Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ ការរំពឹងទុក នៃដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ា

AVI Voiceការរំពឹងទុក នៃដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ា

ប្រសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំ២០២២ បានប្រកាសពីការធ្វើដំណើរទស្សនកិច្ចផ្លូវការរបស់ខ្លួនជាលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងដំណើរការចូលរួមសម្របសម្រួលស្ថានការណ៍នៃវិបត្តិនយោបាយ និងស្វែងរកដំណោះស្រាយជាចម្បងដល់វិបត្តិក្នុងប្រទេសទាំងមូល ដែលជាពិសេសគឺការស្វែងរកនូវកាលានុវត្តភាពក្នុងការបង្កើតឱ្យមាននូវកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកស្រី ហ៊ឹម សុធារ័ត្ន បានរបៀបវារៈដែលអាចកើតមានឡើងចំពោះដំណើរទស្សនកិច្ចផ្លូវការមួយនេះ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលប្រេសិតពិសេសរួមទាំងកម្ពុជា អាចនឹងជួបប្រទះអំឡុងពេលនៃដំណើរទស្សនកិច្ចមួយនេះ។

សំណួរទី ១៖   ជាបឋម តើប្រសិតពិសេសរបស់ប្រធានអាស៊ានកំណត់នៅថ្ងៃណាដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា?

ចាស៎​ សូមអរគុណលោកសុផាឬទ្ធិ​។ ពាក់ព័ន្ធទៅនឹងកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះ យើងឃើញថា បើយោងតាមសន្និសិទសារព័ត៌មានកន្លងទៅនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រកាសទៅសាធារណជនថា ឯកឧត្តមក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីអំពីបញ្ហាមីយ៉ាន់ម៉ា នៅឆ្នាំ២០២២​នេះ គ្រោងនឹងធ្វើទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា នៅក្នុងសប្ដាហ៍ទី៣ នៃខែមីនានេះ។ ជាក់ស្ដែងបើតាមការសន្ដិដ្ឋាន របស់ខ្ញុំ ខ្ញុំយល់ឃើញថា ទស្សនកិច្ចនេះ អាចនឹងធ្វើឡើងក្នុងអំឡុងសប្ដាហ៍ទី៣ ឬ នៅក្នុងអំឡុងចុងសប្ដាហ៍ណាមួយក្នុងខែមីនានេះ ប៉ុន្ដែដូចជាមិនអាចលើកទៅខែដទៃៗទៀតដូចជា មេសា ឬ ឧសភាទេ ពីព្រោះថា បញ្ហាមីយ៉ាន់ម៉ានេះ គឺត្រូវការឱ្យប្រេសិតពិសេស ធ្វើដំណើរទៅមីយ៉ាន់ម៉ាជាច្រើនលើកច្រើនសារ ដើម្បីបង្កើន ឬ ក៏ ពន្លឿន នូវវឌ្ឍនភាព នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចដែលថ្នាក់ដឹកនាំអាស៊ាន ឬ ក៏ប្រមុខដឹកនាំអាស៊ាន បានឯកភាពកាលពីថ្ងៃទី ២៤ មេសា ឆ្នាំ ២០២១ នៅទីក្រុង ហ្សាកាតា (Jakarta) ។ ហើយម្យ៉ាងទៀត បើសិនជាដំណើរទស្សនកិច្ច​ នេះត្រូវបានលើកទៅខែដទៃៗទៀត ឧទាហរណ៍ដូចជាខែ មេសា ឬ ឧសភា វាធ្វើឱ្យប៉ះពាល់ដំណើរការនៃកិច្ចប្រជុំអាស៊ានដទៃទៀត ដែលគ្រោងនឹងធ្វើនូវឆមាសទី២នៃឆ្នាំ ២០២២ ជាក់ស្ដែងដូចជាកិច្ចប្រជុំអាស៊ានថ្នាក់រដ្ឋមន្រ្ដីការបរទេសលើកទី៥៥ ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០​ និង ៤១ ដែលគ្រោង និង ធ្វើនូវខែវិច្ឆិកានូវចុងឆ្នាំ២០២២នេះផងដែរ។

សំណួរទី ២៖   អ្វីទៅដែលជារបៀបវារៈដែលគេរំពឹងទុកសម្រាប់ដំណើរទស្សនកិច្ចមួយនេះ?

ចាស៎ នៅក្នុងដំណើរទស្សនកិច្ចនេះ ចង់មិនចង់គឺយើងដឹងច្បាស់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ាន គឺត្រូវ ទៅជួបជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ មីង អោង ឡាំង ដែលជាប្រធានក្នុងប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា ហើយវាមានភាគរយច្រើនដែរ ដែល
ឯកឧត្តម ប្រាក់ សុខុន អាចនឹងជួបរដ្ឋមន្រ្ដីការបរទេស Wunna Maung Lwin របស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ
មីយ៉ាន់ម៉ា ផងដែរ។ ហើយចំពោះ របៀបវារៈដទៃទៀតដែលអាចនឹងគ្រោងលើកនៅក្នុង ទស្សនកិច្ចនេះ គឺខ្ញុំគិតថាទាក់ទងនឹងដំណើរការនៃការផ្ដល់ជំនួយមនុស្សធម៌របស់អាស៊ានទៅដល់ប្រទេសមីយ៉ាន់ម៉ា ដោយហេតុថា បញ្ហានេះគឺត្រូវបានលើកឡើងជាច្រើនលើកច្រើនសារដោយ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ពាក់ព័ន្ធ ទៅនឹងអាទិភាពរបស់កម្ពុជាក្នុងនាមជាប្រេសិតពិសេស ដែលនៅក្នុងដំណើរទស្សនកិច្ចលើកទីមួយនេះ គឺកម្ពុជាគ្រោងនឹងចែកចាយឱ្យបាននូវជំនួយមនុស្សធម៌ខ្លះៗដែលអាស៊ាន អាចប្រមូលបានទៅដល់ប្រជាជនដែលកំពុង តែត្រូវការបំផុតនៅប្រទេសមីយ៉ាន់ម៉ា។ ហើយមួយទៀតប្រហែលជាមានរបៀបវារៈផ្សេងៗទៀត ក្នុងនោះប្រហែលជាមានលើកឡើងនូវការពិភាក្សាពាក់ព័ន្ធជាមួយនឹងការពន្លឿនកិច្ចពិភាក្សាព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុច       ដែលប្រមុខដឹកនាំអាស៊ានទាំង១០បានឯកភាពគ្នាកាលពីថ្ងៃទី២៤ មេសា នោះក៏អាចនឹងលើកយកមកពិភាក្សាលំអិតផងដែរ។ ហើយកិច្ចពិភាក្សានោះ មានរបៀបវារៈផ្សេងៗទៀត ពាក់ព័ន្ធជាមួយនឹងអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រីបានចរចារជាមួយឯកឧត្តម  មីង អោង ឡាំង នៅក្នុងពេលទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ផងដែរ ដែលតាមអ្វីដែលខ្ងុំរំពឹងទុកនោះប្រហែល ជាអាចមាននិយាយពាក់ព័ន្ធជាមួយការដោះលែង អ្នកទោសនយោបាយខ្លះ ដែលក្នុងនោះក៏មានអ្នកទោសនយោបាយ ជាជនជាតិ អូស្រ្ដាលី គឺលោក Sean Turnell ផងដែរ។

សំណួរទី ៣៖   តើការធ្វើដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ា មានបានកំណត់នូវលក្ខខណ្ឌណាជាក់លាក់ដែរឬទេ? ហើយថាតើអាជ្ញាធរយោធាមីយ៉ាន់ម៉ាមានការយល់ព្រម និងរៀបចំអ្វីរួចរាល់ហើយឬនៅចំពោះដំណើរទស្សនកិច្ចនេះ?

ចាស៎ នាងខ្ងុំយល់ថាប្រហែលជាកម្ពុជាពុំបានដាក់លាក់ខណ្ឌអ្វីជាក់លាក់ ឬក៏លក្ខខណ្ឌ ទុកជាមុនទៅដល់អាជ្ញាធរ មីយ៉ាន់ម៉ានោះទេ ពីព្រោះថា កម្ពុជា គឺ ចង់ធ្វើទស្សនកិច្ចទៅមីយ៉ាន់ម៉ាឱ្យបានដោយហេតុថា យើងយោងតាមដំណើរទស្សន

ៈកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ និង ៨ មករា កន្លង ទៅ សម្ដេច ក៏ពុំបានដាក់លក្ខខណ្ឌអ្វីទៅដល់ អាជ្ញាធរមីយ៉ានម៉ានោះទេ ហើយ បើយើងក្រឡេកទៅមើលប្រុយណេដែលជាប្រេសិតពិសេសនៃប្រធានអាស៊ានកាលពីឆ្នាំ២០២១​វិញ យើងឃើញថាប្រុយណេបានដាក់លក្ខខណ្ឌច្រើនដែលបង្ករជាសម្ពាធទៅលើមីយ៉ាន់ម៉ា ហើយជាលទ្ធផល ប្រុយណេគឺពុំបាន ធ្វើទស្សនកិច្ចណាមួយទៅមីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេសនោះទេ។ ហើយ ចំពោះថាតើភាគីឬ អាជ្ញាធរ
មីយ៉ាន់ម៉ាបានផ្ដល់ការយល់ព្រមដើម្បីរៀបចំទស្សនកិច្ចនេះហើយឬនៅ នាងខ្ញុំក៏ពុំទាន់ដឹងដូចគ្នាពីព្រោះតែក្រសួងការបរទេសនិងសហប្រត្តិបត្តិការកម្ពុជា​ ក៏ពុំទាន់បានចេញជាសេចក្ដីប្រកាសព័ត៌មានជាផ្លូវការណាមួយពាក់ព័ន្ធទៅនឹង ព័ត៌មានលំអិតទៅលើទស្សនកិច្ចនេះផងដែរ ប៉ុន្ដែ នាងខ្ញុំយល់ថាប្រសិនបើកម្ពុជាពុំបានដាក់លក្ខខណ្ឌអ្វីជាក់លាក់ទៅលើមីយ៉ាន់ម៉ានោះទេ ប្រហែលជាអាជ្ញាធរមីយ៉ាន់ម៉ាក៏ពុំមានហេតុផលអ្វីប្រកែកមិនឱ្យកម្ពុជាទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ានោះទេ។

សំណួរទី៤៖    ចំពោះការមើលឃើញផ្ទាល់របស់លោកស្រី តើការផ្លាស់ប្ដូរអ្វីខ្លះដែលប្រេសិតពិសេសរបស់ប្រធានអាស៊ានអាចសម្រេចបានពីដំណើរទស្សនកិច្ចនាពេលខាងមុខនេះ?

ប្រសិនបើអាជ្ញាធរមីយ៉ាន់ម៉ាឯកភាពក្នុងការទទួលស្វារគមនូវដំណើរទស្សនកិច្ចលើកដំបូងនេះ ខ្ញុំមានការរំពឹងខ្ពស់ ថានឹង មានលទ្ធផលសំខាន់ៗ ៣​ ដែលអាចសម្រេចបាននៅក្នុង ទស្សនកិច្ចនេះ។ ទី១ គឺពាក់ព័ន្ធទៅនឹងការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅប្រទេស មីយ៉ាន់ម៉ា។ ជាក់ស្ដែង គឺយើងសង្កេតឃើញថាAHA Centre​របស់អាស៊ាន បានត្រៀមនូវជំនួយមនុស្សធម៌លើកទី២ទៅប្រទេសមីយ៉ាន់ម៉ារួចរាល់ហើយផងដែរ។ ដូចនេះ​ ប្រសិនបើទស្សនកិច្ចអាចធ្វើទៅរួចជំនួយមនុស្សធម៌ទាំងនោះ ប្រាកដជាអាចបានទៅដល់ដៃរបស់ប្រជាជន មីយ៉ាន់ម៉ាដែលកំពុងតែត្រូវការបំផុត។ ហើយ វាអាចនឹងជាវិធីសាស្ដ្រមួយនៅក្នុងការត្រួសត្រាយផ្លូវ ស្នើសុំអាជ្ញាធរមីយ៉ាន់ម៉ាដើម្បីឯកភាពឱ្យAHA Centreក៏ដូចជាអាស៊ាន អាចធ្វើឬប្រត្តិបត្តិការសកម្មភាពនៃការផ្ដល់ជំនួយ មនុស្សធម៌របស់ខ្លួនទៅមីយ៉ាន់ម៉ានាពេលអនាគតផងដែរ។ ហើយចំណុចទី២គឺអាចនឹងមានការឯកភាព ពីអាជ្ញាធរមីយ៉ាន់ម៉ាដើម្បីបើកផ្លូវទៅកាន់ ការចាក់វ៉ាក់សាំងទៅដល់ប្រជាជនមីយ៉ាន់ម៉ាជាការការពារនូវជម្ងឺរាតត្បាតកូវីដ-១៩ ដែលយើងឃើញជាក់ស្ដែងហើយថាអត្រានៃការឆ្លង ឬ ក៏អត្រានៃការរីករាលដាលនៃជម្ងឺរាតត្បាតកូវីដ-១៩ នៅមីយ៉ាន់ម៉ាគឺមានការកើនឡើងខ្ពស់ ហើយ នេះវាប៉ះពាល់ទៅដល់ទាំងផ្នែកបញ្ហាមនុស្សធម៌ បញ្ហា សន្ដិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ដូចនេះ ប្រសិនបើដំណើរទស្សនកិច្ចនេះអាចធ្វើទៅរួច ហើយអាជ្ញាធរមីយ៉ាន់ម៉ាអនុញ្ញាតឱ្យអាស៊ាន ក៏ដូចជា AHA Centre ធ្វើប្រតិបត្ដិការ របស់ខ្លួនក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន មីយ៉ាន់ម៉ាដើម្បីការពារការរាតត្បាតនៃជម្ងឺកូវីត១៩ នេះ គឺវាបានជួយច្រើនទៅដល់ស្ថានភាព មនុស្សធម៌ក៏ដូចជាស្ថានភាព សន្ដិសុខនិងនយោបាយនៅប្រទេស មីយ៉ាន់ម៉ាផងដែរ។​ ហើយចំណុចទី៣នោះគឺអាចនឹងមាន ការគិតគូរពិចារណាពីអាជ្ញាធរមីយ៉ាន់ម៉ានៅក្នុងការដោះលែង អ្នកទោសនយោបាយនៅក្រោយព្រឹត្តិការណ៍១​ កុម្ភះផងដែរតែនេះមិនមែនមានន័យថាមានលទ្ធភាពខ្ពស់ទេ ប៉ុន្ដែវាអាចនឹងមានការគិតគូរពីអាជ្ញាធរមីយ៉ាន់ម៉ាពាក់ព័ន្ធទៅនឹងបញ្ហានេះ ពីព្រោះថាចង់ឬ មិន ចង់ប្រហែលជាប្រេសិតពិសេស នៃប្រធានអាស៊ាននឹងលើកឡើងនូវសំនូមពរនេះផងដែរ។ អញ្ជឹង ដើម្បីបង្ហាញនូវការប្ដេជ្ញាចិត្ត ក៏ដូចជាការចូលរួមសហការប្រកបដោយសុឆន្ទៈរបស់មីយ៉ាន់ម៉ា មីយ៉ាន់ម៉ាប្រហែលជាគិតគូរដោះលែងអ្នកទោសនយោបាយខ្លះៗផងដែរ។

សំណួរទី ៥៖   ពាក់ព័ន្ធទៅនឹងចំនុចឯកច្ឆន្ទទាំងប្រាំរបស់មេដឹកនាំអាស៊ាន តើលោកស្រីគិតថា ប្រេសិតពិសេសរបស់ប្រធានអាស៊ានអាចនឹង សម្របសម្រួលបានអ្វីខ្លះទៅដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងមានការរីកចម្រើនជាងមុន?

ពាក់ព័ន្ធទៅនឹងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច​ របស់ប្រមុខដឹកនាំអាស៊ានកាលពីថ្ងៃទី២៤​មេសា ឆ្នាំ២០២១​កន្លងទៅនេះ​ យើងឃើញថាកម្ពុជាបាននឹងកំពុង ជំរុញនូវលក្ខខណ្ឌចំនួន៣​រួចមកហើយគឺទី១តាមរយះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧​ និង ៨​ មករាកន្លងទៅនេះ​ គឺសម្ដេចបានស្នើសុំ ឱ្យអាជ្ញាធរមីយ៉ាន់ម៉ាក៏ដូចជាភាគីពាក់ពាន់ទាំងអស់ធ្វើការ អត់ធត់ឱ្យបានជាអតិប្បរមាដើម្បីបញ្ឈប់បន្ទាន់នូវអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា។ ហើយលក្ខខណ្ឌមួយទៀតគឺលក្ខខណ្ឌទី៤នៃកិច្ចព្រមព្រៀងនេះ គឺកម្ពុជាគ្រោង នឹង នាំយកនូវជំនួយមនុស្សធម៌ ដែលរៀបចំឡើងដោយ AHA Centre ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីចែកជូនទៅដល់ប្រជាជនមីយ៉ាន់ម៉ាផ្ទាល់។ ហើយចំណុចទី៣ គឺ កម្ពុជាបាននឹងកំពុង អនុវត្តនូវលក្ខខណ្ឌទី៥ ដែលគ្រោងនឹងបំពេញទស្សនកិច្ច លើកដំបូងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពី បញ្ហាមីយ៉ាន់ម៉ានូវប្រទេសមីយ៉ាន់ម៉ា​ ហើយក្នុងនោះកំពុងតែមានការសម្របសម្រួលពាក់ព័ន្ធជាមួយនឹងជំនូបជាមួយភាគីពាក់ព័ន្ធនានា ប៉ុន្ដែយើងមិនដឹងទេថា តើអាជ្ញាធរមីយ៉ាន់ម៉ាបានផ្ដល់ចម្លើយ ឬ ក៏បានផ្ដល់ការឯកភាពយ៉ាងដូចម្ដេចខ្លះទៅដល់សំណើរបស់ប្រេសិតពិសេសរបស់អាស៊ាននោះទេ។

សំណួរទី ៦៖   ក្រៅពីការរំពឹងទុក និងផែនការយុទ្ធសាស្រ្តនានា តើការអញ្ញើញទៅបំពេញទស្សនកិច្ចការងាររបស់ប្រេសិតពិសេសប្រធានអាស៊ាន អាចនឹងជួបនូវបញ្ហាប្រឈមអ្វីខ្លះដែរ? តើការសម្រេចចិត្តរបស់អាជ្ញាធរយោធាអាចជាការរាំងស្ទះដល់ដំណើរទស្សនកិច្ចលើកនេះ ដូចកាលពីបទពិសោធន៍របស់ប្រេសិតពិសេសនៃប្រធានអាស៊ានឆ្នាំមុនដែរឬទេ?

ចាស៎ ចង់មិនចង់នៅក្នុងដំណើរទស្សនកិច្ចនេះ នឹងមានបញ្ហាប្រឈមខ្លះៗដែរ ប៉ុន្ដែដោយសារ បច្ចុប្បន្ន គឺយើងឃើញថា សមាជិកអាស៊ានភាគច្រើនគឺបានយល់ ពីទុក្ខលំបាករបស់កម្ពុជាពាក់ព័ន្ធទៅនឹងការដោះស្រាយនៃវិបត្តិនៅមីយ៉ាន់ម៉ានេះ​ ដូច្នេះ នាង ខ្ញុំគិតថាសម្ពាធពីសមាជិក អាស៊ានគឺប្រហែលជាអាចមានតិចតួចបំផុតប៉ុន្តែប្រហែលជាអាច​ នឹងមានបញ្ហាពាក់ព័ន្ធទៅនឹងការមានភាពយល់ច្រឡំរបស់ប្រជាជនមីយ៉ាន់ម៉ាមកកាន់កម្ពុជា ប៉ុន្ដែក្នុងន័យនេះនាងខ្ងុំក៏សុំឱ្យប្រជាជន មីយ៉ាន់ម៉ាទាំងអស់ មេត្តាយោគយល់នូវផលលំបាករបស់កម្ពុជា ហើយស្នើសុំឱ្យប្រជាជនមីយ៉ាន់ម៉ាធ្វើការសហការជាមួយកម្ពុជាដើម្បីជំរុញនិងពន្លឿននូវដំណើរការដោះស្រាយវិបត្តិនូវប្រទេសមីម៉ាន់ម៉ាផងដែរ។ ជាក់ស្ដែងណាស់ការសម្រេច ចិត្តរបស់អាជ្ញាធរមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺ និងផ្ដល់ជាលទ្ធផលទៅដល់ដំណើរការទស្សនកិច្ចនៃប្រេសិតពិសេសនៃប្រធានអាស៊ាននេះផងដែរ ពីព្រោះថា ប្រសិនបើអាជ្ញាធរមីយ៉ាន់ម៉ាមានការរិតត្បិតខ្លាំងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ក៏ពុំសូវទទួលបាននូវលទ្ធផលច្រើនដែរ ប៉ុន្ដែ ប្រសិនបើអាជ្ញាធរមីយ៉ាន់ម៉ាមានការសហការល្អជាមួយនឹងប្រេសិតពិសេសនៃប្រធានអាស៊ាន ឬ ក៏ប្រេសិតពិសេសរបស់កម្ពុជាលទ្ធផល នៃដំណើរទស្សនកិច្ចនេះអាចនឹងមានផ្លែផ្ការបានច្រើន បើធៀបទៅនឹង ប្រេសិតពិសេសនៃប្រធានអាស៊ានឆ្នាំមុន។

វាគ្មិនកិត្តិយស៖ លោកស្រី ហ៊ឹម សុធារ័ត្ន សាស្រ្តាចារ្យនៃដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ វិទ្យាស្ថានភាសាបរទេស (IFL)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិអ្នករៀបរៀងអត្ថបទ៖ កញ្ញា ស្រី បូរមី