Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: តើអ្វីទៅជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF)?

AVI Voiceតើអ្វីទៅជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF)?

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ក្នុងអំឡុងពេលដែលលោកប្រធានាធិបតី Joe Biden ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន លោកបានដាក់ចេញនូវ ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) ដែលជាយុទ្ធសាស្រ្តថ្មីសម្រាប់ការសហការផ្នែកសេដ្ឋកិច្ចក្នុងតំបន់របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

សំណួរទី ១៖  តើក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកនេះគឺជាអ្វី? ហើយអ្វីទៅជាហេតុផលយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោក Joe Biden ក្នុងការដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ចថ្មីមួយនេះនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក?

ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF ជាយន្តការសេដ្ឋកិច្ចមួយ ដែលនេះមិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើយ តែវាដើរតួនាទីក្នុងការ ជំរុញទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្របខណ្ឌនេះដែរ ត្រូវ បានដាក់ចេញកាលពីថ្ងៃទី២៣ ឧសភា កន្លងទៅ ដោយប្រធានាធិបតីស.រ.អា. លោក ចូ បៃដិន នៅទីក្រុងតូក្យូ ដោយមានការចូលរួមពីសមាជិកសរុបបឋមចំនួន១៤ រួមមាន កោះហ្វីជី ឥណ្ឌា អូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ ស.រ.អា. រួមជាមួយប្រទេសអាស៊ានចំនួន៧ទៀត លើកលែង កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ទំហំសេដ្ឋកិច្ចសរុបរបស់ក្របខណ្ឌសេដ្ឋកិច្ចនេះស្មើនឹងប្រមាណ ៤០% នៃGDP សកលសរុប ដែលច្រើនជាង១០% បើធៀបនឹងទំហំសេដ្ឋកិច្ចក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP)។ គោលដៅដ៏សំខាន់របស់ក្របខណ្ឌសេដ្ឋកិច្ចនេះគឺ ការប្តេជ្ញា កសាងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ធន់ជាងមុន និងចែងនូវវិធានច្បាប់សម្រាប់ពាណិជ្ជកម្មឌីជីថល។

ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ធ្វើឡើងដោយផ្អែកលើ យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ស.រ.អា. ដើម្បីនាំតំបន់នេះទៅរកវិបុលភាពនៃកិច្ចសហប្រតិបត្តិការពហុភាគី សម្រាប់សតវត្សទី២១។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ សេតវិមានបានឲ្យដឹងថា  ក្របខណ្ឌសេដ្ឋកិច្ចនេះត្រូវបានដាក់ចេញដើម្បីបម្រើដល់ការប្រកួតប្រជែងសេដ្ឋកិច្ចរយៈពេលវែង ហើយវាក៏នឹងពង្រឹងភាពធន់ និរន្តរភាព បរិយាប័ន្ន ការរីកចម្រើនផ្នែកសេដ្ឋកិច្ច យុត្តិធម៌ និងការប្រណាំងប្រជែងសម្រាប់សេដ្ឋកិច្ចរួម។ ជារួម តាមរយៈគំនិតផ្តួចផ្តើមនេះ ស.រ.អា. សំដៅរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការ ស្ថិរភាព វិបុលភាព ការអភិវឌ្ឍ និងសន្តិភាពនៅក្នុងតំបន់។

ដូចបានបញ្ជាក់ពីសេតវិមានថា ក្របខណ្ឌសេដ្ឋកិច្ចនេះមិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី ហេតុនេះហើយ វាបានបង្កជាមន្ទិលនិងការចោតសួរជាច្រើនជុំវិញបញ្ហាប្រឈមផ្សេងៗ។ ហើយវាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលជាមួយវត្តមាន ក្របខណ្ឌសេដ្ឋកិច្ចនេះឡើយ ដោយលើសពីហេតុផលនៃកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហ- ប្រតិបត្តិការរវាងសម្ព័ន្ធមិត្តQuadនោះ ស.រ.អា. និងសម្ព័ន្ធមិត្តក៏មានចេតនា ហើយបាននិងកំពុងប្រើប្រាស់ក្របខណ្ឌសេដ្ឋកិច្ចនេះ ក្នុងការរាំងខ្ទប់ឥទ្ធិពលរបស់ចិនលើផ្នែកសេដ្ឋកិច្ចក្នុងតំបន់។ លើសពីនោះទៅទៀត វាក៏ជាការកៀរគររកសម្លេងគាំទ្រពីបណ្តាប្រទេសដែលមាន គំនិតដូចគ្នា ដើម្បីប្រឆាំងនឹងចិនផងដែរ។

សំណួរទី ២៖  តើក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ នឹងគ្របដណ្ដប់ទៅលើវិស័យអ្វីខ្លះ? ហើយវាអាចនឹងជះឥទ្ធិពលយ៉ាងដូចម្ដេចចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍?

ក្របខណ្ឌសេដ្ឋកិច្ចនេះ បានកំណត់យក និងបម្រើឲ្យសសរស្តម្ភចំនួន៤រួមមាន ពាណិជ្ជកម្មដោយយុត្តិធម៌ និងធន់, ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ថាមពលស្អាត ការកាត់បន្ថយសារធាតុកាបូន និងហេដ្ឋារចនាសម្ព័ន្ធ, និងសសរស្តម្ភចុងក្រោយផ្តោតលើ ពន្ធដារ និងការប្រឆាំងអំពើពុករលួយ។ ក្នុងការកសាងសមត្ថភាពលើពាណិជ្ជកម្មដោយយុត្តិធម៌ និងធន់ ផ្តោតសំខាន់លើបញ្ហាធំៗចំនួន៧រួមមាន ពលកម្ម, បរិស្ថាន និងអាកាសធាតុ, សេដ្ឋកិច្ចឌីជីថល, កសិកម្ម, ការអនុវត្តប្រកបដោយតម្លាភាព និងបទបញ្ញត្តិ, គោលនយោបាយប្រកួតប្រជែង, និងការសម្របសម្រួលពាណិជ្ជកម្ម។ ចំពោះការបង្កើនភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ស.រ.អា. អះអាងថានឹងប្តេជ្ញាពង្រឹងតម្លាភាព ភាពចម្រុះ សន្តិសុខ និងនិរន្តរភាពក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដោយរំពឹងថា ធ្វើការសម្របសម្រួលដល់វិធានការនានាដើម្បីឆ្លើយតបទៅនឹងវិបត្តិផ្សេងៗ, ពង្រីកកិច្ចសហប្រតិបត្តិការដើម្បីត្រៀមខ្លួនរួចរាល់និងបន្ធូរបន្ថយឥទ្ធិពលដែល បណ្តាលមកពីផលរំខាននានា សំដៅធានាឲ្យបាននូវវឌ្ឍនភាពអាជីវកម្ម, ពង្រឹងប្រសិទ្ធភាព និងការទ្រទ្រង់ផ្នែកឡូជីស្ទីក, និងធានាឲ្យបាននូវការផ្សារភ្ជាប់ទៅរកវត្ថុធាតុដើមនិងកែច្នៃចំបងនានា, semiconductors, សារធាតុរ៉ែសំខាន់ៗ និងបច្ចេកវិទ្យាថាមពលស្អាត។ ការលើកកម្ពស់ថាមពលស្អាត ការកាត់បន្ថយសារធាតុកាបូន និងហេដ្ឋារចនាសម្ព័ន្ធនោះ គឺស្របទៅនឹងគោលដៅនិងកិច្ចខិតខំប្រឹងប្រែងរបស់កិច្ចព្រម ព្រៀងទីក្រុងប៉ារីស ដែលសសរស្តម្ភនេះនឹងពន្លឿនការអភិវឌ្ឍ និងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត សំដៅកាត់បន្ថយសារធាតុកាបូនក្នុងវិស័យសេដ្ឋកិច្ច និងកសាងភាពធន់នឹងផលប៉ះពាល់ ដោយអាកាសធាតុ។ ហើយក៏រួមបញ្ចូល កិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ លើវិស័យបច្ចេកវិទ្យា ការប្រមូលហិរញ្ញវត្ថុ និងមធ្យោបាយនានាដើម្បីជំរុញភាពប្រកួតប្រជែង និងពង្រឹងការតភ្ជាប់។ ដើម្បីធានាការប្រកួតប្រជែងដោយយុត្តិធម៌ ក្នុងនោះក៏មានការ អនុវត្តពន្ធប្រកបដោយប្រសិទ្ធភាពនិងរឹងមាំ ប្រឆាំងការលាងសម្អាតប្រាក់ និងប្រឆាំងរបបស៊ីសំណូក ស្របទៅនឹងកិច្ចព្រមព្រៀងប្រឆាំងអំពើពុករលួយក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានស្រាប់។ 

(១) យ៉ាងណាមិញ យើងសង្កតឃើញថា IPEF បានដាក់ចេញដោយពុំទាន់មានការចែង ច្បាស់លាស់ជាឯកសារកំណត់ណាមួយឡើយ ហេតុនេះវានៅទាមទារឲ្យមានការដាក់ចេញផែនការច្បាស់លាស់និងរឹងមាំជាងនេះសំដៅចងកាតព្វកិច្ចលើការសហការផ្នែកសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក។

(២) ចំពោះតំបន់អាស៊ីអាគ្នេយ៍IPEFត្រូវបានមជ្ឈដ្ឋានជាច្រើនយល់ឃើញថាជាយុទ្ធសាស្រ្ត រាំងខ្ទប់RCEPដែលបានចូលជាធរមានកាលពីដើមឆ្នាំ២០២២នេះ។ ការបេជ្ញាពង្រឹងខ្សែ ច្រវ៉ាក់ផ្គត់ផ្គង់របស់ IPEF ជាការប្រកួតប្រជែងឥទ្ធិពលធំមួយជាមួយនឹង RCEP។ រីឯ វិស័យសេដ្ឋកិច្ចឌីជីថលក្នុងIPEF ទំនងជាមានបញ្ហាប្រឈមច្រើន ដែលមជ្ឈដ្ឋានអ្នកវិភាគ ភាគច្រើនមើលឃើញពីការដាក់ចេញនូវវិធានទាក់ទងនឹង e-commerce និងស្តង់ដាលើ លំហូរនៃទិន្នន័យឆ្លងដែន ជាបញ្ហាគោលមួយដែលត្រូវស្វែងរកចំណុចប្រសព្វរវាងភាគីទាំង អស់។

(៣) ខណៈពេលដែលយើងពុំឃើញមានវត្តមានប្រទេសសមាជិកអាស៊ានមួយចំនួនក្នុងសមាជិកភាពនៃក្របខណ្ឌសេដ្ឋកិច្ចនេះ វាហាក់បានសម្តែងឲ្យឃើញឲ្យកាន់តែច្បាស់នូវ គោលនយោបាយចាប់បង្ខំឲ្យជ្រើសរើសភាគីណាមួយក្នុងការប្រកួតប្រជែងរបស់មហាអំណាច។ ការណ៍នេះជាហេតុផលស្មុគស្មាញមួយដែលIPEF អាចនឹងធ្វើឲ្យមានគម្លាតកាន់តែខ្លាំង ឡើងៗរវាងប្រទេសនៅក្នុង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ផ្ទាល់។ IPEF អាចបង្កឲ្យមានការបែងចែកការអនុវត្តសេដ្ឋកិច្ចក្នុងតំបន់ ពិសេសចំពោះប្រទេសដែល មានទំនោរទៅកាន់ស.រ.អា. និងប្រទេសដែល ប្រកាន់ជំហរផ្សេងពីនេះ។

សំណួរទី ៣៖  នេះគឺជាគំនិតផ្ដួចផ្ដើមថ្មីមួយរបស់ស.រ.អ.ទៅលើវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលដែលស.រ.អ. កំពុងតែលើកកម្ពស់នូវភាពជាអ្នកដឹកនាំរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ។ បើតាមទស្សនៈរបស់កញ្ញា តើអាចទេដែលស.រ.អ.ប្រើប្រាស់នូវក្របខណ្ឌសេដ្ឋកិច្ចនេះ ជាឧបករណ៍ថ្មីមួយក្នុងការពង្រឹងនូវអានុភាពរបស់ខ្លួនក្នុងវិស័យសេដ្ឋកិច្ចនៅតំបន់នេះ បន្ទាប់ពីការពង្រឹងនិងលើកកម្ពស់អានុភាពរបស់ខ្លួនទៅលើវិស័យសន្តិសុខកន្លងមក?

ចាប់តាំងពីពេល ស.រ.អា. បានដើរចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ក្នុងរដ្ឋបាល ដូណាល់ ត្រាំ ស.រ.អា. ហាក់ងាកមកពង្រឹងវិស័យសន្តិសុខក្នុងតំបន់ ដោយចង់រក្សាភាពជា អ្នកដឹកនាំរបស់ខ្លួន ស្របជាមួយការគាំទ្រពីប្រទេសសម្ព័ន្ធមិត្ត ដែលអាចឆ្លើយតបទៅនឹងការ គំរាមកំហែងនានាភ្លាមៗពីគូបដិបក្ខ។ ដោយឡែក ការមើលឃើញចិនបន្តមានឥទ្ធិពល ខាងផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងឡើងៗនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស.រ.អា.និងប្រទេសសម្ព័ន្ធ មិត្តQuad ក៏ចង់បង្កើនសមត្ថភាព និងឥទ្ធិពលខ្លួនលើផ្នែកនេះផងដែរ បន្ថែមពីលើវិស័យសន្តិសុខ។

ជាក់ស្តែង ការដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ចថ្មីនេះ ស្របទៅតាមយុទ្ធសាស្រ្តរបស់ខ្លួននៅក្នុង តំបន់ ដែលមាននិន្នាការរាំងខ្ទប់ និងប្រកួតប្រជែងផ្នែកភូមិសាស្រ្តសេដ្ឋកិច្ចនៅក្នុងតំបន់ ជាមួយយន្តការរបស់មហាអំណាចដទៃទៀត ពោលគឺយក្សសេដ្ឋកិច្ចចិន។ IPEF បានក្លាយជា ឧបករណ៍ប្រកួតប្រជែងថ្មីមួយ ដែលស.រ.អា. រួមជាមួយមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់នានា ប្រើប្រាស់ដើម្បីដាក់គំនាបលើឥទ្ធិពលរបស់ចិន ដោយស.រ.អា. និងសម្ព័ន្ធមិត្តយល់ថា តំបន់នេះ ពុំគួរមានវត្តមាន ឬឥទ្ធិពលរបស់ចិនឡើយ។

ស.រ.អា. ស្របតាមយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន ក៏មានទំនោរគាំទ្រ និងលើកកម្ពស់ ភាពជាអ្នកដឹកនាំក្នុងតំបន់របស់ឥណ្ឌា។ វត្តមានរបស់ឥណ្ឌាក្នុង IPEF ជាតួអង្គសំខាន់មួយ ដែលអាចប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ចជាមួយចិន ដែលអាចជំរុញក្របខណ្ឌសេដ្ឋកិច្ចនេះ ឲ្យមានសន្ទុះទៅថ្ងៃអនាគត និងរក្សាគាំទ្រដល់វត្តមានស.រ.អា.នៅក្នុងតំបន់។ ផ្ទុយមកវិញ ឥណ្ឌាក៏ពឹងផ្អែកភាគច្រើនលើចិនចំពោះការធ្វើពាណិជ្ជកម្មនានា ដែលសបញ្ជាក់ថា បើស.រ.អា. ចង់ប្រើប្រាស់ ឥណ្ឌាតាមយន្តការIPEF ដើម្បីប្រកួតប្រជែងជាមួយចិន នោះត្រូវ រក្សាឲ្យបានថា ឥណ្ឌាក៏អាចមានស្វ័យភាពគ្រប់គ្រាន់ពីការធ្វើពាណិជ្ជកម្មជាមួយចិន។

ម្យ៉ាងវិញទៀត ស.រ.អា. បាននិងកំពុងងាកទៅបង្កើនទំនាក់ទំនង និងការចូលរួមពីសំណាក់ បណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក ដែលបញ្ជាក់ថាមហាអំណាចនេះ នឹងពង្រីកឥទ្ធិពលខ្លួនក្នុង តំបន់ទាំងនៅបណ្តាប្រទេសដីគោក និងប្រទេសដែនកោះ។

សំណួរទី ៤៖  ជាចុងក្រោយ តើកញ្ញាយល់ឃើញយ៉ាងណាអំពីទិសដៅ និងផែនការអនាគតក្នុងការអនុវត្តនូវក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ស.រ.អា. និងប្រទេសដៃគូរបស់ខ្លួនក្នុងតំបន់?

កន្លងមក ស.រ.អា. បានខិតខំបង្កើនឥទ្ធិពលរបស់ខ្លួនពិសេសផ្នែកយោធា និងសន្តិសុខដើម្បី ដើរតួនាទីជាអ្នករក្សាសណ្តាប់ធ្នាប់តំបន់ និងពិភពលោក។ ប្រសិនបើមើលលើតថភាពទូទៅ យើងសង្កេតឃើញថាបច្ចុប្បន្ន ស.រ.អា. បាននិងកសាងនូវ ឧត្តមភាពរបស់ខ្លួន និងសម្ព័ន្ធមិត្តលើវិស័យសេដ្ឋកិច្ចនេះដោយរំពឹងរក្សានូវអនុត្តរភាពរបស់ ខ្លួននៅក្នុងតំបន់។ វត្តមានរបស់កោះ Fiji ជាសមាជិកដែលជាប្រទេសនៃដែនកោះប៉ាស៊ីហ្វិក ដំបូងដែលចូលរួមក្នុងក្របខណ្ឌសេដ្ឋកិច្ចនេះ ហាក់បង្ហាញពីជំហរនិងទិសដៅ ដែលស.រ.អា. ចង់កៀរគរ ការគាំទ្រពីបណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិកដើម្បីពង្រីកឥទ្ធិពលខ្លួនឲ្យកាន់តែខ្លាំងក្លាជាងមុន។

ដោយកម្រិតនៃ IPEF នៅត្រឹមជាក្របខណ្ឌសេដ្ឋកិច្ច ដែលពុំមានចំណងគតិយុត្តិណាមួយ ចំពោះប្រទេសជាសមាជិក ហេតុនេះស.រ.អា. ក៏មានទិសដៅបន្តពិភាក្សាជាមួយគ្រប់ភាគី ដើម្បីស្វែងរកវិស័យផ្សេងៗដែលគួរទាញយកមកធ្វើជាកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ IPEF អាចនឹងអនុវត្តជាការរឹតបន្តឹងការពង្រឹងវិស័យសេដ្ឋកិច្ចចំពោះប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលមិនមែនចូលរួមក្នុងយន្តការនេះ ពិសេសបម្រើឲ្យការវាយបកជាយុទ្ធសាស្រ្ត ដែលមានរបៀបវារៈផ្សេង។

បើទោះបីមានគោលដៅរឹតត្បឹតការរះឡើងនៃឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនយ៉ាងណាក្តី តែIPEF គួរប្រើប្រាស់ដើម្បីប្រយោជន៍រួមក្នុងតំបន់ ជាជាងការប្រកួតប្រជែង ដែលជំរុញឲ្យការស្តារ សេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតជំងឺកូវីដ-១៩ មានភាពកាន់តែប្រសើរជាងមុន។ ទន្ទឹមនឹងនេះ សេចក្តីព្រាងផែនការ និងសកម្មភាព ក៏ជាតម្រូវការចាំបាច់ ដើម្បីកុំឲ្យ IPEF គ្រាន់តែជាយន្តការប្រកួតប្រជែងជាយុទ្ធសាស្រ្តដោយប្រើសំបកក្រៅជាការសហការវិស័យ សេដ្ឋកិច្ច។

វាគ្មិនកិត្តិយស៖ កញ្ញា លី ន័ររី បុគ្គលិកហាត់ការផ្នែកស្រាវជ្រាវ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងនិស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

Recent Posts

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031