Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ ទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់តំបន់អាស៊ី

AVI Voiceទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់តំបន់អាស៊ី

ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅក្នុងតំបន់អាស៊ីដែលរួមមាន វៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ត្រូវបានធ្វើឡើង ដើម្បីពង្រឹងនូវទំនាក់ទំនងល្អរវាងប្រទេសចិនជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់ ហើយឆ្នាំនេះគឺជាខួបលើកទី៣០ នៃទំនាក់ទំនងរវាងចិននិងអាស៊ាន។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឡេង ធារិទ្ធ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យីនេះ គឺសបញ្ជាក់ឲ្យឃើញថាប្រទេសចិនមិនព្រមចុះចាញ់ទៅនឹងការប្រកួតណាមួយពីសហរដ្ឋអាមេរិកនោះទេ។ លោកបណ្ឌិត ឈាង 
វណ្ណារិទ្ធ​ ដោយសារតែបញ្ហានៅកូរ៉េខាងជើងជាបញ្ហាមួយដ៏ក្ដៅផងដែរ ដូចនេះនៅក្នុងដំណើរទស្សនកិច្ចនេះ ក៏បានបង្ហាញពីតម្រូវការទៅវិញទៅមករបស់ចិន និងកូរ៉េខាងត្បូងផងដែរ ដែលកូរ៉េខាងត្បូងក៏ប្រហែលជាត្រូវពឹងពាក់ច្រើនទៅលើប្រទេសចិន ដើម្បីដាក់សម្ពាធទៅដល់ទីក្រុងព្យុងយ៉ាង លើបញ្ហាអាវុធនុយក្លេអ៊ែរជាដើម ហើយចិនក៏ត្រូវការការគាំទ្រពីកូរ៉េខាងត្បូង ដើម្បីប្រារព្វនូវពិធីអូឡាំពិកនៅរដូវរងារខែកុម្ភៈឆ្នាំក្រោយនេះ ពីព្រោះថាព្រិត្តិការណ៍នេះជាការទូតមួយដ៏សំខាន់របស់ចិន ផងដែរ។

សំណួរទី១៖  ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅក្នុងតំបន់អាស៊ីដែលរួមមាន វៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ត្រូវបានធ្វើឡើង នៅក្រោយពេលដែលអនុប្រធានាធិបតេយ្យសហរដ្ឋអាមេរិកលោកស្រី Kamala Harris ទើបតែបញ្ចប់ដំណើរទស្សនកិច្ចរបស់គាត់កាលពីប៉ុន្មានសប្ដាហ៍មុននេះ។ បើតាមទស្សនៈរបស់លោកបណ្ឌិតផ្ទាល់ តើដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នេះមានគោលបំណងចម្បងអ្វីខ្លះជាពិសេសមកលើកម្ពុជា និងវៀតណាម?

(បណ្ឌិត ឈាង វណ្ណារិទ្ធ) សំខាន់គឹដើម្បីពង្រឹងនូវទំនាក់ទំនងល្អរវាងប្រទេសចិនជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់ ហើយឆ្នាំនេះគឺជាខួបលើកទី៣០ នៃទំនាក់ទំនងរវាងចិននិងអាស៊ាន ដូច្នេះចិនកំពុងតែពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរបស់ខ្លួន ជាមួយនឹងបណ្ដាប្រទេសដែលជាសមាជិករបស់អាស៊ាន។ ហើយមានប្រទេសបី ដែលសំខាន់នៅក្នុងយុទ្ធសាស្រ្តចិនមកកាន់តំបន់អាស៊ីអាគ្នេយ៍ ក៏បានឆ្លុះបញ្ចាំងនូវសារៈសំខាន់នៃប្រទេសទាំងបីផងដែរ ដែលរួមមានកម្ពុជា វៀតណាម និងសិង្ហបុរី។ យើងឃើញថា ប៉ុន្មានសប្ដាហ៍មុននេះ គឺមានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតេយ្យរបស់សហរដ្ឋអាមេរិក គឺ លោកស្រី Kamala Harris មកប្រទេសវៀតណាម និងសិង្ហបុរី ដែលនេះក៏អាចចាត់ទុកថា ជាការឆ្លើយតបមួយទៅនឹងសហរដ្ឋអាមេរិក ក្នុងការប្រកួតប្រជែងនៅក្នុងតំបន់យើងនេះ ហើយក៏ជាការជំរុញរបស់ប្រទេសចិនបន្ថែមទៀត ទាក់ទងនឹងបញ្ហាប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩។ យើងឃើញថា ចិនបានផ្ដល់នូវវ៉ាក់សាំងបន្ថែមទៀតទៅដល់ប្រទេសវៀតណាម ៣លានដូស និងមកកម្ពុជា ៣លានដូស ដូចគ្នា។ នេះគឺជាយុទ្ធនាការការទូតរបស់ចិនមួយ ដើម្បីជំរុញជំនួយវ៉ាក់សាំងទៅដល់បណ្ដាប្រទេសនៅក្នុងតំបន់ ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។

សំណួរទី២៖  ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិននេះ តើអាចជាសារបញ្ជាក់ទៅអាមេរិកទេថា ចិននៅតែបន្តផ្ដល់តម្លៃដល់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដោយឥតលក្ខខណ្ឌ ដែរឬទេ?

(បណ្ឌិត ឡេង ធារិទ្ធ) ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់ប្រទេសទាំងបីនេះដែលមានដូចជាកម្ពុជា វៀតណាម និងសិង្ហបុរីនេះ តាមពិតទៅគឺសបញ្ជាក់ឲ្យឃើញថាប្រទេសចិនមិនព្រមចុះចាញ់ទៅនឹងការប្រកួតណាមួយពីសហរដ្ឋអាមេរិកនោះទេ។ និយាយាឲ្យចំគឺគាត់ចង់ដណ្ដើមឥទ្ធិពលពីសហរដ្ឋអាមេរិកនៅបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ពីព្រោះអីយើងឃើញច្បាស់ហើយថា ដំណើរទស្សនៈរបស់អនុប្រធានាធិបតេយ្យរបស់សហរដ្ឋអាមេរិក លោកស្រី Kamala Harris ក៏ដូចជាលោកស្រី Wendy Sherman គឺគាត់បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសទាំងបីនឹងដែរ។ ដូច្នេះលោក វ៉ាង យី នៅពេលដែលគាត់ធ្វើទស្សនកិច្ចនេះ គឺគាត់ជ្រើសរើសប្រទេសបីនេះដូចគ្នា មានន័យថានេះជាសារមួយបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនព្រមចុះចាញ់នូវឥទ្ធិពលអាមេរិកងាយៗនោះទេ។ ហើយជាក់ស្ដែងចិនគាត់មកនេះគឺ គាត់មានទាំងជំនួយមកទៀត ដែលមានទាំងវ៉ាក់សាំង ក៏ដូចជាជំនួយផ្សេងៗ ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ នានារបស់បណ្ដាប្រទេសទាំងបី។

សំណួរទី៣៖ តើការជ្រើសរើសយកប្រទេសកូរ៉េខាងត្បូងជាទិសដៅនៃទស្សនកិច្ចរបស់លោក វ៉ាង យីនេះ មានគោលបំណងអ្វីខ្លះ?

(បណ្ឌិត ឡេង ធារិទ្ធ) ខ្ញុំគិតថា ការជ្រើសរើសប្រទេសកូរ៉េខាងត្បូងនេះ គឺមានផលប្រយោជន៍ច្រើនជាពិសេសគឺផលប្រយោជន៍ផ្នែកយុទ្ធសាស្រ្ត និងសេដ្ឋកិច្ច។ បើយើងនិយាយពីផលប្រយោជន៍ផ្នែកយុទ្ធសាស្រ្ត យើងឃើញថាកូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តមួយដែលជិតស្និតជាមួយសហរដ្ឋអាមេរិកតែម្ដង ហើយលោក វ៉ាង យី ទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តជិនស្និតរបស់សហរដ្ឋអាមេរិកនេះ គឺជាសារមួយទៅដល់សហរដ្ឋអាមេរិកថា ប្រទេសចិនក៏គាត់មិនព្រមបណ្ដោយឲ្យឥទ្ធិពលរបស់ខ្លួនបាត់បង់នៅប្រទេសកូរ៉េខាងត្បូងផងដែរ ពីព្រោះថាថ្វីត្បិតតែកូរ៉េខាងត្បូង ជាសម្ព័ន្ធមិត្តមួយយ៉ាងជិតស្និតរបស់សហរដ្ឋអាមេរិក តែកូរ៉េខាងត្បូង ក៏ជាប្រទេសមួយដែលធ្វើពាណិជ្ជកម្មធំជាងគែជាមួយប្រទេសចិនផងដែរ។ ដូច្នេះហើយ ការធ្វើទស្សនកិច្ចទៅប្រទេសកូរ៉េខាងត្បូងនេះ គឺបង្ហាញសារមួយឲ្យពិភពលោកជាពិសេសឲ្យសហរដ្ឋមេរិកឃើញថា ប្រទេសកូរ៉េខាងត្បូងក៏ចាត់ទុកប្រទេសចិន ជាប្រទេសមួយដ៏សំខាន់ផងដែរ។ ដូច្នេះ ឥទ្ធិពលរបស់ចិនក៏មាននៅកូរ៉េខាងត្បូងផងដែរ។ ម៉្យាងវិញទៀត បើយើងនិយាយពីផ្នែកសេដ្ឋកិច្ចវិញយើងឃើញថាកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលធ្វើពាណិជ្ជកម្មច្រើនជាមួយ នឹងប្រទេសចិន។ ហើយបើនិយាយនៅក្នុងក្របខ័ណ្ឌអាស៊ានបូកបី និងអាស៊ានបូកមួយ ប្រទេសកូរ៉េខាងត្បូងក៏ជាសមាជិកផងដែរ ដូច្នេះមានន័យថាការធ្វើទស្សនកិច្ចទៅកូរ៉េខាងត្បូង ចិនឲ្យតម្លៃទៅលើយន្តការពហុភាគីតំបន់ដែលមានអាស៊ានដើរតួនាទីជាស្នូល ហើយនេះក៏ជាមូលហេតុដែលលោក វ៉ាង យី ជ្រើសរើសទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បួង។

(បណ្ឌិត ឈាង វណ្ណារិទ្ធ)​ ដោយសារតែឥលូវ បញ្ហានៅកូរ៉េខាងជើងជាបញ្ហាមួយដ៏ក្ដៅផងដែរ ដូចនេះ កូរ៉េខាងត្បូងក៏ប្រហែលជាត្រូវពឹងពាក់ច្រើនទៅលើប្រទេសចិន ដើម្បីដាក់សម្ពាធទៅដល់ទីក្រុងព្យុងយ៉ាង លើបញ្ហាអាវុធនុយក្លេអ៊ែរជាដើម។ ហើយចិនក៏ត្រូវការការគាំទ្រពីកូរ៉េខាងត្បូង ដើម្បីប្រារព្វនូវពិធីអូឡាំពិកនៅរដូវរងារខែកុម្ភៈឆ្នាំក្រោយនេះ ពីព្រោះថានេះ គឺជាព្រិត្តិការណ៍មួយដ៏សំខាន់ក្នុងការទូតរបស់ចិន ក្នុងការដើរគៀងគរតាមបណ្ដាប្រទេសទាំងនោះ ដើម្បីគាំទ្រនៅកីឡាអូឡាំពិក នៅឯប្រទេសចិនខែពីរ ផងដែរ។

សំណួរទី៤៖  ងាកមកមើលកម្ពុជាវិញ តើអាចទេថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនមកកាន់កម្ពុជាលើកនេះ ជាចេតនាឬជាសញ្ញាណមួយដែលបញ្ជាក់ថាចិនមានបំណងចង់ឲ្យកម្ពុជាគាំទ្រគោលជំហររបស់ខ្លួននៅក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង លើតុពិភាក្សានៃកិច្ចប្រជុំកំពូលអាស៊ាន ពេលដែលកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ? បើដូច្នោះ កម្ពុជាគួរប្រកាន់ខ្ជាប់គោលជំហរបែបណា?

(បណ្ឌិត ឈាង វណ្ណារិទ្ធ) មានការចោទប្រកាន់ជាច្រើនតាំងពីឆ្នាំ២០១២ មកដល់បច្ចុប្បន្នដែលគេថាចិនជាអ្នកដែលមានឥទ្ធិពលមកលើប្រទេសកម្ពុជាពាក់ព័ន្ធទៅនឹងគោលជំហររបស់ចិនទៅលើបញ្ហាសមុទ្រចិនខាងត្បូង។ ប៉ុន្តែបើយើងមើលបញ្ហានេះឲ្យបានទូលំទូលាយ គោលជំហររបស់កម្ពុជាគឺអាស្រ័យទៅលើផលប្រយោជន៍ និងស្មារតីរួមរបស់អាស៊ានគឺធ្វើយ៉ាងណាដើម្បីរក្សាស្ថិរភាព សន្តិសុខ និងសន្តិភាពនៅសមុទ្រចិនខាងត្បូង ពីព្រោះថានេះគឺជាផលប្រយោជន៍រួមទាំងបណ្ដាប្រទេសអាស៊ាន និងប្រទេសចិនផងដែរ។ ដូច្នេះវិធីសាស្រ្តដើម្បីធានានូវសន្តិសុខនៅក្នុងតំបន់ គឺមិនមានអ្វីដែលសំខាន់ជាងការចរចាពិភាក្សានោះទេ។ កន្លងមក កម្ពុជាបានជំរុញឲ្យមានការអនុវត្ត COC (Code of Conduct) និងមានការចរចាទៅលើបញ្ហា COC នេះផងដែរ។ ដូច្នេះ វាគឺជាបញ្ហាមួយដែលវាស្របទៅនឹងគោលជំហររបស់អាស៊ាន រួម។ កម្ពុជាមិនបានងាកទៅខាងប្រទេសមហាអំណាចណាមួយទេ ទាក់ទងទៅនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ គឺអាស្រ័យទៅលើបញ្ហារួមរបស់អាស៊ាន។ 

ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំចិន គឺដើម្បីពង្រឹងបន្ថែមទំនាក់ទំនងទ្វេភាគី ក៏ដូចជាការផ្សារភ្ជាប់នូវទំនាក់ទំនងទ្វេភាគីនឹងដើម្បីជួយជំរុញដល់ក្របខណ្ឌសហប្រតិបត្តិការពហុភាគី ទាំងក្របខ័ណ្ឌឡាងឆាង-មេគង្គ ទាំងក្របខ័ណ្ឌអាស៊ាន-ចិនផងដែរ។ ដូចខ្ញុំបាននិយាយខាងដើមថា ឆ្នាំនេះគឺជាឆ្នាំពិសេសមួយនៅក្នុងទំនាក់ទំនងចិន និងអាស៊ានគឺខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូ។ ចិនក៏កំពុងជំរុញទំនាក់ទំនងជាមួយអាស៊ាននេះ ទៅកម្រិតថ្មីមួយទៀតគឺ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership) ដោយឥលូវនេះគឺជាទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត ក៏ប៉ុន្តែចិនចង់បន្ថែមពាក្យគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យមានលក្ខណៈពិសេសជាងដៃគូពិភាក្សាអាស៊ានផ្សេងទៀត។ ដូច្នេះ វាគឺជាគោលបំណងមួយរបស់ចិននៅក្នុងការជំរុញបន្ថែមនូវទំនាក់ទំនងចិនជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។

(បណ្ឌិត ឡេង ធារិទ្ធ) ខ្ញុំឯកភាពជាមួយលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ចំពោះទស្សនកិច្ចរបស់លោក វ៉ាង យី មកពេលនេះ មិនមែនជាការដាក់សម្ពាធមកដល់កម្ពុជាអ្វីនោះទេទាក់ទងទៅនឹងបញ្ហាសមុទ្រចិនខាងត្បូង។ ដោយសារតែយើងឃើញថា បញ្ហាសមុទ្រចិនខាងត្បូងមិនមែនទើបតែកើតឡើងនៅពេលឥលូវនេះទេ គឺវាកើតឡើងយូរណាស់មកហើយ ហើយបញ្ហាការបង្កើត Code of Conduct គឺវានៅតែអូសបន្លាយអញ្ចឹង។ អ្នកដែលគាត់មានទស្សនៈថា ទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជា ដើម្បីដាក់សម្ពាធមកលើកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ផ្ទះកម្ពុជា ជំរុញឲ្យមានក្រមប្រតិបត្តិមួយដែលមានផលប្រយោជន៍គាំទ្រទៅដល់ប្រទេសចិន ខ្ញុំគិតថារឿងនេះមិនត្រឹមត្រូវនោះទេ។ បញ្ហានេះគឺវាបានកើតឡើងយូរណាស់មកហើយ ហើយសំខាន់មួយទៀតគឺកម្ពុជាពុំមានផលប្រយោជន៍អ្វីដែលគេហៅថា ប្រកាន់យកជំហរតែមួយទៅកាន់ប្រទេសចិននោះទេ ពីព្រោះជាក់ស្ដែង កម្ពុជាបានទទួលនូវដំណើរទស្សនកិច្ចរបស់ប្រទេសមហាអំណាចផ្សេងទៀតដូចដែលលោកស្រី Wendy Sherman មកកម្ពុជាកាលពីខែមិថុនា ឆ្នាំនេះផងដែរ។ ដូច្នេះ រឿងនេះសបញ្ជាក់ឲ្យឃើញថាកម្ពុជាបានជំហរមួយគឺរក្សានូវតុល្យភាពនយោបាយការបរទេសរបស់ខ្លួនរវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជារក្សានូវគោលនយោបាយពហុភាគីនិយមផងដែរ។ ដូច្នេះ តាមរយៈបញ្ហានេះហើយ កម្ពុជាមានផលប្រយោជន៍ច្រើននៅក្នុងអនុវត្តគោលនយោបាយពហុភាគី គឺធ្វើមិត្តទាំងអស់មិនថាតែចិន សហរដ្ឋអាមេរិក ឬក៏អាស៊ានផងដែរ។ បើនិយាយឲ្យខ្លី ខ្ញុំគិតថាទស្សនៈនេះ គឺមិនមានបំណងដាក់សម្ពាធកម្ពុជា ដែលធ្វើយ៉ាងណាឲ្យកម្ពុជាធ្វើការឆ្លើយតបផ្ដល់ផលប្រយោជន៍ឲ្យចិនទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូងនោះទេ។

សំណួរទី៥៖  តាមទស្សនៈរបស់លោកបណ្ឌិត តើអាចទេដែលទស្សនកិច្ចនេះ មានគោលបំណងជំរុញបន្ថែមនូវឥទ្ធិពលរបស់ខ្លួនតាមរយៈគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដល់បណ្តាប្រទេសជាសមាជិកអាស៊ាន និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនានា?

(បណ្ឌិត ឈាង វណ្ណារិទ្ធ) គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន គឺជាយន្តការមួយដ៏សំខាន់របស់ចិនក្នុងទំនាក់ទំនងក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរជាតិ ពីព្រោះថាវាមានទ្វីបសំខាន់ៗទាំងបីមានដូចជា អាស៊ី អ៊ឺរ៉ុប និងអាហ្រ្វិកបានចូលរួមគាំទ្រដល់គំនិតផ្ដួចផ្ដើមមួយនេះ។ ហើយកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀតដែលគាំទ្រខ្លាំងជាគេ និងមុនគេទៅលើគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ យើងឃើញថា កន្លងមកនេះគម្រោងផ្លូវ និងខ្សែក្រវាត់របស់ចិនបានដុះដាលនៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់ ជាពិសេសថ្មីៗនេះយើងឃើញថាមានគម្រោងតភ្ជាប់ក្រុងភ្នំពេញជាមួយនឹងក្រុងព្រះសីហនុ ផ្លូវល្បឿនលឿន ហើយជាលើកទីមួយហើយដែលកម្ពុជាមានផ្លូវល្បឿនលឿនខ្នាតអន្តរជាតិ ហើយយើងឃើញថាមានការអភិវឌ្ឍតំបន់ឧស្សាហកម្មនៅក្រុងព្រះសីហនុ ដែលផ្ដល់ការងាររាប់មឺនដល់ប្រជាជនកម្ពុជា ហើយមានក្រុមហ៊ុនជាច្រើនបានបោះវិនិយោគនៅតំបន់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជាព្រលានយន្តហោះនៅក្រុងសៀមរាបជាដើម ដែលមួយឆ្នាំអាចទទួលភ្ញៀវបានដល់ទៅ២០លាននាក់ ដែលជាប្រលានយន្តហោះខ្នាតអន្តរជាតិធំ។ ឥលូវនេះ ចិនក៏កំពុងតែជំរុញហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ជាពិសេសការកសាងសមត្ថភាព ជំរុញទំនាក់ទំនងប្រជាជននិងប្រជាជននៅក្នុងក្របខ័ណ្ឌ BRI ហើយ BRI នឹងក៏ជាយន្តការមួយនៅក្នុងក្របខ័ណ្ឌគោលនយោបាយរបស់លោក ស៊ី ជីងពីង គឺការកសាងសហគមន៍ឲ្យមានជោគវាសនាតែមួយ ឬក៏អនាគតរួម(Community with shared future) ដែលជាទស្សនៈនយោបាយការបរទេសថ្មីរបស់ចិនក្រោមរដ្ឋកាលរបស់លោក ស៊ី ជីងពីង។ 

កម្ពុជារួមទាំងបណ្ដាប្រទេសនៅតាមទន្លេមេគង្គជាពិសេស គឺជាប្រទេសដែលគាំទ្រខ្លាំងទាក់ទងទៅនឹងយន្តការនេះ ហើយនៅក្នុងអាស៊ីអាគ្នេយ៍មានប្រទេសពីរដែលបានចុះហត្ថលេខាទៅលើកម្មវិធីអនុវត្ត Community with Shared Future មានប្រទេសកម្ពុជា និងប្រទេសឡាវដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផែនការសកម្មភាពនៅឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៣។ ហើយវាជាផ្លូវបង្ហាញយ៉ាងច្បាស់មួយដែល ដើម្បីអនុវត្តន៍នូវគម្រោងផ្សេងៗ និងពង្រឹងនូវទំនាក់ទំនងទ្វេភាគីកម្ពុជាចិនក្រោម
សហគមន៍អនាគតរួមគ្នា។

(បណ្ឌិត ឡេង ធារិទ្ធ) ខ្ញុំគិតថា ជាធម្មតាមហាអំណាចណាមួយក៏ដោយ មុននឹងគេចាប់ផ្ដើមធ្វើអ្វីមួយគឺ គេគិតពិចារណាច្បាស់លាស់ណាស់ ដែលរួមមានទាំងការធ្វើទស្សនកិច្ចនេះផងដែរ ពោលគឺគេមានគោលដៅរបស់គេរួចហើយ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈគម្រោងផ្លូវ និងខ្សែក្រវ៉ាត់។ គម្រោងនេះសារៈសំខាន់ខ្លាំងណាស់ ជាពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍ ដូចជាប្រទេសកម្ពុជា ឡាវ វៀតណាម ក៏ដូចជាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ព្រោះថាគម្រោងនេះផ្ដល់នូវផលប្រយោជន៍ ដល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមានទាំងផ្លូវដែលផ្សារភ្ជាប់ពីភ្នំពេញទៅព្រះសីហនុ។ ទន្ទឹមនឹងនេះគម្រោងនឹងក៏បានជួយដល់កម្ពុជាក្នុងការកសាងសមត្ថភាពក្នុងការផលិតថាមពល ដូចជាវារីអគ្គិសនីសេសានពីរ។ ដូច្នេះ យើងឃើញថាទាំងអស់នេះ គឺជាគោលបំណងផ្សារភ្ជាប់ប្រទេសកម្ពុជាក៏ដូចជាប្រទេសនានាដែលគាត់ទទួលយកគម្រោង BRI នឹងជាមួយនឹងប្រទេសចិន អញ្ចឹងយើងឃើញថាជាធម្មតានៅពេលដែលយើងអនុវត្តន៍គម្រោងនឹង ចង់មិនចង់ យើងតែងតែមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមក គឺមិនមែនថាមានតែចិនដែលមានឥទ្ធិពលមកលើកម្ពុជាទេ ពីព្រោះកម្ពុជាក៏ដូចជាប្រទេសបណ្ដាប្រទេសផ្សេងៗ ដែលទទួលយកគម្រោងនឹងក៏គេអាចទទួលបានផលប្រយោជន៍ដូចគ្នា។

វាគ្មិន៖   លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

លោកបណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រ (MCSS) 
វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល និងរៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

Recent Posts

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930