Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
#24 Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

AVI Voice
AVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
AVI VoiceAVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ ការវិវឌ្ឍនស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានេះ កាន់តែមានភាពគ្រោះថ្នាក់ដោយសារតែ ទីមួយការបង្កើតនូវកងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗរបស់ប្រទេសនេះមានមូលដ្ឋាន ទីពីររដ្ឋាភិបាលដែលជាសមាជិករបស់គណបក្សលោកស្រី អោង សានស៊ូជី ដែលត្រូវបានរំលាយចោល បានបង្កើត Government in Exile ឬរដ្ឋាភិបាលនិរទេសដើម្បីធ្វើការតស៊ូមតិខាងផ្នែកនយោបាយ តតាំងជាមួយនឹងរបបសឹក ជាពិសេសទៅនឹង State Administration Council ឬក្រុមប្រឹក្សារដ្ឋបាលរបស់រដ្ឋដែលគ្រប់គ្រងដោយរបបសឹក។ អ្វីដែលកាន់តែគ្រោះថ្នាក់ទៅទៀត គឺថាមហាអំណាចមួយចំនួនចាប់ផ្ដើមលូកដៃចូលក្នុងបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាពិសេសតាមរយៈសញ្ញាមួយចំនួនដែលបង្ហាញថាមហាអំណាចមួយចំនួននោះកំពុងតែធ្វើការជាមួយនឹងរដ្ឋាភិបាលនិរទេសគឺ National Unity Government (NUG) ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា។

សំណួរទី១៖  ពាក់ព័ន្ធទៅនឹងវិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា គឺជាប្រធានបទក្ដៅនៅក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀត។ តើបច្ចុប្បន្នស្ថានភាពនៃវិបត្តិទាំងពីរនេះនៅមីយ៉ាន់ម៉ាបានដើរដល់កម្រិតណា?

ជាការពិតវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ វិបត្តិនេះបានវិវឌ្ឍនទៅរកស្ថានភាពកាន់តែស្មុគស្មាញ និងស៊ីជម្រៅ ដោយសារតែប្រទេស និងប្រជាជាតិមីយ៉ាន់ម៉ាកំពុងតែប្រឈមនូវវិបត្តិពីរ៖ ទីមួយ គឺវិបត្តិនយោបាយ ដែលក្រោយពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ប្រទេសមីយ៉ាន់ម៉ាកំពុងតែធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រាលជ្រៅ និងការធ្វើបាតុកម្មកំពុងកើតឡើងធ្ងន់ធ្ងរដើម្បីប្រឆាំងនឹងរបបសឹក។ ទីពីរ របបសឹកក៏មានវិធានការឆ្លើយតបទៅនឹងក្រុមបាតុករកាន់តែខ្លាំងក្លាដែលពេលខ្លះមានអំពើហិង្សា ដែលឈានទៅរកការសម្លាប់បាតុករជាង ១.០០០នាក់ ហើយបាតុករជាង ៣.០០០នាក់ ទៀតត្រូវបានចាប់ឃុំខ្លួន។ ទង្វើនេះបានធ្វើឲ្យសហគមន៍អន្តរជាតិធ្វើការដាក់សម្ពាធកាន់តែខ្លាំងទៅលើរបបសឹក ក៏ដូចជាដាក់សម្ពាធកាន់តែខ្លាំងមកលើអាស៊ាន ដើម្បីជំរុញឲ្យអាស៊ានមានដំណោះស្រាយឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះអំពើហិង្សា នៅមីយ៉ាន់ម៉ា។

ចំពោះការវិវឌ្ឍនស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានេះ ក៏កាន់តែមានភាពគ្រោះថ្នាក់ដោយសារតែ ទីមួយ ការបង្កើតនូវកងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗរបស់ប្រទេសនេះមានមូលដ្ឋាន ទីពីរ រដ្ឋាភិបាល ដែលជាសមាជិករបស់គណបក្សលោកស្រី អោង សានស៊ូជី ដែលត្រូវបានរំលាយចោល បានបង្កើត Government in Exile ឬរដ្ឋាភិបាលនិរទេសដើម្បីធ្វើការតស៊ូមតិខាងផ្នែកនយោបាយ តតាំងជាមួយនឹងរបបសឹក ជាពិសេសទៅនឹង State Administration Council ឬក្រុមប្រឹក្សារដ្ឋបាលរបស់រដ្ឋដែលគ្រប់គ្រងដោយរបបសឹក។ 

អ្វីដែលកាន់តែគ្រោះថ្នាក់ទៅទៀត គឺថាមហាអំណាចមួយចំនួនចាប់ផ្ដើមលូកដៃចូលក្នុងបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាពិសេសតាមរយៈសញ្ញាមួយចំនួនដែលបង្ហាញថាមហាអំណាចមួយចំនួននោះកំពុងតែធ្វើការជាមួយនឹងរដ្ឋាភិបាលនិរទេសគឺNational Unity Government (NUG) ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា។ រីឯទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម យើងឃើញថាដោយសារតែជំងឺកូវីដ-១៩ មីយ៉ាន់ម៉ាក៏កំពុងតែធ្លាក់ចូលយ៉ាងជ្រៅនៅក្នុងវិបត្តិសុខភាពសាធារណៈ ដោយសារតែរលកទីបីនៃជំងឺកូវីដ-១៩ ចាប់តាំងពីខែកក្កដាកន្លងទៅនេះ បានសម្លាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ១៥.០០០នាក់ រួចទៅហើយ ហើយករណីថ្មីៗបានកើតឡើងកាន់តែច្រើន មីយ៉ាន់ម៉ាកំពុងតែខ្វះខាតអុកស៊ីសែន និងសម្ភារសុខាភិបាលជាច្រើនទៀត មន្ទីរពេទ្យមួយចំនួនត្រូវបានបិទទ្វារដោយសារតែការខ្វះខាតនូវសម្ភារៈទាំងអស់នោះ។ អ្វីដែលកាន់តែលំបាកទៅទៀតគឺថា វិបត្តិនយោបាយដែលជាឧបសគ្គដល់ការចូលរួមដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែយើងត្រូវយល់ដឹងដែរថា នេះមិនមែនជាលើកទីមួយទេដែលប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីអាណានិគមអង់គ្លេស នៅក្នុងឆ្នាំ១៩៤៨ ហើយប្រទេសមួយនេះតែងតែស្ថិតក្នុងស្ថានភាពនយោបាយដ៏ស្មុគស្មាញ ជាពិសេសក្រោយការធ្វើរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ Ne Win នៅក្នុងឆ្នាំ១៩៦២ រហូតមកដល់បច្ចុប្បន្ន ដែលយើងបន្តតាមដានដោយយកចិត្តទុកដាក់ ហើយយើងគួរតែតាមដានផងដែរថា តើអាស៊ានមានចំណាត់ការអ្វីខ្លះទៀតដើម្បីជួយដោះស្រាយវិបត្តិដ៏ស្មុគស្មាញមួយនេះ។

សំណួរទី២៖    ពាក់ព័ន្ធជាមួយនឹងបញ្ហានេះដែរយើងឃើញថា អាស៊ានកំពុងតែព្យាយាមឲ្យអស់ពីសមត្ថភាពនៅក្នុងការដោះស្រាយនូវវិបត្តិនៅមីយ៉ាន់ម៉ានេះ។ យ៉ាងណាក្ដីយើងឃើញថាអាស៊ាននៅតែទទួលរងនូវមតិរិះគន់មួយចំនួនពាក់ព័ន្ធជាមួយនឹងការដោះស្រាយ និងការឆ្លើយតបយឺតយ៉ាវជាមួយនឹងតួនាទីយ៉ាងមានកម្រិតរបស់អាស៊ានផងដែរ។ តើបច្ចុប្បន្នអាស៊ានបានដោះស្រាយនូវបញ្ហានេះដល់កម្រិតណាហើយ? តើអ្វីដែលជាការរិះគន់ចម្បងៗពីមតិរិះគុណសាធារណៈ?

វាជាការពិត វិបត្តិនយោបាយដែលកើតឡើងនៅមីយ៉ាន់ម៉ាបានក្លាយទៅជាវិញ្ញាសាថ្មីមួយទៀតដល់អាស៊ាន ដែលអាស៊ាននិងសមាជិកទាំងអស់ត្រូវតែចំណាយពេល និងចំណាយនូវថាមពលដើម្បីដោះស្រាយ។ សហគមន៍អន្តរជាតិកំពុងទន្ទឹមរងចាំនូវការឆ្លើយតបពីសំណាក់អាស៊ាន រីឯប្រទេសមួយចំនួនថែមទាំងដាក់សម្ពាធកាន់តែខ្លាំងដល់អាស៊ាន។ នេះគឺជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់អាស៊ាន ហើយខ្ញុំគិតថាវិញ្ញាសាដ៏ស្មុគស្មាញនេះវាអាចកើតឡើងដោយ Dilemma ឬហៅថាភាពស្មុគស្មាញចំនួនបី។

ទីមួយ គឺភាពស្មុគស្មាញរវាងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សមាជិកអាស៊ានដែលបានចែងនៅក្នុងធម្មនុញ្ញអាស៊ានក៏ដូចជាឯកសារគតិយុត្តជាច្រើនទៀត ដែលក្នុងនោះក៏មានសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)។ គោលការណ៍នេះវាហាក់ដូចជាផ្ទុយជាមួយនឹងគោលការណ៍មួយទៀតដែលបានចែងនៅក្នុងធម្មនុញ្ញអាស៊ាន គឺគោលការណ៍ពាក់ព័ន្ធជាមួយនឹងការលើកកម្ពស់ និងគុណតម្លៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ល។ ដូច្នេះហើយសមាជិកអាស៊ានត្រូវថ្លឹងថ្លែងភាពផ្ទុយគ្នានៃគោលការណ៍ទាំងពីរ។

ទីពីរ គឺកើតឡើងដោយសារតែបើសិនជាអាស៊ានលូកដៃចូលទៅក្នុងការងារមីយ៉ាន់ម៉ា ការលូកដៃនោះអាចនឹងត្រូវបានគេឃើញថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក។ ប៉ុន្តែប្រសិនបើអាស៊ាន និងសមាជិកអាស៊ានមិនមានចំណាត់ការ វានឹងប៉ះពាល់ដល់មុខមាត់ និងតួនាទី ជាពិសេសមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ ហើយនេះគឺជាភាពស្មុគស្មាញមួយទៀតដែលអាស៊ាន និងសមាជិកទាំងអស់ត្រូវតែស្វែងរកដំណោះស្រាយដ៏សាកសមមួយ។

ទីបី គឺថាការធ្វើការជាមួយនឹងរបបសឹក ជាពិសេសជាមួយនឹងក្រុមប្រឹក្សារដ្ឋរបស់មីយ៉ាន់ម៉ាអាចត្រូវបានគេឃើញថាជា ការទទួលស្គាល់ដោយប្រយោលទៅលើរបបសឹក។ ប៉ុន្តែប្រសិនបើមិនធ្វើការជាមួយនឹងរបបសឹក យើងពុំអាចស្វែងរកដំណោះស្រាយដល់វិបត្តិដែលកំពុងកើតឡើងនៅមីយ៉ាន់ម៉ាបាននោះទេ។ យើងត្រូវចងចាំថា របបសឹកនៅតែជាកម្លាំងនយោបាយខ្លាំងបំផុត មានឥទ្ធិពលបំផុត នៅមីយ៉ាន់ម៉ា។ ដូច្នេះយើងត្រូវតែធ្វើការជាមួយ។

មកដល់ពេលនេះអាស៊ានចូលរួមចំណែកយ៉ាងសកម្ម ទោះបីជាមានការរិះគន់យ៉ាងណាក៏ដោយ យើងឃើញថា ក្រោយរដ្ឋប្រហារនេះផ្ទុះភ្លាម ប្រធានអាស៊ានគឺប្រទេសព្រ៊ុយណេឆ្នាំនេះបានចេញនៅ ASEAN Chair’s Statement ហើយកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។ អាស៊ានបានកោះប្រជុំរដ្ឋមន្ត្រីការបរទេសពិសេស ដើម្បីពិនិត្យមើលនូវការវិវឌ្ឍនស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា និងបានរំលេចឡើងនូវគោលការណ៍របស់អាស៊ាន និងបំណងប្រាថ្នារបស់អាស៊ានចង់បាននូវស្ថិរភាពនយោបាយ ចង់បានឲ្យមាននូវកិច្ចសន្ទនាប្រកបដោយស្ថាបនានៅមីយ៉ាន់ម៉ា និងធ្វើយ៉ាងណាឲ្យមីយ៉ាន់ម៉ាត្រឡប់មកប្រក្រតីភាពកាត់បន្ថយអំពើហិង្សា។ល។ ពិសេសជាងនេះទៀតកាលពីថ្ងៃទី២៤ ខែមេសា ប្រមុខរដ្ឋាភិបាលអាស៊ានបានជួបប្រជុំគ្នានៅទីក្រុងចាកាតា ហើយឈានទៅ ការចេញនូវ Five-point Consensus លើបញ្ហាមីយ៉ាន់ម៉ា ឬក៏កុងសង់ស៊ីសចំនួនប្រាំចំណុច ដោយនៅក្នុងនោះក៏មានការឯកភាពគ្នាទៅលើការតែងតាំងប្រេសិតពិសេសរបស់ប្រធានអាស៊ាន (Special Envoy of the ASEAN Chair) ទៅកាន់មីយ៉ាន់ម៉ា។

ទោះបីជាយ៉ាងណាក៏ដោយ យើងក៏ទទួលស្គាល់ការពិតដែលថា ការឆ្លើយតបរបស់អាស៊ានហាក់ដូចជាយឺតយ៉ាវចាប់តាំងអំពីការចេញនូវកុងសង់ស៊ីសចំនួនប្រាំចំណុច យើងឃើញថាពុំទាន់មាននូវប្រេសិតពិសេសទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅឡើយទេ។​ដូច្នេះហើយបានជា មានការរិះគន់យ៉ាងច្រើន។ ប៉ុន្ដែខ្ញុំគិតថា បើរិះគន់ ក៏រិះគន់ចុះ ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់ពីកម្រិតរបស់អាស៊ាន ថាអាស៊ានមិនត្រូវបានគេបង្កើតឡើងឲ្យក្លាយទៅជា Supranational Body ឬអង្គការតំបន់មួយដែលខ្ពស់ជាងរដ្ឋដូចសហភាពអឺរ៉ុបនោះទេ។ អាស៊ានបង្កើតឡើងនៅក្នុងក្របខណ្ឌមួយដែលគេហៅថា Less Rule-Based, Less Binding Mechanism ជាយុន្តការដែលមិនសូវផ្ដោតទៅលើវិធាន និងយន្តការដែលពុំសូវមាននូវការចាប់បង្ខុំ ដោយសារតែអាស៊ាននូវតែផ្តល់សារៈសំខាន់លើអធិបតេយ្យភាពរបស់រដ្ឋជាសមាជិក អាស៊ាននូវតែបន្តនៅមាគ៌ាអាស៊ាន (The ASEAN Way) ដែលផ្ដោតទៅលើ Consensus, Mutual Respects និង Non-interference into domestic affairs of member states។ ហើយមាគ៌ាអាស៊ាននេះ បានបម្រើដល់ការកសាងសហគមន៍អាស៊ាន ជាមូលដ្ឋានដល់ការធ្វើសមាហរណកម្មតំបន់មួយនេះ ហើយយើងក៏កុំភ្លេចដែលថា តំបន់អាស៊ីអាគ្នេយ៍របស់យើង វាជាតំបន់ដែលពោរពេញទៅដោយភាពចម្រុះខាងនយោបាយ ខាងសេដ្ឋកិច្ច និងខាងទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ច ជាពិសេសភាពសម្បូរបែបខាងផ្នែកសាសនា។ នេះហើយ គឺជាដែនកំណត់របស់អាស៊ាន ហើយវាក៏បានបង្កើតនូវឧបសគ្គជាច្រើនដល់ការចូលរួមរបស់អាស៊ាននៅក្នុងវិបត្តិរបស់មីយ៉ាន់ម៉ា។ ដូច្នេះយើងឃើញថា អាស៊ានបានប្រឹងប្រែងណាស់ តែយើងក៏មិនគួរ រំពឹងហួសពីការពិតនៃវេទិកាតំបន់របស់យើងមួយនេះដែរ។

សំណួរទី៣៖ ចំពោះចំណុចឯកច្ឆន្ទទាំងប្រាំ ឬ Five-points Consensus ដែលលោកបណ្ឌិតបានលើកអម្បាញ់មិញនេះតើវាមានដំណើរការ ក៏ដូចបានអនុវត្តដល់កម្រិតណាដែរ?

ខ្ញុំសូមរំលឹកឡើងវិញអំពី Five-points Consensus ដែលរួមមាន ទីមួយ ការបញ្ឈប់អំពើហិង្សាជាបន្ទាន់ ទីពីរ ការជំរុញឲ្យមាននូវកិច្ចសន្ទនានយោបាយប្រកបដោយភាពស្ថាបនា ទីបី ការដោះស្រាយនូវវិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា ដែលកើតឡើងដោយវិបត្តិនយោបាយ និងការរីករាលដាលនៃជំងឺកូវីដ-១៩ ទីបួន គឺពាក់ព័ន្ធជាមួយនឹងការតែងតាំងប្រេសិតពិសេសរបស់ប្រធានអាស៊ាន ហើយទីប្រាំ គឺដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃប្រេសិតពិសេសនោះ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើការជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់របស់មីយ៉ាន់ម៉ា សំដៅទៅរកនូវដំណោះស្រាយនយោបាយមួយ។

មកដល់ពេលនេះការអនុវត្តនូវចំណុចឯកច្ឆន្ទទាំងប្រាំនេះ មានភាពយឺតយ៉ាវដូចខ្ញុំបានលើកឡើងខាងដើម ប៉ុន្តែចំណុចវិជ្ជមានមួយនោះគឺថា នាកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសនាពេលថ្មីៗនេះ សមាជិកអាស៊ានបានឯកភាពគ្នាក្នុងការជ្រើសតាំងរដ្ឋមន្ត្រីការបរទេសទីពីររបស់ប្រទេសព៊្រុយណេគឺ ឯកឧត្ដម Erywan Yusof ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ បើតាមខ្ញុំដឹងឯកឧត្ដម Erywan នឹងកំពុងតែរៀបចំដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ ប៉ុន្ដែខ្ញុំដូចជាមិនទាន់បានដឹងអំពី Term of References ឬក៏លក្ខខណ្ឌប្រតិបត្តិនៃគណៈប្រតិភូប្រេសិតពិសេសរបស់ប្រធានអាស៊ាននោះ បានទទួលការឯកភាពក្នុងចំណោមប្រទេសសមាជិកអាស៊ានហើយឬនៅទេ? ហើយម៉្យាងទៀតខ្ញុំគិតថា ភាពជោគជ័យ ឬក៏ប្រសិទ្ធភាពក្នុងការបំពេញបេសកកម្ម និងតួនាទីរបស់ប្រេសិតពិសេសអាស៊ាន ក៏វាអាស្រ័យទៅនឹងឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំយោធាក្នុងការសហការជាមួយនឹងគណៈប្រតិភូនៃប្រេសិតពិសេសនោះ ហើយក៏វាអាស្រ័យលើស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដូចជាអំពើហិង្សាដែលបាននឹងកំពុងកើនឡើងនៅប្រទេសមីយ៉ាន់ម៉ា ពីព្រោះស្ថានភាពទាំងអស់នោះវាអាចប៉ះពាល់ដល់ការបំពេញតួនាទី និងបេសកកម្មរបស់ប្រេសិតពិសេសនៃប្រធានអាស៊ាននៅប្រទេសមួយនេះ។

សំណួរទី៤៖  នៅខែតុលាឆ្នាំនេះគឺប្រទេសព្រ៊ុយណេដែលជាប្រធានអាស៊ានបច្ចុប្បន្ននឹងប្រគល់ភារកិច្ចដ៏ធ្ងន់មួយ គឺប្រធានអាស៊ាននៅឆ្នាំ២០២២ មកឲ្យកម្ពុជា។ ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ានេះដែរ តើប្រទេសកម្ពុជាមានគោលជំហរក៏ដូចជាការត្រៀមខ្លួនយ៉ាងដូចម្ដេចដើម្បីជួយដោះស្រាយនូវវិបត្តិនេះ? តើសកម្មភាពអាទិភាពអ្វីខ្លះដែលកម្ពុជាអាចនឹងផ្ដោតសំខាន់លើ?

តាមពិតទៅយើងនឹងទទួលនូវ ASEAN Chairmanship ឬក៏ប្រធានអាស៊ាននៅកិច្ចប្រជុំកំពូលចុងខែតុលាខាងមុខនេះ។ បន្ទាប់ពីទទួលបានភាពជាប្រធានអាស៊ាន ខ្ញុំគិតថា បញ្ហាមីយ៉ាន់ម៉ានឹងក្លាយជាវិញ្ញាសាមួយដែលរាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃក្រសួងបរទេស ត្រូវតែបំពេញ និងដោះស្រាយ ហើយនេះមិនមែនជាវិញ្ញាសាស្រួលទេ គឺមានភាពស្មុគស្មាញ និងពិបាកព្យាករ។ តែទោះបីជាយ៉ាងណាក្ដីខ្ញុំគិតថា កម្ពុជាយើងមានមូលដ្ឋានល្អដើម្បីបំពេញតួនាទីនេះ ទីមួយដោយសារតែយើងជាមិត្តល្អ មិត្តដែលទុកចិត្តរបស់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ាគ្រប់និន្នាការនយោបាយ ក៏ដូចជាប្រជាជនមីយ៉ាន់ម៉ាជាទូទៅ ហើយដោយសារតែស្ថានភាពសង្គមសេដ្ឋកិច្ច ជាពិសេសវប្បធម៌នៃប្រទេសយើងទាំងពីរ មានភាពស្រដៀងគ្នាច្រើន។ ទីពីរ ខ្ញុំគិតថាកម្ពុជាមានមេរៀន និងបទពិសោធន៍ល្អៗជាច្រើន ដើម្បីចូលរួមចំណែកនៅក្នុងការកសាងសន្តិភាព ក៏ដូចជាការបង្រួបបង្រួមជាតិ (National Reconciliation) នៅមីយ៉ាន់ម៉ា។ កម្ពុជាក៏ឆ្លងកាត់នូវវិបត្តិនយោបាយដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍ ហើយយើងបានបញ្ចប់វិបត្តិនយោបាយ និងអំពើហិង្សាទាំងនោះ បានដោយជោគជ័យតាមរយៈយុទ្ធសាស្ត្រឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៧-១៩៩៨។ ហើយយុទ្ធសាស្ត្រឈ្នះ-ឈ្នះនេះ ខ្ញុំគិតថាវាជាបទពិសោធន៍ល្អ ដើម្បីអនុញ្ញាតឲ្យមីយ៉ាន់ម៉ាបិទបញ្ចប់នូវវិបត្តិនយោបាយ ចាប់ផ្ដើមលើកកម្ពស់នូវការបង្រួបបង្រួមជាតិ និងលើកកម្ពស់កិច្ចសន្ទនានយោបាយប្រកបដោយភាពស្ថាបនានៃភាគីពាក់ព័ន្ធទាំងអស់។ ប៉ុន្តែយើងត្រូវដឹងថា នេះជារឿងមួយដ៏ស្មុគស្មាញ ហើយខ្ញុំគិតថា អ្វីដែលកម្ពុជាអាចចូលរួមចំណែកបាននោះគឺ ទីមួយយើងគួរតែជំរុញបង្កើតនូវ Conducive Environment for Constructive Political Dialogue ឬភាពដែលអំណោយផលមួយដើម្បីការចរចា និងកិច្ចសន្ទនានយោបាយប្រកបដោយភាពស្ថាបនា។ ទីពីរគឺត្រូវធ្វើយ៉ាងណាជួយទៅដល់ភាគីជម្លោះពាក់ព័ន្ធទាំងអស់ដើម្បីឲ្យមានជំនឿទុកចិត្តខាងផ្នែកយោបាយ (Political Trust) ពីព្រោះបើសិនពុំមានជំនឿទុកចិត្តគ្នាទេ យើងពិបាកនឹងឈានទៅដល់នូវដំណោះស្រាយនយោបាយពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។ ចុងក្រោយ គេខ្ញុំគិតថា កម្ពុជាគួរតែជំរុញធ្វើយ៉ាងណាឲ្យមាននូវការជួយខាងផ្នែកមនុស្សធម៌ទាំងក្នុងក្របខណ្ឌទ្វេភាគីជាពិសេសក្នុងក្របខណ្ឌអាស៊ានតាមរយៈASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre) ឬមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ។ ដូចនេះ AHA Centre នឹងដើរតួនាទីសំខាន់ដើម្បីឲ្យមានការជួយខាងផ្នែកមនុស្សធម៌នៅមីយ៉ាន់ម៉ា។ ខ្ញុំគិតថាជំនួយមនុស្សធម៌ គួរតែត្រូវបានជំរុញតាមរយៈការចូលរួមចំណែកពីដៃគូអាស៊ានដទៃទៀត ជាពិសេសប្រទេសបូកបី និងប្រទេសដែលជាដៃគួសន្ទនា និងមានកិច្ចសន្ទនាជាមួយអាស៊ាន។ នេះជាអ្វីដែលយើងគួរតែជំរុញគួរតែលើកទឹកចិត្ត ឲ្យអាស៊ានចូលរួមចំណែកកាន់តែសកម្ម ជាពិសេសលើកទឹកចិត្តឲ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយចូលរួមយ៉ាងសកម្ម ហើយយើងពុំគួរមានការរំពឹងទុកខ្ពស់ពេកទេដោយសារតែអាស៊ានមានដែនកំណត់ដូចដែលខ្ញុំបានលើកឡើងខាងដើម។

វាគ្មិន៖ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ទីប្រឹក្សាយុទ្ធសាស្រ្តនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

អ្នករៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ