Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: សម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ និងអាណត្តិទី៣ របស់លោក ស៊ី ជាប្រធានាធិបតី

សម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ ត្រូវបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដែលជាលោក ស៊ី ជីនពីង ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិចិនក្នុងអាណត្តិទី៣របស់ខ្លួន។ បន្ថែមពីលើនេះ ជាលទ្ធផលយើងឃើញមាននូវការផ្លាស់ប្ដូរមួយចំនួនពាក់ព័ន្ធទៅនឹងក្បាលម៉ាស៊ីដឹកនាំបក្សកុម្មុនីស៍ចិន និងគោលនយោបាយជាតិនិងគោលនយោបាយការបរទេសមួយចំនួនសម្រាប់អាណត្តិថ្មីក្រោមការដឹកនាំរបស់លោក ស៊ី។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឈាង វណ្ណារិទ្ធិ បានពន្យល់អំពីលទ្ធផលសំខាន់ៗនៃសម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣ គោលនយោបាយថ្មីរបស់លោក ស៊ី ក៏ដូចជាឥទ្ធិពលនៅក្នុងអាណត្តិទី៣ របស់លោក ស៊ី ផងដែរ។

សំណួរទី១៖ នាថ្ងៃទី៤​ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សាធារណៈរដ្ឋប្រជាមានិតចិនបានប្រព្រឹត្តទៅនៅសម័យប្រជុំពេញអង្គសភាប្រជាជនចិន ដែលក្នុងនោះរួមមានកិច្ចប្រជុំលើកទី១នៃមហាសន្និបាតសភាតំណាងប្រជាជនចិននីតិកាលទី១៤ និងកិច្ចប្រជុំលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនចិននីតិកាលទី១៤។ សម័យប្រជុំពេញអង្គ សភាប្រជាជនចិនឆ្នាំ២០២៣នេះផងដែរ ក៏ទទួលបាននូវការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ អ្នកតាមដានព្រឹត្តិការណ៍ នៃប្រទេសចិន ក៏ដូចជាអ្នកវិភាគគោលនយោបាយសាធារណៈជាច្រើនផងដែរ។ ជាបឋម សូម (វាគ្មិន) ជួយរៀបរាប់ត្រួសៗបន្តិចអំពីលទ្ធផលគោល ក៏ដូចជាលទ្ធផលសំខាន់ៗនៃសម័យប្រជុំពេញអង្គសភាប្រជាជនចិនឆ្នាំ២០២៣នេះ? 

នេះជារបត់ថ្មីមួយនៅក្នុងនយោបាយក្នុងស្រុក ក៏ដូចជានយោបាយការបរទេសរបស់ប្រទេសចិនផងដែរ។ទាក់ទងទៅនឹងគោលនយោបាយក្នុងប្រទេសគឺសង្កត់ធ្ងន់លើការអភិវឌ្ឍសេដ្ឋកិច្ច។ ការអភិវឌ្ឍសេដ្ឋកិច្ច គឺធ្វើយ៉ាងម៉េច ខំប្រឹងឱ្យសម្រេចបាន៥ភាគរយក្នុងមួយឆ្នាំ។ ពិតហើយវាមិនជាការងាយទេ ពីព្រោះថាស្ថានការតំបន់និងពិភពលោក មានការប្រែប្រួលឆាប់រហ័ស ហើយវាបានដាក់សំពាធខ្លាំងទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់និងសកល។​ ដូចនេះ ចិននឹងខំប្រឹង ក៏ប៉ុន្តែតើអាចទទួលបានយ៉ាងណានោះយើងនៅរង់ចាំមើល ជាពិសេស​ការអភិវឌ្ឍសេដ្ឋកិច្ចឆ្នាំ២០២៣នេះ ហើយឆ្នាំបន្តបន្ទាប់ គឺរយៈពេល៥ឆ្នាំទៅមុខ។ ការអភិវឌ្ឍសេដ្ឋកិច្ចនេះ គឺសំដៅសំខាន់ទៅលើគុណភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច បានន័យថាពីមុនមក ចិនគឺផ្ដោតសំខាន់ទៅលើបរិមាណ ប៉ុន្តែពេលនេះតទៅ គឺផ្តោតសំខាន់ទៅលើគុណភាពនិងការអភិវឌ្ឍន៍។ ធ្វើយ៉ាងណាការអភិវឌ្ឍគឺមានបរិយាប័ន្ន ទាក់ទងទៅនឹងការថែរក្សា បរិស្ថាន និងវប្បធម៌ជាដើម។ នេះគឺជាអ្វីមួយ ដែលចិនកំពុងតែជំរុញបន្ថែម។

មួយទៀតគឺការអភិវឌ្ឍជនបទ ពីព្រោះថាគម្លាតរវាងទីក្រុង និងជនបទកើនខ្លាំង ដែលត្រូវជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយមានចីរភាពនិងបរិយាប័ន្ននៅតាមមូលដ្ឋាន ដើម្បីកាត់បន្ថយបន្ថែមទៀត នូវភាពក្រីក្រ ហើយធ្វើយ៉ាងម៉េចឱ្យសេដ្ឋកិច្ចនៅតាមតំបន់ជនបទកុំឱ្យមានភាពដាច់ឆ្ងាយពីសេដ្ឋកិច្ចនៅទីក្រុង។ ដូច្នេះនេះគឺជាអ្វីមួយដែលមិនមែនជាការងាយស្រួលទេ ក្នុងការអភិវឌ្ឍជនបទនៅចិនពីព្រោះប្រជាជនចិនច្រើនរស់នៅជនបទនៅមានចំនួនច្រើន។ ដូចនេះ គឺជាការខិតខំប្រឹងប្រែងមួយដើម្បីជំរុញបន្ថែមឱ្យមានការអភិវឌ្ឍបន្ថែម។ ទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ចហ្នឹងដែរ មានការចាប់អារម្មណ៍ច្រើនទាក់ទងនឹងការខិតខំនិងការវិនិយោគការវិនិយោគថ្មីទៅលើវិស័យបច្ចេកវិទ្យា និងនិវានុវត្តន៍ពីព្រោះ វាគឺជាចលករមួយដ៏សំខាន់ ដើម្បីជំរុញការប្រកួតប្រជែងនិងកម្លាំងផលិតរបស់ប្រទេសចិនដែរ ហើយវារួមចំណែកនៅក្នុងការកសាងសេដ្ឋកិច្ចដែលមានគុណភាពខ្ពស់។ ទាក់ទងទៅនឹងនយោបាយការបរទេសយើងឃើញថាចិនពង្រឹងនូវតួនាទីនិងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់និងអន្តរជាតិបន្ថែមទៀត។

ទាក់ទងទៅនឹងទំនាក់ទំនងសហរដ្ឋអាមេរិក យើងឃើញថាចិននឹងបន្ត ខិតខំធ្វើការជាមួយសហរដ្ឋអាមេរិក ជាពិសេសទៅលើផ្នែកណាដែលអាចធ្វើការរួមគ្នាពីព្រោះថានៅពេលដែលលោក ស៊ី ជីនពីង និងលោក ចូ បៃដិន បានជួបគ្នានៅឆ្នាំកន្លង នៅប្រទេសឥណ្ឌូនេស៊ី នៅក្នុងកិច្ចប្រជុំG20​ ក៏មានកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណា ការប្រកួតប្រជែងមានលក្ខណៈសន្តិភាព និងស្ថិរភាព។ ទំនាក់ទំនងអាមេរិក និងចិន ជាបញ្ហាស្មុគស្មាញជាងគេបំផុតនៅក្នុងគោលនយោបាយការបរទេសចិនហើយចិនប្រហែលជានឹងមិនលេបគ្រួស លេបថ្មដូចមុន ប្រហែលជាអាចនឹងប្រតិកម្មជាបន្តបន្ទាប់ ទាក់ទងទៅនឹងអ្វីអ្វីដែលចិនហៅថាយុទ្ធសាស្ត្របិទខ្ទប់ចិនរបស់សហរដ្ឋអាមេរិក។ 

សំណួរទី២៖ យើងឃើញថាលោក ស៊ី ជីនពីង ទើបតែជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងអាណត្តិទី៣របស់ខ្លួន សម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត។ ដូចនេះ សម្រាប់ (វាគ្មិន)ផ្ទាល់ ពាក់ព័ន្ធទៅនឹងការជាប់ឆ្នោតនៅក្នុងអាណត្តិទី៣របស់លោក ស៊ី ជីនពីង នេះ តើ(វាគ្មិន) យល់ឃើញដូចម្តេចដែរ? 

ពិតហើយវាគឺជាប្រវត្តិសាស្ត្រថ្មីមួយដែរ ពីព្រោះថាកន្លងទៅ​គឺថ្នាក់ដឹកនាំជាលេខាធិការរបស់បក្ស និងប្រធានាធិបតី គឺមានតែ២អាណត្តិ។ ដូច្នេះ លោក ស៊ី ជីនពីង បានកែរដ្ឋធម្មនុញ្ញដោយអនុញ្ញាតអាចបន្តបាន៣អាណត្តិ ឬក៏អត់មានកំណត់អាណត្តិទេ។ ដូច្នេះនេះគឺជាអ្វីមួយថ្មីនៅក្នុងការផ្លាស់ប្ថូរអំណាចរបស់ប្រទេសចិនដែរ ពីព្រោះថាលោក ស៊ី ជីនពីង និយាយចំទៅឥទ្ធិពលរបស់គាត់ នឹងបន្តពង្រឹងបន្ថែមទៀតនៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ហើយនឹងជំរុញនូវការសម្រេចឱ្យបាននូវ «ការស្រមើស្រមៃរបស់ចិន» ហើយនឹងវិស័យធំៗរបស់ ស៊ី ជីនពីង ទាក់ទងទៅនឹង «ផ្លូវមួយខ្សែក្រវាត់មួយ» ទាក់ទងទៅនឹង«គំនិតផ្ដួចផ្ដើមសន្តិសុខសកល» និង «គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល»ជាដើម។

ដូច្នេះនឹងជំរុញការអនុវត្តជាក់ស្ដែងបន្ថែមទៀតហើយការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងផ្ទៃក្នុងបក្ស ហើយនឹងរដ្ឋាភិបាលក៏នៅបន្តពីព្រោះថាបញ្ហាពុករលួយហ្នឹងគឺនូវតែជាបញ្ហាចោទនៅឡើយ សម្រាប់ប្រទេសចិនដោយលោក ស៊ី ជីនពីង កន្លងទៅហ្នឹងបានចាត់វិធានការខ្លាំងក្តៅ ទាក់ទងទៅនឹងការកម្ចាត់នូវអំពើពុករលួយការអភិវឌ្ឍនូវអំពើពុករលួយនៅក្នុងជួរបក្ស និងជួររដ្ឋាភិបាលនៅប្រទេសចិន។ ដូច្នេះលោក ស៊ី ជីនពីង នឹងបន្តពង្រឹងនូវអំណាចរបស់លោក ហើយបន្តជំរុញនិងកំណែទម្រង់ខាងក្នុងនិងខាងក្រៅ។ នេះគឺជាកាលៈទេសៈមួយតឹងតែង និងស្មុគស្មាញ។ ដូច្នេះចិនត្រូវការអ្នកដឹកនាំដែលមានឥទ្ធិពល និងទស្សនវិស័យយូរអង្វែង ដូចលោក ស៊ី ជីនពីង នៅក្នុងការដឹកនាំប្រទេស។

សំណួរទី៣៖ ដូចដែល (វាគ្មិន) បានលើកឡើងអម្បាញ់មិញនេះថាលោក ស៊ី ជីនពីង គឺជាប្រធានាធិបតីដែលមានឥទ្ធិពលមួយនៅក្នុងប្រវត្តិសាស្ត្រប្រទេសចិន។ ពាក់ព័ន្ធទៅនឹងការជាប់ឆ្នោតនៅក្នុងអាណត្តិទី៣របស់លោកស៊ីនេះផងដែរ សហរដ្ឋអាមេរិកក៏ដូចជាសហគមន៍អន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិកតែម្តង ក្នុងនាមជាដៃគូធំរបស់ប្រទេសចិនមានប្រតិកម្ម ក៏ដូចជាមានការបញ្ចេញមតិអ្វីក៏ពាក់ព័ន្ធទៅនឹងរឿងនេះ?

បើសិនជាយើងមើលពីការយល់ឃើញទស្សនវិស័យរបស់អាមេរិកនោះគឺមានការរិះគន់ទាក់ទងទៅនឹងការបន្តអំណាចយូរអង្វែងរបស់លោក ស៊ី ជីនពីង ផងដែរ។ តាំងតែមិនទាន់មានការតែងតាំងជាផ្លូវការនៅពេលដែលលោក ស៊ី ជីនពីង បានកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យលោកបន្តហ្នឹងក៏មានការប្រតិកម្មមួយចំនួនដែរ ប៉ុន្តែវាជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន។ សូម្បីតែសហរដ្ឋអាមេរិកជាប្រទេសមហាអំណាច ក៏ដោយក៏មិនអាចទៅជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិនដែរ។ គេត្រូវខិតខំប្រឹងធ្វើការជាមួយលោក ស៊ី ជីនពីង និងរដ្ឋាភិបាលលោក ស៊ី ជីនពីង ក្នុងរយៈពេលប្រាំឆ្នាំទៅមុខទៀត។ អ្វីដែលយើងមិនដឹងពិតប្រាកដនោះថារដ្ឋាភិបាលថ្មីរបស់អាមេរិក ក្រោយពីលោកចូបៃដិនមិនដឹងជានរណានោះទេ ជាគណបក្សប្រជាធិបតេយ្យ ឬក៏គណបក្សសាធារណរដ្ឋ។

អ្នកណាក៏ដោយដែលចេញមកពីការបោះឆ្នោតរបស់សហរដ្ឋអាមេរិកនៅពេល២ឆ្នាំខាងមុខទៀតនេះនឹងបន្តធ្វើការជាមួយលោក ស៊ី ជីនពីង។ ធ្វើយ៉ាងណាគឺបញ្ចៀសនូវសង្គ្រាម ឬក៏សង្គ្រាមត្រជាក់ដែលមានភាពស្មុគស្មាញ ដែលជះឥទ្ធិពលទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច ឬក៏ស្ថិរភាព និងសន្តិសុខតំបន់ និងអន្តរជាតិ ពីព្រោះថាទំនាក់ទំនងអាមេរិក-ចិននេះគឺជាទំនាក់ទំនងសំខាន់ជាងគេបំផុតនៅលើពិភពលោក ហើយយើងប្រទេសតូចដូចជាកម្ពុជា តែងតែសង្ឃឹមថាប្រទេសចិនទាំងពីរអាចធ្វើការជាមួយគ្នាឯងរស់នៅប្រកបដោយសន្តិភាពជាមួយគ្នា។ នេះគឺជារបត់ថ្មីមួយនៅក្នុងទំនាក់ទំនងអាមេរិកនិងចិនត្រូវធ្វើការជាមួយគ្នាយ៉ាងម៉េចទើបអាចបញ្ចៀសនូវជម្លោះ ជាពិសេសជម្លោះផ្នែកយោធារវាងប្រទេសទាំងពីរ។ 

សំណួរទី៤៖ ចំណុចមួយដែលគួរឱ្យកត់សម្គាល់នៅក្នុងសុន្ទកថាដំបូងរបស់លោក ស៊ី ជីងពីង បន្ទាប់ពីត្រូវបានជាប់ឆ្នោតសាជាថ្មីទៅក្នុងអាណត្តិទី៣នេះ លោកបានផ្ដោតសំខាន់ជាងគេ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ក៏ដូចជាសន្តិសុខអន្តរជាតិនៅក្នុងតំបន់ផងដែរ។ តើការលើកឡើងរបស់លោក ស៊ី ជីងពីង ទាក់ទងទៅនឹងបញ្ហាសន្តិសុខនៅក្នុងសុន្ទរកថារបស់លោកនេះ នឹងមានការប្រែប្រួលយ៉ាងដូចម្ដេចខ្លះ ទៅលើគោលនយោបាយទាំងក្នុងប្រទេសនេះ និងគោលនយោបាយការបរទេសទៅលើបរិបទនៃពិភពលោកបច្ចុប្បន្ន

ដោយសារតែមានភាពរំជើបរំជួល ទាក់ទងទៅនឹងស្ថានការណ៍ភូមិសាស្ត្រនយោបាយ ហើយនឹង​ការប្រកួតប្រជែងដែលមានភាពកាន់តែស្វិតស្វាញ ហើយតានតឹងរវាងចិននិងអាមេរិក។ ដូច្នេះការពង្រឹងសន្តិសុខផ្ទៃក្នុងគឺជាកត្តាចាំបាច់សំខាន់ ពីព្រោះថានៅក្នុងការប្រកួតប្រជែងនេះ ប្រសិនបើចិនមិនអាចគ្រប់គ្រងបាននូវស្ថានការណ៍សន្តិសុខផ្ទៃក្នុងទេ ឬក៏អាចមានការប្រេះឆា បែកបាក់ ឬក៏អស្ថិរភាពនៅក្នុងផ្នែកណាមួយនៅក្នុងបញ្ហាផ្ទៃក្នុង។ វាអាចជាបច្ច័យមួយតែធ្វើឱ្យចិនទន់ខ្សោយ ហើយក៏ជាឱកាសដល់បរទេសធ្វើការលូកដៃដែរ។ ដូច្នេះ ខ្ញុំគិតថាពីពេលនេះតទៅ ចិននឹងពង្រឹងបន្ថែមនូវបញ្ហាសន្តិសុខហ្នឹង បញ្ហាដែលទាក់ទងទៅនឹង Xinjiang ហុងកុង Tibet ជាដើម​នឹងត្រូវពង្រឹងបន្ថែម។

ពិតហើយតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងមួយរបស់ប្រទេសចិន មើលពីជ្រុងមួយរបស់ប្រទេសចិន តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន។ ដូច្នេះបញ្ហាតៃវ៉ាន់ក៏ចាត់ទុកជាបញ្ហាសន្តិសុខផ្ទៃក្នុងរបស់ចិន។ ធ្វើយ៉ាងណា កុំឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ ឬក៏ត្រូវបានបរទេសមកលូកដៃ។ ចិនទៅដាក់វិធានការក្ដៅ ហើយម៉ឺងម៉ាត់ទៅលើបញ្ហាតៃវ៉ាន់នេះ។ ទាក់ទងនឹងសន្តិសុខអន្តរជាតិយើងឃើញថា ចិននៅតែខំប្រឹងធ្វើយ៉ាងណាឱ្យតំបន់ដែលជាប់របងផងជាមួយរបស់ចិនមានស្ថិរភាព និងសន្តិសុខពីព្រោះថាចិនមិនអាចអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនបានទេ ប្រសិនបើតំបន់និងប្រទេសដែលជាប់របងផងជាមួយអត់មានស្ថិរភាពនយោបាយ និងសន្តិសុខ។ ចិននឹងពង្រីកដែនជុំវិញខ្លួនឱ្យមានស្ថិរភាពនយោបាយនិងសន្តិសុខ។

ទាក់ទងទៅនឹងតំបន់ឆ្ងាយពីចិន ក៏ចិននឹងពង្រឹងតួនាទីសន្តិសុខរបស់ខ្លួនផងដែរ ដូចជាបញ្ហានៅអ៊ុយក្រែនយើងឃើញថាចិនបានជំរុញនូវ «គម្រោងសន្តិភាព១២ចំណុច» ដែលរដ្ឋាភិបាលកម្ពុជាបានប្រកាសគាំទ្រជាសាធារណៈទៅនឹងគំនិតផ្ដួចផ្ដើមរបស់ប្រទេសចិននេះ។ ទោះបីជាគំនិតផ្ដួចផ្ដើម របស់ចិនត្រូវបានច្រានចោលដោយសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកក៏ដោយ ប៉ុន្តែវាឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដរបស់ចិននៅក្នុងការដើរតួនាទីសម្របសម្រួលដោះស្រាយបញ្ហាពិភពលោក។ ដូច្នេះ នេះគឺជាអ្វីមួយដែលខ្ញុំគិតថាលោក ស៊ី ជីងពីង នៅក្នុងអណត្តិថ្មីនេះនឹងពង្រឹងនូវតួនាទីសន្តិសុខរបស់ខ្លួននៅឆាកអន្តរជាតិ។ 

សំណួរទី៥៖ យើងឃើញថាសម័យប្រជុំពេញអង្គសភាប្រជាជនឆ្នាំ២០២៣នេះគឺមានការផ្លាស់ប្តូរពាក់ព័ន្ធទៅនឹងក្បាលម៉ាស៊ីនដឹកនាំនៃរាជរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏ដូចជាបានដាក់ចេញនូវគោលនយោបាយថ្មីសម្រាប់ការអនុវត្តនៅក្នុងអាណត្តិថ្មីនេះ។ ជាចុងក្រោយ តើ (វាគ្មិន) យល់ឃើញយ៉ាងណាចំពោះលទ្ធផលនៃសម័យប្រជុំពេញអង្គ ក្នុងឆ្នាំ២០២៣សម្រាប់អនាគត និងជោគវាសនារបស់ប្រជាជនចិន?

វាឆ្លុះបញ្ចាំងអំពីសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សផង នៅក្នុងរដ្ឋាភិបាលផង ហើយនិងការដាក់ចេញនូវគោលនយោបាយថ្មីៗប្រកបដោយនវានុវត្តន៍ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ដូច្នេះ ទស្សនវិស័យការអភិវឌ្ឍន៍ជាតិនិងអន្តរជាតិរបស់ចិនហ្នឹងគឺមានភាពស៊ីជម្រៅ និងយូរអង្វែង ហើយវាទាមទារឱ្យមានភាពដឹកនាំផ្នែកនយោបាយខ្លាំង និងមានធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងធនធានបច្ចេកវិទ្យា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ក្នុងស្រុកផង ហើយនិងជម្រុញនូវតួនាទីអន្តរជាតិ និងការភ្ជាប់ចិនទៅក្នុងតំបន់និងសកលលោកឱ្យកាន់តែស៊ីជម្រៅ។ ដូច្នេះ នេះគឺជាអ្វីមួយដែលបានដាក់ចេញពីទស្សនវិស័យច្បាស់លាស់ហើយមានការពង្រឹងនូវភាពជាអ្នកដឹកនាំនយោបាយយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែពិតហើយតែមានការចូលរួមពីប្រជាជនទាំងមូល ហើយនឹងការចូលរួមពីសហគមន៍អន្តរជាតិដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ចិននេះ៕

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ