Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ សារៈសំខាន់នៃច្បាប់ស្ដីពីលំហអ៊ីនធឺណិត (Cyber Law) ក្នុងបរិបទនៃសង្គមកម្ពុជា

AVI Voiceសារៈសំខាន់នៃច្បាប់ស្ដីពីលំហអ៊ីនធឺណិត (Cyber Law) ក្នុងបរិបទនៃសង្គមកម្ពុជា
{{svg_share_icon}}

វិស័យឌីជីថល បច្ចេកវិទ្យា និងអ៊ឺនធឺណិតនៅក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះខ្លាំងក្នុងការប្រើប្រាស់ និងការអភិវឌ្ឍន៍ ស្របពេលដែលក្ដីបារម្មណ៍ពាក់ព័ន្ធទៅនឹងសន្តិសុខលំហអ៊ឺនធឺណិតក៏កំពុងតែកើតមានជាបណ្ដើរៗ។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវការបង្កើតច្បាប់ស្ដីពីការសន្តិសុខលំហអ៊ឺនធឺណិត ដើម្បីជាការកាត់បន្ថយនូវឧក្រិដកម្មតាមប្រព័ន្ធអ៊ឺនធឺណិត និងការពារឯកជនភាពរបស់បុគ្គលនិងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្ដមបណ្ឌិត ហ៊ុល សៀងហេង បានពន្យល់ពីនិយមន័យនៃច្បាប់ស្ដីពីលំហអ៊ឺនធឺណិត (Cyber Law) សាវតាក្នុងការផ្ដួចផ្ដើមឱ្យបង្កើតច្បាប់នេះឡើង និងសារៈសំខាន់ចំពោះបុគ្គល និងស្ថាប័ននានាទូទាំងប្រទេសក្នុងវិស័យអ៊ឺនធឺណិត។

សំណួរទី ១៖ តើអ្វីជាច្បាប់ស្តីពីលំហអ៊ីនធឺណិត ឬដែលហៅថា Cyber Law? អ្វីទៅជាសាវតាដែលជម្រុញឱ្យមានការផ្ដួចផ្ដើមសរសេរច្បាប់ស្ដីពីលំហអ៊ីនធឺណិតនេះឡើង?

ច្បាប់ស្ដីពីលំហអ៊ឺនធឺណិត ឬ Cyber Law គឺជាច្បាប់ដែលប្រើដើម្បីនិយាយអំពីផ្លូវច្បាប់ដែលទាក់ទងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន ឬក៏ទាក់ទងទៅនឹងអ៊ឺនធឺណិត។ មិនថាតែនៅក្នុងប្រទេសយើង ឬប្រទេសអភិវឌ្ឍន៍ក៏ដោយ សាវតាដែលធ្វើឱ្យមានគំនិតផ្ដួចផ្ដើមបង្កើតច្បាប់នេះឡើងគឺ ដើម្បីជួយឱ្យមានសណ្ដាប់ធ្នាប់រួមនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឬក៏ការប្រើប្រាស់អ៊ឺនធឺណិត និងជួយការពារមនុស្សឬស្ថាប័នដែលប្រើប្រាស់បច្ចេកវិទ្យាពាក់ព័ន្ធទៅនឹងអ៊ឺនធឺណិត នៅក្នុងសម័យឌីជីថលនេះ ពីព្រោះការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាក្នុងវិស័យអ៊ឺនធឺណិតនេះប្រែប្រួលលឿនមែនទែន។ ហើយបើមិនមានច្បាប់ទំលាប់និយាមច្បាស់លាស់លើការងារនេះទេ អាចជាបញ្ហាដល់សង្គម បុគ្គល ឬស្ថាប័នដែលទៅថ្ងៃមុខយើងមិនមានអ្វីដែលយោង ដើម្បីដោះស្រាយបញ្ហានេះ។

សំណួរទី ២៖ ក្នុងបរិបទសង្គមកម្ពុជា តើច្បាប់ស្តីពីលំហអ៊ីនធឺណិតមានសារៈសំខាន់ដូចម្តេចខ្លះសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់បុគ្គល ឬស្ថាប័ននានានៅកម្ពុជា?

នៅក្នុងបរិបទយើង ខ្ញុំគិតថាពាក់ព័ន្ធនឹងច្បាប់ស្ដីពីលំហអ៊ឺនធឺណិតនេះ ប្រសិនបើវាទន់ខ្សោយ ប្រទេសយើងត្រូវចាប់ផ្ដើមគិតជាងមុន ពីព្រោះថាតាំងពីហេដ្ឋារចនាសម្ព័ន្ធទន់និងរឹងផ្សេងៗយើងនៅខ្វះខាត។ ប៉ុន្តែប្រសិនបើមានច្បាប់ជាហេដ្ឋារចនាសម្ព័ន្ធទន់នេះទៅជួយបន្ទាន់បានក៏ជាការចាំបាច់ដែរ បើសិនជាហេដ្ឋារចនាសម្ព័ន្ធរឹងយើងមិនទាន់មានគ្រប់គ្រាន់ ប៉ុន្តែយើងហេដ្ឋារចនាសម្ព័ន្ធទន់ដែលយើងអាចធ្វើបាន។ កាលណាយើងធ្វើទាន់ស្ថានការណ៍ បុគ្គល ស្ថាប័ន ឬប្រទេសជាតិទាំងមូលមានស្មារតីបុរេសកម្ម រាល់អ្វីដែលកើតមានឡើង យើងមាននិយាមសម្រាប់កាត់ក្ដី។ បើមិនអញ្ចឹងទេ ទិន្នន័យបាត់ ឯកជនភាពត្រូវបានគេយកទៅធ្វើជាអាជីវកម្ម ឬក៏យកទៅបម្លែងទៅជាអ្វីផ្សេងទៀត បច្ចេកវិទ្យាផ្សេងៗធ្វើឱ្យប៉ះពាល់អាជីវកម្ម ហើយប៉ះពាល់ទីបំផុតដល់សេដ្ឋកិច្ចជាតិ។ អញ្ចឹងនៅពេលមានច្បាប់នេះហើយ បើទោះបីជាយ៉ាងណាអ្នកដែលប្រព្រឹត្តល្មើសនៅក្នុងអ្វីដែលផ្ទុយនឹងច្បាប់ដែលចែងនឹងត្រូវបានកាត់ទោស និងជៀសវាងមិននាំឱ្យមានបញ្ហាអ្វីផ្សេងៗមិនល្អដល់សង្គម។

សំណួរទី ៣៖ ហេតុអ្វីបានជាបុគ្គលនីមួយៗត្រូវយកចិត្តទុកដាក់ទៅលើវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន? ហើយតើច្បាប់ប់ស្តីពីលំហអ៊ីនធឺណិតនឹងការពារបុគ្គលនីមួយៗដូចម្តេចខ្លះ?

សម្រាប់ខ្ញុំជាសាមញ្ញ ពីព្រោះបច្ចេកវិទ្យាទាំងអស់វាលឿន និងធ្វើឱ្យមនុស្សកម្សាន្តជាមួយបាន ប៉ុន្តែក្នុងករណីដែលមានទិន្នន័យធំ (Big Data)ឬក៏បរិបទដែលយើងយកទិន្នន័យជាមូលដ្ឋានក្នុងការធ្វើការសម្រេចចិត្ត ករណីនេះយើងយកទិន្នន័យឱ្យគេដោយមិនដឹងខ្លួន ហើយឱ្យគេយកទៅគរាប់ថ្ងៃ រាប់ខែ រាប់ឆ្នាំដោយមិនដឹងខ្លួន។ តើយើងបារម្មណ៍យ៉ាងណាក្នុងបរិបទបែបនេះ? ដោយខ្លួនឯងមិនអាចដឹងថា១០ឆ្នាំមុនបានធ្វើអ្វីខ្លះ ប៉ុន្តែទិន្នន័យទាំងអស់នោះត្រូវបានរក្សាទុកជាមូលដ្ឋាន។

សំណួរទី ៤៖ យើងឃើញថា កម្ពុជាក្នុងសម័យឌីជីថល នៅមានភាពទន់ខ្សោយក្នុងការការពារខ្លួនពីការវាយប្រហារតាមប្រព័ន្ធអនឡាញដូចដែលបានធ្លាប់កើតឡើងជាច្រើនករណីកន្លងមកទៅលើស្ថាប័នរដ្ឋមួយចំនួនក្នុងប្រទេស តើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនោះបានធ្វើប៉ះពាល់អ្វីខ្លះមកដល់ប្រទេសយើង? ហើយដូចនេះក្នុងការការពារស្ថាប័នរដ្ឋឬឯកជននានានៅក្នុងប្រទេស តើយើងអាចរំពីងទុកអ្វីបានខ្លះ ពីច្បាប់ស្តីពីលំហអ៊ីនធឺណិតថ្មីនេះដែរ ដើម្បីការពារស្ថាប័នសំខាន់ៗនេះដែរ?

ចំពោះស្ថាប័នរដ្ឋ អ្វីដែលយើងត្រូវឆ្លើយតបចម្បងគឺសន្តិសុខ ហើយស្ថាប័នឯកជនអាចជាប្រយោជន៍ ដែលទាំងអស់នេះអាចប៉ះពាល់ដល់សន្តិសុខសង្គមទាំងមូលនិងជាអ្វីដែលយើងត្រូវបារម្មណ៍។ យើងឃើញច្រើនឆ្នាំ២០១២ គេហទំព័រឬក៏ Website របស់ក្រសួងការបរទេសជាដើមត្រូវបានគេរំខាន គេហទំព័រនិងព័ត៌មានរបស់ក្រសួងផ្សេងៗត្រូវបានគេលួច។ នេះប្រសិនបើជាព័ត៌មានមិនរសើបវាមិនជាបញ្ហាទេ ប៉ុន្តែប្រសិនបើជាព័ត៌មានរសើបដែលត្រូវបានគេលួច (Hacked) ត្រូវបានគេយកទៅប្ដូរទៅជាអ្វីផ្សេង សាធារណជនបានអាចបានមើលទៅឃើញអ្វីផ្សេង តើវាអាចនឹងទៅជាបញ្ហាប៉ុណ្ណា។ វិស័យឯកជនគឺកាត់ផ្ដាច់តែម្ដងជាទូទៅ ឧទាហរណ៍ប្រព័ន្ធហិរញ្ញវត្ថុមួយចំនួនយើងលែងបង់លុយដោយផ្ទាល់ដូចពីមុនទៀតហើយ គឺប្ដូរមកជាប្រព័ន្ធអនឡាញ ហើយប្រសិនបើប្រព័ន្ធទាំងអស់នេះ ត្រូវបានលួចនិងបង្អាក់យើងត្រូវនាំគ្នាជិះម៉ូតូឡានទៅបង់លុយដោយផ្ទាល់វិញ។ នេះគឺជាបញ្ហាដែលវិស័យឯកជនមួយចំនួនតែងតែជួបប្រទះ និងបានធ្វើឱ្យមានការកាត់បន្ថយប្រសិទ្ធភាពការងាររបស់វិស័យឯកជនទាំងនោះ ដែលនេះគឺជាក្ដីបារម្មណ៍ដ៏ធំ។ ហើយច្បាប់ស្ដីពីលំហអ៊ឺនធឺណិតដែលនឹងមាននៅក្នុងប្រទេសកម្ពុជាយើង នឹងជួយឱ្យបញ្ហាទាំងអស់នេះទោះបីក្នុងកម្រិតណាមួយនឹងត្រូវបានដោះស្រាយ និងបុរេសកម្ម កុំចាំបញ្ហាកើតមានហើយយើងនាំគ្នាទៅបង្កើតច្បាប់តាមក្រោយ ដូចគេហៅថាសេះដាច់ទើបនាំគ្នាធ្វើរបង។

សំណួរទី ៥៖ ជាចុងក្រោយ សម្រាប់ទស្សនៈផ្ទាល់ខ្លួន (របស់វាគ្មិន) តើអ្វីទៅជាការរំពឹងទុកទៅលើច្បាប់ស្ដីពីលំហអ៊ឺនធឺណិត ឬ Cyber Law នៅក្នុងបរិបទឌីជីថលនៅក្នុងប្រទេសកម្ពុជា?

ជាការរំពឹងទុក កាលណាយើងមានច្បាប់នេះហើយ អ្វីដែលជាសកម្មភាពដែលមិនមានការគាំទ្រពីស្មារតីរបស់ច្បាប់នឹងត្រូវបានកាត់បន្ថយ ការលួចចូលទិន្នន័យរបស់ស្ថាប័នរដ្ឋនឹងត្រូវបានកាត់បន្ថយ។ខ្សែចង្វាក់ផលិតកម្មត្រូវបានរក្សា និងមានប្រសិទ្ធភាព អញ្ចឹងធុរកិច្ចនៅក្នុងស្រុកយើងអាចនឹងស្ទុះលឿនខុសពីអ្វីដែលមិនទាន់មានច្បាប់ ហើយសន្តិសុខរបស់សង្គមមួយទាំងមូលក៏នឹងប្រសើរជាងមុន ប្រជាជននឹងប្រើប្រាស់អ៊ឺនធឺណិតដោយមានស្មារតីប្រុងប្រយ័ត្នច្រើនជាងមុន ដែលនេះខ្ញុំគិតថាក្នុងកម្រិតបុគ្គល ស្ថាប័ន ទាំងវិស័យសេដ្ឋកិច្ច ទាំងវិស័យរដ្ឋនឹងទទួលបានផលប្រយោជន៍ច្រើន ឬក៏បាននូវស្ថេរភាពនៅក្នុងការងារជាក់ស្ដែងរបស់ខ្លួន។

វាគ្មិនកិត្តិយស៖ ឯកឧត្ដមបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត

អ្នកសម្របសម្រួល៖ លោក ទន់​ លីណាសុផាឬទ្ធិ

Join our AVI Channel

Recent Posts

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930