Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោក

AVI Voice និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោក
{{svg_share_icon}}

ចលនានៃអាវុធនុយក្លេអ៊ែរកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ក្នុងបរិបទនៃប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាច ក៏ដូចជាបញ្ហានៅឧបទ្វីបកូរ៉េដែលមិនទាន់មានដំណោះស្រាយដាច់ស្រេចនៅឡើយ។ បញ្ហានេះបានបង្កជាការព្រួយបារម្មណ៍របស់សហគមន៍អន្តរជាតិពាក់ព័ន្ធទៅនឹងសុវត្តិភាពសន្តិសុខពិភពលោក ក៏ដូចជាស្ថេរភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា បានពន្យល់លម្អិតអំពីកត្តាចម្បងដែលនាំឱ្យពិភពលោកបច្ចុប្បន្នងាកទៅរកកន្លងនៃមហាអំណាចនុយក្លេអ៊ែរ និងផលបច្ច័យដល់សន្តិសុខពិភពលោក។

សំណួរទី១៖ សូម (វាគ្មិន) រៀបរាប់អំពីចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំក៏ចង់បញ្ជាក់ជូនផងដែរ អំពីចលនានៃអាវុធនុយក្លេអ៊ែរនៅលើពិភពលោកបច្ចុប្បន្ននេះហើយយើងសង្កេតឃើញថាបច្ចុប្បន្នកំណើននៃការផលិតអាវុធនុយក្លេអ៊ែរនៅលើពិភពលោកនេះហាក់បីដូចជាថមថយ បានន័យថាចំនួននៃការផលិតអាវុធនុយក្លេអ៊ែរនេះវាថយចុះ បើយើងប្រៀបធៀបជាមួយនឹងឆ្នាំទៅ។ ប៉ុន្តែទោះបីជាមានការថយចុះនៃការផលិតនូវអាវុធនុយក្លេអ៊ែរនេះយ៉ាងណាក៏ដោយ ប៉ុន្តែអាវុធនុយក្លេអ៊ែរដែលត្រូវបង្កើតឡើងនៅខាងក្រោយនេះគឺជាអាវុធនុយក្លេអ៊ែរដែលទំនើបជាងមុន។

បើយើងយោងទៅតាមការប៉ានប្រមាណរបស់ «​វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ» គាត់បានលើកឡើងថាក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២២នេះមានប្រហែលជាង ១២ម៉ឺនគ្រាប់ ឬ១២៧០០០គ្រាប់ជាងនៅដើមឆ្នាំ២០២២។ ពោលគឺតិចជាងអំឡុង ពី៣០០ទៅ៤០០គ្រាប់ បើយើងប្រៀបធៀបជាមួយនឹងឆ្នាំ២០២១ហើយក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរទាំង១២៧០០ជាងគ្រាប់នេះគឺ៩0ភាគរយ កំពុងស្ថិតនៅលើកណ្ដាប់ដៃរបស់រុស្ស៊ីហើយនិងអាមេរិក​។

ការប្រមើលចុងក្រោយរបស់«វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ» បានឱ្យដឹងថារុស្ស៊ីបន្តស្ថិតនៅក្នុងមហាអំណាចនុយក្លេអ៊ែរនៅលើពិភពលោក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណជា៥៩៧០គ្រាប់ជាង។ បន្ទាប់មកទៀតគឺអាមេរិក ដែលមានប្រមាណជាង៥៤២៨គ្រាប់ជាង។ ចិនបច្ចុប្បន្នមានប្រហែលជា៣៥០គ្រាប់ទេ បារាំងមានចំនួន២៩០គ្រាប់ អង់គ្លេសមានប្រហែលជា២២៥គ្រាប់ ប៉ាគីស្ថានមានចំនួន១៦៥គ្រាប់ ឥណ្ឌាមានចំនួន១៦០គ្រាប់ និងអ៊ីស្រាអែលបច្ចុប្បន្នមានប្រហែលជាអំឡុង៩០គ្រាប់។ បើយើងយោងទៅតាមរបាយការណ៍របស់«វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ»បានព្រមានថាពេលវេលានៃការរំសាយអាវុធនុយក្លេអ៊ែរវាហាក់ដូចជាលែងមានទៀតហើយ ដោយឡែកហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរបានឡើងដល់កំពូល គិតតាំងពីក្រោយការបញ្ចប់សង្គ្រាមត្រជាក់មកម្ល៉េះ។

ហើយក្រោយការធ្លាក់ចុះតិចតួច នៅក្នុងឆ្នាំ២០២១មក ចំនួនអាវុធនុយក្លេអ៊ែរនឹងចាប់ផ្ដើមកើនឡើងសារជាថ្មី នៅទសវត្សរ៍ខាងមុខទៀត។ កំណើននៃអាវុធនុយក្លេអ៊ែរនៅលើពិភពលោកនៅទសវត្សរ៍ខាងមុខនេះ គឺត្រូវបាន«វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ»នេះទម្លាក់កំហុសទាំងស្រុងទៅលើសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដែលប្រធានាធិបតីរុស្ស៊ីពូទីននោះ បានគំរាមអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែ។ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងការគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរបស់ពូទីននោះ គឺបានជំរុញឱ្យមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត ចាប់ផ្ដើមគិតគូរទៅលើផែនការទៅលើការធ្វើទំនើបកម្ម ឬការបង្កើននូវការផលិតនុយក្លេអ៊ែររបស់ខ្លួន។

តួយ៉ាងយើងឃើញហើយដូចជាចិននិងអង់គ្លេសជាដើម ហើយគួរបញ្ជាក់ជូនផងដែរ ថា«មន្ទីរបញ្ចកោណរបស់អាមេរិក» និយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីដើមខែវិច្ឆិកាឆ្នាំ២០២១ហ្នឹង ថាចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរកាន់តែច្រើន ហើយកាន់តែលឿនលើសពីការរំពឹងទុកទៅទៀត។ បើយោងតាមរបាយការណ៍ ប្រទេសចិនត្រូវបានគេរំពឹងថានឹងមានក្បាលគ្រាប់នុយក្លេអ៊ែរហ្នឹង ចំនួន៧០០គ្រាប់នៅឆ្នាំ២០២៧ ហើយនឹងអាចបន្តកើនឡើងដល់១០០០គ្រាប់ទៀតនៅឆ្នាំ២០៣០។ មន្ទីរបញ្ចកោណបានប្រកាសថា ប្រទេសចិនមានការព្រួយបារម្ភផ្នែកសន្តិសុខជាចម្បងរបស់ខ្លួនសម្រាប់ពេលអនាគត​ ខណៈទីក្រុងប៉េកាំងអនុវត្តការកសាងកងទ័ពរំដោះប្រជាជនទៅជាកងកម្លាំងលំដាប់ពិភពលោក នៅឆ្នាំ២០៤៩។

មែនទែនទៅយ៉ាងណាក៏ដោយនៅក្នុងរបាយការណ៍អាមេរិកបានលើកឡើងថាចិន មិនទំនងបង្កើនសមត្ថភាពនុយក្លេអ៊ែរ ដើម្បីវាយប្រហារទៅលើសត្រូវដែលមានអាវុធនុយក្លេអ៊ែរនោះទេគឺ ទំនងដើម្បីបង្ហាញអំពីអំណាចរបស់ខ្លួននៅជាសកល ហើយបង្ខំឱ្យមេដឹកនាំតៃវ៉ាន់ ឱ្យចូលតុចរចាតាមលក្ខខណ្ឌរបស់ទីក្រុងប៉េកាំង។ ដោយសារបញ្ហាបែបហ្នឹងហើយ ទើបចិនវាយបកទៅអាមេរិកវិញ បន្ទាប់ពីការចេញសេចក្ដីថ្លែងការណ៍របស់មន្ទីរបញ្ចកោណនៅដើមខែវិច្ឆិកា២០២១ហ្នឹង ចិនក៏បានវាយបក ទៅលើរបាយការណ៍ដែលមន្ទីរបញ្ចកោណបានចេញដោយប្រឆាំងទៅលើរបាយការណ៍ស្ដីពីការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរហ្នឹង ដោយចិនចាត់ទុកថារបាយការណ៍ហ្នឹង របស់មន្ទីរបញ្ចកោណដឹងថាមិនបានផ្អែកទៅលើហេតុផលជាក់ស្តែងហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបង្កើនការគំរាមកំហែង។

ហើយអ្នកនាំពាក្យក្រសួងការបរទេសរបស់ចិនក៏បាននិយាយទៀតថាអាមេរិកបានប្រើប្រាស់របាយការណ៍ដែលចេញផ្សាយ ដោយក្រសួងការពារជាតិដើម្បីបញ្ឆះឱ្យមានការនិយាយកាន់តែផុសផុល អំពីការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់ចិន។ លោកក៏បានបន្ថែមទៀតថា សហរដ្ឋអាមេរិកទៅវិញទេ ដែលជាប្រភពនៃការគំរាមកំហែងនុយក្លេអ៊ែរដ៏ធំបំផុតនៅលើពិភពលោក។ មួយវិញទៀត ខ្ញុំក៏ចង់បញ្ជាក់ដែរថាតាមការបញ្ជាក់របស់ ទីភ្នាក់ងាររ៉យទ័រ បានរៀបរាប់ថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន ក៏បាននិយាយកាលពីដើមខែកក្កដានេះថា ទីក្រុងម៉ូស្គូបានបើកទូលាយសម្រាប់ការសន្ទនាស្ដីពីស្ថិរភាពយុទ្ធសាស្ត្រនិងការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ប៉ុន្តែវិមានក្រឹមឡាំងបានបញ្ជាក់ថាសម្រាប់ពេលនេះ គឺមិនទាន់មានកិច្ចពិភាក្សាបែបនេះណាមួយជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៅឡើយទេ។

បើទោះបីជាប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក៏ដោយ ក៏ប៉ុន្តែទាំងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន សុទ្ធតែបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាទំនាក់ទំនងលើបញ្ហាអាវុធនុយក្លេអ៊ែរ ហើយខណៈដែលការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែនកាន់តែសន្ធឹកសន្ធាប់ ពិភពលោកកំពុងតែតាមដានយ៉ាងដិតដល់អំពីការផ្ទុះសង្គ្រាមលោកលើកទី៣ ហើយប្រសិនបើវាកើតឡើងមែននោះ វាអាចនឹងជាប់ពាក់ព័ន្ធជាមួយនិងអាវុធនុយក្លេអ៊ែរផងដែរ។

សំណួរទី២៖ នាពេលបច្ចុប្បន្ន កូរ៉េខាងជើងនៅតែបន្តសកម្មភាពរបស់ខ្លួន ក្នុងការប្រើប្រាស់នូវការបាញ់សាកល្បងអាវុធមីស៊ីលគ្រប់ប្រភេទ។ ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់កូរ៉េខាងជើងនេះ ថាតើវាបានផ្តល់នូវផលបច្ច័យអ្វីខ្លះ ទៅដល់សន្តិសុខនៅក្នុងតំបន់ជាពិសេសពិភពលោកទាំងមូល?

ពាក់ព័ន្ធនឹងបញ្ហាកូរ៉េទាំងពីរហ្នឹង គឺមែនទែនទៅភាពតានតឹងនៅឧបទ្វីបកូរ៉េនេះ បច្ចុប្បន្នអត់ទាន់ឃើញមានដំណោះស្រាយជាដុំកំភួនណាមួយ ដែលអាចចូលទៅសម្របសម្រួលបញ្ហា ក៏ដូចជាភាពតានតឹងផ្សេងៗដែលកើតឡើងនៅក្នុងឧបទ្វីបកូរ៉េនោះដែរ ហើយបញ្ហាវានៅតែអូសបន្លាយរហូតមកដល់បច្ចុប្បន្នហើយ។ យើងឃើញជាទៀតសោតថាកូរ៉េខាងជើងខ្លួនឯងនោះ ស្របពេលដែលវាមានភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េហើយកូរ៉េខាងជើងនោះ គាត់កំពុងបន្តផលិតនុយក្លេអ៊ែ ហើយគាត់បានធ្វើតេស្តជាច្រើនលើកច្រើនសាដោយមិនខ្លាចនូវគំនាបពីបរទេស ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគឺកូរ៉េខាងជើងមិនដែលញញើតជាមួយនឹងទណ្ឌកម្មទាំងអស់នោះទេ។ គាត់នៅតែបន្តផលិតនូវអាវុធនុយក្លេអ៊ែរ គាត់ធ្វើទំនើបកម្មអាវុធរបស់គាត់ ហើយគាត់បាញ់សាកល្បងជារឿយៗ។

អ៊ីចឹងសួរថា តើសកម្មភាពទាំងអស់នោះ វាជះឥទ្ធិពលក៏ដូចជាផ្ដល់ផលអ្វីខ្លះចំពោះសន្តិសុខ ក៏ដូចជាសុវត្ថិភាពក្នុងតំបន់ និងពិភពលោកទាំងមូល? ពាក់ព័ន្ធនឹងចំណុចនេះ ខ្ញុំចង់ជម្រាបជូនផងដែរ ថាមិនចាំបាច់តែកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលទេ ថាទោះបីជាក្នុងករណីគាត់មិនបាញ់គ្រាប់មីស៊ីលក៏ដោយ គ្រាន់តែថាគាត់ផលិត គ្រាន់តែឮព័ត៌មានផ្សព្វផ្សាយថាគាត់អភិវឌ្ឍនូវមីស៊ីលល្បឿនលឿន ហើយមានឥទ្ធិពលខ្លាំងជាងមុននោះ ចំណុចត្រឹមតែប៉ុណ្ណឹងក៏អាច ធ្វើឱ្យពិភពលោកមានចលាចលបានដែរ។

ដូចថ្មីៗនេះមានព័ត៌មានដែលចេញផ្សាយថាកូរ៉េខាងជើងបានអភិវឌ្ឍនូវមីស៊ីលរបស់ខ្លួន មីស៊ីលបាលីស្ទិករបស់ខ្លួន ដែលមានរយៈចម្ងាយឆ្ងាយ ហើយបាញ់ល្បឿនលឿនទៀត។ គ្រាន់តែព័ត៌មានប៉ុណ្ណឹងធ្វើឱ្យប្រទេសមួយចំនួន មានភាពជ្រួលច្របល់ ហើយខ្លះទៀតបានស្នើទៅអង្គការសហប្រជាជាតិដើម្បីបន្ថែមទណ្ឌកម្មទៅលើកូរ៉េខាងជើងបន្ថែមទៀត ហើយខ្លះទៀតក៏បានផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងកូរ៉េខាងជើង ដោយសារតែបញ្ហាទាំងអស់នោះ។ យើងមើលឃើញថា កាលខែមិថុនាថ្មីៗនេះ គឺកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួច ដែលទើបអភិវឌ្ឍថ្មីនេះ ដោយកាំជួ្រចហ្នឹងគឺកាំជ្រួចផ្លោងចំងាយខ្លីទេ រហូតដល់ទៅ៨ដើមចូលទៅក្នុងសមុទ្រភាគខាងកើតរបស់ខ្លួន។ ពេលនោះស្រាប់តែរដ្ឋមន្ត្រីការពារជាតិរបស់ជប៉ុននោះ បាននិយាយថាការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះគឺមិនអាចអត់ឱនឱ្យបានទេ។ ខណៈដែលបញ្ជាការរបស់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបាននិយាយថាការបាញ់កាំជ្រួចផ្លោងរបស់កូរ៉េខាងជើងរំលេចឱ្យឃើញផលប៉ះពាល់ដល់អស្ថិរភាពនៃកម្មវិធីសព្វាវុធខុសច្បាប់របស់កូរ៉េខាងជើង។

បើតាមតថភាពជាក់ស្ដែងជប៉ុនក៏អាចនិយាយបានថាខ្លាចមីស៊ីលរបស់កូរ៉េខាងជើងដែរ ដោយហេតុថាកូរ៉េខាងជើងបានអភិវឌ្ឍមីស៊ីលជំនាន់ថ្មីរបស់ខ្លួននេះ រំលងទ្វីបទៅដល់ប្រទេសជប៉ុនបានទៀត។ ហើយចំពោះការបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើងនេះ នឹងផ្តល់ការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ជាពិសេសអ្នកភ័យជាងគេគឺកូរ៉េខាងជើងកូរ៉េខាងត្បូង ហើយនិងជប៉ុននេះឯង។ បើទោះបីកំពុងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីអង្គការសហប្រជាជាតិឬបច្ចឹមលោកក្ដី ក៏កូរ៉េខាងជើងគាត់ មិនឈឺក្បាល មិនខ្វល់ខ្វាយ ជាមួយនឹងទណ្ឌកម្មទាំងអស់នោះដែរ ​ហើយជាមួយគ្នានេះក៏បានបង្ហាញអំពីឧបទ្វីបកូរ៉េក៏នៅតែជាតំបន់ស្ថិតនៅក្រោមការគំរាមកំហែងនិងងាយរងគ្រោះនោះដដែល។

ហើយបើយើងយោងតាមសេចក្ដីរាយការណ៍របស់វិទ្យុបារាំងនៅកម្ពុជាអ្នកដែលភ័យព្រួយជាងគេគឺជប៉ុន ប៉ុន្តែមិនមែនអាមេរិកទេ ពីព្រោះថាមីស៊ីល ដែលកូរ៉េខាងជើងបានបាញ់សាកល្បង ជាមីស៊ីលចម្ងាយឆ្ងាយដែលមានសមត្ថភាពរត់ដល់ប្រទេសជប៉ុន ប៉ុន្តែមកដល់ទឹកដីអាមេរិកទេ ប៉ុន្តែអាមេរិកក៏ត្រូវចេញមុខថ្កោលទោសដែរ លើសកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ ពីព្រោះមីស៊ីលរបស់កូរ៉េខាងជើងនេះមានសមត្ថភាពគំរាមកំហែងសន្តិសុខកូរ៉េខាងត្បូងនិងជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។

ការគំរាមកំហែងសន្តិសុខ របស់ជប៉ុន ក៏ដូចជាកូរ៉េខាងត្បូងហ្នឹង គឺដូចជាការគំរាមកំហែងអាយុជីវិតទាហានរបស់អាមេរិកចំនួនចិត្តប្រហែល ៣ម៉ឺននាក់ដែលកំពុងឈរជើងប្រចាំការនៅកូរ៉េខាងត្បូងហើយបើតាមការរៀបរាប់របស់ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជើង KCNAជាលើកដំបូង ដែលថាកូរ៉េខាងជើងបានអភិវឌ្ឍមីស៊ីលរបស់ខ្លួនបានចម្ងាយឆ្ងាយ។ បើតាមការរៀបរាប់របស់ទីភ្នាក់ងាររដ្ឋកូរ៉េខាងជើងទៀត មីស៊ីលហោះបានចម្ងាយឆ្ងាយបានរហូតដល់១៥០០គីឡូម៉ែត្រឯណោះ ហើយក្នុងរយៈពេល២ម៉ោង៦នាទី។ ការបាញ់សាកល្បងនេះ បានបង្ហាញឱ្យឃើញថា ទាំងបច្ចេកទេសនៃការបាញ់ ទាំងការបាញ់ចេញពីជើងទម្រ ហើយតាំងពីការតាមដានគ្រប់គ្រងដំណើរការហោះហើររបស់មីស៊ីល រហូតដល់គោលដៅគឺមានប្រសិទ្ធភាពល្អ ឆ្លើយតបទៅនឹងគោលដៅអ្នកអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងជើង។

ហើយបើយើងសង្កេតមើលទៀត យើងយោងទៅតាមការប៉ាន់ប្រមាណរបស់«វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ»នៅឆ្នាំ២០២២នេះ កូរ៉េខាងជើងត្រូវបានវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិមើលឃើញថាជាលើកទី១ ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន២០ និងវត្ថុធាតុដើមគ្រប់គ្រាន់ ដើម្បីឈានទៅការផលិតប្រមាណជាង៥០គ្រាប់ទៀត ហើយកូរ៉េខាងជើងតែងតែបាញ់ សាកល្បងមីស៊ីលជាញឹកញាប់សម្រាប់អ្នកជំនាញរបស់ព្យុងយ៉ាងចង់បង្ហាញទៅកាន់សហគមន៍អន្តរជាតិថា ក្នុងនាមជាខ្លួនជាប្រទេសមហាអំណាចនុយក្លេអ៊ែរ កូរ៉េខាងជើងបានបោះជំហានទៅមុខខាងបច្ចេកវិទ្យាផលិតសព្វាវុធ។

ម្យ៉ាងវាអាចជាតេស្តសាកល្បងភាពអត់ធ្មត់របស់រដ្ឋបាលរបស់លោកចូបៃដិន ហើយកូរ៉េខាងជើងអាចចង់ដឹងថា តើខ្លួនអាចបាញ់សាកល្បងមីស៊ីលរហូតដល់ពេលណា? បានធ្វើរដ្ឋបាលចូបៃដិនចាប់ផ្តើមបន្ទន់ជំហររបស់ខ្លួន មកចរចានិងដកទណ្ឌកម្មសេដ្ឋកិច្ចពីកូរ៉េខាងជើង ប៉ុន្តែចាប់តាំងពី ត្រូវជាប់ទណ្ឌកម្មសេដ្ឋកិច្ចសាជាថ្មី របស់ក្រុមប្រឹក្សាសន្តិសុខនៅឆ្នាំ២០១៧នេះ ដោយសារកូរ៉េខាងជើងផ្គើនបាញ់មីស៊ីលបាលីស្ទិក កូរ៉េខាងជើងបានសាកល្បងបាញ់ បាលីស្ទិកជាច្រើនលើកទៀត ប៉ុន្តែកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចម្ងាយជិត ឬចម្ងាយឆ្ងាយ ពោលគឺមិនដែលប្រកាសថាខ្លួនបាញ់សាកល្បងមីស៊ីលបាលីស្ទិក ដែលហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខនោះទេ។

ភាពតានតឹងនៅឧបទ្វីបកូរ៉េបានបង្កក្ដីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាង ជាពិសេសកូរ៉េខាងត្បូងនិងជប៉ុន ដែលជាគោលដៅវាយប្រហាររបស់កូរ៉េខាងជើង ដោយសារនៅទីនោះមានទាហានអាមេរិកឈរជើងដូចខ្ញុំបានរៀបរាប់ខាងលើ ថាមានប្រហែលជា៣ម៉ឺននាក់នៅឈរជើង នៅកូរ៉េខាងត្បូង។ ចំណុចទាំងនេះហើយបានជាកូរ៉េខាងត្បូងបង្កើនការទិញអាវុធ ដើម្បីការពារខ្លួនហើយអាវុធដែលកូរ៉េខាងត្បូងទិញភាគច្រើនគឺចេញពីសហរដ្ឋអាមេរិកតែម្តង ហើយគោលដៅសំខាន់នៃការបាញ់សាកល្បងមីស៊ីលអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនេះ នៅតែដូចដើមគឺទាមទារ ចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ជាពិសេសគឺអាមេរិក និងប្រទេសជិតខាងដូចជាជប៉ុន កូរ៉េខាងត្បូង ឱ្យឃើញថាកូរ៉េខាងជើងនៅមានសមត្ថភាពផលិតអាវុធ។

បើទោះបីជាកម្មវិធីផលិតអាវុធរបស់ប្រទេសកុម្មុយនីស្តមួយហ្នឹង ត្រូវបានគេប្រឆាំងនឹងរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអង្គការសហប្រជាជាតិ ជាច្រើនលើកច្រើនសាក្ដី។ ការបាញ់សាកល្បងមីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែរ គឺរមែងធ្វើឱ្យកូរ៉េខាងជើងរងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិជានិច្ច ឱ្យតែគាត់បាញ់ គឺនៅពេលដែលគាត់ចាប់ផ្តើម បាញ់អាវុធនុយក្លេអ៊ែរក៏តេស្តគាត់សាកល្បងអាវុធនុយក្លេអ៊ែររបស់គាត់គាត់ត្រូវទទួលរងនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ ប៉ុន្តែកូរ៉េខាងជើងមិនដែលរអា ហើយឈប់បាញ់នោះទេ គាត់នៅតែបន្តសកម្មភាពរបស់គាត់ដដែលៗនោះឯង។

សំណួរទី៣៖ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៩ បានកំពុងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរផងដែរដែលឈរលើគោលគំនិតបង្ហាញ អំពីអនុភាព និងអំណាចរបស់ខ្លួននៅលើពិភពលោក ដែលជាកត្តាមួយក្នុងការធ្វើឱ្យគាំងនៃការកាត់បន្ថយអាវុធនុយក្លេអ៊ែរ បន្ទាប់ពីសម័យសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់។ តាមការយល់ឃើញរបស់ (វាគ្មិន) តើទឡ្ហីករណ៍មួយនេះ វានឹងអាចនាំឱ្យពិភពលោកត្រឡប់ទៅសម័យមុន ឬក៏អំឡុងពេលនៃសម័យសង្គ្រាមត្រជាក់ឬក៏យ៉ាងណាដែរ? 

ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំចង់ជម្រាបជូនផងដែរថា ពិភពលោកយើងមានអាវុធនុយក្លេអ៊ែរច្រើនបំផុតនៅក្នុងទសវត្សរ៍ទី៨០ ដែលកាលនោះគេឃើញមានគ្រាប់ក្បាលនុយក្លេអ៊ែរប្រហែលជាប្រមាណ៧ម៉ឺនគ្រាប់ឯណោះ។ សហរដ្ឋអាមេរិក ហើយនិងរុស្ស៊ីហ្នឹង គឺជាប្រទេសមហាអំណាចនុយក្លេអ៊ែរធំជាងគេលើពិភពលោកនោះហើយដែល៩០ភាគរយនៃអាវុធនុយក្លេអ៊ែរទាំងអស់នោះ គឺជារបស់អាមេរិកជាមួយនិងរុស្ស៊ី។

ស្របពេលហ្នឹងដែរយើងសង្កេតឃើញមានប្រទេសនុយក្លេអ៊ែរមួយចំនួនបានចាប់ផ្តើមធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយបានលើកឡើងថាពិភពលោកនេះមានអាវុធនុយក្លេអ៊ែរតិចមែន ប៉ុន្តែទំនើបជាងមុន ហើយយុគសម័យនៃការរំលាយអាវុធនុយក្លេរអ៊ែរហាក់ដូចជា ឈានចូលដល់ទីបញ្ចប់ ហើយហានិភ័យនៃការកើនឡើងនៃអាវុធនុយក្លេអ៊ែ នៅពេលនេះស្ថិតនៅក្នុងចំណុចខ្ពស់បំផុតនៅក្នុងសម័យក្រោយសង្គ្រាមត្រជាក់នេះ។ មួយវិញទៀតចាប់តាំងពីការបិទបញ្ចប់ សង្គ្រាមត្រជាក់ចំនួនអាវុធនុយក្លេអ៊ែរនៅលើសកលលោក អាចចាប់ផ្តើមកើនឡើងជាលើកដំបូង ហើយក៏អាចជាសញ្ញាមួយដែលបង្ហាញថាពិភពលោកថ្ងៃណាមួយដែលជួបគ្រោះថ្នាក់។ មួយវិញទៀតបន្ទាប់ពីការថយចុះបន្តិចបន្តួចបន្ទាប់ពីឆ្នាំទៅ យើងឃើញហើយថាឆ្នាំ២០២២នេះ បើប្រៀបធៀបជាមួយឆ្នាំ២០២១គឺវាតិចជាងប្រមាណ៣៥០គ្រាប់ជាង។

បើសិនយើងប្រៀបធៀបបរិមាណតិចតួច ដែលប្រៀបធៀបជាមួយឆ្នាំទៅ ឃ្លាំងអាវុធនុយក្លេអ៊ែត្រូវបានគេរំពឹងថាអាចនឹងកើនឡើងនៅទសវត្សរ៍ខាងមុខទៀត ហើយទំនើបជាដងឆ្នាំរាល់ដង។ ហេតុផលដែលនាំឱ្យមានការជំរុញការពង្រឹងអាវុធនុយក្លេអ៊ែរនេះឡើងគឺដោយសារសង្គ្រាមនៅអ៊ុយក្រែន ហើយនៅក្នុងកំឡុងសង្គ្រាមនោះ គឺពិតជាប្រធានាធីបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន លោកបានលើកឡើងអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះឯង ហើយប្រទេសមួយចំនួន រួមទាំងចិននិងអង់គ្លេសផងដែរ បច្ចុប្បន្ននេះគឺកំពុងធ្វើទំនើបកម្មជាផ្លូវការឬក៏មានអាវុធខ្លះ យើងធ្វើទំនើបកម្មក្រៅផ្លូវការ ឬបង្កើននូវឃ្លាំងអាវុធរបស់ពួកគេ។

អ្នកជំនាញ គាត់បានលើកឡើងថា វានឹងពិបាកណាស់ក្នុងការធ្វើឡើងឱ្យមានវឌ្ឍនភាពក្នុងការរំសាយអាវុធនុយក្លេអ៊ែរនៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននេះហើយ ដោយសារលោកពូទីនក៏កំពុងតែនិយាយអំពីអាវុធនុយក្លេអ៊ែររបស់គាត់ទៀត។ មានសេចក្ដីថ្លែងការណ៍មួយ គួរឱ្យព្រួយបារម្ភខ្លាំងបំផុត ចំពោះបញ្ហាអាវុធនុយក្លេអ៊ែរនេះគឺ រដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរជាច្រើនទៀត កំពុងតែគិតអំពីយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ពួកគេ ហើយនៅក្នុងកម្មវិធីនុយក្លេអ៊ែរមែនទែនទៅ យើងឃើញ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយនិងការអភិវឌ្ឍវិស័យដែលមានល្បឿនលឿនជាងសំឡេង​កាន់តែមានភាពជឿនលឿន ក្នុងចំណោមរឿងផ្សេងទៀត ដែលបានធ្វើឱ្យពិភពលោកមានការព្រួយបារម្ភ។

អ៊ីចឹងបានន័យថាការវិវឌ្ឍន៍របស់នុយក្លេអ៊ែមិនអាចនឹងបញ្ឈប់ ក៏ដូចជាមិនអាចនឹងរំសាយបានដែរ ពីព្រោះថា ក្នុងរយៈពេលនេះការចាប់ផ្តើមនៃការធ្វើទំនើបកម្មនៅអាវុធនុយក្លេអ៊ែរបស់បណ្ដាប្រទេសនីមួយៗគឺចាប់ផ្តើមបន្តទៅមុខជានិច្ច។ ហើយការប្រកួតប្រជែងទៅលើសភាវុធ និងការអះអាង ក៏ដូចជាការសម្ញែងនៅលើពិភពលោកថាខ្លួន គឺជាមហាអំណាចនុយក្លេអ៊ែរនោះក៏កាន់តែមានការកើនឡើង។ ដូច្នេះហើយទាក់ទងទៅនឹងការរំសាយការ ការបញ្ចប់ នូវការបង្កើតនៃអាវុធនុយក្លេអ៊ែ គឺប្រហែលជាមិនអាចនឹងកើតមានឡើងបានទេ។ 

សំណួរទី៤៖ សន្ធិសញ្ញាស្ដីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ឬភាសាអង់គ្លេសហៅថា Treaty of Nuclear Non-Proliferation​ ដែលជាសន្ធិសញ្ញាគោលនៅក្នុងការទប់ស្កាត់នូវការរីកសាយភាយអាវុធនុយក្លេអ៊ែរនៅលើពិភពលោក។ តើវានឹងផ្តល់នូវការព្រួយបារម្ភយ៉ាងណា ទៅដល់ពិភពលោក ប្រសិនបើដែលមានអំណាចនុយក្លេអ៊ែរនោះ មិនខ្វល់សោះឡើយ និងមិនខ្លាចសោះឡើយនៅមូលដ្ឋានច្បាប់ពិភពលោកបែបនេះ? 

មែនទែនទៅប្រាកដណាស់ បើសិនជាសន្ធិសញ្ញាស្ដីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរនោះមិនត្រូវបានគោរពនិងអនុវត្តនោះទេ ការប្រឈមមុខដាក់គ្នា ក៏ដូចជាបញ្ហាសន្តិសុខពិភពលោកនឹងត្រូវបានគំរាមកំហែង ហើយចលនានៃការផលិតអាវុធនុយក្លេអ៊ែរនិងត្រូវបានកើនឡើង។ នាពេលនោះហើយ វាបានធ្វើឱ្យពិភពលោកស្ថិតនៅភាពមិនប្រាកដប្រជាណាមួយ ​ហើយបើយើងនិយាយឱ្យស្រួលស្ដាប់ទៅគឺដូចជា«អង្គការសង្គមប្រជាជាតិ»អ៊ីចឹង បង្កើតឡើងដើម្បីធានារក្សាសន្តិសុខក្នុងតំបន់ ហើយបញ្ចប់នូវសង្គ្រាមលោកលើកទី១ ប៉ុន្តែចុងក្រោយគឺសង្គមប្រជាជាតិហ្នឹង គឺមិនអាចអនុវត្តនូវសកម្មភាពខ្លួនឯងបានទេ វានាំឱ្យមានកើតឡើងនូវសង្គ្រាមលោកលើកទី២ដដែល។

មែនទែនទៅ បើយើងពិនិត្យទៅលើភាពជាក់ស្ដែងលោកពូទីនបានប្រើយុទ្ធសាស្ត្រគំរាមកំហែងនុយក្លេអ៊ែរទៅប្រទេសអ៊ុយក្រែន ដែលនេះសបញ្ជាក់ឱ្យឃើញថារុស្ស៊ីគឺមិនខ្លាចច្បាប់នោះទេ។ មួយវិញទៀតចេតនាចម្បងនៃការគំរាមកំហែងហ្នឹងគឺជួយនៅពីក្រោយកងទ័ពហ្នឹងគេឱ្យទទួលបានជ័យជម្នះក្នុងសង្គ្រាមធម្មតាមួយ។ យុទ្ធសាស្ត្របែបនេះគឺ ពិតជាដំណើរការមែន ពីព្រោះថាការគាំទ្ររបស់អាមេរិក និងណាតូចំពោះអ៊ុយក្រែននោះមានទំហំធំធេងមិនធ្លាប់មានក៏ពិតមែន ប៉ុន្តែពួកគេនៅស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធ ក៏ដូចជាការប្រយុទ្ធ ឬជាឧបករណ៍ចម្បាំងផ្សេងៗទៅទីក្រុងកៀវដែរ។

ហើយការប្រើប្រាស់អាវុធទាំងនេះទៀតសោតគឺសុទ្ធតែមានភ្ជាប់ជាមួយនឹងលក្ខខណ្ឌ គឺហាមបាញ់ចូលដីរុស្ស៊ី បានន័យថាលោក ចូ បៃដិន ខ្លួនឯង ទោះជាព្រមផ្តល់នូវមីស៊ីលរយៈចម្ងាយឆ្ងាយក្រែងតែបានដាក់លក្ខខណ្ឌឱ្យប្រើប្រាស់នៅក្នុងទឹកដីអ៊ុយក្រែនតែប៉ុណ្ណោះ។ ដោយហាមមិនឱ្យវាយប្រហារទៅដល់គោលដៅនៅក្នុងទឹកដីរុស្ស៊ីជាដាច់ខាត រហូតដល់ថ្នាក់សូម្បីតែសមាជិកណាតូខ្លះ ថែមទាំងយល់ថាអ៊ុយក្រែនគួរតែផ្សះផ្សារជាមួយរុស្ស៊ីទៅ ពីព្រោះពួកគេបារម្ភខ្លាចលោកពូទីនខឹង នោះគឺជារឿងគ្រោះថ្នាក់បំផុតពីព្រោះ លោកពូទីននិយាយម្ដងហើយម្ដងទៀតថានឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីបញ្ចប់សង្គ្រាមនេះ។ អ៊ីចឹងគួរបញ្ជាក់ផងដែរថា យោងតាមក្រុមអ្នកជំនាញការគំរាម ប្រើអាវុធនុយក្លេអ៊ែររបស់លោកពូទីននេះបានកែប្រែសណ្ដាប់ធ្នាប់នុយក្លេអ៊ែរនៅលើពិភពលោកអស់ហើយ ដល់ចំណុចមួយពិបាកនឹងការជួសជុលឡើងវិញ។

សន្ធិសញ្ញាមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ដែលយើងឃើញជាក់ស្ដែងនៃដែលបានចូលជាធរមាននៅឆ្នាំ២០២១ និងមានប្រទេស៨៦គាំទ្របានអំពាវនាវឱ្យពួកគេទប់ស្កាត់នៃការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ តែយ៉ាងណាក៏ដោយបណ្ដាប្រទេសដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃរួចហើយដូចជាកូរ៉េខាងជើង ជាពិសេសចិន បើតាមក្រុមអ្នកជំនាញមិនត្រឹមតែមិនរំសាយទេ ផ្ទុយទៅវិញទៅទីក្រុងប៉េកាំងមានបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីទុកកំញើញអាមេរិកទៀត និងសម្ព័ន្ធមិត្តកុំឱ្យលូកដៃនៅក្នុងករណីចិនប្រើកម្លាំងយោធាទៅលើតៃវ៉ាន់។ ក្នុងន័យនេះគឺជាមេរៀនមួយដែលចិនប្រហែលជាបានរៀនថា នោះគឺអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺបារម្ភភ័យអាមេរិកនិងណាតូ កុំឱ្យចូលជួយអ៊ុយក្រែន។

មួយវិញទៀតខ្ញុំក៏ចង់បង្ហាញអំពី«​សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៦៨ហើយចូលជាធរមានឆ្នាំ១៩៧០ផងដែរ។ នៅក្នុងនោះវាមានចំណុចសំខាន់ចំនួន៣ ដែលជាសសរទ្រូងនៃសន្ធិសញ្ញានេះ ទី(១) គឺការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ។ នៅក្នុងហ្នឹង គឺសន្ធិសញ្ញាការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរនេះ គឺមានគោលដៅទប់ស្កាត់ឱ្យនៅដដែល ពោលគឺប្រទេសណាដែលមានអាវុធនុយក្លេអ៊ែរហើយ បានន័យថាគាត់មានចុះ។ គេទប់កុំឱ្យមានការបង្កើននូវចំនួនទាំងអស់នោះឡើងមកទៀត បានន័យថាអ្នកដែលមានហើយគឺគេទុកឱ្យមានត្រឹមកម្រិតនឹងចុះ ប៉ុន្តែគេត្រូវទប់ស្កាត់ កុំឱ្យប្រទេសដែលអត់ទាន់មាននោះកុំឱ្យផលិតអាវុធនុយក្លេអ៊ែសរ។

អ៊ីចឹងដើម្បីសម្រេចតាមគោលដៅនេះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរចែងពីវិធានការមួយចំនួន ដូចជាទទួលស្គាល់ប្រទេសចំនួន៥ ដូចជាអាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី ដែលមានអាវុធនុយក្លេអ៊ែររួចហើយ ជាមហាអំណាចនុយក្លេអ៊ែរ។ ហើយហាមប្រទេសទាំង៥នោះ មិនឱ្យជួយប្រទេសផ្សេងទៀតក្នុងការផលិតនុយក្លេអ៊ែរ បើទោសជាជួយក្នុងរូបភាពណាក៏ដោយ ដូចជាជាការផ្ទេរបច្ចេកវិទ្យា ឬក៏ការជួយជាទឹកប្រាក់អី គឺហាមឃាត់ប្រទេសទាំង៥នោះមិនឱ្យជួយទៅប្រទេសណាមួយបានទេ។ មួយទៀតគឺហាមប្រទេសមហាអំណាចទាំង៥នេះ មិនឱ្យប្រើអាវុធនុយក្លេអ៊ែវាយប្រហារទៅលើប្រទេសផ្សេងទៀតដែលមិនមានអាវុធនុយក្លេអ៊ែរនោះទេ ហើយដែលជាសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនេះ។​

មួយទៀតនេះ គឺហាមឃាត់ប្រទេសដែលជាសមាជិកដែលមិនមានអាវុធនុយក្លេអ៊ែរនិងមិនអាចផលិតអាវុធនុយក្លេអ៊ែរ បើទោះជាមានឬគ្មានជំនួយពី ប្រទេសមហាអំណាចនុយក្លេអ៊ែរក៏ដោយ។ ចំណុចទី(២) គឺការរំសាយអាវុធនុយក្លេអ៊ែរ នៅត្រង់ចំណុចនេះគឺសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរគ្រាន់តែចែងអំពីគោលដៅរួម ថាត្រូវឱ្យរដ្ឋដែលជាសមាជិកហ្នឹង ត្រូវខិតខំប្រឹងប្រែងចរចាកាត់បន្ថយអាវុធនុយក្លេអ៊ែរ ដើម្បីឈានទៅដល់ការរំសាយអាវុធនុយក្លេអ៊ែរឱ្យអស់ជាស្ថាពរតែម្ដង។ អ៊ីចឹងត្រង់ថាតើចំណុចហ្នឹងគេសួរថា ធ្វើដោយរបៀបណា យើងធ្វើបាននៅពេលណា ឆ្នាំណា មានវិធានការអ្វីខ្លះ ហើយរដ្ឋដែលជាសមាជិកគឺត្រូវគោរពកាតព្វកិច្ចអ្វីខ្លះ? ដោយសន្ធិសញ្ញានេះមិនមានចែងនៅក្នុងលម្អិតនោះទេ។ ចំណុចទី (៣)គឺការប្រើប្រាស់វិធី ផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែនៅក្នុងវិស័យស៊ីវិល ហើយសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេរអ៊ែរហាមឃាត់ តែកម្មវិធីនុយក្លេអ៊ែ យោធាប៉ុណ្ណោះ ប៉ុន្តែចំពោះកម្មវិធីនុយក្លេអ៊ែរនៅក្នុងវិស័យស៊ីវិល ជាពិសេសការផលិតថាមពលអគ្គិសនីរដ្ឋដែលជាសមាជិកអាចធ្វើបាន ហើយមហាអំណាចនុយក្លេអ៊ែរទាំង៥ក៏អាចផ្ទេរបច្ចេកវិទ្យា នុយក្លេអ៊ែរស៊ីវិលទៅជាប្រទេសនៃសមាជិកផ្សេងទៀតបានដែរ។

ក៏ប៉ុន្តែរាល់កម្មវិធីនុយក្លេអ៊ែរស៊ីវិលទាំងអស់ត្រូវធ្វើឡើងដោយមានតម្លាភាព ក្រោមការត្រួតពិនិត្យរបស់«ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ» ហើយរដ្ឋដែលជាសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរទាំងអស់មានចំនួនបច្ចុប្បន្ន១៨៩ប្រទេសហើយមានតែ៣ប្រទេសប៉ុណ្ណោះ ដែលមិនបានចុះហត្ថលេខា គឺប៉ាគីស្ថាន ឥណ្ឌានិងអ៊ីស្រាអែល ប៉ុន្តែកូរ៉េខាងជើងវិញបានចូលជាសមាជិកហើយ ប៉ុន្តែក្រោយមកបានរំលោភលើសន្ធិសញ្ញានេះហើយក៏បានដកខ្លួនចេញនៅឆ្នាំ២០០៣។

សំណួរទី៥៖ បើតាមទស្សនៈរបស់ (វាគ្មិន) តើវត្តមាន និងតួនាទីរបស់អាវុធនុយក្លេអ៊ែរ នៅក្នុងទំនាក់ទំនងអន្តរជាតិ វាអាចនឹងទៅជាយ៉ាងណានាពេលអនាគតពិភពលោក ជាពិសេសតួអង្គនៃអង្គការអន្តរជាតិដែលពាក់ព័ន្ធគួរមានយន្តការណ៍ជាក់ស្តែងដូចម្តេចខ្លះ ដើម្បីឱ្យមានការរំសាយ និងកាត់បន្ថយអាវុធនុយក្លេអ៊ែរប្រកបដោយសន្តិវិធី? 

ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំចង់ជម្រាបជូនផងដែរ ថាអង្គការសហប្រជាជាតិផ្ទាល់ ក៏បានកត់សម្គាល់ និងទាញសញ្ញាអាសន្នថានៅពេលបច្ចុប្បន្ននេះ គឺហានិភ័យនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែដោយចេតនាក្តី ដោយអចេតនាក្ដី ឬកំហុសឆ្គងក្ដី គឺកំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ។ ដោយការអះអាងយ៉ាងដូចនេះគឺ ដោយអង្គការសហប្រជាជាតិបានកំណត់ឃើញអំពីទំនាក់ទំនងមិនល្អរវាងរដ្ឋដែលមាននុយក្លេអ៊ែរ ហើយការចាត់ទុកអាវុធយុទ្ធសាស្ត្រនៃសន្តិសុខជាតិ ភាពជឿនលឿននៃការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែ និងការបំពានសន្ធិសញ្ញាមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរបស់បណ្ដាប្រទេសមួយចំនួន។ ហើយមែនទែនទៅកម្មវត្ថុនៃកិច្ចប្រជុំអង្គការសហប្រជាជាតិ គឺជំរុញឱ្យមានកិច្ចសន្ទនា និងកិច្ចចរចាឡើងវិញស្ដីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងការគិតគូរអំពីរបៀបដែលរដ្ឋនីមួយៗអាចធ្វើការរួមគ្នាឆ្ពោះទៅរកផ្លូវនៃការរំសាយនូវកម្មវិធីនុយក្លេអ៊ែរហ្នឹងតែម្តង។

តែនៅក្នុងបរិបទនៃកំណើននៃភាពតានតឹងនៅក្នុងពិភពលោកសព្វថ្ងៃនេះគឺក្ដីសង្ឃឹម ហើយនិងក្ដីរំពឹងដែលទទួលបានចេញពីលទ្ធផលនៃកិច្ចប្រជុំអង្គការសហប្រជាជាតិហ្នឹង គឺហាក់បីដូចជាមានភាពតិចតួចស្តួចស្តើងមែនទែន ហើយប្រទេសដែលគ្រប់គ្នាកំពុងសម្លឹងឃើញក្នុងពេលបច្ចុប្បន្ននេះគឺរុស្ស៊ីជាមួយ និងអាមេរិកដែលកំពុងតែកាន់នុយក្លេអ៊ែនៅក្នុងដៃប្រមាណ៩០ភាគរយនៃអាវុធនុយក្លេអ៊ែនៅលើពិភពលោក។ មែនទែនទៅ ខ្ញុំក៏ចង់ជម្រាបជូនផងដែរថា ប្រទេសទាំងពីរហ្នឹងនៅក្នុងឆ្នាំ១៩៨៧បានចុះ«សន្ធិសញ្ញាមួយស្ដីពីកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម» ហើយការសិទ្ធិហើយតាមរយៈសន្ធិសញ្ញាដែលបានអស់អនុភាពតាំងពីឆ្នាំ២០១៩មួយនេះ អាមេរិកបានបំផ្លាញនុយក្លេអ៊ែរបាញ់ចម្ងាយ៥០០ទៅ៥៥០០គីឡូម៉ែត្រហ្នឹងចំនួន២៧០០គ្រាប់។

អ៊ីចឹងបានន័យថានៅឆ្នាំ១៩៨៧ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរនេះ បានចុះសន្ធិសញ្ញាស្តីពីកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមនៅក្នុងពេលដែលសន្ធិសញ្ញាមានអនុភាពរហូតដល់អាចបាត់បង់អនុភាពរហូតដល់ឆ្នាំ២០១៩នេះ។ រុស្ស៊ីនិ ងអាមេរិកបានបំផ្លាញអស់ច្រើនហើយគ្រាប់មីស៊ីលបរមាណូដែលមានរយៈចម្ងាយពី៥០០ទៅ៥៥០០អស់ប្រមាណជាង ២៧០០គ្រាប់។ នៅក្នុងឆ្នាំ២០១០ រុស្ស៊ីនិងអាមេរិកក៏បានចុះហត្ថលេខាលើសន្ធិសញ្ញានុយក្លេអ៊ែរមួយទៀត ដែលមានឈ្មោះថា«ញូស្តារ(New Star)» ដែលសន្ធិសញ្ញាញូស្តារ(New Star) នេះបានអស់សុពលភាពទៅហើយតាំងពីឆ្នាំ២០២១មកម្ល៉េះ ហើយរុស្ស៊ីនិងអាមេរិកកំពុងតែនិយាយមិនចុះសម្រុងគ្នាជាមួយទាក់ទងទៅនឹងការពន្យារពេល បន្ថែមទៅលើកិច្ចអនុវត្ត សន្ធិសញ្ញាញូស្តារ(New Star) នេះ។

ជាក់ស្តែង យើងឃើញហើយប៉ុន្តែនៅទឹកដីលោកដូណាល់ត្រាំ អតីតអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ក៏បានដាក់លក្ខខណ្ឌដែរដើម្បីពន្យារពេលនៃសន្ធិសញ្ញាញូស្តារជាពិសេសលោកត្រាំក៏បានចង់ទាញចិនឱ្យចូលក្នុងកិច្ចចរចានេះ ក៏ប៉ុន្តែចិនបដិសេធ ហើយរុស្ស៊ីក៏មិនច្បាស់ចង់ឱ្យចិនចូលរួមដែរ។ ខណៈពេលកិច្ចចរចារកស៊ីជាមួយនឹងអាមេរិកកំពុងតែជាប់គាំងក្រុមសកម្មជនរំសាយនុយក្លេអ៊ែរបានបន្តគាំទ្រនិងសាទរលើសន្ធិសញ្ញាហាមឃាត់នូវអាវុធនុយក្លេអ៊ែរដែលបានអនុម័ត ដោយ១២២ប្រទេសកាលពីឆ្នាំ២០១៧និងមានជិត៥០ប្រទេសជាតិឱ្យសច្ចាប័ន តែអ្វីដែលគេគួសរឱ្យស្តាយគឺមានមហាអំណាចនុយក្លេអ៊ែរចំនួន៩ប្រទេសទាំងបានចុះហត្ថលេខា នៅក្នុងនោះយើងឃើញហើយជាក់ស្តែងមាន អាមេរិក រុស្ស៊ី ចិន បារាំងអង់គ្លេស ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើងនេះឯង។ 

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ធិន វុត្ថា សាស្រ្តាចារ្យផ្នែកច្បាប់អន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

Recent Posts

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031