Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: លទ្ធផលសំខាន់ៗ និងកិត្តិនាមកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១

សំណួរទី១៖   កម្ពុជាទើបតែបានបញ្ចប់នូវការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាផងដែរ ក្នុងនាមជាប្រធានប្តូរវេនអាស៊ាននៅក្នុងឆ្នាំ២០២២ កាលពីប៉ុន្មានថ្ងៃមុននេះ។ កិច្ចប្រជុំកំពូលអាស៊ាននៅក្នុងឆ្នាំនេះក៏បានបញ្ចប់ទៅដោយរលូន និងផ្លែផ្កាក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ឬ ASEAN A.C.T: Addressing Challenges Together» ដែលវាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្របសម្រួលនិងរៀបចំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត សម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ។ ជាបឋម សូម (វាគ្មិន) រៀបរាប់ត្រួសៗអំពីលទ្ធផលជារួមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចជាកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលប្រព្រឹត្តចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ នៅរាជធានីភ្នំពេញនេះ? 

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ឬ East Asia Summit គឺបានជោគជ័យ ផ្លែផ្កាល្អប្រសើរ លើសពីការរំពឹងទុក ពីព្រោះថាយើងឃើញថាបញ្ហានៅក្នុងតំបន់ និងអន្តរជាតិ គឺកាន់តែស្មុគស្មាញ ហើយពិបាកនឹងរកដំណោះស្រាយ ឬគោលជំហររួម ក៏ប៉ុន្តែកម្ពុជាយើងដែលជាប្រធានអាស៊ានហ្នឹង គឺសម្របសម្រួលហើយបានចេញនូវឯកសារសំខាន់ៗបាន១០១ឯកសារ ហើយមានប្រទេស២៩ចូលរួមនៅក្នុងកិច្ចប្រជុំសប្ដាហ៍មុននេះ។ នេះគឺជាជោគជ័យមួយធំ ពីព្រោះថាស្ថានការណ៍បច្ចុប្បន្ន គឺវាមិនស្រួលទេ នៅក្នុងការចាត់ចែងរៀបចំនូវការប្រជុំផង ហើយនូវការរកភាពឯកច្ឆន្ទ ឬក៏ចំណុចរួមដើម្បីអាចចេញនូវឯកសាររួម។ ទីពីរ៖ ទាក់ទងទៅនឹងខ្លឹមសារនេះក៏មានសារៈសំខាន់ ហើយក៏ជាជោគជ័យរបស់កម្ពុជាដែរ គឺយើងបានខិតខំប្រឹងប្រែងប្រមូលនូវកម្លាំងនយោបាយនៅក្នុងតំបន់ និងអន្តរជាតិដើម្បីស្វែងរកដំណោះស្រាយរួម ពីព្រោះថាបញ្ហាតំបន់ និងអន្តរជាតិនេះ វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាពជាដៃគូអន្តរជាតិ ហើយនិងការប្រមូលទាំងធនធានបញ្ញា ស្មារតី ហើយនិងធនធានហិរញ្ញវត្ថុ ដើម្បីចូលរួមដោះស្រាយ។ នេះគឺជាកិច្ចការមួយសំខាន់ដែលកម្ពុជាបានជំរុញក្នុងការដោះស្រាយបញ្ហាសំខាន់ៗនៅក្នុងតំបន់ រួមទាំងភាពបម្រែបម្រួលអាកាសធាតុផងដែរ ការជំរុញតួនាទីរបស់ស្ត្រីនៅក្នុងសង្គម ជាពិសេសក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់នេះ ហើយកម្ពុជាក៏បានរៀបចំកិច្ចប្រជុំលើកទីពីរ «ASEAN Global Dialogueកិច្ចពិភាក្សាអាស៊ានសាកល» ពី១០ឆ្នាំទៅនេះ អាស៊ានយើងក៏បានរៀបចំកិច្ចប្រជុំហ្នឹងដែរ នេះជាលើកទីពីរ។ កិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់ ដើម្បីផ្សារភ្ជាប់អាស៊ានជាមួយនឹងតួអង្គអន្តរជាតិផ្សេងៗ រួមទាំងអង្គការសហប្រជាជាតិ(UN) រួមទាំងធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អង្គការវេទិកាសេដ្ឋកិច្ចសកលលោក (WTO) ហើយនិងអង្គការសំខាន់ៗមួយចំនួនទៀតនៅក្នុងតំបន់ និងសកលលោកហ្នឹងចូលរួម ដើម្បីប្រមូលនូវគំនិតច្នៃប្រឌិត និងផ្នែកធនធានហ្នឹងតែម្ដង ដើម្បីដោះស្រាយរួមគ្នា ពីព្រោះបញ្ហាតំបន់ និងសកលហ្នឹង អាស៊ានម្នាក់ឯងមិនអាចដោះស្រាយបានទេ។ អ៊ីចឹងវាត្រូវឱ្យមានភាពជាដៃគូជាមួយនឹងភាគីពាក់ព័ន្ធអន្តរជាតិផ្សេងៗ ដើម្បីរួមជាធ្លុងមួយ។ ហើយលើបញ្ហាភូមាយើងក៏ឃើញមានដំណោះស្រាយដែលអាចទទួលយកបានដែរ គឺមានការធ្វើឱ្យមានការមានគម្រោងច្បាស់លាស់ មានផែនការច្បាស់លាស់ មានពេលវេលាច្បាស់លាស់ ដើម្បីអនុវត្តទៅមានប្រសិទ្ធភាពជាងមុន។ ទាក់ទងទៅនឹងចំណុចឯកច្ឆន្ទទាំង៥របស់អាស៊ានហ្នឹង ធ្វើឱ្យវាមានប្រសិទ្ធភាពត្រូវតែមានផែនការច្បាស់លាស់ ហើយនិងពេលវេលាច្បាស់លាស់។ នេះជាចំណុចចាប់ផ្តើមថ្មីមួយដើម្បីដោះស្រាយបញ្ហាភូមាហ្នឹងដែរ។ ទាក់ទងនឹងបញ្ហាផ្សេងៗទៀត ក៏យើងឃើញកម្ពុជាយើងនឹងខំប្រឹងរកចំណុចរួមដែរ ជាពិសេសភាពតានតឹង រវាងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ហើយនេះគឺជាចំណុចក្តៅដែលមិនមែនតែនៅភ្នំពេញទេ ប៉ុន្តែឥឡូវនៅបាលីហ្នឹងក៏ជាចំណុចក្តៅ ហើយនៅបាងកកបន្តបន្ទាប់កិច្ចប្រជុំកំពូលហ្នឹងក៏ជាចំណុចក្តៅ ហើយយើងអត់ទាន់ដឹងថាតើកិច្ចប្រជុំនៅG20នៅបាលី APECនៅបាងកកអាចនឹងសម្រេចបាននូវឯកច្ឆន្ទភាព ដល់កម្រិតណាយើងមិនទាន់ដឹងនោះទេ ក៏ប៉ុន្តែកិច្ចប្រជុំនៅទីក្រុងភ្នំពេញគឺបានសម្រេចនូវឯកច្ឆន្ទភាព និងចំណុចរួមសំខាន់ៗ។ 

សំណួរទី២៖   ពាក់ព័ន្ធទៅនឹងលទ្ធផលជារួម យើងឃើញថាកម្ពុជាបានសម្រេចនូវឯកសារសំខាន់ៗដល់ទៅ១០១ ហើយនៅក្នុងលទ្ធផលនោះមានចំណុចមួយចំនួនដែលគួរចាប់អារម្មណ៍។ ទីមួយ៖ទាក់ទងទៅនឹងការទទួលយកប្រទេសទីម័រ ជាសមាជិកទី១១របស់សហគមន៍ប្រជាជាតិអាស៊ាន។ ពាក់ព័ន្ធទៅនឹងចំណុចនេះផងដែរ តើ (វាគ្មិន) យល់ឃើញយ៉ាងណាក្នុងការចូលរួមរបស់ទីម័រនៅក្នុងអាស៊ាននេះ អាចផ្ដល់ជាផ្លែផ្កានិងផលប្រយោជន៍អ្វីខ្លះ ដល់អាស៊ានក៏ដូចជាប្រទេសទីម័រផ្ទាល់ដែរ? 

ប្រទេសទីម័រខាងកើត បើនិយាយអំពីភូមិសាស្ត្រស្ថិតនៅក្នុងអាស៊ីអាគ្នេយ៍ អ៊ីចឹងទេយើងត្រូវបញ្ចូលទីម័រខាងកើតជាគ្រួសារនៃបណ្ដាប្រទេសសហគមន៍អាស៊ាន  ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អញ្ចឹង១១ប្រទេស។ បញ្ហាប្រឈមរបស់ទីម័រ ដ៏ដូចជាបញ្ហាប្រឈមនៅពេលកម្ពុជា ឡាវ ភូមាចូលរួមអាស៊ានដែរ គឺទាក់ទងនឹងសមត្ថភាព។ អ៊ីចឹងគេត្រូវការសមត្ថភាពស្ថាប័នច្រើន គ្រប់ស្ថាប័នត្រូវមានការយល់ដឹងមានការចូលរួមនៅក្នុងផែនការអនុវត្តអាស៊ាន។ ដូច្នេះយើងមានការឯកច្ឆន្ទឱ្យទីម័រខាងកើតធ្វើជាប្រទេសសង្កេតការណ៍ អញ្ចឹងឆ្នាំ២០២២សម្រេចថាជាប្រទេសសង្កេតការណ៍ អញ្ចឹងវាអាចទៅការពេល២ទៅ៣ឆ្នាំដែរ ដើម្បីធ្វើជាសមាជិកពេញសិទ្ធិ។ អ៊ីចឹងយើងអាចទស្សន៍ទាយថាថាឆ្នាំ២០២៥ ពីព្រោះឆ្នាំ២០២៥ជាឆ្នាំពិសេស ដែលយើងមានASEAN Vision ទស្សនវិស័យអាស៊ាន២០២៥ ហើយនិងមានគោលនយោបាយផ្សេងៗដើម្បីសម្រេចបាននៅក្នុងឆ្នាំ២០២៥ អញ្ចឹងយើងអាចទាយថាឆ្នាំ២០២៥នឹងអាចជាសមាជិកពេញសិទ្ធិ ក៏ប៉ុន្តែជាអ្នកសង្កេតការណ៍ទីម័រខាងកើតអាចចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងបាន ដើម្បីជាការរៀនសូត្រផង ដើម្បីឈានទៅចាប់យកអ្វីដែលកំពុងកើតឡើងនៅក្នុងអាស៊ានទៅត្រៀមខ្លួនធ្វើកំណែទម្រង់ផ្ទៃក្នុងនៅទីម័រខាងកើត។ ដូច្នេះ ខ្ញុំគិតថានេះគឺជាជោគជ័យមួយដែរចំពោះកម្ពុជា ដែលបានជួយជំរុញសមាជិកភាពរបស់ទីម័រខាងកើតនៅក្នុងក្រុមគ្រួសារអាស៊ាននេះ។

សំណួរទី៣៖   ពាក់ព័ន្ធទៅនឹងចំណុចមួយទៀត គឺទាក់ទងទៅនឹងបញ្ហារបស់មីយ៉ាន់ម៉ា យើងឃើញថានៅក្នុងឆ្នាំ២០២២នេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាប្រេសិតពិសេសស្តីពីមីយ៉ាន់ម៉ាបានសម្រេចនូវលទ្ធផលផ្លែផ្កាច្រើនពាក់ព័ន្ធទៅនឹងការស្វែងរកដំណោះស្រាយជូនចំពោះប្រទេសមីយ៉ាន់ម៉ា។ ដូចនេះ តើ(វាគ្មិន) យល់ដូចម្តេចចំពោះលទ្ធផលដែលកម្ពុជាអាចទទួលបានទាក់ទងនឹងការដោះស្រាយបញ្ហានៅមានទាំងនេះ ជួយឱ្យកម្ពុជាមានមុខមាត់ ក៏ដូចជាកិត្តិនាមអ្វីខ្លះ? ហើយនៅឆ្នាំក្រោយអាចនឹងមានការផ្លាស់ប្តូរយន្តការណ៍អ្វីទេ ទាក់ទងទៅនឹងចំណុចឯកច្ឆន្ទទាំង៥ទៅលើមីយ៉ាន់ម៉ា ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឥណ្ឌូនេស៊ី? 

យើងឃើញថា កម្ពុជាដែលជាប្រធានអាស៊ានឆ្នាំនេះ គឺខំប្រឹងអស់ពីសមត្ថភាព ដើម្បីជួយប្រជាជនភូមា ឱ្យមានស្ថិរភាព សន្តិភាព ហើយនិងភាពប្រក្រតីឡើងវិញ។ ពិតហើយ លទ្ធផលជាក់ស្តែង វាពុំបានដូចការរំពឹងទុកនោះទេ ទោះបីជាកម្ពុជានិងបណ្ដាប្រទេសជាសមាជិកអាស៊ានខំប្រឹងយ៉ាងណាក៏ដោយ។ ដូច្នេះយើងត្រូវតែមានភាពបត់បែន មានការច្នៃប្រឌិត ហើយនិងរកវិធានការថ្មី ដែលអាចមានប្រសិទ្ធភាពជាង ដើម្បីដោះស្រាយនូវបញ្ហាភូមានេះ។ យើងឃើញថាមកដល់ចុងឆ្នាំនៅខែ១១នេះ នៅសល់តែមួយខែទៀតទេ កម្ពុជាជាប្រធានអាស៊ាននេះគឺស្ថិតនៅដំណាក់កាលចុងក្រោយ គឺខំប្រឹងឱ្យអស់លទ្ធភាពបន្ថែមទៀត ដើម្បីជំរុញលើបញ្ហាភូមានេះ។ យើងឃើញថាមានផ្លែផ្កាគួរឱ្យកត់សម្គាល់ ហើយទាក់ទងទៅនឹងប្រធានអាស៊ានឆ្នាំក្រោយដែលជាប្រទេសឥណ្ឌូនេស៊ីហ្នឹង នឹងខំប្រឹងបន្តអនុវត្តនូវអ្វីដែលយើងបានត្រួសត្រាយកន្លងទៅនេះ ហើយបទពិសោធន៍អំពីកម្ពុជាទាំងឡាយត្រូវផ្លាស់ប្តូរទៅឥណ្ឌូនេស៊ីដែរ ដើម្បីគាត់ធ្វើការមានប្រសិទ្ធិភាពបន្តជាងនេះ។ នេះគឺជាការអនុវត្តបន្ត ហើយយើងត្រូវមានយន្តការ ដែលមានប្រសិទ្ធភាពជាងនេះ ហើយត្រូវដាក់សម្ពាធបន្ថែមទៀតទៅលើរបបសឹកភូមាហ្នឹង ហើយអាស៊ានម្នាក់ឯងមិនអាចធ្វើទៅបានទេ គឺអាស៊ានបូក ជាមួយនឹងដៃគូពិភាក្សាសំខាន់ៗ បូកជាមួយនឹងអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យរបបសឹកភូមាហ្នឹងអាចផ្លាស់ប្ដូរឥរិយាបថត្រឡប់មកអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវចំណុចឯកច្ឆន្ទទាំង៥របស់អាស៊ាននេះ។ 

សំណួរទី៤៖   នៅក្នុងអំឡុងកិច្ចប្រជុំកំពូលនេះផងដែរ កម្ពុជាក៏បាននាំឱ្យមានការចុះហត្ថលេខាពីប្រទេសអ៊ុយក្រែនចូលរួមជាសមាជិកនៃ «សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ភាសាអង់គ្លេសហៅថា Treaty of Amity of Cooperation in Southeast Asia (TAC)»។ ពាក់ព័ន្ធទៅនឹងការចូលជាសមាជិករបស់អ៊ុយក្រែន នៅក្នុងសន្ធិសញ្ញាTACនេះ តើ (វាគ្មិន) យល់ថា វាអាចជួយជំរុញឱ្យប្រទេសអ៊ុយក្រែនមានការចូលរួមយ៉ាងដូចម្ដេចខ្លះនៅក្នុងក្របខ័ណ្ឌអាស៊ាន? ហើយវាអាចជួយជំរុញឱ្យមានការដោះស្រាយបញ្ហា និងភាពតានតឹងនៃសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីបានដោយរបៀបណា

យើងឃើញថាការទទួលស្គាល់ ហើយនឹងការឱ្យតម្លៃតួនាទីរបស់អាស៊ាន នៅលើពិភពលោកកាន់តែច្រើនឡើងហើយកាន់តែខ្ពស់ឡើង ដោយឥឡូវគឺមានប្រទេស៥០ហើយ ដែលឱ្យសច្ចាប័ន្នទៅលើTAC ហើយនេះគឺជាសញ្ញាមួយវិជ្ជមានហើយក្នុងឆ្នាំនេះដោយឡែកគឺជាឆ្នាំពិសេសដែរ ដែលមានប្រទេសនៅខាងក្រៅគឺ ដៃគូខាងក្រៅ៧ ដែលគាត់ចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាTACនេះ។ នេះគឺជាអ្វីមួយដែលឆ្លុះបញ្ចាំងអំពីសារសំខាន់នៃអាស៊ាននៅលើឆាកអន្តរជាតិ ហើយការចូលរួមរបស់អ៊ុយក្រែនហ្នឹង គឺក៏ផ្ដល់តម្លៃទៅដល់អាស៊ានដែរ ហើយនឹងពង្រឹងនូវទំនាក់ទំនងអាស៊ានជាមួយនឹងអ៊ុយក្រែននៅក្នុងកម្រិតថ្មីមួយទៀត។ អាស៊ានក៏ចង់ផ្តល់នូវវេទិកា ក៏ដូចជាឱកាសដើម្បីធ្វើការចរចាសន្តិភាពលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែនហ្នឹងដែរ។ នេះគឺជាអ្វីមួយដែលយើងឃើញថាអាស៊ានគឺខំប្រឹងផ្តល់ជាវេទិកា ហើយបណ្ដាប្រទេសអាស៊ានក៏អាចផ្ដល់ជាទីតាំងដើម្បីការចរចាណាមួយដែរទៅថ្ងៃអនាគត។ កម្ពុជាក៏ត្រៀមខ្លួនដែរ ប្រសិនបើរុស្ស៊ីនិងអ៊ុយក្រែនចង់មកចរចានៅកម្ពុជា ខ្ញុំគិតថាកម្ពុជាក៏រៀបចំខ្លួនរួចរាល់ដែរ។ នេះគឺជាតួនាទីរបស់អាស៊ានក៏ដូចជាកម្ពុជានិងជាប្រធានអាស៊ាន គឺជំរុញឱ្យមានកិច្ចពិភាក្សាសន្តិភាពទៅលើសង្គ្រាមអ៊ុយក្រែន ឬបញ្ហាជម្លោះផ្សេងៗនៅក្នុងតំបន់ និងសកលលោកហ្នឹង គឺផ្តល់នូវវេទិកា និងជួយសម្របសម្រួលដើម្បីធ្វើការចរចានយោបាយ។ 

សំណួរទី៥៖    យើងឃើញថានៅក្នុងឆ្នាំនេះ ហាក់ដូចជាមិនសូវមានការពិភាក្សាច្រើនពីភាពតានតឹងពាក់ព័ន្ធទៅនឹងបញ្ហាសមុទ្រចិនខាងត្បូង។ តើនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ ថ្នាក់ដឹកនាំគាត់បានលើកឡើងអ្វីខ្លះទៅលើបញ្ហាសមុទ្រចិនខាងត្បូង? ហើយតើមានដំណោះស្រាយអ្វីបន្ថែមទៀតទៅលើឯកសារ Code of Conduct (CoC)នេះ?

យើងឃើញថា ដំណើរការនៃការចរចាCoC គឺមានចំណុចវិជ្ជមានមួយចំនួន ក៏ប៉ុន្តែដោយសារតែជំងឺកូវីដរយៈពេលពីរឆ្នាំកន្លងទៅនេះ គឺមិនបានជួបគ្នាផ្ទាល់ អ៊ីចឹងក៏មានការអាក់ខានដែរធ្វើឱ្យដំណើរការឆ្ពោះទៅកាន់CoCហ្នឹងវារៀងយឺត។ ប៉ុន្តែយើងឃើញថាអាស៊ាន និងចិនបានចេញសេចក្ដីថ្លែងការណ៍រួមមួយទាក់ទងទៅនឹងខួបលើកទី២០នៃការអនុវត្ត ឬក៏ការសម្រេចបាននៅឯកសារDoC «Declaration on the Conduct of Parties in the South China Sea»  ជាចំណុចវិជ្ជមានមួយដែរ ដើម្បីបង្ហាញអំពីសុច្ឆន្ទៈនយោបាយរវាងចិន និងអាស៊ាននៅក្នុងការគោរពអនុវត្តនូវ DoC ​និងសម្រេចបាននូវCoC នៅពេលឆាប់ៗខាងមុខ។ 

សំណួរទី៦៖   ជារួម កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានបិទបញ្ចប់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅទីក្រុងភ្នំពេញបានដោយជោគជ័យ ដែលនេះបានលើកកម្ពស់ដល់កិត្យានុភាព និងឧត្តមភាពរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិផងដែរ។ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី៣របស់ខ្លួន នៅក្នុងឆ្នាំ២០២២នេះ តើ (វាគ្មិន) យល់ថាកម្ពុជាបានទទួលសមិទ្ធផលអ្វីខ្លះ ហើយជាពិសេសនោះ គឺបានចំណេញអ្វីខ្លះត្រឡប់មកវិញ ទាំងនៅក្នុងតំបន់និងអន្តរជាតិផងដែរ?  នេះគឺជាកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា ដែលយើងជាប្រទេសតូចមែន ប៉ុន្តែយើងមានការទទួលខុសត្រូវខ្ពស់ ដើម្បីជួយឱ្យមានស្ថិរភាព សន្តិសុខ ហើយនិងការអភិវឌ្ឍរួម នៅក្នុងតំបន់ និងអន្តរជាតិ ពីព្រោះថាជោគវាសនារបស់កម្ពុជាមិនអាចផ្តាច់ចេញពីជោគវាសនានៅក្នុងតំបន់និងអន្តរជាតិបាននោះទេ ប៉ុន្តែយើងមានការពឹងពាក់គ្នាទៅវិញទៅមក ហើយយើងផ្សារភ្ជាប់តាមសមាហរណកម្មតំបន់និងអន្តរជាតិរបស់យើងហ្នឹង គឺយើងផ្សារភ្ជាប់ រវាងតំបន់ហ្នឹងហើយជាពិសេសគឺអាស៊ាន។ អ៊ីចឹងយើងត្រូវតែជួយជ្រោមជ្រែងអង្គការតំបន់មួយនេះដើម្បីឱ្យវាកាន់តែមានសក្ដានុពល កាន់តែមានឧត្តមភាព និងការទទួលស្គាល់ពីអន្តរជាតិ ហើយមានឥទ្ធិពលនៅក្នុងតំបន់និងអន្តរជាតិ។ ដូច្នេះវាបានផលប្រយោជន៍ទៅគ្រប់សមាជិកទាំងអស់ ទាំងកម្ពុជា។​ ដូចនេះ ចំពោះជោគជ័យរបស់កម្ពុជាក៏ដូចជាជោគជ័យរបស់អាស៊ាន ហើយជោគជ័យរបស់អាស៊ានក៏ដូចជាជោគជ័យរបស់កម្ពុជាដែរ។ នេះគឺជាដំណើរវែងឆ្ងាយមួយ ពីព្រោះថាស្ថានការណ៍តំបន់ និងពិភពលោកហ្នឹង វាកាន់តែស្មុគស្មាញ ជាពិសេសទាក់ទងនឹងភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច ដូច្នេះការជួយជ្រោមជ្រែងគ្នាដើម្បីធ្វើយ៉ាងណារក្សាលំនឹងនៃនយោបាយការបរទេស។ ហើយដើម្បីរក្សាលំនឹងបានយើងត្រូវការយន្តការពហុភាគីឱ្យវាដើររលូន មានលក្ខណៈបើកចំហនិងបរិយាប័ន្ន ហើយនិងការគោរពច្បាប់អន្តរជាតិ។ ដូច្នេះ នេះជាគោលការណ៍គ្រឹះដើម្បីយើងធានានូវស្ថិរភាព សន្តិសុខ ការអភិវឌ្ឍរួមនៅក្នុងតំបន់និងអន្តរជាតិ។ ខ្ញុំគិតថាកម្ពុជាយើងកំពុងដើរផ្លូវត្រូវ ទាក់ទងទៅនឹងគោលនយោបាយការបរទេស ហើយក្នុងឱកាសនេះដែរ យើងអាចនិយាយថាក្រោមការដឹកនាំដ៏ឈ្លាសវៃនៃ នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជារដ្ឋមន្ត្រីការបរទេសហ្នឹង គឺជាតួអង្គពីរសំខាន់ បូកជាមួយនឹងលេខាធិការ ជំនួយការ ទីប្រឹក្សាជាដើម គឺមានតួនាទីសំខាន់ដើម្បីជួយចូកចែវ និងជំរុញទូករបស់អាស៊ាន និងគោលនយោបាយការបរទេសរបស់កម្ពុជានិងនៅក្នុងផ្លូវមួយដែលមិនលម្អៀង ក្នុងនាមជាមិត្តទាំងអស់គ្នា ហើយទាំងអស់គ្នាជាមិត្តរបស់កម្ពុជា។ 

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

Recent Posts

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031