Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: ​អន្ទាក់ទណ្ឌកម្មសេដ្ឋកិច្ច បន្ទាប់ពីកើតឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន

សំណួរទី១៖   ជាបឋម ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនសហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើប្រទេសរុស្ស៊ីលើមូលដ្ឋាន នៃការឈ្លានពានទៅលើដែលអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន ជាពិសេសពីសំណាក់ ប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកជាដើម។ មិនយូរប៉ុន្មានទណ្ឌកម្មទាំងនោះ ក៏បានផ្តល់ជាផលអវិជ្ជមាននៃសេដ្ឋកិច្ចប្រទេសទាំងនោះវិញ ជាពិសេសគឺទាក់ទងទៅនឹងការឡើងថ្លៃប្រេង ដែលប្រទេសរស្ស៊ី គឺជាប្រទេសដែលនាំប្រេងច្រើនជាងគេនៅលើពិភពលោក។ ជាបឋម សូម (វាគ្មិន) អាចជួយរៀបរាប់បន្តិចពីទណ្ឌកម្មសេដ្ឋកិច្ចផ្សេងៗដែលប្រទេសទាំងនោះបានដាក់លើរុស្ស៊ី?

ចាប់តាំងពីមានការផ្ទុះសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដោយសារមានការវាយប្រហារដោយប្រទេសរុស្ស៊ីមក។យើងឃើញថាប្រទេសមួយចំនួន ជាពិសេសប្រទេសនៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេស ដែលជាដៃគូសំខាន់របស់អង្គការណាតូជាដើមនោះ បានចាប់ផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មមួយចំនួនទៀត រួមទាំងទណ្ឌកម្មការទូត ទណ្ឌកម្មទៅលើបុគ្គល គឺសំដៅទៅលើមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី ក៏ដូចជាមន្ត្រី ឬក៏ជាពាណិជ្ជករធំៗរបស់រុស្ស៊ី ដែលកំពុងតែរកស៊ីប្រតិបត្តិការអាជីវកម្មពាណិជ្ជកម្មទូទៅ នៅបណ្ដាប្រទេសធំៗលើពិភពលោក។ លើសពីនេះទៀតគឺដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច។ អម្បាញ់មិញគឺជាទណ្ឌកម្មផ្នែកនយោបាយ ទណ្ឌកម្មទៅលើបុគ្គល ទណ្ឌកម្មដែលមានលក្ខណៈស្រួចស្រាល់គឺសម្រិតសម្រាំងទៅលើបុគ្គល នយោបាយ បុគ្គលពាណិជ្ជកម្មធំៗ។ ទាក់ទងទៅនឹងទណ្ឌកម្មសេដ្ឋកិច្ច យើងមានឃើញដាក់ទៅលើទំនិញសំខាន់របស់ប្រទេសរុស្ស៊ី ដែលធំជាងគេបំផុតនោះ គឺការរឹតត្បិតទៅលើការនាំចូលទំនិញជាប្រេងឥន្ធនៈ ប្រេងសាំង និងឧស្ម័នជាដើម មកពីប្រទេសរុស្ស៊ី ដែលប្រទេសរុស្ស៊ីគឺជាប្រទេសដ៏ធំបំផុតមួយ ក្នុងចំណោមបណ្ដាប្រទេសធំៗលើពិភពលោកដែលផលិត និងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នទៅលើពិភពលោក ជាពិសេសទៅលើសហគមន៍អឺរ៉ុបនេះតែម្ដង។ ទំនិញផ្សេងៗទៀតរួមមានដែក រួមមានមាសជាដើម ហើយរួមទាំងការរឹតត្បិតនៅ ការសហការផ្នែកប្រព័ន្ធធនាគារមានន័យថាការទូទាត់ទំនិញពាណិជ្ជកម្មមួយទាំងអស់នោះ ទៅតាមប្រព័ន្ធធនាគារដោយយើងហៅថាជាប្រព័ន្ធទូទាត់អន្តរជាតិ SWIFT (Society for Worldwide interbank Financial Telecommunications) ទៅដល់បណ្ដាសកម្មភាពពាណិជ្ជកម្មដោយប្រទេសរុស្ស៊ី ឬក៏ដោយវិនិយោគិន អ្នកធំៗពីប្រទេសរុស្ស៊ីនេះត្រូវបានរិតត្បិត។ ឧទាហរណ៍មួយទៀត គឺការបង្កើននូវអត្រាពន្ធនាំចូលទៅដល់ទំនិញពីប្រទេសរុស្ស៊ី ដោយប្រទេសអង់គ្លេស គឺបានដាក់ និងបង្កើននូវអត្រាពន្ធនាំចូលនេះរហូតដល់ ៣៥ភាគរយលើទំនិញមកពីប្រទេសរុស្ស៊ី។ ជាលទ្ធផលយើងឃើញថាប្រទេសរុស្ស៊ីបានទទួលរងផលអវិជ្ជមានយ៉ាងច្រើន ដូចនៅក្រោយពីប្រទេស មួយចំនួនទាំងអស់នោះបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មនយោបាយ​ ក៏ដូចជាទណ្ឌកម្មការទូត។ 

សំណួរទី២៖   ពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្មនេះផងដែរ ដែលទាំងទណ្ឌកម្មសេដ្ឋកិច្ច នយោបាយ ឬក៏ទណ្ឌកម្មទូតនានា ក៏ដូចជាទណ្ឌកម្មទៅលើបុគ្គលសំខាន់ៗនៃប្រទេសរុស្ស៊ីយ៉ាងណាក៏ដោយ។ តើអ្វីទៅ ជាការឆ្លើយតបរបស់រុស្ស៊ីទៅលើការដាក់ទណ្ឌកម្មទាំងអស់ពីប្រទេសដែលប្រឆាំងនឹងការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន? 

យើងឃើញជាការឆ្លើយតប ប្រទេសរុស្ស៊ីបានថ្កោលទោស ទី​មួយ គឺប្រើយន្តការការទូត និងយន្តការនយោបាយជាការថ្កោលទោសទៅដល់បណ្ដាប្រទេសដែលបានដាក់ទណ្ឌកម្ម ហើយកាត់ផ្ដាច់នូវទំនាក់ទំនង។ ទំនាក់ទំនងជាផ្នែកការទូត ផ្នែកនយោបាយ និងឈានទៅដល់ការរឹតត្បិតនូវការនាំចេញមួយចំនួន ជាពិសេសគឺជាប្រេង ឧស្ម័ន និងឥន្ធនៈនេះទៅអឺរ៉ុបដែលធ្វើឱ្យប្រទេសអឺរ៉ុបមួយចំនួន ដែលតែងតែពឹងផ្អែកភាគច្រើនទៅលើប្រេងសាំង និងឥន្ធនៈពីរុស្ស៊ី ឬពឹងផ្អែកទៅលើទំនិញផ្សេងទៀតពីប្រទេសរុស្ស៊ី មានដែក ដែកថែប មាស រ៉ែមាសជាដើម និងនៅមានប្រភេទទំនិញផ្សេងៗទៀត ប្រើនៅក្នុងវិស័យសុខាភិបាល វិស័យកម្មន្តសាលក្នុងការផលិត រហូតទៅដល់យានយន្តប្រើនៅក្នុងផ្នែកអាកាសចរណ៍ស៊ីវិលផ្សេងៗទៀតត្រូវបានរឹតត្បិត ធ្វើឱ្យទំនិញឡើងថ្លៃ ធ្វើឱ្យមានអតិផរណាឡើងខ្លាំង។ អតិផរណា មានន័យថាការឡើងថ្លៃទំនិញជាទូទៅនៅក្នុងបណ្ដាប្រទេសអឺរ៉ុប នៅក្នុងបណ្ដាប្រទេសមួយចំនួនទាំងអស់នោះ ដែលបានដាក់ទណ្ឌកម្មមកលើប្រទេសរុស្ស៊ីផង ហើយបានជះឥទ្ធិពលអាក្រក់ ទៅដល់សេដ្ឋកិច្ច ទាំងនៅក្នុងសកលលោកទាំងមូលផង។ រុស្ស៊ីក៏បានឆ្លើយតបទៅវិញដោយបង្កើននូវប្រតិបត្តិការយោធា យើងឃើញហើយ តាំងពីមានការវាយលុកទៅលើអ៊ុយក្រែននោះជាការតបរុស្ស៊ីរឹតតែបង្កើននូវប្រតិបត្តិការសឹករបស់ខ្លួនជាការផ្គើន ឬក៏ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មទាំងអស់នោះ។ 

សំណួរទី៣៖   យើងឃើញថាទណ្ឌកម្ម ដែលត្រូវបានដាក់ដោយប្រទេសជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ ក៏ដូចជាសហរដ្ឋអាមេរិកទៅលើប្រទេសរុស្ស៊ី វាត្រូវបានប្រែក្លាយជាអន្ទាក់វិបត្តិសេដ្ឋកិច្ចទៅវិញ។​ តើទណ្ឌកម្មទាំងអស់នោះ វាបានជះឥទ្ធិពលត្រឡប់អ្វីខ្លះទៅដល់ប្រទេសដែលបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីនោះទៅវិញ

យើងឃើញទណ្ឌកម្មមិញនេះ មានលក្ខណៈ៤ប្រភេទធំៗ ទាំងផ្នែកសេដ្ឋកិច្ច មានន័យថាការរឹតត្បិតទៅលើ ការនាំចូល ក៏ដូចជាការនាំចេញទំនិញពីប្រទេសរុស្ស៊ី មានប្រេងមិនទាន់កែច្នៃ ឧស្ម័នដែលបានកែច្នៃហើយ ទៅលើរ៉ែធ្យូងថ្ម រ៉ែមាស គ្រឿងអលង្ការផ្សេងៗទៀត ដែកថែប ដែក និងលោហៈផ្សេងៗ ឈើ ស៊ីម៉ង់ត៍ ជីកសិកម្មមួយចំនួន ស្រា ម្ហូប និងគ្រឿងសមុទ្រមានទាំងពីCavier ដែលជាពងត្រីមានតម្លៃហើយផ្ញើចេញទាំងអស់នោះធ្វើឱ្យតម្លៃទំនិញជាទូទៅបានឡើងថ្លៃ។ តម្លៃទំនិញនេះបានជះឥទ្ធិពលអាក្រក់ទៅដល់ប្រជាជនសាមញ្ញ ប្រជាជនទូទៅដែលត្រូវការប្រើប្រាស់។ ទំនិញឡើងថ្លៃធ្វើឱ្យប៉ះពាល់ទៅដល់ សុខុមាលភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាជនទូទៅ ធ្វើឱ្យប៉ះពាល់ទៅដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងបណ្ដាប្រទេសទាំងអស់ ដែលមិនគ្រាន់តែប្រទេសដែលមិនដាក់ទណ្ឌកម្មប៉ុណ្ណោះទេ ប៉ុន្តែប្រទេសមួយចំនួននៅលើពិភពលោករួមទាំងកម្ពុជាផង ក៏បានរងផលអវិជ្ជមានពីការដាក់ទណ្ឌកម្មទាំងអស់នេះ ហើយលើសពីនេះទៅទៀតធ្វើឱ្យមានការធ្លាក់ចុះនៅកំណើនសេដ្ឋកិច្ចជាសកល និងប៉ះពាល់ទៅដល់សន្តិសុខស្បៀង ដោយសារតែមានការរាំងស្ទះនៃខ្សែចង្វាក់ផលិតកម្ម។ ទាំងអស់នេះប៉ះពាល់យ៉ាងខ្លាំងមែនទែនទៅដល់ហើយប្រហែលជាបន្តអូសបន្លាយទៅទៀត។ 

សំណួរទី៤៖   ដូចដែលលោកបណ្ឌិតបាន លើកឡើងហើយថាវិបត្តិសេដ្ឋកិច្ចនេះ វាមិនត្រឹមតែប៉ះពាល់ទៅដល់តំបន់នៅក្នុងប្រទេសអឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏វាជះឥទ្ធិពលទៅដល់ពិភពលោកទាំងមូលផងដែរ ដូចជាកម្ពុជាជាដើម ដែលជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី។​ តើវិបត្តិសេដ្ឋកិច្ចទាំងអស់នេះវាអាចនាំពិភពលោកទៅ វិបត្តិសេដ្ឋកិច្ចពិភពលោក ឬដែលហៅថា Economic Recession ដូចពីកាលមុនដែរឬទេ? 

យើងឃើញហើយ ចាប់តាំងពីការដាក់ទណ្ឌកម្ម ដែលនាំឱ្យទំនិញឡើងថ្លៃ ទំនិញសំខាន់ៗមួយចំនួនទៀត រួមទាំងទំនាក់ទំនងផ្នែកអាកាសចរណ៍ស៊ីវិល ក៏ដូចជាការហោះហើរ រវាងប្រទេសរុស្ស៊ីទៅបណ្ដាប្រទេសផ្សេងៗទៀតត្រូវបានរឹតត្បិត។ ជាសរុបរួមមក យើងឃើញថាតម្លៃទំនិញឡើងថ្លៃ ទំហំពាណិជ្ជកម្មចរាចរណ៍នៅលើពិភពលោកបានថមថយចុះ ការព្យាករថាសេដ្ឋកិច្ចអាចនឹងបន្តអន់ថយទៅទៀតរហូតទៅដល់ចុងឆ្នាំនេះ។ ហើយប៉ះពាល់ រហូតទៅដល់លទ្ធភាពនៃបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ក្នុងការស្តារ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ ទន្ទឹមដែលពិភពលោកកំពុងរងយាយជីរំខានដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ហើយប្រហែលជានឹងដាក់ទម្ងន់អវិជ្ជមាន កាន់តែធំទៅដល់លទ្ធភាព នៃការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សកលលោក។ 

សំណួរទី៥៖   ដូច(វាគ្មិន) ដែលបានលើកឡើងថាពិភពលោក ទើបតែងើបនិងដំណើរការឡើងវិញសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីជំងឺកូវីដ១៩ ហើយពេលនេះយើងមកជួបវិបត្តិសេដ្ឋកិច្ចបន្ទាប់ពីសង្គ្រាមរវាងរុស្ស៊ី ជាមួយនឹងអ៊ុយក្រែនវិញម្ដង។ តើ (វាគ្មិន) យល់ឃើញថាអ្វីទៅដែលជាគួរតែជាដំណោះស្រាយ ក៏ដូចជាយន្តការសម្រាប់សហគមន៍អន្តរជាតិ ដើម្បីដើរចេញពីវិបត្តិសេដ្ឋកិច្ចដែលជាអន្ទាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសរុស្ស៊ីនេះ

ជាបឋម គឺបណ្ដាប្រទេសទាំងអស់ដែលធ្លាប់ ហើយនិងបានកំពុងដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីនេះ គួរតែគិតពិចារណាឡើងវិញនៅក្នុងការកែសម្រួលនិងធ្វើឱ្យមានការធូរថយនូវទំហំនៃទណ្ឌកម្ម ទាំងទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជាទណ្ឌកម្មផ្នែកផ្សេងៗទៀតមិនមែនសេដ្ឋកិច្ច ក៏ប៉ុន្តែវាប៉ះពាល់ទៅដល់សកម្មភាពពាណិជ្ជកម្មវិនិយោគសេដ្ឋកិច្ច។ ប្រទេសទាំងអស់នោះគួរតែចាប់ផ្តើមគិតឡើងវិញពីព្រោះថា បើទោះបីជាបំណងនៃការដាក់ទណ្ឌកម្មនោះគឺមិនធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាជនទូទៅ មិនប៉ះពាល់ទៅដល់ផ្នែកកសិកម្ម ផ្នែកម្ហូបអាហារ ផ្នែកស្បៀងអាហារផ្នែកថ្នាំពេទ្យ និងប្រភពថាមពលសម្រាប់មនុស្សទូទៅ និងមិនប៉ះពាល់ទៅដល់ជំនួយផ្នែកមនុស្សធម៌ជាដើមក៏ដោយ។ ក៏ប៉ុន្តែតាមពិតផលប៉ះពាល់អវិជ្ជមាននេះបានរីករាលដាលដល់គ្រប់វិស័យ ហើយប៉ះពាល់ទៅដល់សុខុមាលភាពសេដ្ឋកិច្ចរបស់គ្រួសារ និងបុគ្គលម្នាក់ៗ ប៉ះពាល់ទៅដល់អត្រានៃការកម្មភាព និងប៉ះពាល់យូរអង្វែងទៀត ទៅដល់ការរីកដុះដាលនៃសហគ្រាសមីក្រូ ធុនតូច និងមធ្យម។ ដូច្នេះ ទាំងរុស្ស៊ីខ្លួនឯង ទាំងប្រទេសដែលបានដាក់ទណ្ឌកម្មមកលើរុស្ស៊ី គួរតែពិចារណានៅក្នុងការបន្ធូរបន្ថយនូវកម្ដៅនៃជម្លោះទាំងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនផង ទាំងជម្លោះផ្នែកនយោបាយការទូត ដែលឈានទៅដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនរូបភាពនេះ។ រុស្ស៊ីខ្លួនឯងក៏គួរតែពិចារណាលើធ្វើយ៉ាងណាដើម្បីកុំឱ្យមានការអូសបន្លាយនៃសង្គ្រាមយូរអង្វែងតទៅទៀត។ ជាសរុបរួមមក ទាំងប្រទេសតូច ទាំងប្រទេសមហាអំណាចថ្នាក់កណ្តាល ទាំងមហាអំណាចថ្នាក់ធំ គួរតែគិតនឹងរួមដៃគ្នាពិចារណាឡើងវិញ ទៅដល់ផលប៉ះពាល់អវិជ្ជមានទៅលើសេដ្ឋកិច្ចទាំងមូល។ 

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ