Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: លទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ា

AVI Vocie
លទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ា
AVI Vocieលទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ា
{{svg_share_icon}}
Free Download Register to download

កាលពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានដឹកនាំនូវគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងនោះក៏មានការអមដំណើរដោយ ឯកឧត្ដម ឯកផាប់​ ផាន់ថាវង្ស ដែលជាអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន(ASCC) ផងដែរ។ ហើយគួររំឭកផងដែរ ថាគោលបំណងចម្បងនៃទស្សនកិច្ចលើកទី២នេះគឺដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ចំណុចរបស់មេដឹកនាំអាស៊ាន ក៏ដូចជាពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងកម្មវិធីចាក់វ៉ាក់សាំងរួម ដែលត្រូវបានអនុម័តនៅក្នុង «កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌អាស៊ានដល់មីយ៉ាន់ម៉ា» ដែលធ្វើឡើងកាលពីថ្ងៃទី០៦ ខែឧសភាកន្លងទៅនេះ ហើយដើម្បីបង្កើនបរិយាកាសអំណោយផលសម្រាប់ការសន្ទនានយោបាយប្រកបដោយបរិយាប័ន្នផងដែរ។

សំណួរទី១៖   ជាបឋម សូម (វាគ្មិន) អាចរៀបរាប់បន្តិចអំពីលទ្ធផលទាំងមូល នៃដំណើរទស្សនកិច្ចការងារលើកទី២របស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅមីយ៉ាន់ម៉ាក្នុងរយៈពេល៤ថ្ងៃនេះ

បើយើងមើលទិដ្ឋភាពរួម គឺប្រេសិតពិសេសមានឱកាសជួប និងភាគីពាក់ព័ន្ធនៅប្រទេសភូមា (ប្រទេសមីយ៉ានម៉ា) បានច្រើនជាងមុន ទូលំទូលាយជាងមុន ហើយស្វែងយល់អំពីជំហរ ក៏ដូចជាការគិត ហើយនិងផលប្រយោជន៍រវាងក្រុមនីមួយៗនៅក្នុងប្រទេសភូមាហ្នឹងបានច្រើនជាងមុន។ ដូច្នេះនិយាយអំពីការយល់ដឹង និងព័ត៌មាន យើងឃើញថាទស្សនកិច្ចហ្នឹង វាបានបង្កើតនូវការយល់ដឹងច្រើន។ ប៉ុន្តែអ្វីដែលយើងពុំបានសម្រេចនោះគឺការជួបជាមួយនិងថ្នាក់ដឹកនាំនៃគណបក្សNLD (គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធប្រជាធិបតេយ្យ) របស់ អ្នកស្រី អង់ សាន ស៊ូ ជី ហើយមិនបានជួបអ្នកស្រី អង់ សាន ស៊ូ ជី ផ្ទាល់ហ្នឹងតែម្ដង ពីព្រោះថាតួអង្គអ្នកស្រី អង់ សាន ស៊ូ ជី គឺសំខាន់ណាស់ នៅក្នុងការស្វែងរកដំណោះស្រាយណាមួយនៅលើបញ្ហាវិបត្តិនយោបាយនៅភូមានេះ។ អ៊ីចឹងទេការខកខានមិនបានជួបនេះ គឺជាអ្វីមួយដែល ខ្ញុំគិតថា វាគឺជាចន្លោះប្រហោងមួយធំនៅក្នុងតួនាទីរបស់ប្រេសិត។ ហើយសង្ឃឹមថារដ្ឋាភិបាលរបបសឹកភូមានឹងសហការជាមួយ និងប្រេសិតអាស៊ានដើម្បីផ្តល់នូវឱកាស ឱ្យប្រេសិតអាស៊ានបានជួបទៅនឹងភាគីពាក់ព័ន្ធទាំងអស់រួមទាំងអ្នកស្រី អង់ សាន ស៊ូ ជី ជាដើម នៅក្នុងដំណើរទស្សនកិច្ចបន្តបន្ទាប់នៅពេលអនាគត។ ទី២៖ គឺ​ទាក់ទងទៅនឹង «ASEAN Troika» គឺ«យន្តការ ASEAN Troika» ហ្នឹង សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងតាំងតែពីដើមទីមក គឺធ្វើយ៉ាងណាជំរុញឱ្យមាន «យន្តការ ASEAN Troika»ហ្នឹង ដើម្បីដោះស្រាយបញ្ហាភូមា។ «យន្តការ ASEAN Troika»ហ្នឹងគឺមានបច្ចុប្បន្នភាពកម្ពុជាដែលជាប្រធានអាស៊ាន អតីតប្រធានអាស៊ានដែលមានព្រុយណេ ហើយអនាគតប្រធានអាស៊ានគឺមានប្រទេសឥណ្ឌូណេស៊ី ធ្វើការរួមគ្នាជាមួយនិងអគ្គលេខាធិការរបស់អាស៊ាន ដើម្បីស្វែងរកនូវដំណោះស្រាយសមស្រប ហើយនិងមានប្រសិទ្ធភាព ធ្វើយ៉ាងណាជំរុញឱ្យការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ទៅលើចំណុចទាំង៥របស់អាស៊ានដែលបានដាក់ចេញខែ៤ ឆ្នាំកន្លងទៅនេះ។ ដូច្នេះអាហ្នឹងគឺជាវិធានការមួយដែលយើងពុំទាន់មានការឆ្លើយតប ជាវិជ្ជមានណាមួយពីរបបសឹកយោធារបស់ភូមានោះឡើយ។ ដូច្នេះហ្នឹងគឺចំណុចខ្ទាស់មួយសំខាន់ ពីព្រោះតែកម្ពុជាគឺចង់ដើរតួនាទីសំខាន់ ហើយនិងមានប្រសិទ្ធភាពនៅក្នុងការដោះស្រាយបញ្ហាភូមានេះ។ ហើយទាក់ទងទៅនឹងទិដ្ឋភាពនៃការចរចានយោបាយ ប្រេសិតពិសេសបានមានប្រសាសន៍ប៉ុន្មានដងហើយ ថាពុំមានសញ្ញាណាមួយឱ្យឃើញថា មានការសម្របសម្រួល ឬក៏មានការបន្ទន់ឥរិយាបថផ្នែកនយោបាយណាមួយដើម្បីឈានទៅរកការចរចាពិភាក្សានយោបាយរវាងភាគីពាក់ព័ន្ធ។ ហើយការបោះឆ្នោតឆ្នាំក្រោយនេះក៏មានការសំណូមពរច្រើនពីបណ្ដាគណបក្សនយោបាយផ្សេងៗ ហើយនិងអង្គការសង្គមស៊ីវិលជាដើម គឺចង់ឱ្យឃើញមានការបោះឆ្នោតនៅឆ្នាំក្រោយមក ក៏ប៉ុន្តែបើយើងទៅរបបសឹងយោធាហ្នឹងពុំមានបំណង ឬក៏ផលប្រយោជន៍ណាមួយក្នុងការរៀបចំការបោះឆ្នោតឆ្នាំក្រោយនេះទេ។ អ៊ីចឹងក្នុងករណីសេណារីយោ ដែលពុំមានការបោះឆ្នោតប្រកបដោយយុត្តធិម៌និងសេរីនោះទេ គឺបញ្ហានយោបាយនេះក៏មិនអាចដោះស្រាយបានដែរ ពីព្រោះដើម្បីដោះស្រាយបញ្ហានយោបាយនេះបាន យើងត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធតួអង្គពាក់ព័ន្ធ ហើយយន្តការណ៍ការបោះឆ្នោតគឺជាយន្តការណ៍ដែលអាចសម្រួលនូវផលប្រយោជន៍រវាងគណបក្សនយោបាយផ្សេងៗ។

សំណួរទី២៖  ប្រសិនបើយើងប្រៀបធៀបអំពីដំណើរទស្សនកិច្ចលើកទី១ ដែលប្រព្រឹត្តទៅកាលពីខែមីនាកន្លងទៅនេះ យើងឃើញថាវាមានភាពខុសគ្នាច្រើន។ ខ្ញុំសូមឱ្យលោកបណ្ឌិតរៀបរាប់អំពីភាពខុសគ្នាទៅលើវឌ្ឍនភាពនៃការអនុវត្តចំណុចឯកច្ឆន្ទទាំង៥។ ជាពិសេសនោះគឺស្ថានការណ៍នយោបាយ ក៏ដូចជាអំពើហិង្សាដែលកើតមានឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា តើវាមានភាពប្រសើរជាងមុនឬក៏នៅតែបន្តនូវសកម្មភាពដដែល?

ទាក់ទងទៅនឹងអំពើហិង្សាអត់មានអ្វីប្រែប្រួលជាវិជ្ជមាននោះទេ បរិយាកាសនយោបាយក៏អត់មានអ្វីប្រែប្រួលជាវិជ្ជមានដែរ។ អ្វីដែលខុសប្លែកពីដំណើរទស្សនកិច្ចរវាងនៅទី២ និងទី១ហ្នឹងគឺ លទ្ធភាពនៃការជួបភាគីពាក់ព័ន្ធបានច្រើនជាងមុនតែប៉ុណ្ណឹង។ អ៊ីចឹងអត់មានលទ្ធផលអ្វីជាដុំកំភួនប៉ុន្មានទេ គឺមានតែឱកាសជួបទៅនឹងភាគីពាក់ព័ន្ធហ្នឹងបានច្រើន។ ដូច្នេះអាហ្នឹង និយាយឱ្យចំទៅ គឺនៅជាដំណាក់កាលនៃការរៀនសូត្រ និងប្រមូលព័ត៌មានការវិភាគគ្រប់តួអង្គហ្នឹង ហើយបញ្ហានេះវាគឺជាបញ្ហាស្មុគស្មាញដែលត្រូវការពេលយូរអង្វែង។ អ៊ីចឹងនៅក្នុងដំណាក់កាលកម្ពុជាដែលជាប្រធានអាស៊ាននៅសល់តែប៉ុន្មាន៤-៥ខែទៀតនោះហ្នឹងទេ ប្រហែលជាពុំអាចនឹងមានលទ្ធផលជាដុំកំភួនណាមួយទាក់ទងទៅនឹងការចរចានយោបាយអ្វីនោះទេ។ ហើយអ្វីដែលយើងឃើញលទ្ធផលជាក់ស្ដែងកន្លងមកនេះគឺជំនួយមនុស្សធម៌។ យើងឃើញថាមានការជំរុញបន្ថែមទាក់ទងទៅនឹងជំនួយមនុស្សធម៌រួមទាំងការចាក់វ៉ាក់សាំងជាដើម ហើយប្រទេសកម្ពុជាយើង នឹងបញ្ជូននូវក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ្នឹងដើម្បីជួយផ្នែកចាក់វ៉ាក់សាំង។ ហើយយើងឃើញដែរថាថ្មីៗហ្នឹង ដំណើរទស្សនកិច្ចលើកទី២ហ្នឹងក៏មានភាគីចិនចូលរួមចំណែកក្នុងការជួយជាវ៉ាក់សាំង២លានដូសទៅដល់ប្រទេសភូមាហ្នឹងដែរ។ ហើយជំនួយរបស់ដៃគូពិភាក្សារបស់អាស៊ានហ្នឹងគឺមានសារៈសំខាន់ណាស់ ដើម្បីយើងប្រមូលនូវជំនួយអន្តរជាតិផ្សេងៗ ដើម្បីជួយដល់ប្រជាជនភូមាដែលត្រូវការបំផុត ហើយដែលពុំមានការរើសអើង។ ដូច្នេះអាស៊ានទៅធ្វើការបន្ថែមទៀត ជាមួយនឹងដៃគូពិភាក្សាហើយនិងអង្គការសហប្រជាជាតិ។ ទាក់ទងទៅនឹងប្រេសិតរបស់អង្គការសហប្រជាជាតិហ្នឹងដែរ គឺប្រទេសកម្ពុជាជាប្រធានអាស៊ានហើយជាប្រេសិតពិសេសរបស់អាស៊ានជំរុញឱ្យប្រទេសភូមាធ្វើការសហការជាមួយនិងអង្គការសហប្រជាជាតិ និងប្រេសិតរបស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែកន្លងទៅនេះ ប្រទេសភូមា ដែលរបបសឹកយោធារបស់ប្រទេសភូមា គឺបដិសេធមិនទទួលស្គាល់នូវភាពស្របច្បាប់របស់ប្រេសិតអង្គការសហប្រជាជាតិ ហើយក៏ពុំបានផ្តល់កិច្ចសហប្រតិបត្តិការឱ្យបានគ្រប់ជ្រុងជ្រោយ ឱ្យមានប្រសិទ្ធភាពនោះទេ។ ដូច្នេះនោះគឺជាបញ្ហាមួយទៀតដែលកម្ពុជាយើងត្រូវស្វែងរកនូវដំណោះស្រាយ ធ្វើយ៉ាងណាឱ្យភាគីភូមាហ្នឹងសហការជាមួយនឹងប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិផ្ដោតទៅលើបញ្ហាជំនួយមនុស្សធម៌ហ្នឹង។

សំណួរទី៣៖   យើងឃើញថា ប្រេសិតពិសេសនៃប្រធានអាស៊ានបានជួបជាមួយនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ក្រុម ក៏ដូចជាបានជួបជាមួយនិងគណបក្សនយោបាយមីយ៉ាន់ម៉ាចំនួន៧ផងដែរ។ ពាក់ព័ន្ធទៅនឹងចំណុចនេះ តើជំនួបនេះវាអាចផ្ដល់ជាលទ្ធភាពអ្វីខ្លះ នៅក្នុងដំណើរការនៃការដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ានាពេលអនាគត

ពិតហើយ វាមានសារៈសំខាន់សម្រាប់ជំនួបនេះ។ ជាពិសេស ទាក់ទងទៅនឹងការស្វែងយល់ពីជំហរ ផលប្រយោជន៍ ហើយនិងការគិតគូរនៃភាគីផ្សេងៗ ហើយយើងយកមកដាក់នៅក្នុងតារាងម៉ាទ្រិច ដើម្បីធ្វើការផ្ទៀងផ្ទាត់ ហើយនិងការវិភាគបន្ថែម ដើម្បីស្វែងរកចំណុចរួម។ ដូច្នេះហ្នឹងគឺជាដំណើររៀនសូត្រមួយ ដែលទទួលបានព័ត៌មានច្រើនហើយមានតម្លៃ ដែលជាធាតុចូលមួយសំខាន់នៅក្នុងការដាក់តាក់តែងនូវ «យុទ្ធសាស្ត្រEngagement Strategy»«យុទ្ធសាស្ត្រនៃការធ្វើទំនាក់ទំនងរវាងភាគីពាក់ព័ន្ធ» នៅភូមានេះ។ ដូច្នេះហ្នឹងគឺជាចំណុចវិជ្ជមានរបស់ប្រេសិតពិសេសនៅក្នុងដំណើរទស្សនកិច្ចលើកទី២នេះ ហើយសង្ឃឹមថា ដំណើរការពិភាក្សាខាងមុខទៀតនឹងមានផ្លែផ្ការច្រើនជាងនេះ។ ជាពិសេសទាក់ទងទៅនឹងយន្តការផ្សេងៗរបស់អាស៊ាន ក៏ដូចជាការបង្កើតនូវបរិយាកាសនយោបាយ ដើម្បីស្វែងយល់គ្នាទៅវិញទៅមក ហើយនិងយន្តការដើម្បីឱ្យមានការចរចានយោបាយណាមួយទៅថ្ងៃអនាគត។ 

សំណួរទី៤៖   លោកបណ្ឌិតលើកឡើងមុននេះ ថាលោកស្រី អង់ សាន ស៊ូ ជី នៅតែជាតួអង្គសំខាន់ នៅក្នុងដំណើរការស្វែងរកនូវដំណោះស្រាយ និងសន្តិភាព ចំពោះប្រទេសមីយ៉ាន់ម៉ា ហើយដោយពេលនេះ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ានៅតែមិនផ្ដល់ឱកាសឱ្យប្រេសិតពិសេសរបស់អាស៊ានបានជួបជាមួយលោកស្រី អង់ សាន ស៊ូ ជី ដូចនេះ ថាតើវាអាចនឹងប៉ះពាល់ទៅដល់ប្រសិទ្ធភាពនៃការអនុវត្តចំណុចឯកច្ឆន្ទទាំង៥របស់អាស៊ានដែរឬទេ?

ប្រសិនបើប្រេសិតពិសេសមិនអាចជួប អ្នកស្រី អង់ សាន ស៊ូ ជី ទេ យើងអាចនិយាយបានថាអ្វីដែលយើងចង់បាន  «Inclusive Political Dialogue» ហ្នឹងគឺ «កិច្ចពិភាក្សានយោបាយប្រកបដោយបរិយាប័ន្ន» គ្រប់ភាគីពាក់ព័ន្ធគឺមិនអាចសម្រេចបានទេ។ បានន័យថាអាហ្នឹង គឺបរាជ័យហើយ ដោយសារតែតួអង្គ អង់ សាន ស៊ូ ជី ហ្នឹងគឺជាតួអង្គមួយសំខាន់ នៅក្នុងការចរចានយោបាយនៅក្នុងប្រទេសភូមា។ អ៊ីចឹងបើអត់បានជួបគាត់ អត់បានពិភាក្សា ហើយហ្នឹងឱ្យគាត់ចូលរួមនៅក្នុងការចរចានយោបាយ ស្វែងរកដំណោះស្រាយនយោបាយ អ៊ីចឹងដំណោះស្រាយនយោបាយគឺមិនអាចទៅរួចតែម្ដង។

ពិតហើយ នៅជាដំណើរការមួយវែងឆ្ងាយ ហើយខ្ញុំគិតថា ផលជាក់ស្ដែងនាពេលខាងមុខប្រហែលជាមិនច្រើនដែរទេ។ និយាយឱ្យចំគឺ ជំហានដើរ ដូចជាជំហានគីង្គក់ បន្តិចម្តងៗ ហើយអំពើហិង្សានៅតែបន្ត មនុស្សស្លូតត្រង់នៅតែស្លាប់ សេដ្ឋកិច្ចប្រជាជននៅតែដុនដាប។ អ្នកដែលរងផលប៉ះពាល់ជាងគេនោះគឺប្រជាជនភូមានោះហើយ។ អ៊ីចឹងទេបើយើងកាន់តែអូសបន្លាយពេលវេលាហើយលទ្ធផលជាក់ស្តែងវាបានតិចតួច ហើយបានម្ដងបន្តិចៗ និងប្រជាជនភូមានៅតែបន្តរងនូវអំពើហិង្សាហើយនឹងរងទុក្ខវេទនា អ៊ីចឹងយើងត្រូវតែជំរុញល្បឿន បន្ថែមទៀត។ តើរបៀបជំរុញល្បឿនហ្នឹងតាមរបៀបណា? យើងមិនទាន់ដឹងទេ។ តើការដាក់សម្ពាធហ្នឹងរបៀបណាមានប្រសិទ្ធភាព ហើយនៅក្នុងកម្រិតណា? អ៊ីចឹង ហ្នឹងសុទ្ធតែជាបញ្ហាដែលត្រូវគិតពិចារណានៅក្នុងដំណាក់កាលបន្ទាប់ទៀតនៅក្នុងជំហាននៅក្នុងការជួយដល់បញ្ហាភូមានេះ។

សំណួរទី៥៖   ជាចុងក្រោយយើងឃើញថាអាណត្តិ នៃប្រធានអាស៊ានរបស់កម្ពុជាក៏បានកំពុងខិតទៅដល់ទីបញ្ចប់នៅក្នុងឆ្នាំនេះផងដែរថា តើ (វាគ្មិន)យល់ឃើញយ៉ាងណាថាកម្ពុជាអាចនឹងមានលទ្ធភាពក្នុងការដោះស្រាយ ឬជួយទៅដល់ដំណោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាដល់កម្រិតណា? ហើយវាអាចផ្ដល់ជាបទពិសោធអ្វីខ្លះសម្រាប់ប្រធានអាស៊ាននៅឆ្នាំក្រោយ

លទ្ធផលជាក់ស្ដែងគឺនិយាយឱ្យចំទៅ វានៅមានតិចតួចនៅឡើយ ហើយអ្វីដែលឃើញជាដុំកំភួននៅពេលជំនួយមនុស្សធម៌។ យើងឃើញថាជំនួយមនុស្សធម៌នោះ គឺមានដំណើរការលទ្ធផលជាក់ស្ដែងខ្លះ ក៏ប៉ុន្តែការចរចានយោបាយ ខ្ញុំគិតថាឆ្នាំនេះវាពិបាកនឹងទៅរួចនោះណាស់។ អ្វីដែលយើងទទួលបានព័ត៌មានគ្រាន់តែជារូប ធាតុផ្សំ ធាតុចូលមួយដ៏សំខាន់ ដើម្បីឥណ្ឌូនេស៊ីឆ្នាំក្រោយហ្នឹងបន្តយកទៅប្រើប្រាស់ ដើម្បីតាក់តែងនូវយុទ្ធសាស្ត្ររបស់ខ្លួន ហើយតួនាទីរបស់កម្ពុជានៅក្នុងពេលឆ្នាំក្រោយនេះក៏អាចមានដែរ ជាពិសេសទាក់ទងទៅនឹងការតាក់តែងនូវយុទ្ធសាស្ត្រទាក់ទងទៅនឹងភាគីពាក់ព័ន្ធនយោបាយនៅភូមា។ 

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

Recent Posts

October 2022
M T W T F S S
 12
3456789
10111213141516
17181920212223
24252627282930
31