Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ ដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍ក្រោយកម្មវិធីអាវុធនុយក្លេអ៊ែរនៃសម្ព័ន្ធមិត្ត AUKUS

AVI Voiceដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍ក្រោយកម្មវិធីអាវុធនុយក្លេអ៊ែរនៃសម្ព័ន្ធមិត្ត AUKUS

កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ លោកជំទាវ Marise Payne រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបានធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍រួមមាន ម៉ាឡេស៊ី កម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ក្នុងគោលបំណងដើម្បីជំរុញទំនាក់ទំនងជាមួយប្រទេសដៃគូសំខាន់ៗទាំងនេះ រួមទាំងពង្រឹងការងាររួមគ្នាទៅលើការលើកកម្ពស់ការស្ដារសេដ្ឋកិច្ច និងសុខភាពពីជំងឺកូវីដ-១៩។ ដំណើរទស្សនកិច្ចនេះផងដែរ ត្រូវបានធ្វើឡើងក្រោយពីមានការរិះគុណ ក៏ដូចជាការបង្ហាញពីក្ដីព្រួយបារម្មណ៍ពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនទៅលើគម្រោងនៃកម្មវិធីនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែររបស់ប្រទេសអូស្រ្តាលី ដែលទទួលបានពីសម្ព័ន្ធមិត្តរបស់ខ្លួននៃសម្ព័ន្ធភាពត្រីភាគី AUKUS។ ក្នុងកិច្ចសម្ភាហ៍នេះ លោក ថុង ម៉េងដេវិត បានលើកឡើងពីគោលបំណងយុទ្ធសាស្រ្តនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី និងបានពន្យាល់បកស្រាយបន្ថែមពីស្ថានភាពអនាគតនៃតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីការមកដល់នៃវត្តមានរបស់សម្ព័ន្ធមិត្ត AUKUS។

សំណួរទី ១៖  កាលពីថ្ងៃទី៧-៨ ខែវិច្ឆិកា កន្លងទៅនេះ លោកជំទាវ Marise Payne រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីបានធ្វើដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលសម្ដែងការគួរសមចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជំនួបកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងការងារពាក់ព័ន្ធនានាជាមួយឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា។ ជាបឋម តើដំណើរទស្សនកិច្ចរបស់លោកជំទាវ Marise មកកាន់កម្ពុជានេះ ទទួលបាននូវលទ្ធផលជាផ្លែផ្កាអ្វីខ្លះ?

ចំពោះលទ្ធផលនៃជំនួបរវាងលោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសកម្ពុជានេះ បានឆ្លុះបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម ការអភិវឌ្ឍន៏វិស័យសង្គម សេដ្ឋមកិច្ច អប់រំ កិច្ចការពារបរិស្ថាន និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ ដំណើរទស្សនកិច្ចមកកម្ពុជារបស់រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីលោកស្រី ម៉ារីស ផេស (Marise Payne) ជាសក្ខីភាពក្នុងការរឹតចំនងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ឆ្នាំមកនេះ និងការប្តេជ្ញាចិត្តរបស់អូស្រ្តាលីក្នុងការគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំក្រោយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ ១៩ ក្នុងជំនួបនេះដែរ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាក៏បានថ្លែងអំណរគុណដល់អូស្រ្តាលីក្នុងការផ្តល់វ៉ាក់សាំងដល់កម្ពុជាចំនួន ៣លាន៥សែនដូស។ នៅក្រោមក្របខណ្ឌ ‘ភាពជាដៃគូមេគង្គ-អូស្រ្តាលី’ កម្ពុជាបានទទួលបាននូវជំនួយជាបច្ចេកទេស ក៏ដូចជាហិរិញ្ញប្បទានជាច្រើនពីរដ្ឋាភិបាលអូស្រ្តាលីក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត បច្ចេកទេសកសិកម្ម អាហារូបករណ៏និងការកសាងធនធានមនុស្ស ថាមពល កិច្ចការពារធនធានធម្មជាតិ និងការអភិវឌ្ឍន៏បន្ថែមទៀតក្នុងវិស័យពាណិជ្ជកម្មនិងឧស្សាហ៏កម្ម ដែលកិច្ចសហប្រតិបត្តិការទាំងអស់នេះនឹងលើកស្ទួយទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជួយលើកកម្ពស់សេដ្ឋកិច្ច និងប្រជាជនកម្ពុជាអោយកាន់តែល្អប្រសើរឡើងនាពេលអនាគត។  ជាក់ស្តែងកាលពីខែសីហា អូស្រ្តាលីបានចុះអនុសារណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចកម្ពុជាលើ ‘សង្វាក់គុណតំលៃវិស័យកសិកម្មកម្ពុជា-អូស្រ្តាលី’ (Cambodia-Australia Agricultural Value Chain) និងជាមួយនឹងក្រុមប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់កម្ពុជាក្នុងការបង្កើត សួនឧស្សាហ៏កម្មម្ហូបអាហារកសិផល (Agri-Food Industrial Parks) សំរាប់ជួយទ្រទ្រង់     វិស័យកសិកម្មក៏ដូចជាលើកស្ទួយគុណភាព និងគុណតំលៃកសិផលកម្ពុជាក្នុងការនាំចេញទៅក្រៅប្រទេស និងជំនួយហិរិញ្ញប្បទានចំនួន ៤៨លានដុល្លារសហរដ្ឋអាមេរិកសំរាប់ឆ្នាំ ២០២១-២០២២។

សំណួរទី ២៖  ហេតុអ្វីបានជា លោកជំទាវ Marise Payne ជ្រើសរើសកម្ពុជាជាទិសដៅទស្សនកិច្ចរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍លើកនេះ?

លោកជំទាវ Marise Payne បានធ្វើដំណើរទស្សនកិច្ចចំនួន ៤ប្រទេសនៅអាស៊ានរួមមានប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ហើយកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះអាស៊ាននៅឆ្នាំក្រោយ ដូចនេះអូស្រ្តាលីមានបំណងជួយគាំទ្រកម្ពុជាក្នុងកិច្ចការដ៏សំខាន់នេះ  ហើយអូស្រ្តាលីក៏មានដៃគូពាណិជ្ជកម្មជាច្រើនជាមួយនឹងបណ្តាប្រទេសអាស៊ានផងដែរ។ ដំណើរទស្សនកិច្ចលោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកគឺមានគោលបំណងធំៗចំនួន ៣ ពោលគឺទី១ គឺជំរុញការងារកសិកម្ម ពាណិជ្ជកម្ម គាំទ្រដល់ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការទ្រទ្រង់ហិរិញ្ញប្បទានដល់កម្ពុជាក្រោមក្របខណ្ឌ ‘ភាពជាដៃគូមេគង្គ អូស្រ្តាលី’ (Mekong-Australia Partnership) ទី២ គឺកិច្ចការស្តារសេដ្ឋកិច្ចនិង ជំរុញសេដ្ឋកិច្ចតំបន់ឡើងវិញ ក្រោមផែនការស្តារសេដ្ឋកិច្ចអាស៊ានក្រោយកូវីដ ១៩ និងទី៣ គឺលោកស្រីចង់ពន្យល់អំពីកតិការសន្តិសុខ AUKUS ដែលបានបង្កើតឡើងក្នុងខែកញ្ញាដែលមានការចូលរួមពីប្រទេសបី គឺអូស្រ្តាលី អង់គ្លេស និងសហរដ្ឋអាមេរិក ក្នុងគោលបំនងបង្កើតកិច្ចសហប្រតិបត្តិការពារសន្តិសុខសមុទ្រតំបន់ ជាពិសេសនៅតំបន់សមុទ្រចិនខាងត្បូង។

សំណួរទី ៣៖  កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ តើការមកដល់របស់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីរូបនេះមកកាន់ទឹកដីកម្ពុជាអាចមាននូវចេតនា ឬក៏ហេតុផលយុទ្ធសាស្រ្តសំខាន់អ្វីនៅពីក្រោយនៃដំណើរទស្សនកិច្ចនេះដែរឬទេ?

យើងអាចនិយាយបានថា ដំណើរទស្សនកិច្ចរដ្ឋមន្រ្តីការបរទេអូស្រ្តាលីមុនកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះអាស៊ាននេះអាចផ្តល់ជាប្រយោជន៏យុទ្ធសាស្រ្តមួយដល់អូស្រ្តាលី ដោយសំអាងលើហេតុផលភូមិសាស្រ្តនយោបាយ និងសន្តិសុខក្នុងតំបន់ជាពិសេសការតាមដានសកម្មភាព និងទប់ស្កាត់ឥទ្ធិពលចិននៅក្នុងអាស៊ាន និងសមុទ្រចិនខាងត្បូង។ ចំពោះកត្តាភូមិសាស្រ្តនយោបាយ កម្ពុជាគឺកំពុងស្ថិតនៅក្នុងចន្លោះការប្រកួតប្រជែងចិន និងអាមេរិក ដែលតម្រូវអោយកម្ពុជាមានការឈ្លាសវៃ និងបត់បែនក្នុងការរក្សាជំហរអព្យាក្រឹត និងទប់ស្កាត់ការលូកដៃចូលរបស់បរទេសមកលើកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារឿយៗអ្នកសិក្សាស្រាវជ្រាវមួយចំនួននៅបជ្ចិមលោក តែងតែចោទប្រកាន់ថាកម្ពុជាជាកូនអុករបស់ចិន ដែលការចោទប្រកាន់បែបនេះបានធ្វើអោយប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា និងទំនាក់ទំនងកម្ពុជាជាមួយបណ្តាប្រទេសបជ្ចិមលោកផងដែរ។ ដំណើរទស្សនកិច្ចនេះក៏ជាបន្តជំរុញការបន្ស៊ីគ្នា និងការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកក្នុងចំណោមគំនិតផ្តួចផ្តើមក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផ្សេងៗ រួមទាំងការពង្រីកកិច្ចសហប្រតិបត្តិការរបស់ QUAD នាពេលថ្មីៗនេះ ដើម្បីរួមគ្នាលើកកម្ពស់សន្តិភាព ស្ថេរភាព  វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ចំពោះកត្តាសន្តិសុខតំបន់វិញ អូស្រ្តាលីត្រូវការស្វះស្វែងការគាំទ្រពីអាស៊ាន ជាពិសេសកម្ពុជាដែលត្រូវធ្វើជាប្រធានអាស៊ានឆ្នាំក្រោយទាក់ទងនឹងការបង្កើតកតិការសន្តិសុខ AUKUS របស់ខ្លួន ដែលអូស្រ្តាលីព្យាយាមធ្វើយ៉ាងណាអោយប្រទេសអាស៊ានមើលឃើញថា អូស្រ្តាលីគ្មានបំណងផ្លាស់ប្តូរ និងធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬសន្តិសុខក្នុងតំបន់ឡើយ ពោលគឺកតិការសន្តិសុខនេះ បង្កើតឡើងក្នុងបំណងថែររក្សាសន្តិសុខ និងស្ថេរភាពតំបន់ ជាពិសេសបន្តអំពាវនាវឱ្យមានយន្តការសន្តិសុខតំបន់ដែលបើកចំហ និងមានបរិយាប័ន្ន ជាពិសេសអោយស្របតាមកិច្ចព្រមព្រៀងសន្តិសុខអាស៊ាន TAC និង ZOPFAN។ អ្វីដែលគួរអោយកត់សំគាល់ទៀតនោះគឺលោកស្រីក៏បានធ្វើដំណើរទស្សកិច្ចទៅប្រទេសវៀតណាម និងគាំទ្រវៀតណាមក្នុងការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងក្រោយយន្តការ UNCLOS។ វៀតណាមគឺជាប្រទេសជិតខាងកម្ពុជា និងកំពុងតែរឹតចំណងល្អជាមួយបណ្តាប្រទេសបជ្ចឹមលោក ជាពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុប ស្របពេលដែលខ្លួនកំពុងស្វះស្វែងការគាំទ្រទាំងវិស័យយោធា និងការទូតពីប្រទេសទាំងនោះក្នុងការប្រឈមមុខជាមួយនឹងចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ កម្ពុជាដែលត្រូវបានគេមើលឃើញថាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន នឹងត្រូវប្រឈមមុខចំពោះសម្ពាធកាន់តែខ្លាំង មិនត្រឹមតែពីក្រុមប្រទេស QUAD ជាពិសេស ស.រ.អា. ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្ពាធពីប្រទេសជិតខាង និងប្រទេសជាសមាជិកអាស៊ានដទៃទៀតផងដែរ។

សំណួរទី ៤៖  យើងឃើញថា កាលពីប៉ុន្មានសប្ដាហ៍មុននេះរដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានជួបពិភាក្សាទ្វេភាគី និងបានបង្ហាញពីការព្រួយបារម្ភទៅលើកិច្ចព្រមព្រៀងត្រីភាគីដែលទើបតែបង្កើតឡើងថ្មីៗគឺ សម្ព័ន្ធភាព AUKUS ក៏ដូចជាគម្រោងផលិតនាវាមុជទឹកបាតសមុទ្រដែលដើរដោយថាមពលនុយក្លេអ៊ែររបស់អូស្រ្តាលី ដែលទទួលបានពីប្រទេសសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយក៏ដែលអាចបង្កនូវបញ្ហាសន្តិសុខតំបន់ផងដែរ។ ហេតុអ្វីបានជាប្រទេសនៅតំបន់អាស៊ានមួយចំនួនមានការព្រួយបារម្ភខ្លាំងអំពីគម្រោងនាវាមុជទឹកនុយក្លេអ៊ែររបស់អូស្រ្តាលីខ្លាំងម្លេះ?

ចំពោះអាស៊ានដែលកំពុងតែហ៊ុំព័ន្ធដោយមហាអំណាចចិន និងសហរដ្ឋអាមេរិកក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ីនេះ បានធ្វើអោយផលបច្ច័យមិនល្អជាច្រើន ជាពិសេសទៅលើបញ្ហាសន្តិសុខ និងស្ថេរភាពក្នុងតំបន់ដែល កតិការសន្តិសុខ AUKUS នឹងធ្វើអោយតំបន់អាស៊ាននេះកាន់តែមានគ្រោះថ្នាក់នឹងស្រួចស្រាលបន្ថែមទៀត។ មូលហេតុដែលមានការបង្កើតយន្តការសន្តិសុខជាច្រើនដូចជា QUAD និង AUKUS នេះគឺមកពីមហាអំនាចពិភពលោកទាំងពីរកំពុងតែស្វែងរកពង្រីកអំណាច និងចងក្រងសម្ព័ន្ធមិត្តរបស់ខ្លួន និងដោយចិនព្យាយាមកែប្រែសណ្តាប់ពិភពលោក និងពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈយន្តការសេដ្ឋកិច្ច (BRI AIIB ការធ្វើរូបិយប័ណ្ណនីយកម្មលុយយ៉ាន់របស់ខ្លួន) ការបង្កើតអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ពង្រឹង និងពង្រីកភាពជាដៃគូគ្រប់ជ្រុងជ្រោយអាស៊ាន ចិន ល។ល។ ដែលយន្តការទាំងអស់នេះបានធ្វើអោយសហរដ្ឋអាមេរិកមានការភ័យខ្លាច និងព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយក្នុងការបង្អាក់ និងពន្យឺតការងើបឡើងអំណាចរបស់ចិននៅក្នុងតំបន់ក៏ដូចជាសកលលោក។ ជាការពិតណាស់សហរដ្ឋអាមេរិកតែងតែចាត់ទុកចិនជា ‘គូសត្រូវយុទ្ធសាស្រ្ត’ នៅក្នុងរបាយការណ៏យុទ្ធសាស្រ្តសន្តិសុខជាតិរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៧មក ដែលការងើបឡើងពង្រីកឥទ្ធិពលរបស់ចិនដោយប្រើប្រាស់ឧបករណ៏ការទូត សេដ្ឋកិច្ច និងជំនួយវ៉ាក់សាំងក្នុងការកៀរករការគាំទ្រក្នុងឆាកអន្តរជាតិអោយគាំទ្រគោលនយាបាយរបស់ខ្លួន ក៏ដូចជាការធ្វើទំនើបកម្មយោធា ការដាក់ពង្រាយកងទ័ព និងកសាងមូលដ្ឋានទ័ពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលអាមេរិកយល់ឃើញថាទង្វើរបស់ចិនបានធ្វើអោយប៉ះទង្គិចដល់សណ្តាប់ធ្នាក់សកល និងតំបន់ដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំ និងប៉ះពាល់ដល់និរន្តរ៏ភាព និងឧត្តមភាពរបស់ខ្លួនដោយបង្កអោយមានភាពភ័យខ្លាចពីបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ីបាស៊ីហ្វិកនេះ។

យន្តការ QUAD និង កតិការសន្តិសុខ AUKUS គឺការចាប់ផ្តើម ឬក៏ជាសញ្ញាអំពីការវិលត្រលប់របស់អាមេរិកមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។ ផលបច្ច័យនៃយន្តការទាំងនេះបានបង្កអោយមាន ការប្រកួតប្រជែងអាវុធថ្មីនៅតំបន់នេះ ក៏ដូចជាការបង្កអោយមានហានិភ័យនៃការរីកសាយភាពនុយក្លេអ៊ែរជាដើម។ សហរដ្ឋអាមេរិកទំនងបាននឹងកំពុងព្យាយាមបង្កើត ‘រង្វង់សម្ព័ន្ធមិត្ត’ តូចមួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងការប្រឆាំងនឹងចិន និងកាត់បន្ថយអំណាចយោធាចិនក្នុងតំបន់ ខណៈពេលដែលចិនកំពុងមានជម្លោះដែនទឹកសមុទ្រចិនខាងត្បូងជាមួយសមាជិកអាស៊ានដែនទឹកមួយចំនួន។

AUKUS នឹងបង្កើនភាពតានតឹងផ្នែកយោធា និងហានិភ័យនៃការប្រឈមមុខដាក់គ្នារវាងចិន-អាមេរិក និងសម្ព័ន្ធមិត្តនៅមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូងដែលជាគន្លឹះនៃពាណិជ្ជកម្មពិភពលោក ហើយជាទិដ្ឋភាពភូមិសាស្ត្រនយោបាយកម្ពុជានឹងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីតួអង្គសំខាន់ៗនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

សំណួរទី ៥៖  បើតាមការយល់ឃើញរបស់លោកផ្ទាល់ តើធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីនេះអាចបន្ធូរបន្ថយនូវក្ដីព្រួយបារម្ភរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទៅលើគម្រោងផលិតនាវាមុជទឹកបាតសមុទ្ររបស់ខ្លួនដែរឬទេ?

AUKUS  ជាដើមចមឲ្យមានការប្រជែងគ្រឿងសព្វាវុធនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយខ្ញុំយល់ឃើញថាវាបាននឹងកំពុងរុញតំបន់អាស៊ីប៉ាស៊ីហ្វិកឲ្យធ្លាក់ក្នុងការប្រជែងគ្រឿងសព្វាវុធរវាងមហាអំណាចពីរ គឺចិន និងអាមេរិក។ ក្នុងពេលជាមួយគ្នានេះ ថវិកាការពារប្រចាំឆ្នាំរបស់អូស្រ្តាលី ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូក៏មានការកើនឡើងយ៉ាងឆាប់រហ័ស។ ប្រទេសឥណ្ឌូនេស៊ីគឺជាមេដឹកនាំនៅក្នុងអាស៊ាន និងជាយុថ្កានៃសណ្តាប់ធ្នាប់នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយម៉ាឡេស៊ី និងឥណ្ឌូណេស៊ីក៏បានបង្ហាញការព្រួយបារម្ភភាពតានតឹងក្នុងតំបន់ ជាពិសេសការនាំឱ្យមានការប្រកួតប្រជែងអាវុធថ្មី និងមិនពេញចិត្តចំពោះការបង្កើត AUKUS។ ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្រ្តីការបរទេសអូស្ត្រាលីមកកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ប្រាកដណាស់អូស្រ្តាលីពិតជាមានគោលបំណងសំខាន់ក្នុងការព្យាយាមអូសទាញម៉ាឡេស៊ី និងឥណ្ឌូណេស៊ីអោយជឿជាក់លើអូស្ត្រាលី និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការគ្រប់គ្រងដែនសមុទ្រ និងគោរពលើកិច្ចព្រមព្រៀងសន្តិសុខអាស៊ាន TAC និង ZOPFAN។ ដូចដែលយើងបានដឹងហើយថាលោកប្រធានាធិបតី ចូ បៃឌិន  ផ្តោតសំខាន់លើ ការសម្រួលតុល្យភាពអំនាចនៅក្នុងតំបន់អាស៊ីដោយផ្តោតសំខាន់លើការទប់ស្កាត់ឥទ្ធិពលចិន នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ អាមេរិកក៏បានព្យាយាមកសាងកេរ្ត៏ឈ្មោះរបស់ខ្លួនបន្ទាប់ពីការបរាជ័យ និងដកទ័ពនៅអាហ្វហ្គានីស្ថាន ហើយនាពេលប៉ុន្មានខែមកនេះ យើងបានឃើញឥស្សរជនជាន់ខ្ពស់អាមេរិកចំនួន ៣រូប ក៏បានធ្វើដំណើរទស្សនកិច្ចមកបណ្តាប្រទេសអាស៊ានមួយចំនួនផងដែរ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជួយកសាងតំបន់អាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិកអោយក្លាយជាតំបន់មួយដែលមានភាពបើកចំហ សន្តិភាពនិងស្ថេរភាព និងមិនស្ថិតនៅក្រោមការត្រួតត្រារបស់មហាអំណាចមួយណាឡើយ។

ជាកិច្ចបញ្ចប់ និងជាអនុសាសន៏នយោបាយសំរាប់កម្ពុជា ព្រំដែនសន្តិភាព ជាគោលនយោបាយរបស់កម្ពុជា ជាពិសេសជាមួយប្រទេសជិតខាង ខណៈព្រំដែនទឹកពុំទាន់ត្រូវបានដោះស្រាយទាំងស្រុង និងមានភាពស្មុគស្មាញ ។ ខិតខំពង្រឹងសមត្ថភាពកងទ័ពជើងទឹក  និងជើងគោក ជាពិសេសបន្តតានដានផលបច្ច័យមិនល្អ ដែលអាចកើតឡើងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង មេគង្គ និងកតិកាសន្តិសុខ AUKUS ដែលអាចផ្តល់បច្ច័យអាក្រក់ផ្នែកនយោបាយមកកម្ពុជា ជាពិសេសនៅកំឡុងពេលដែលកម្ពុជាធ្វើជាប្រធានក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ២០២២។ ជុំវិញប្រតិកម្មចំពោះកតិកាសន្តិសុខ AUKUS (នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ) កម្ពុជាគួររក្សាជំហរ តាមដាន និងរង់ចាំ ជាមួយបណ្តាប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាន ជាពិសេសសន្ធិសញ្ញាផ្សេងៗ ដូចជា TAC និង ZOPFAN របស់អាស៊ានជាដើម និងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ ដែលហាមឃាត់ការផលិតការប្រើប្រាស់ និងការផ្ទុកអាវុធនុយក្លេអ៊ែរ។

កម្ពុជាគួរបន្តជំរុញការបន្ស៊ីគ្នា និងការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកក្នុងចំណោមគំនិតផ្តួចផ្តើមក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផ្សេងៗ រួមទាំងការពង្រីកកិច្ចសហប្រតិបត្តិការរបស់ QUAD នាពេលថ្មីៗនេះ ក៏ដូចជារក្សាកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងផ្ដល់ផលប្រយោជន៍ឲ្យគ្នា ជាមួយប្រទេសមហាអំណាចដទៃទៀត ដូចជាជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា និងអូស្ត្រាលី ដើម្បីរួមគ្នាលើកកម្ពស់សន្តិភាព ស្ថេរភាព  វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់ខណៈពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។

វាគ្មិន៖ លោក ថុង ម៉េងដេវិត អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Leave a Reply

Join our AVI Channel

Recent Posts

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930