្ថែមពីលើនេះ លោក Xi ក៏បានលើកឡើងផងដែរថា ពិភពលោកបាននឹងកំពុងតែឈានចូលទៅក្នុងសម័យកាលថ្មីមួយនៃភាពចលាចល និងការផ្លាស់ប្ដូរ ដែលវាបានធ្វើឱ្យស្ថានភាពសន្តិសុខរបស់ប្រទេសចិនកាន់តែមិនមានស្ថិរភាព និងមិនប្រាកដប្រជា។ ត្រង់ចំនុចនេះ តើចិនជាពិសេសរដ្ឋាភិបាលទីក្រុងប៉េកាំងមានទស្សនៈ និផែនការយ៉ាងដូចម្ដេចចំពោះស្ថានភាពពិភពលោកបច្ចុប្បន្ន?

ដោយសារតែការប្រកួតប្រជែងមហាអំណាចរវាងចិន និងសហរដ្ឋអាមេរិកកាន់តែតានតឹងឡើងក្នុង    រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាការប្រយុទ្ធដើម្បីអំណាចរចនាសម្ព័ន្ធនិងជាប្រព័ន្ធកាន់តែស្មុគស្មាញ ចាក់ស្រេះកាន់តែខ្លាំងឡើង ដែលធ្វើអោយពិភពលោកនៅក្រោមអនុត្តរភាពពហុប៉ូលកំពុងលេចឡើង ហើយសហរដ្ឋអាមេរិកលែងជាមហាអំណាចផុតលេខទៀតហើយ ពោលគឺមានគូប្រជែងគឺចិននិងរុស្សី ហើយក៏បានធ្វើអោយទំនាក់ទំនងចិននិងសហរដ្ឋអាមេរិកកាន់តែធ្លាក់ចុះខ្លាំងឡើង បើទោះបីជាមានដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិកទៅកាន់ចិន និងកិច្ចពិភាក្សាគ្នាក្នុងក្របខណ្ឌតំបន់និងអន្តរជាតិក្តីរវាងប្រទេសទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក និងការកែប្រែប្រព័ន្ធអន្តរជាតិដែលស្ថិតនៅក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិកនិងបស្ចឹមលោកអស់រយៈកាលយូរមកហើយនេះ កំពុងរងការគំរាមកំហែងពីចិន រុស្សីនិងមហាអំណាចកណ្តាលមួយចំនួនៅមជ្ឈឹមបូព៌ា អាហ្វ្រិក អាស៊ីខាងកើតនិងកណ្តាល បានកំពុងបង្កអោយមានការគំរាមកំហែងដល់មហាអំណាចគ្រប់គ្រងចាស់គឺសហរដ្ឋអាមេរិក និងអាចបង្កអោយពិភពលោកធ្លាក់ចូលក្នុងអន្ទាក់ Thucydides ផងដែរ។

អន្ទាក់ Thucydides គឺជាគំនិតដែលត្រូវបានប្រើប្រាស់ដោយអ្នកវិភាគនយោបាយជនជាតិអាមេរិកលោក ក្រាហាម អាលីស៊ុន ដើម្បីពន្យល់ពីនិន្នាការជាក់ស្តែងឆ្ពោះទៅរកជម្លោះរវាងនៅថ្ងៃអនាគតរវាងមហាអំណាចចាស់និងមហាអំណាចកំពុងរះ។ ជាការពិតណាស់ ទីក្រុងប៉េកាំងបានកំពុងត្រៀមលក្ខណៈជាស្រេចដើម្បីឆ្លើយតបទៅនឹងសកម្មភាពយោធា និងគោលនយោបាយហ៊ុំព័ន្ធចិនរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលបានចាត់ទុកប្រទេសចិនជាសត្រូវយុទ្ធសាស្រ្តនិងបង្កគ្រោះថ្នាក់រយៈពេលវែង ហើយនេះក៏ជាមូលហេតុដែលចិនត្រូវការបង្កើនសន្តិសុខសេដ្ឋកិច្ច បង្កើននិងពង្រឹងសមត្ថភាពយោធារបស់ខ្លួន និងបង្កើតសម្ព័ន្ធមិត្តរបស់ខ្លួនក្រៅតែពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដូចជានៅអាហ្វ្រិក អាស៊ីកណ្តាល អាមេរិកឡាទីន និងមជ្ឈឹមបូព៌ា។ ចិនបានចាត់ទុកការរីកចម្រើននិងងើបឡើងរបស់ខ្លួនថាជារឿងដែលមិនអាចជៀសផុតរបស់ធម្មជាតិ​ តែការលើកឡើងបែបនេះត្រូវបានក្រុមអ្នករិះគន់បស្ចឹមលោកបានរិះគន់ថាចិនកំពុងបង្កើនសក្តានុភាពរបស់ខ្លួនដើម្បីគ្រប់គ្រងនយោបាយពិភពលោក សេដ្ឋកិច្ចនិងបច្ចេកវិទ្យា បង្កើតបទដ្ឋានគតិយុត្តិអន្តរជាតិថ្មីនិងបង្កើតឥទ្ធិពល ‘មិនសេរី’ នៅក្នុងប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិ។

ដើម្បីឆ្លើយតបទៅនឹងការដាក់សម្ពាធសេដ្ឋកិច្ចមកលើចិនពីសំណាក់សហរដ្ឋអាមេរិកនិងបស្ចឹមលោក ចិនបានប្រើប្រាស់យន្តការ BRICS (Brazil Russia India China and South Africa) ក្នុងការបង្កើតប្រព័ន្ធសេដ្ឋកិច្ចនិងទូទាត់សាច់ប្រាក់ដោយមិនប្រើប្រាស់រូបិយប័ណ្ណដុល្លារ និងឈានទៅដល់ការបង្កើតសមាហរណកម្មសេដ្ឋកិច្ចនិងសណ្តាប់ធ្នាប់សេដ្ឋកិច្ចថ្មីដោយការតភ្ជាប់ដោយផ្លូវទឹក អាកាសនិងដី។ ដែល BRICS ត្រូវបានចាត់ទុកថាជាយន្តការបង្កើតឡើងដោយប្រទេសអំណាចកណ្តាលដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចដែលដឹកនាំដោយធនាគារពិភពលោក និងស្ថាប័នរូបិយប័ណ្ណពិភពលោកដែលបង្កើតឡើងដោយលោកខាងលិច។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងសង្កេតឃើញថាមានប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា អាមេរិកឡាទីន និងអាហ្វ្រិកបានបង្ហាញជំហរចង់ចូលជាសមាជិក BRICS នេះផងដែរ។ តែយើងក៏មិនភ្លេចអំពីគំនិតផ្តួចផ្តើមខ្សែរក្រវ៉ាត់ និងធនគារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាស៊ី​ដែលបង្កើតឡើងដោយចិនផងដែរ។ យន្តការ និងគំនិតផ្តួតផ្តើមទាំងអស់នេះគឺជាយុទ្ធសាស្រ្តរបស់ចិនដើម្បីរួចផុតពីការហ៊ុំព័ន្ធរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត។

សំណួរទី ៣៖ បើតាមការសង្កេតឃើញរបស់លោក តើការពង្រឹងសមត្ថភាពកងទ័ពចិនក្នុងរូមភាពនៃការត្រៀមខ្លួនសម្រាប់សង្រ្គាម និងការប្រយុទ្ធនេះអាចនឹងផ្ដល់នូវភាពតានតឹង និងក្ដីកង្វល់បន្ថែមទេទៅលើស្ថានភាពសន្តិសុខពិភពលោក និងតំបន់?

បាទសូមអរគុណលោក សុផារិទ្ធចំពោះសំនួរដ៏សំខាន់មួយនេះ។​ ជាការពិតណាស់នៅលើពិភពលោកប្រទេសណាក៏ដោយក៏ត្រូវការកំលាំងកងទ័ពដែលមានប្រសិទ្ធិភាព ខ្លាំងក្លានិងទំនើបដើម្បីឆ្លើយតបទៅនឹងការវាយប្រហារពីខាងក្រៅណាមួយ។ ក៏ប៉ុន្តែបើយោងតាមទ្រឹស្តីពិតនិយម (Realism) គឺការបង្កើនអំណាចរបស់រដ្ឋមួយដោយការអភិវឌ្ឍនិងធ្វើទំនើបកម្មយោធាគឺជាគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសមួយទៀត ដូចនេះហើយប្រទេសនោះនឹងបង្កើនការអភិវឌ្ឍនិងទំនើបកម្មយោធារបស់ខ្លួនដូចគ្នាដើម្បីទប់ស្តាត់ឬជាការបង្ហាញសាច់ដុំយោធា​ កុំអោយប្រទេសមួយទៀតវាយប្រហារលើខ្លួន ដែលយុទ្ធសាស្រ្តគឺជាយុទ្ធសាស្រ្តបង្ការទុកជាមុនឬ Deterrence Strategy។ យើងអាចសង្កេតឃើញការប្រើប្រាស់យុទ្ធសាស្រ្តនេះរបស់កូរ៉េខាងជើង កោះតៃវ៉ាន់ និងសហភាពសូវៀតនិងសហរដ្ឋអាមេរិកនៅក្នុងសង្រ្គាមត្រជាក់ ដែលអាវុធទាំងអស់នោះគឺមិនត្រូវបានប្រើប្រាស់ដើម្បីធ្វើការវាយប្រហារប្រទេសណាមួយឡើយ ពោលគឺដើម្បីបង្ហាញថាប្រទេសខ្លួនមានលទ្ធភាពធ្វើការវាយបកវិញប្រសិនជាមានការវាយប្រហារពីបរទេសណាមួយ។​

ជាអាទ៌ ប្រទេសចិនក៏ដូចគ្នា ចិនតែងតែប្រកាសថាខ្លួនពុំដែលមានបំណងធ្វើសង្រ្គាមនឹងប្រទេសណាមួយឡើយ ហើយការធ្វើទំនើបកម្មយោធានិងការផលិតអាវុធទំនើបៗ ក៏ដូចជាការធ្វើសមយុទ្ធនានាគឺដើម្បីការពារអធិបតេយ្យដែនដីរបស់ខ្លួនតែប៉ុណ្ណោះ។ ដូចដែលយើងបានដឹងហើយថា កងទ័ពចិនគឺជាកងទ័ពធំជាងគេបំផុតនៅលើពិភពលោកដែលមានកងទ័ពសកម្មចំនួន ២លាននាក់ ហើយក៏មានចំនួននាវាចម្បាំងច្រើនជាងគេផងដែរ។ ខ្ញុំយល់ឃើញថាយោធាចិនពុំទាន់មានសមត្ថភាពនិងលទ្ធភាពក្នុងការធ្វើសង្រ្គាមជាមួយនឹងសហរដ្ឋអាមេរិកនៅឡើយទេ​ដោយសារតែចំនុចមួយចំនួនដូចជាប្រសិទ្ធភាពក្នុងការបញ្ចេញទ័ពនិងខ្សែចង្វាក់បញ្ជាគឺនៅមានលក្ខណៈការិយាល័យធិបតេយ្យច្រើននិងស្មុគស្មាញ បញ្ហាពុករលួយ លទ្ធភាពនិងសមត្ថភាពកងទ័ពក្នុងការប្រយុទ្ធ និងសមត្ថភាពកងទ័ពក្នុងការបញ្ជាយោធិបរណ៏ដែលបំពាក់ដោយបរិក្ខាទំនើបបែបឌីជីថលនិងបញ្ញាសិប្បនិម្មិតគឺនៅមានកំរិតនៅឡើយ នេះយើងមិនទាន់និយាយអំពីចំនួនមូលដ្ឋានទ័ពចិននៅក្រៅប្រទេសនិងបច្ចេកវិទ្យា Satellite និងរ៉ាដា។ និយាយជារួមកងទ័ពចិនគឺមានចំនួនច្រើនពិតមែនតែប្រសិទ្ធិកងទ័ពគឺនៅមានកំរិតនៅឡើយបើប្រៀបធៀបទៅនឹងកងទ័ពសហរដ្ឋអាមេរិកដែលមានបទពិសោធន៏សង្រ្គាមយូរឆ្នាំនិងយោធិបរណ៏ទំនើបជាង។ ដូចនេះហើយទើបបានជាចិនកំពុងតែជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើនល្បឿនសេដ្ឋកិច្ច ពង្រីកនិងពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្រ្តជាមួយប្រទេសសំខាន់ៗនៅក្នុងតំបន់ផ្សេងៗ។

សំណួរទី ៤៖ ក្រៅពីនេះ ការលើកឡើងចំពោះការពង្រឹងផែនការត្រៀបប្រយុទ្ធរបស់លោក Xi កាលពីពេលកន្លងទៅនេះ ត្រូវបានគេមើលឃើញថាជាការផ្ញើសារមួយដល់ស.រ.អា. និងតៃវ៉ាន់ ដែលគេអាចសន្និដ្ឋានបានថា នេះគឺជាយន្តការមួយដែលរដ្ឋបាលលោក Xi ប្រើសម្រាប់ជាការគំរៀមកំហែងចំពោះការជ្រៀតជ្រែកពីបរទេសលើបញ្ហាច្រកសមុទ្រតៃវ៉ាន់។ តាមការវាយតម្លៃលើស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន តើវាអាចនឹងនាំទៅដល់ការប្រើប្រាស់អាវុធដែរទេរវាងចិន ស.រ.អា និងតៃវ៉ាន់? ហើយអ្វីគួរតែជាដំណោះស្រាយដើម្បីបន្ថូរបន្ថយនូវភាពតានតឹងឱ្យកាន់តែត្រជាក់ជាងនេះ?

តាមការយល់ឃើញរបស់ខ្ញុំ ការផ្ទុះអាវុធរវាងចិននិងសហរដ្ឋអាមេរិកនៅជ្រោយសមុទ្រតៃវ៉ាន់គឺមានលទ្ធភាពទាបមែនទែន ដោយសារតែចំនុចមួយចំនួន។ ទី១ គឺការពឹងផ្អែកលើសេដ្ឋកិច្ចនិងការតភ្ជាប់សេដ្ឋកិច្ចពិភពលោកដ៏ស្មុគស្មាញ ពោលគឺជម្លោះរវាងប្រទេសទាំងពីរនឹងធ្វើអោយប៉ះពាល់ដល់ប្រយោជន៏សេដ្ឋកិច្ចរបស់មហាអំណាចទាំងពីរក៏ដូចជាពិភពលោកទាំងមូល ដោយសារតែប្រទេសទាំងពីរគឺស្ថិតនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិតែមួយ។

ទី២ ការផ្តោតលើសុខុមាលភាពសេដ្ឋកិច្ចនិងប្រយោជន៏សេដ្ឋកិច្ច ដែលប្រទេសទាំងពីរនឹងផ្តោតលើកិច្ចសហប្រតិបត្តិការដែលផ្តល់លើប្រយោជន៏រួមដល់ប្រទេសទាំងពីរក៏ដូចជាពិភពលោកទាំងមូលដូចជាបញ្ហាបំរែបំរួលអាកាសធាតុ អំពើភាវរកម្ម ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងការកសាងសេដ្ឋកិច្ចពិភពលោកក្រោយវិបត្តិកូវីដ ១៩ ក្រោមក្របខណ្ឌអង្គការសហប្រជាជាតិជាដើម ដែលនេះក៏ជាបានបង្ហាញដល់ពិភពលោកអំពីតួនាទីជាមហាអំណាចក្នុងការថែររក្សាសណ្តាប់ធ្នាប់និងសន្តិភាពពិភពលោក។

ទី៣ គឺតុល្យភាពអំណាចយោធារបស់មហាអំណាចយោធាដូចជាសហរដ្ឋអាមេរិក ចិន និងរុស្សីគឺនឹងមិនមានអ្នកឈ្នះទេ បើសង្រ្គាមលោកលើកទី៣ កើតឡើងពិតមែននោះ។ លទ្ធផលនៃការផ្ទុះសង្រ្គាម និងវិនាសកម្មគឺមានទំហំមហាសាលណាស់ដោយសារតែប្រទេសទាំងនោះមានគ្រាប់បែកនុយក្លេអ៊ែររាប់ពាន់គ្រាប់ កងទ័ពច្រើន បូករួមនឹងយោធិបរណ៏ទំនើបៗជាច្រើន និងការរីករាលដាលនៃសង្រ្គាមដោយសារតែការចងសម្ព័ន្ធគ្នាជាមួយប្រទេសដទៃផ្សេងៗទៀត។

ទី៤ គឺតួនាទីរបស់ប្រទេសតូចនិងអំណាចកណ្តាល ដែលផ្តោតសំខាន់លើមាគ៌ាយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍផ្នែកជាច្រើននៃសណ្តាប់ធ្នាប់ពិភពលោកដូចជាកសាងសម្ព័ន្ធមិត្តជាមួយមហាអំណាចទាំងអស់ ការដើរតួនាទីជាអ្នកសម្របសម្រួល និងការចូលរួមក្នុងការគ្រប់គ្រងជម្លោះអន្តរជាតិ និងផ្តួតផ្តើមដំណោះស្រាយជម្លោះ ដូចជាបេសកកម្មថែររក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ បណ្តាប្រទេសតូចៗនិងអំណាចកណ្តាលទាំងនោះមានតួនាទីសំខាន់ក្នុងការដើរតួជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោកនិងសន្តិភាពពិភពលោក។

ជាអាទិបណ្តាប្រទេសនៅអាស៊ានកំពុងតែព្យាយាមបង្កើតទំនាក់ទំនងវិជ្ជមាននិងប្រកបដោយស្ថាបនា និងគ្រប់ជ្រុងជ្រោយជាមួយទាំងចិន សហរដ្ឋអាមេរិក អឺរ៉ុប អូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង និងអំណាចកណ្តាលផ្សេងៗទៀត ដោយមិនចុះចូលជាមួយភាគីណាឡើយ។ អាស៊ានអាចបង្កើនកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលតាមរយៈយន្តការនិងគំនិតផ្តួចផ្តើមតំបន់នានាដែលដឹកនាំដោយអាស៊ាន ដើម្បីសម្រួលសកម្មភាពសេដ្ឋកិច្ច នយោបាយ សន្តិសុខនិងយោធា។ ដូចនេះហើយ ការផ្ទុះសង្រ្គាមរវាងចិននិងសហរដ្ឋអាមេរិកនៅជ្រោយសមុទ្រតៃវ៉ាន់គឺមានលទ្ធភាពទាបមែនទែនដោយសារកត្តាធំៗទាំងបួនខាងលើ ហើយទំនាក់ទំនងរវាងមហាអំណាចទាំងពីរនឹងនៅតែបន្តជាកិច្ចសហប្រតិបត្តិការបែបកូនកាត់ (Hybrid Cooperation) ដែលរួមមានទាំងការប្រកួតប្រជែងគ្នានិងការប្រឈមមុខដាក់គ្នាក្នុងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា យោធានិងការប្រកួតប្រជែងមនោគមវិជ្ជានយោបាយផងដែរ។ ការប្រកួតប្រជែងបែបកូនកាត់នេះត្រូវការកំណត់ដោយការប្រើប្រាស់មធ្យោបាយមិនមែនជាប្រពៃណីដូចជា ការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា ការឃោសនានិងការបង្ខិតបង្ខំនិងដាក់សម្ពាធសេដ្ឋកិច្ចជាដើម។

សំណួរទី ៥៖ ជាចុងក្រោយ នាពេលអនាគត តើចិននឹងងាកទៅពង្រឹងនូវសមត្ថភាពយោធា និងកងទ័ពរបស់ខ្លួនឱ្យកាន់តែខ្លាំងជានេះឬយ៉ាងណា?

នៅក្នុងកិច្ចប្រជុំសមាជគណបក្សកុម្មុយនីស្តចិនលើកទី ១៨ កាលពីខែវិច្ឆិការ ឆ្នាំ ២០១២ របាយការណ៏កិច្ចប្រជុំសមាជគណបក្សបានរាយការណ៏ថាប្រទេសចិនត្រូវតែធ្វើទំនើបកម្មយោធារបស់ខ្លួនដោយផ្អែកលើការណែនាំរបស់គោលគំនិតយោធារបស់លោក ម៉ៅ សេតុង គោលគំនិតក្នុងការពង្រឹងសមត្ថភាពយោធារបស់លោក តឹង ស៊ែវពីង នៅក្នុងយុគសម័យទំនើប គោលគំនិតលើការកសាងបន្ថែមនូវកំលាំងកងទ័ពនិងការការពារជាតិរបស់លោក ជែង ជឺមីន និងគោលគំនិតរបស់បក្សកុម្មុយនីស្តក្នុងការពង្រឹងកិច្ចការពារជាតិនិងកងទ័ពនៅក្រោមបរិបទថ្មី។ ការណែនាំបែបនេះគឺចិនចង់បង្កើតកងទ័ពដែលមានកម្រិត ពិភពលោក ដែលដូចគ្នាទៅនឹងកងទ័ពអង់គ្លេស បារាំងនិងសហរដ្ឋអាមេរិកជាដើមតាមរយៈការដាក់ចេញនូវផែនការដូចជា ការធ្វើសមហរណកម្មយោធានៅឆ្នាំ២០២០ ការធ្វើពត៌មានវិទ្យាបនីយកម្មយោធានៅឆ្នាំ២០៣៥ និងជាយោធាកម្រិតពិភពលោកនៅឆ្នាំ២០៤៩។ ដូចនេះហើយការធ្វើទំនើបកម្មយោធារបស់ចិននឹងនៅតែបន្តទៅមុខដើម្បីសម្រេចអោយបាននូវផែនការខាងលើ។

ការធ្វើទំនើបកម្មនេះផងដែរត្រូវបានគេមើលឃើញថាជាយុទ្ធសាស្រ្តរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ដើម្បីពង្រីកនិងពង្រឹងអំណាចរបស់គាត់នៅក្នុងបក្សកុម្មុយនីស្ត និងដើម្បីលុបបំបាត់អំពើពុករលួយក្នុងជួរកងទ័ពចិន។ ចំនុចមួយទៀតដែលយើងគ្រប់គ្នាបានដឹងហើយគឺចិនកំពុងតែរងការគំរាមកំហែងសន្តិសុខពីប្រទេសជិតខាងដូចជាឥណ្ឌា និងបញ្ហាជម្លោះនៅដែនសមុទ្រផងដែរ ហើយកត្តាទាំងនេះគឺតម្រូវអោយចិនមានកងទ័ពច្រើន យោធិបរណ៏ទំនើបនិងមានប្រសិទ្ធិភាព ក៏ដូចជាសមត្ថភាពក្នុងការបញ្ចូនទ័ពលឿននិងរហ័សផងដែរ។ ជាចុងក្រោយ យើងអាចសង្កេតនិងវិភាគបានថា រចនាសម្ព័ន្ធក៏ដូចជាការធ្វើកំណែទម្រង់យោធាចិនគឺផ្តោតទៅលើកំរិត ៣ (កងទ័ពជើងទឹក អាកាស និងថ្មើជើង) និងប្រភេទយុទ្ធសាស្រ្ត ៥ រួមមាន យុទ្ធសាស្រ្តជាតិ យុទ្ធសាស្រ្តយោធា យុទ្ធសាស្រ្តសេវាកម្ម យុទ្ធសាស្ត្រសង្រ្គាមបែបសមយុទ្ធ (A Theatre of War) និងយុទ្ធសាស្រ្តសំរាប់បរិបទសន្តិសុខសំខាន់ៗដទៃទៀតដូចជាអាវុធនុយក្លេអ៊ែរ លំហរអាកាស និងលំហរសាយប័រជាដើម។

ដោយសារតែបំរែបំរួលសន្តិសុខសកលមានការប្រែប្រួលខ្លាំងនឹងមិនអាចទាយទុកមុនបាន​ ទើបបានជាចិនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពីង បានខិតខំធ្វើកំណែទម្រង់យោធា បង្កើនការចំនាយលើយោធា បង្កើនការអភិវឌ្ឍអាវុធនិងយន្តហោះចម្បាំងទំនើប ពង្រឹងសមត្ថភាពកងទ័ពលើវិស័យបច្ចេកវិទ្យានិងរៀនសូត្របន្ថែមអំពីបច្ចេកវិទ្យាថ្មីៗ និងសម្រួលរចនាសម្ព័ន្ធបញ្ជារបស់ប្រភេទកងទ័ពទាំង ៣ របស់ចិនដើម្បីសម្រួលដល់ខ្សែរចង្វាក់បញ្ជារបស់កង   ទ័ព។

សំណួរទី ៦៖ បន្ថែមពីលើនេះ តាមទស្សនផ្ទាល់របស់លោក តើចិនក៏ដូចជាមហាអំណាចផ្សេងទៀតគួរពង្រឹងកិច្ចសហប្រតិបត្តិការ និងរួបរួមគ្នាយ៉ាងដូចម្ដេចដើម្បីជាមាគ៌ានាំពិភពលោកបច្ចុប្បន្នឱ្យផុតពីភាពចលាចល?

ជាការពិតណាស់លោក​ សុផារិទ្ធិ បច្ចុប្បន្ននេះពិភពលោកពុំមែនដឹកនាំដោយសហរដ្ឋអាមេរិកឬចិនឡើយ ក៏ប៉ុន្តែមានតួអង្គប្រទេសតូចៗនិងអំណាចកណ្តាលជាច្រើនដែលដើរតួនាទីសំខាន់ៗដូចដែលខ្ញុំបានរៀបរាប់ខាងលើក្នុងការរៀបចំសណ្តាប់ធ្នាប់និងសន្តិសុខពិភពលោក។ បញ្ហាសង្រ្គាមនៅអ៊ុយក្រែន វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង និងវិបត្តិនៅស៊ីរិនិងអាហ្វ្រិកសុទ្ធសឹងតែមានការលូកដៃចូលពីមហាអំណាចទាំងអស់ ដូចនេះជម្លោះរវាងប្រទេសពីរឬច្រើនដែលកំពុងកើតមានឡើងនិងកំពុងតែដណ្តើមឥទ្ធិពលនិងអំណាចនៅក្នុងតំបន់ត្រូវចាត់ទុកជាការប្រកួតប្រជែងជាយុទ្ធសាស្រ្ត​ដែលទាមទារដោយមានការសហការឬចូលរួមពីបណ្តាប្រទេសដទៃទៀតក្នុងការគ្រប់គ្រងជម្លោះនិងបង្កើតយន្តការដោះស្រាយជម្លោះប្រកបដោយសន្តិវិធីនិងស្ថាបនា ដោយផ្អែកលើស្មារតីពហុភាគីនិយមនិងយោងទៅតាមច្បាប់អន្តរជាតិ។ ចំនុចដែលខ្ញុំចង់សង្កត់ធ្ងន់មួយទៀតគឺតួអង្គមិនមែនជារដ្ឋដែលជាស្ថាប័នដែលបង្កើតឡើងដោយក្រុមមនុស្សមួយក្រុម ដែលក៏ជាតួអង្គសំខាន់ផងដែរក្នុងទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ន តំបន់ប្រផេះ (Grey Area) កាន់តែរីកធំឡើងដែលមិនអាចបែងចែកថាក្រុមមួយណាមានបំណងល្អឬអាក្រក់ និងការរីកចំរើននៃបច្ចេកវិទ្យាពត៌មានវិទ្យានិងបញ្ញាសិប្បនិម្មិត និងសកលភាវូបនីយកម្ម បានធ្វើអោយរដ្ឋពុំមានលទ្ធភាពនិងសមត្ថភាពក្នុងការតាមដាននិងគ្រប់គ្រងសកម្មភាពនិងការបំលាស់ទីរបស់ប្រជាជនខ្លួន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ យើងសង្កេតឃើញថា ការរួមចំណែករបស់តួអង្គមិនមែនជារដ្ឋចំពោះសន្តិសុខអន្តរជាតិបានកើនឡើងយ៉ាងខ្លាំង ហើយដើម្បីសម្រេចបាននូវគោលដៅ ពួកគេអាចប្រើប្រាស់អំពើហឹង្សានិងវិធីសាស្រ្តផ្សេងៗទៀតដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សន្តិសុខនិងសន្តិភាពអន្តរជាតិ ដែលតួអង្គមិនមែនជារដ្ឋទាំងនេះទាមទារអោយមានកិច្ចសហការ និងការត្រួតពិនិត្យបន្ថែមទៀតពីតួអង្គរដ្ឋទាំងឡាយ។ ដើម្បីកាត់បន្ថយក្តីបារម្ភលើសន្តិសុខនិងបញ្ហាផ្សេងៗទទៀតក្នុងពិភពលោក គឺមិនអាចដោះស្រាយដោយប្រទេសឬមហាអំណាចមួយបានឡើយ ពោលគឺទាមទារអោយមានកិច្ចសហប្រតិបត្តិការអន្តរជាតិជាចាំបាច់ ដោយផ្តោតលើបញ្ហាសន្តិសុខដោយកិច្ចពិភាក្សាបើកចំហរ ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់លើគ្នាទៅវិញទៅមករវាងប្រទេសទាំងអស់។

វាគ្មិនកិត្តិយស៖ លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

Recent Posts

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930