Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ កាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា

AVI Voice៖
កាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា
AVI Voice៖ កាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា
{{svg_share_icon}}

កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាការចាប់ផ្ដើមដ៏ធំមួយរបស់កម្ពុជាក្នុងការជម្រុញការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសដើម្បីសម្រេចបាននូវគោលដៅធំរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឆេង គីមឡុង បានលើកឡើងពីទស្សនៈវិស័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ និងកាលានុវត្តភាពនៃការជម្រុញនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាពិសេសការលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានទៅរកឆាកអន្តរជាតិ។

សំណួរទី ១៖   តើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ មានអត្ថន័យ និងផ្ដល់សារៈសំខាន់អ្វីខ្លះដល់វិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ?

ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនក្នុងពេលថ្មីៗនេះមានសារៈសំខាន់ច្រើនកម្រិត និងជួយជម្រុញដល់ទំនាក់ទំនងទាំងផ្នែកពាណិជ្ជកម្មផង និងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន។ បើយើងក្រឡេកទៅមើលផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មវិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះនឹងបង្កជាត្រីវិស័យចង្អុលបង្ហាញទិសដៅ នៃកិច្ចទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីជួយជម្រុញពាណិជ្ជកម្មក្នុងស្រុករបស់កម្ពុជា ជម្រុញខ្សែរសង្វាក់ផលិតកម្ម ការផលិតនិងផ្គត់ផ្គង់ ការវិនិយោគនៅកម្ពុជា ជម្រុញការនាំចេញទៅប្រទេសចិន ក៏ដូចគ្នាក្នុងការជួយជម្រុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ដើម្បីសំដៅសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន និងមានកំណើនរួមគ្នារវាងប្រទេសទាំងពីរ។

សំណួរទី ២៖   តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនផ្ដល់នូវអាទិភាពអ្វីខ្លះទៅលើវិស័យវិនិយោគនៅកម្ពុជា?

បើយើងក្រឡេកទៅមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺប្រទេសទាំងពីរផ្ដោតទៅលើវិស័យអាទិភាពធំៗ រួមមាន វិស័យកសិកម្មកសិឧស្សាហកម្មរបស់កម្ពុជា វិស័យពាណិជ្ជកម្មទូទៅនៃការនាំចេញនាំចូលទំនិញមួយចំនួនបម្រើទៅលើវិស័យតភ្ជាប់ផ្នែកខាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ផ្នែកថាមពល អគ្គិសនីជាដើម ក៏ដូចជាការជម្រុញការផ្លាស់ប្ដូរបច្ចេកវិទ្យា និងវិនិយោគរវាងប្រទេសទាំងពីរ។ វាមានច្រើនផ្នែកច្រើនវិស័យក្នុងការតភ្ជាប់ ដូចជាការជម្រុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន រវាងវប្បធម៌និងវប្បធម៌តាមរយៈផ្នែកទេសចរណ៍ជាដើម។ លើសពីនេះទៅទៀតក៏មានការជម្រុញទៅលើកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគទូទៅ រួមទាំងការការពារបរិស្ថាន និងផ្នែកហិរញ្ញវត្ថុជាដើម។

សំណួរទី ៣៖   យើងឃើញថានៅក្នុងកិច្ចព្រមព្រៀងនេះ ក៏បានផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ «គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ » ដែលជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចធំបំផុតរបស់ប្រទេសចិន។ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ តើប្រទេសទាំងពីរបានកំណត់ការអនុវត្តលើវិស័យអាទិភាពអ្វីខ្លះ ក្នុងកិច្ចសហប្រតិបត្តិការ «គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ »?

ប្រទេសកម្ពុជា គឺជាប្រទេសទីមួយដែលបានចុះហត្ថលេខាជាមួយចិនក្នុងការបង្កើតទៅជាការកសាងសហគមន៍ដែលមានជោគវាសនារួម។ នៅក្នុងនោះដែរ គម្រោងដ៏ធំដែលកម្ពុជាបានទទួលបានពីភាគីប្រទេសចិន គឺគម្រោងនៃ គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ មួយនេះ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងពាណិជ្ជកម្មថ្មីៗក៏ដោយ ក៏ដូចជាគម្រោងនៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយដ៏ទៃទៀតរវាងកម្ពុជា និងចិន។ គម្រោងនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវមួយនេះ ផ្ដោតខ្លាំងជាងគេមែនទែនទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់នៅក្នុងប្រទេសកម្ពុជាមានដូចជាផ្លូវ ថ្នល់ ស្ពាន មណ្ឌលពាណិជ្ជកម្មផ្សេងៗ ដើម្បីជម្រុញផ្នែកគាំពារ និងគាំទ្រផ្នែកវិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ផ្នែកកសិកម្មក៏ជាអាទិភាពដ៏ធំមួយ ដោយសារកម្ពុជាជាប្រទេសដែលពឹងផ្អែកអាស្រ័យខ្លាំងទៅលើកសិកម្ម។ ដូច្នេះ ការជម្រុញនូវទំនើបកម្ម និងការវិនិយោគផ្នែកកសិកម្មកសិឧស្សាហកម្មកែច្នៃទំនិញផលិតផលសម្រាប់ស្បៀងអាហារក្នុងស្រុក ក៏ដូចជាតម្រូវការចេញទៅប្រទេសចិនវិញ គឺជាវិស័យអាទិភាពសំខាន់មួយទៀត។

ខ្ញុំសូមត្រឡប់មកវិញទាក់ទងទៅនឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនេះ អាទិភាពធំបំផុតជាងគេ គឺទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការដឹកជញ្ជូនគមនាគមន៍ ដើម្បីជួយកម្ពុជាឱ្យមានលក្ខណៈតភ្ជាប់ និងសម្រេចគោលដៅនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់ និងតភ្ជាប់ទៅប្រទេសចិន និងតំបន់ផ្សេងៗទៀតលើពិភពលោក។ ដូចយើងឃើញថ្មីៗហើយ គម្រោងអភិវឌ្ឍន៍ក្រោមគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនេះ បានជម្រុញឱ្យមានការវិនិយោគ និងការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងអស់នេះជាច្រើន។ បន្ថែមមួយទៀត ទាក់ទងទៅនឹងការតភ្ជាប់ផ្នែកប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថលក្នុងគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវក៏មានការវិនិយោគបន្ថែមទៅលើការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធមិនរូបវន្ត ដែលគេហៅថារចនាសម្ព័ន្ធផ្នែកឌីជីថល ដើម្បីសំដៅសម្រេចឱ្យមានការធ្វើសមាហរណកម្មរវាងប្រទេសកម្ពុជា ទៅក្នុងខ្សែរសង្វាក់ផលិតកម្មក្នុងតំបន់ និងសកលលោកក៏ដូចជាជាមួយនឹងប្រទេសចិន និងចាប់យកនូវឱកាសនៃការរីករាលដាលនៃប្រព័ន្ធបច្ចេកវិទ្យាទូទៅ នៅក្នុងការជម្រុញឱ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា សដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចពិភពលោកទៅតាមក្របខណ្ឌនៃបដិវត្តន៍ឧស្សាហកម្ម៤.០។

សំណួរទី ៤៖   តាមរយៈការកាត់បន្ថយពន្ធទៅលើការនាំចេញនាំចូលនៃទំនិញរវាងប្រទេសទាំងពីរ ក៏ដូចជាអាទិភាពសំខាន់ៗលើវិស័យពាណិជ្ជកម្ម និងការវិនិយោគផងដែរ តើកិច្ចព្រមព្រៀងនេះផ្ដល់នូវកាលានុវត្តភាពអ្វីខ្លះដល់ការជម្រុញ និងពន្រឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យឈានមុននៅលើឆាកអន្តរជាតិ?

ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងកម្ពុជា-ចិន កម្ពុជា-​កូរ៉េខាងត្បូង និងកម្ពុជាជាមួយបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក គឺជាការចាប់ផ្ដើមមួយជម្រុញបើកផ្លូវទីផ្សារឱ្យអ្នកផលិត និងនាំចេញរបស់កម្ពុជានេះ អាចសម្រេចគោលដៅនៅក្នុងការជម្រុញផលិតកម្ម និងនាំចេញទៅប្រទេសទាំងអស់នោះ។ បែរមកមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការចុះកិច្ចព្រមព្រៀងនេះបានលើកទឹកចិត្តឱ្យផលិតករ វិនិយោគិនក្នុងស្រុកក៏ដូចជាវិនិយោគិនមកពីក្រៅស្រុកនាំចេញទំនេញមួយចំនួនទៅប្រទេសចិននោះស្ថិតនៅក្នុងបីកម្រិត កម្រិតទីមួយ កម្រិតដែលទទួលបាននូវការកាត់បន្ថយពន្ធតិច ហើយអនុវត្តទៅតាមបួនតំណាក់កាលដែល ដំណាក់កាលទី១ នឹងចូលជាធរមានភ្លាមនៅរយៈពេល៥ឆ្នាំ ១០ឆ្នាំ និង២០ឆ្នាំទៀត កម្រិតទីពីរ គឺទទួលបាននូវការអនុគ្រោះពន្ធរវាងគ្នាប្រមាណ៥% និងកម្រិតទីបី មិនទទួលបានការកាត់បន្ថយការអនុគ្រោះ ឬកាត់បន្ថយពន្ធនោះទេ។ ដូច្នេះនិយាយជារួម ផលចំណេញបានមកលើផលិតករ វិនិយោគិនទាំងឡាយណាដែលផលិត ហើយទទួលការផលិតនូវផលិតផលដែលបានអនុគ្រោះពន្ធ។ មានន័យថា ទំនិញកម្ពុជាទៅទីផ្សារចិននឹងតម្លៃធូរថ្ងៃ ដោយសារមិនជាប់ពន្ធ។ កត្តានេះនឹងជម្រុញឱ្យវិនិយោគិន ផលិតករ អាជីវករក្នុងស្រុកចាប់យកឱកាសនៃការទទួលបានការអនុគ្រោះពន្ធនេះ ផលិតនិងនាំចេញទៅទីផ្សារចិន។

កាលានុវត្តភាពដែលកម្ពុជាទទួលបានក្នុងកម្រិតម៉ាក្រូ គឺធ្វើឱ្យប្រទេសកម្ពុជាមានភាពទាក់ទាញផ្នែកខាងវិនិយោគស្របទៅតាមកាលានុវត្តភាព ក៏ដូចជាកម្មវិធីកំណែទម្រង់របស់រដ្ឋាភិបាលថ្មីៗ ជម្រុញឱ្យមានការលើកទឹកចិត្តបន្ថែមដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក។

សំណួរទី ៥៖   បើក្រឡេកទៅមើលផែនការអនាគត តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ នឹងវិវត្តទៅដោយរបៀបណា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍ពីមួយផ្នែកទៅមួយផ្នែក ជាពិសេសជំរុញឱ្យកម្ពុជាសម្រេចបាននូវគោលដៅក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០?

យើងត្រូវពិនិត្យមើលទៅលើស្ថានភាពជាក់ស្ដែង នៃកិច្ចសហប្រតិបត្តិការរវាងពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដូចខ្ញុំបានលើកឡើងអម្បាញមិញនេះទៅតាមប្រភេទ និងវិស័យសេដ្ឋកិច្ចដែលទទួលបានការអនុគ្រោះពន្ធ។ ក៏ប៉ុន្តែប្រទេសទាំងពីរ ក្នុងកម្រិតប្រទេស គួរតែចាប់ផ្ដើមពិនិត្យមើលទៅលើលទ្ធភាពនៃការពិភាក្សាគ្នា និងសម្រេចបាននូវផែនការសកម្មភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ ជាពិសេសទាក់ទងទៅនឹងការដោះស្រាយឱ្យបាន នូវបញ្ហាសេសសល់មួយចំនួន ដូចជាការអនុវត្តនូវការយកពន្ធត្រួតគ្នាដែលប្រទេសទាំងពីរបានព្រមព្រៀងហើយ ក៏ប៉ុន្តែមិនទាន់បានសម្រេចទាំងស្រុង១០០% នៅឡើយ។ ទីពីរ គឺទាក់ទងទៅនឹងបញ្ហាបច្ចេកទេស ដូចជារឿងអនាម័យជាដើម។ ទីបី គឺពាក់ព័ន្ធទៅនឹងការសម្រួលនូវប្រព័ន្ធពន្ធគយផ្នែកច្បាប់ លិខិតបទដ្ឋានគតិយុត្តិទាំងអស់។ វិវត្តកម្មនៃចំនុចទាំងអស់នេះ នឹងជួយជម្រុញ និងសម្រួលឱ្យពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន បានឈានទៅដល់កម្រិតមួយដែលមានសន្ទុះលឿនជាងបច្ចុប្បន្ន។ ចំនុចទីពីរ គឺកិច្ចសហប្រតិបត្តិការរវាងរដ្ឋ មានន័យថារដ្ឋាភិបាលចិននិងក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជា។ ចំនុចនេះដែរគឺ ជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងផ្នែកឯកជនកម្ពុជា និងឯកជនចិននៅក្នុងការចាប់យកនូវកាលានុវត្តភាព ដោយផ្ដោះផ្ដូរចងក្រងឱ្យមានកិច្ចសហប្រតិបត្តិការដោះដូរនូវបច្ចេកវិទ្យា និងមូលធនសម្រាប់វិនិយោគទៅតាមវិស័យដែលទទួលបានការអនុគ្រោះទាំងអស់ ឬក៏គេហៅថាវិស័យអាទិភាពដែលកម្ពុជាទទួលបាននូវការអនុគ្រោះពន្ធ ក៏ដូចជាវិស័យអាទិភាពដែលប្រទេសចិនទាំងមូលចាប់យក ដើម្បីជម្រុញឱ្យមាននូវការអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីនេះឈានដល់គោលដៅដូចដែលកម្ពុជាចង់បាន ប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។

ទាក់ទងទៅនឹងចំណុចមួយទៀតដែលជាចំណុចសំខាន់ដែរ គឺការបង្កើតឱ្យមានកម្មវិធីការវិនិយោគជាក់ស្ដែងទៅលើផលិតផលជាយុទ្ធសាស្រ្តរបស់កម្ពុជា។ ផលិតផល សេវាកម្មរបស់កម្ពុជា រួមទាំងកម្លាំងនៅក្នុងប្រទេសកម្ពុជានេះ គឺអាចទទួលបានលទ្ធភាពការស្រូបយកនូវវិនិយោគ នូវបច្ចេកវិទ្យាទាំងអស់នោះ ហើយបំផ្លែងជាធាតុចូលទៅក្នុងខ្សែរសង្វាក់ផលិតកម្មក្នុងស្រុក និងជម្រុញផលិតកម្មនិងការនាំចេញទៅក្រៅស្រុក។ សម្រាប់ទិសដៅវែងឆ្ងាយឈានដល់ការសម្រេចឱ្យបានគោលដៅ ជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ គឺជាចំនុចដែលត្រូវទាមទារឱ្យសម្រេចជាមុននូវគោលដៅនៃការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរួមគ្នានៅរយៈពេល ១០ ឆ្នាំម្ដង ពីឆ្នាំនេះដល់ឆ្នាំ២០៣០ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៤០ និង២០៤០ ដល់២០៥០។

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល និងរៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

Recent Posts

September 2022
M T W T F S S
 1234
567891011
12131415161718
19202122232425
2627282930