📢 NEWS
Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ វឌ្ឍនភាពនៃការអនុវត្តច្បាប់ស្ដីពីការវិនិយោគថ្មីនៅកម្ពុជា

AVI Voice
វឌ្ឍនភាពនៃការអនុវត្តច្បាប់ស្ដីពីការវិនិយោគថ្មីនៅកម្ពុជា
AVI Voiceវឌ្ឍនភាពនៃការអនុវត្តច្បាប់ស្ដីពីការវិនិយោគថ្មីនៅកម្ពុជា
{{svg_share_icon}}

ច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាឆ្នាំ២០២១ គឺជាវឌ្ឍនភាពថ្មីមួយទៅលើវិស័យវិនិយោគ ក៏ដូចជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលបានកំណត់គោលដៅយ៉ាងច្បាស់លាស់នៅក្នុងច្បាប់វិនិយោគថ្មីនេះ ចំពោះការលើកម្ពស់និងជម្រុញនូវការវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពជាមុននៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត សរ សិនិរ៉ា បានលើកឡើងអំពីសវតានៃការបង្កើតច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាឆ្នាំ២០២១ និងការផ្លាស់ប្ដូរថ្មីៗជាច្រើននៅក្នុងច្បាប់វិនិយោគនេះ។

សំណួរទី ១៖ ការវិនិយោគនៅកម្ពុជាត្រូវបានអនុវត្ត និងចរាចរក្រោមក្របខ័ណ្ឌច្បាប់នៃការវិនិយោគឆ្នាំ ១៩៩៤ ដែលត្រូវបានធ្វើវិសោធនកម្មម្ដងកាលពីឆ្នាំ២០០៣។ ច្បាប់នៃការវិនិយោគនេះ បានផ្ដល់បរិបទនៃការវិនិយោគដែលអំណោយផល និងអត្ថប្រយោជន៍ផ្សេងៗដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ ហើយកាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចូលជាធរមាននូវការអនុវត្តច្បាប់ស្ដីពីការវិនិយោគថ្មីមួយទៀត។ ជាបឋម តើមូលហេតុអ្វីបានជាត្រូវបង្កើតឡើងនូវច្បាប់ស្ដីពីការវិនិយោគថ្មីនេះឡើង?

ឈរលើទស្សនៈវិស័យវែងឆ្ងាយរបស់កម្ពុជា ឆ្ពោះទៅគោលដៅឆ្នាំ២០៣០ ដែលរាជរដ្ឋាភិបាលចង់ប្រែក្លាយប្រទេសកម្ពុជាយើងពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ដែលហេតុនេះហើយបានជានៅឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងដាក់ចេញវិធានការគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ហើយគោលនយោបាយនោះគឺជាឯកសារមគុទេសជម្រុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ពោលគឺជម្រុញកែប្រែ និងធ្វើទំនើបកម្មពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មជំនាញ ដែលនឹងរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ហើយការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះ គឺជាកិច្ចបន្ទាន់ចំពោះមុខដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលយើង ហើយលោកបានដាក់ចេញនូវយុទ្ធសាស្រ្តគន្លិះ ដោយផ្ដោតជាសំខាន់ទៅលើការរៀបចំ និងការអនុវត្តទៅលើគោលនយោបាយច្បាស់លាស់មួយចំនួន ដែលមានការសម្របសម្រួល ហើយមានភាពប្រទាក់ក្រឡាគ្នា និងបំពេញគ្នាទៅវិញទៅមក។ មួយគឺក្នុងសសរស្ដម្ភចំណោមសសរស្ដម្ភទាំងមួយ គឺការទាក់ទាញវិនិយោគិនផ្ទាល់ពីបរទេស និងការគៀរគរវិនិយោគឯកជនក្នុងស្រុកសម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះ ដែលមាននៅក្នុងឯកសារគោលនយោបាយដែលខ្ញុំបានលើកឡើងខាងលើនេះ។

នៅក្នុងក្របខណ្ឌនៃការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ជាក្របខណ្ឌយុទ្ធសាស្រ្តនៃគោលនយោបាយសំខាន់ៗ។ ហើយវិធានការគោលនយោបាយសំខាន់ៗមានច្រើនណាស់ តែក្នុងចំណោមនោះមានវិធានការគោលនយោបាយមួយជាការជម្រុញការទាក់ទាញវិនិយោគ ក្នុងគោលដៅទាក់ទាញលំហូរវិនិយោគពីក្រៅប្រទេស ឬការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment)។ ក្នុងន័យនេះ គឺរាជរដ្ឋាភិបាលផ្ដោតជាសំខាន់លើបរិយាកាសវិនិយោគ ហើយនៅក្នុងនោះឯងដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការជាក់លាក់ ដោយត្រូវពិនិត្យឡើងវិញនូវច្បាប់វិនិយោគ ព្រមទាំងវិធានការច្បាប់ពាក់ព័ន្ធដទៃទៀត គឺផ្អែកលើតម្រូវការជាក់ស្ដែងក្នុងការអភិវឌ្ឍន៍វិស័យឧស្សាហកម្មសំដៅលើកទឹកចិត្តដល់ការវិនិយោគលើវិស័យឧស្សាហកម្ម រួមមានការទាក់ទាញវិនិយោគ ការផ្ទេរបច្ចេកវិទ្យា ការបង្កើតការងារ និងបណ្ដុះបណ្ដាលជំនាញ និងការបង្កើនតម្លៃបន្ថែមទៅឧស្សាហកម្មជារួម។ ក្នុងក្របខណ្ឌនេះដដែល មានការចង្អុលបង្ហាញចំណុចមួយផ្សេងទៀតគឺការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្ធការត្រូវពិនិត្យ និងតាមដានការអនុវត្តគម្រោងវិនិយោគ ដើម្បីធានាការគោរពគោលការណ៍និងលក្ខខណ្ឌនៃការវិនិយោគ ព្រមទាំងអនុលោមភាពនៃច្បាប់វិនិយោគកម្ពុជា។ មួយទៀតគឺពង្រឹងយន្ធការផ្ដល់សេវាថែទាំវិនិយោគ ដោយផ្អែកលើឧត្ដមានុវត្តជាសកល ដើម្បីលើកកម្ពស់គុណភាពនៃការវិនិយោគ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិន។

ដូច្នេះទាំងអស់នេះ គឺជាអ្វីដែលជាដើមចងដែលធ្វើឱ្យមានកំណើតនៃច្បាប់វិនិយោគនៅកម្ពុជាថ្មីនេះ ហើយខ្ញុំសូមជម្រាបផងដែរថា ច្បាប់វិនិយោគថ្មីឆ្នាំ២០២១នេះ ពុំមែនជាច្បាប់ស្ដីពីវិសោធនកម្មច្បាប់វិនិយោគចាស់ទេ តែជាច្បាប់វិនិយោគថ្មីតែម្ដង។

សំណួរទី ២៖ បើប្រៀបធៀបទៅនឹងច្បាប់ចាស់ តើច្បាប់ថ្មីនេះមានការផ្លាស់ប្ដូរអ្វីខ្លះទៅដល់បរិបទនៃការវិនិយោគនៅកម្ពុជា?

ខ្ញុំអាចនិយាយបានថា ច្បាប់ថ្មីនេះបានគិតគូរអំពីការផ្ដល់ការលើកទឹកចិត្តដល់វិស័យអាទិភាពកម្រិតបច្ចេកវិទ្យាខ្ពស់ និងបច្ចេកទេស ហើយដែលវិស័យមួយចំនួនទៀតជាវិស័យបង្កើតការងារដល់ប្រជាជនយើង បណ្ដុះបណ្ដាលជំនាញ ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍន៍និងនវានុវត្តន៍ និងសហគ្រាសធុនតូចនិងមធ្យម។ ជាមួយគ្នានេះ ច្បាប់ថ្មីបានកែសម្រួលឱ្យប្រសើរឡើងនៃនីតិវិធីរដ្ឋបាលពាក់ព័ន្ធទៅនឹងយន្តការស្ថាប័ន និងនីតិវិធីនៃការស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សំដៅលើគម្រោងដែលទទួលចុះបញ្ជី និងត្រូវទទួលបានការលើកទឹកចិត្តក្រោមច្បាប់នេះទៀត និយាយជារួមការលើកទឹកចិត្តទៅលើពន្ធគយ និងពន្ធដារ។ មួយទៀត ច្បាប់វិនិយោគថ្មីនេះបង្កើនភាពជាក់លាក់ គឺបង្កើនប្រសិទ្ធភាពដល់សេវាកម្មវិនិយោគ ហើយច្បាប់នេះក៏បានរំលិចផងដែរពាក់ព័ន្ធទៅនឹងការសម្រេចលើវិនិយោគឯកជន និងយន្តការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ តាមរយៈការធ្វើប្រតិភូកម្មទៅរដ្ឋបាលរាជធានីខេត្ត។ ហើយបើតាមការសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចឱ្យមានការបង្កើតគណៈកម្មការវិនិយោគរាជធានីខេត្តមាន័យថាមានយន្តការពិនិត្យ និងចុះបញ្ជីវិនិយោគនៅថ្នាក់ជាតិហើយនិងនៅថ្នាក់រដ្ឋបាលរាជធានីខេត្តទៀត។

ក្នុងន័យបង្កើនភាពប្រកួតប្រជែង ជាក់ស្ដែងច្បាប់ចាស់ ការពិនិត្យនិងការចុះបញ្ជីសម្រេចចុងក្រោយត្រូវប្រើពេល ៣១ថ្ងៃ ធ្វើការ ប៉ុន្តែក្រោមច្បាប់ថ្មីនេះកំណត់ត្រឹមតែ ២០ថ្ងៃ នៃថ្ងៃធ្វើការទេ វាចំណេចពេលទៅដល់វិនិយោគិនច្រើនណាស់នៅពេលដែលគាត់មកចុះបញ្ជី ដើម្បីទទួលបានវិញ្ញាបន្រប័តវិនិយោគ និងការលើកទឹកចិត្ត។ មួយវិញទៀត យើងបានលុបបំបាត់នូវវិញ្ញាបន្រប័តចុះបញ្ជីមានលក្ខខណ្ឌ និងវិញ្ញាបន្រប័តចុះបញ្ជីមានលក្ខខណ្ឌស្ថាពរ។ វិញ្ញាបន្រប័តចុះបញ្ជីអាចធ្វើឡើងតាមថ្នាល់បច្ចេកវិទ្យាព័ត៌មាន ដែលរាជរដ្ឋាភិបាលបានរៀបចំក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្នាល់បច្ចេកវិទ្យាព័ត៌មានសម្រាប់ចុះបញ្ជីតាមប្រព័ន្ធអនឡាញ។ ដោយឡែកច្បាប់ក៏បាននិយាយផងដែរថា នៅលើវិញ្ញាបន្រប័តនោះត្រូវមានភ្ជាប់មកជាមួយ Bar Code ឬ QR Code ដែលមានលេខសម្គាល់ ដើម្បីកាត់បន្ថយបរិមាណ និងចំនួនឯកសារដែលវិនិយោគិនត្រូវយកមកដាក់ស្នើសុំនៅតាមស្ថាប័នផ្សេងទៀត។ ច្បាប់ថ្មីនេះ បានដាក់ចេញនូវយន្តការពង្រឹងវិធានការច្រកចេញចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើឱ្យមានការបំព្រួញពេលវេលាដូចខ្ញុំបានជម្រាបជូនខាងលើ ព្រមទាំងដើម្បីឱ្យវិញ្ញាបន្រប័តចុះបញ្ជីមានភាពរលូន។ 

ជាមួយគ្នានេះផងដែរ ច្បាប់វិនិយោគថ្មីបានធ្វើការកែសម្រួលនូវ ពាក្យច្បាប់ Legal Terminology ដើម្បីធានាឱ្យមានភាពបន្ស៊ីជាមួយលិខិតបទដ្ឋានគតិយុទ្ធផ្សេងទៀត ដែលត្រូវបានធ្វើទំនើបកម្មមិនត្រឹមតែពាក្យនោះទេ ប៉ុន្តែបង្កប់នូវអត្តន័យណែនាំនៅក្នុងនឹងផងដែរ។ អញ្ចឹងច្បាប់ថ្មីនេះ ត្រូវធ្វើឱ្យមានភាពបន្ស៊ីជាមួយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុទ្ធដទៃទៀត ដើម្បីជៀសវាងការបកស្រាយ រក្សាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ដល់មន្រ្តី និងវិនិយោគិនដែលប្រើប្រាស់ច្បាប់នេះតែម្ដង។ អ្វីដែលសំខាន់មួយទៀតគឺ របបលើកទឹកចិត្តចំពោះគម្រោងដែលមានលក្ខណៈគ្រប់គ្រាន់ ទាំងផ្នែកពន្ធនិងផ្នែកមិនមែនពន្ធ ដើម្បីទាក់ទាញលំហូរវិនិយោគមកកម្ពុជាឱ្យកាន់តែច្រើនទៀត។ របបការលើកទឹកចិត្តថ្មីមានទាំងការលើកទឹកចិត្តផ្នែកពន្ធដារ និងពន្ធគយ ហើយក្នុងការលើកទឹកចិត្តនោះក្នុងច្បាប់ថ្មីធ្វើការបែងចែករបបការលើកទឹកចិត្តជាបីប្រភេទ ទីមួយការលើកទឹកចិត្តជាមូលដ្ឋាន ទីពីរការលើកទឹកចិត្តបន្ថែម ទីបីការលើកទឹកចិត្តពិសេស។ អ្វីដែលថ្មីលើសពីច្បាប់ចាស់នោះ គឺច្បាប់ថ្មីជម្រុញឱ្យមានការស្រាវជ្រាវ និងការបណ្ដុះបណ្ដាលកម្លាំងពលកម្មដែលមានជំនាញខ្ពស់ និងលើកទឹកចិត្តឱ្យវិនិយោគិនធ្វើការវិនិយោគទៅលើការបង្កើតនូវសុខុមាលភាពរបស់កម្មករនយោជិក ឬបុគ្គលិកដែលជាប្រជាជនខ្មែរយើង។ ច្បាប់ថ្មីបានផ្ដល់ការកាត់កងលើការចំណាយក្នុងអត្រា ១៥០% ទៅលើការចំណាយពាក់ព័ន្ធទៅនឹងការស្រាវជ្រាវ ការបណ្ដុះបណ្ដាល និងការចំណាយទៅលើមធ្យោបាយដឹកជញ្ជូនការផ្ដល់កន្លែងស្នាក់នៅជាដើម។ អ្វីមួយដែលសំខាន់ជាងនេះទៅទៀត ដែលជាការគាំទ្រទៅដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម២០១៥-២០២៥ គឺច្បាប់នេះមិនត្រឹមតែផ្ដល់នូវការលើកទឹកចិត្តបែបខាងលើនេះទេ ប៉ុន្តែច្បាប់នេះក៏បានផ្ដល់ការលើកលែងអាករទៅលើតម្លៃបន្ថែមចំពោះការទិញធាតុចូលផលិតកម្មដែលផលិតនៅក្នុងស្រុក។ ចំណុចនេះគឺជាការវិវត្តមួយដ៏សំខាន់ ដែលបន្ថែមលើវឌ្ឍនភាពនៅក្នុងច្បាប់ថ្មី ពីព្រោះការលើកលែងអាករលើតម្លៃបន្ថែមគឺវាជួយឱ្យមានការផ្សារភ្ជាប់រវាងផលិតករនៅក្នុងស្រុកទៅនឹងចង្វាក់ផលិតកម្មរបស់គម្រោងវិនិយោគ ហើយក៏ដូចជាការជម្រុញទៅលើការប្រើប្រាស់ផលិតផលក្នុងស្រុក ហើយអាចធ្វើឱ្យតម្លៃនៃការផលិតកាន់តែធូរថ្លៃដើម្បីនាំចេញទៅលើទីផ្សារបរទេសអាចលក់ក្នុងតម្លៃប្រកួតប្រជែងបាន។ ច្បាប់ថ្មីនេះឧបករណ៍ចូលរួមចំណែកសម្រេចនូវចំណុចដែលខ្ញុំបានរៀបរាប់ខាងលើ។

ច្បាប់វិនិយោគថ្មីនេះក៏មានរៀបរាប់ផងដែរឱ្យមានភាពបត់បែនទៅដល់ការលើកទឹកចិត្ត ក៏ប៉ុន្តែដើម្បីឱ្យមានភាពបត់បែនវិស័យទាំងឡាយណាដែលមិនបានដាក់នៅក្នុងច្បាប់នេះទេ វាអាចជាវិស័យថ្មីដែលលើសពីការព្យាករណ៍របស់រដ្ឋគឺ ច្បាប់នេះអនុញ្ញាតឱ្យមាននូវការផ្ដល់ការលើកទឹកចិត្តពិសេសចំពោះវិស័យនៃការវិនិយោគជាក់លាក់ណាមួយដែលមានសក្ដានុពលខ្ពស់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលយើង។

ក្រៅពីខ្លឹមសារស្នូលខាងលើនេះ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់វិនិយោគិន ជាពិសេសវិនិយោគិនបរទេសពីក្រៅស្រុកច្បាប់ថ្មីបានដាក់បញ្ចូលនូវកាតព្វកិច្ចអន្តរជាតិ និងការប្ដេជ្ញារបស់កម្ពុជាក្នុងលិខិតតុបករណ៍អន្តរជាតិមួយចំនួន ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ជាដើម។ ចុងក្រោយចំពោះអ្វីដែលថ្មីនោះ មុននេះខ្ញុំបានលើកឡើងជូនអំពីការលើកលែងពន្ធទៅលើប្រាក់ចំណូល អញ្វឹងប្រសិនបើគម្រោងហ្នឹងគាត់ទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល៥ឆ្នាំ នៅផុតឆ្នាំទី៥ដែលគាត់ទទួលបាននោះ គាត់ត្រូវបង់ពន្ធលើប្រាក់ចំណូល២០% នៃប្រាក់ចំណូលរបស់គាត់ មានន័យថា បើគាត់រកបាន ១០០,០០០ គាត់ត្រូវបង់ ២០,០០០ ដែលកន្លងមកយើងអនុវត្តបែបនេះ។ ប៉ុន្តែច្បាប់ថ្មីនេះ គឺអនុញ្ញាតឱ្យមានការបង់តាមអត្រាកំណើនរវាង២ឆ្នាំម្ដង មានន័យថានៅឆ្នាំទី៦ គាត់ត្រូវបង់ពន្ធ២០% គាត់មិនត្រូវបង់ទាំង២០%នេះទេ គឺច្បាប់អនុញ្ញាតឱ្យបង់២៥% នៅពីរឆ្នាំតំបូង និង៥០%នៅពីរឆ្នាំបន្ទាប់ ហើយពីរឆ្នាំបន្ទាប់ទៀតត្រូវបង់៧៥%។ អញ្ចឹងបន្ទាប់មកមុននឹងគាត់បង់១០០% គឺគាត់សល់ពេល៦ឆ្នាំបន្តទៀតក្រោយពីផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលនេះ ដែលនេះគឺជាវឌ្ឍនភាពថ្មីដែលមាននៅក្នុងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាឆ្នាំ២០២១។

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត សរ សិនិរ៉ា ប្រធាននាយកដ្ឋាននីតិកម្មនិងច្បាប់វិនិយោគ នៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្

Join our AVI Channel

Recent Posts

May 2022
S M T W T F S
1234567
891011121314
15161718192021
22232425262728
293031