Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice ៖ គោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា

AVI Voiceគោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា
{{svg_share_icon}}

សំណួរទី១៖ តើលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា យូស៊ីហ៊ីដេ ជានរណា? តើគាត់មានគុណសម្បតិ្ត ឬលក្ខណៈពិសេសអ្វីខ្លះ ដែលអាចឲ្យគាត់អាចទទួលសំឡេងភាគច្រើនពីសមាជិកនៅក្នុងគណបក្សប្រជាធិបតេយ្យ សេរី (Liberal Democratic Party-LDP) របស់ជប៉ុន?

លោក ស៊ូហ្គា យូស៊ីហ៊ីដេ គឺជាអ្នកនយោបាយជប៉ុន ដែលមកពីគ្រួសារកសិករ ដែលឪពុករបស់គាត់ជាម្ចាស់ចំការស្តរបឺរី (Stawberry) រីឯម្តាយរបស់លោកគឺជាគ្រូបង្រៀន។ នេះដូចជាលើកទីមួយហើយ ក្នុងថ្នាក់ដឹកនាំកំពូលរបស់ជប៉ុន ដែលលោកមានប្រវត្តិចេញមកពីគ្រួសារធម្មតា ពោលគឺគ្រួសារកសិករ។ ភាគច្រើន ថ្នាក់ដឹកនាំនៃគណបក្ស LDP នេះ គឺចេញមកពីត្រកូលអ្នកនយោបាយខ្ពស់ៗ ឬក៏មាន
វណ្ណៈខ្ពស់ៗនៅក្នុងសង្គមជប៉ុន។ លោកគឺជានាយករដ្ឋមន្ត្រីដែលបានតែងតាំងឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានចុះចេញពីតំណែង នៅខែកញ្ញា ឆ្នាំ២០២០ និយាយឲ្យចំទៅនេះគឺជាការបោះឆ្នោតនៅក្នុងបក្សទេ ដើម្បីជ្រើសរើសលោកធ្វើជានាយករដ្ឋមន្ត្រីជំនួស។ យើងឃើញថានៅក្នុងគណបក្ស LDP នេះ គឺមានបក្ខពួកមួយចំនួននៅក្នុងគណបក្សនេះធ្វើការប្រកួតប្រជែងគ្នាដែរ ក៏ប៉ុន្តែលោក ស៊ូហ្គា នេះ បានទទួលការជឿទុកចិត្ត និងការគាំទ្រពីលោក ស៊ីនហ្សូ អាបេ ​ដែលមានសំឡេងភាគច្រើននៅក្នុងគណបក្ស LDP នេះ បោះឆ្នោតឲ្យ។ នេះគឺជាកត្តារបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រី ដែលជាកត្តាសំខាន់នៅក្នុងការធ្វើឲ្យលោក ស៊ូហ្គា នេះ ជាប់ឆ្នោតទៅក្នុងការបោះឆ្នោតផ្ទៃក្នុងរបស់គណបក្ស LDP នេះ។

សំណួរទី២៖ តើនយោបាយការបរទេសរបស់លោកនាយករដ្ឋមន្រ្តី ស៊ូហ្គា និងនយោបាយការបរទេសរបស់អតីតនាយករដ្ឋមន្រ្តី លោក ស៊ីនហ្សូ អាបេ មានភាពខុសគ្នាយ៉ាងដូចម្តេច?

យើងឃើញថា នយោបាយការបរទេសរបស់លោក​ ស៊ូហ្គា គឺជាការបន្តនូវគោលនយោបាយការបរទេសរបស់លោក ស៊ីនហ្សូ អាបេ ជាពិសេសទាក់ទងនឹងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលបើកចំហ និងសេរី (Free and Open Indo-Pacific) គឺជាគោលនយោបាយបន្តពីលោក ស៊ីនហ្សូ អាបេ។ បើយើងមើល ប្រវត្តិការងារ (Portfolio) របស់គាត់ ភាគច្រើន គឺទាក់ទងនឹងបញ្ហាផ្ទៃក្នុងជាជាងបញ្ហាការបរទេស។ គាត់ធ្លាប់មានបទពិសោធន៍ទាក់ទងទៅនឹងការដោះស្រាយមូលដ្ឋានទ័ពអាមេរិក នៅខេត្ត Okinawa។ ដូចនេះគាត់ធ្លាប់មានបទពិសោធន៍ច្រើន តែបទពិសោធន៍គាត់នៅខាងក្រៅ គឺមានកម្រិត។ មានន័យថា រដ្ឋបាលរបស់លោក ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ គឺនៅបន្តអនុវត្តនូវគោលនយោបាយរបស់លោក ស៊ីស៊ីនហ្សូ អាបេ គឺពុំមានអ្វីប្រែប្រួលនោះទេ។

សំណួរទី៣៖ ជប៉ុនក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា បច្ចុប្បន្នបានចូលរួម ក៏ដូចជាដើរតួនាទីសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីនិយមជាមួយបច្ចិមលោកច្រើន ដែលក្នុងនោះមានដូចជា G7 ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ (Free and Open Indo-Pacific) និងកិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) ជាដើម ដែលកិច្ចសហប្រតិបត្តិការទាំងនោះកំពុងដាក់សម្ពាធភូមិសាស្ត្រនយោបាយខ្លាំងមកបណ្តាប្រទេសអាស៊ាន ពិសេសប្រទេសមេគង្គ។ តាមទស្សនៈរបស់លោក (ផ្ទាល់) តើអាចទេដែលជប៉ុននឹងអនុវត្តគោលនយោបាយការបរទេស មកបណ្តាប្រទេសអាស៊ាន និងមេគង្គ ដូចអ្វីដែលបច្ចិមលោកបាននិងកំពុងតែធ្វើដែរ?

យើងត្រូវដឹងថា ជប៉ុនគឺមានភាពឯករាជ្យរបស់ខ្លួនក្នុងការតាក់តែង ក៏ដូចជាការអនុវត្តគោលនយោបាយការបរទេស ជាពិសេសមកតំបន់អាស៊ីអាគ្នេយ៍ ឬតំបន់អាស៊ានយើងនេះ។ កន្លងទៅនេះ យើងឃើញថា ជប៉ុនគឺជាអ្នកផ្ដួចផ្ដើមដំបូងគេនូវយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ (Free and Open Indo-Pacific) ក្រោមរដ្ឋបាលរបស់លោក ស៊ីនហ្សូ អាបេ។ បន្ទាប់មកមានបណ្ដាប្រទេសមួយចំនួនទៀតដូចជា ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី ហើយឥលូវក៏មានសហគមន៍អឺរ៉ុបជាដើម បានលើកយកនូវពាក្យ Free and Open Indo-Pacific Strategy នេះ ធ្វើជាគោលនយោបាយការបរទេស។ ដូចនេះ ដើម កំណើតនៃ Free and Open Indo-Pacific Strategy នេះ ផ្តើមចេញមកពីប្រទេសជប៉ុន គឺអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុងបំណងនៃការពង្រឹងទំនាក់ទំនងជប៉ុនក្នុងការផ្សារភ្ជាប់សមុទ្រពីរ គឺ
សមុទ្រប៉ាស៊ីហ្វិក និងសមុទ្រឥណ្ឌា។ ហើយជប៉ុនចង់ឲ្យឥណ្ឌាមានតួនាទីសំខាន់នៅក្នុងតំបន់យើងនេះពីព្រោះថា ឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យធំជាងគេក្នុងពិភពលោក។ ដូចនេះ គុណតម្លៃរួមរវាងជប៉ុននិងឥណ្ឌា ក្នុងការជំរុញនូវលទ្ធិប្រជាតេយ្យនេះគឺជាបញ្ហាសំខាន់ទីមួយបញ្ហាសំខាន់ទីពីរទាក់ទងទៅនឹងសេដ្ឋកិច្ច គឺធ្វើយ៉ាងណាដើម្បីផ្សារភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ហើយជប៉ុនគឺចង់ធ្វើសមារណកម្មបន្ថែមទៀតជាមួយនឹងតំបន់អាស៊ាន ក៏ដូចជាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ បញ្ហាសំខាន់ទីបី គឺកត្តាភូមិសាស្ត្រនយោបាយ ជាពិសេសគឺការកើនឡើងនូវឥទ្ធិពល និងវត្តមានរបស់ចិននៅតំបន់នេះ។ ដូចនេះ គេការរួមគ្នារវាងបណ្តាប្រទេសដែលមានប្រព័ន្ធនយោបាយប្រហាក់ប្រហែលគ្នា ឬស្រដៀងគ្នានេះ (ដែលមានជប៉ុន ឥណ្ឌា
អូស្ត្រាលី និងអាមេរិក) ក៏បានចងជាប្រព័ន្ធមួយ ដើម្បីជំរុញដោយការសហការគ្នា ដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងនូវឥទ្ធិពលចិននៅក្នុងតំបន់នេះដែរ។ ក៏ប៉ុន្តែ ពិតហើយចំពោះជប៉ុន ក្នុងយន្តការកិច្ចសន្ទនាចតុភាគី (QUAD) នេះ ក៏មានគោលបំណងសំខាន់ដែរ គឺការជំរុញផ្នែកសេដ្ឋកិច្ច ពីព្រោះថា
សេដ្ឋកិច្ចជប៉ុន គឺមិនអាចផ្តាច់ចេញពីសេដ្ឋកិច្ចនៅក្នុងតំបន់នេះទេ។ នេះគឺជាហេតុផលសំខាន់មួយទៀតក្នុងយុទ្ធសាស្ត្រ Free and Open Indo-Pacific របស់ជប៉ុននេះ។

សំណួរទី៤៖ ​ជប៉ុនសព្វថ្ងៃ កំពុងធ្វើការយ៉ាងជិតស្និតជាមួយអាស៊ាន និងប្រទេសមេគង្គ ក្រោមក្របខណ្ឌអាស៊ាន-ជប៉ុន និងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ តើគោលនយោបាយរបស់ជប៉ុននៅក្នុងក្របខណ្ឌទាំងពីរមានភាពខុសគ្នាដែរឬទេ?

យើងឃើញថា ជប៉ុនគឺជាតួអង្គមួយដ៏សំខាន់ក្នុងក្របខណ្ឌអាស៊ាន ជាពិសេសទៅលើផ្នែក
សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម។ កន្លងទៅនេះ ប្រទេសជប៉ុនបានជំរុញខ្លាំងទាក់ទងនឹងការធ្វើសេរីភាវូបនីយកម្ម ក៏ដូចជាការជំរុញនូវពាណិជ្ជកម្មនៅក្នុងតំបន់នេះដែរ ពោលគឺនៅក្នុងក្របខណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយពាណិជ្ជកម្មសេរីថ្នាក់តំបន់ (Regional Comprehensive Economic Partnership-RCEP) គឺជប៉ុនបានដើរតួនាទីសំខាន់នៅក្នុងការជំរុញនៅក្នុងការចរចានេះ។ ហើយជប៉ុនក៏បានដើរតួនាទីសំខាន់នៅក្នុង Comprehensive and Progressive Trans-Pacific Partnership-CPTPP)ក្រោយសហរដ្ឋអាមេរិកបានដកខ្លួនចេញពី CPTPP នេះ គឺជប៉ុនបានដើរតួនាទី ជាអ្នកដឹកនាំនៅក្នុងការ
ចរចា។ នេះគឺជាគោលនយោបាយពាណិជ្ជកម្ម គោលនយោបាយសេដ្ឋកិច្ចការបរទេសរបស់ជប៉ុន គឺមានភាពសកម្ម ដើម្បីជំរុញសមាហរណកម្ម។ អាស៊ានក៏បានផលប្រយោជន៍ពីគោលនយោបាយបើកចំហជំរុញពាណិជ្ជកម្មសេរីរបស់ជប៉ុនដែរ។​

បើយើងក្រឡេកមកផ្នែកវិនិយោគវិញ យើងឃើញថាការវិនិយោគរបស់ជប៉ុននៅក្នុងតំបន់នេះ ក៏មានសារៈសំខាន់ដែរ ហើយគុណភាពនៃការវិនិយោគជប៉ុនមានកម្រិតខ្ពស់ ជាពិសេសក្នុងការផ្ទេរនូវចំណេះដឹង ក៏ដូចជាបច្ចេកវិទ្យា ពីក្រុមហ៊ុនជប៉ុនមកដល់ក្រុមហ៊ុននៅក្នុងតំបន់ ហើយបានផ្សារភ្ជាប់នៅក្រុមហ៊ុនតំបន់នេះទៅក្នុងខ្សែចង្វាក់ផលិតកម្ម ដែលភ្ជាប់ជាមួយជប៉ុន។ នេះគឺជាផលប្រយោជន៍រួមទាក់ទងនឹងការធ្វើសមារណកម្មសេដ្ឋកិច្ចរវាងជប៉ុននិងអាស៊ាននេះ។

បើយើងក្រឡេកមកមេគង្គមេគង្គនេះគឺ ជប៉ុនឲ្យសារៈសំខាន់ច្រើនជាងគេ។ ជប៉ុនគឺជាប្រទេសទីមួយ ហើយដែលមានយន្តការកិច្ចប្រជុំកំពូលមេគង្គជប៉ុន (Mekong-Japan Summit) ពោលគឺបន្ទាប់ពីមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមក យើងឃើញថាឈានទៅដល់ថ្នាក់កំពូល។ នេះបានន័យថាជប៉ុនបានឲ្យតម្លៃលើតំបន់មេគង្គយើងនេះមុនគេ។ តួនាទីរបស់ជប៉ុននៅក្នុងតំបន់មេគង្គនេះ គឺការផ្សារភ្ជាប់នូវ
ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្សារភ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ច ពោលគឺច្រករបៀងសេដ្ឋកិច្ច East-West ដោយភ្ជាប់ពីខាងកើតទៅខាងលិច ឬភ្ជាប់ពីតំបន់មេគង្គទៅឥណ្ឌា។ នេះគឺជាតួនាទីសំខាន់របស់ជប៉ុនដែរ ក្នុងការជំរុញរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់មេគង្គនេះ។

សំណួរទី៥៖ ចំពោះការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងសហរដ្ឋអាមេរិក និងចិន យើងឃើញថា កម្ពុជាក៏ទទួលបានសម្ពាធមិនស្ទើរដែរនៅក្នុងការប្រកួតប្រជែងនេះ ដែលធ្វើឲ្យប៉ះពាល់ខ្លះទៅដល់ទំនាក់ទំនងកម្ពុជា-អាមេរិក។ តើលោកបណ្ឌិតយល់ឃើញយ៉ាងដូចម្តេចចំពោះតួនាទីរបស់ជប៉ុន ក្នុងទំនាក់ទំនងកម្ពុជា-អាមេរិក? តើអាចទេ ប្រសិនបើមានការជួយជ្រោមជ្រែងពីមិត្តជប៉ុន កម្ពុជានិងអាមេរិកអាចនឹងមានភាពល្អប្រសើរជាងនេះ?

ពិតហើយ​ ជប៉ុនចង់ឲ្យប្រទេសកម្ពុជាយើងមានមិត្តច្រើន។ ប្រសិនបើទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកមានភាពល្អប្រសើរ វាក៏ផ្តល់ផលប្រយោជន៍ទៅដល់ជប៉ុនផងដែរ។ តួអង្គជប៉ុននេះសំខាន់ណាស់ក្នុងការធ្វើជាស្ពាននៃការជឿទុកចិត្តគ្នារវាងកម្ពុជានិងសហរដ្ឋអាមេរិក ជាពិសេសទាក់ទងនឹងបញ្ហារសើបមួយចំនួន ដូចជាបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើម។ យើងឃើញថា​ ជប៉ុនគឺខំប្រឹងស្វែងយល់ពីកម្ពុជា ហើយក៏ខំប្រឹងពន្យល់ដល់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ដើម្បីឲ្យស្វែងយល់បន្ថែមទាក់ទងនឹងស្ថានការណ៍នយោបាយ ក៏ដូចជាសិទ្ធិមនុស្ស ហើយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ។ នេះគឺជាតួនាទីមួយដ៏សំខាន់ដែរ ដែលជប៉ុនកន្លងទៅនេះ បានជួយផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជាជាមួយនឹងលោកខាងលិចដែរ ពីព្រោះថាការយល់ឃើញពីជប៉ុនទាក់ទងបញ្ហាសិទ្ធិមនុស្ស និងបញ្ហាលទ្ធិប្រជាតេយ្យនេះ គឺមានភាពខុសគ្នាជាមួយនឹងសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបដែរ។ ចង់ឬមិនចង់
ជប៉ុនជាប្រទេសមួយនៅក្នុងអាស៊ី ហើយយល់ពីវប្បធម៌ យល់ពីសង្គម និងប្រវត្តិសាស្ត្ររបស់អាស៊ី ក៏ដូចជាលទ្ធិប្រជាធិបតេយ្យបែបអាស៊ី។ ដូចនេះ តួអង្គជប៉ុនគឺជាតួអង្គមួយសំខាន់នៅក្នុងបញ្ហានេះ។

សំណួរទី៦៖ ប្រសិនបើជប៉ុនដើរតួនាទីសំខាន់មែននោះ តើបច្ចុប្បន្ន ការប្តេជ្ញារបស់ជប៉ុនមានក្នុងកម្រិតណាដែរ? ហើយកម្ពុជាគួរមានអ្វីនៅក្នុងដៃ ដើម្បីអាចជំរុញឲ្យជប៉ុនដើរតួនាទីជាស្ពានសម្របសម្រួលទំនាក់ទំនងកម្ពុជា-អាមេរិកបាន?

យើងឃើញថា ជប៉ុនគឺឲ្យតម្លៃខ្ពស់មកពីតំបន់អាស៊ីអាគ្នេយ៍យើងនេះ ដោយសារតែជោគវាសនាសេដ្ឋកិច្ច ឬក៏សន្តិសុខរបស់ជប៉ុន គឺផ្សារភ្ជាប់កាន់តែខ្លាំងឡើងជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់។
ជប៉ុនបានចូលចិត្តទុកដាក់ និងបន្តជំរុញនូវវត្តមាន ក៏ដូចជាតួនាទីរបស់ខ្លួននៅក្នុងតំបន់នេះ។ ហើយនៅក្នុងបរិបទនៃការប្រកួតប្រជែងរវាងប្រទេសចិននិងអាមេរិកនៅក្នុងតំបន់នេះ ជប៉ុនបានខំជួយធ្វើយ៉ាងណាឲ្យតំបន់នេះមានស្ថិរភាពដែរ កុំឲ្យឈានទៅរកវិបត្តិ ឬក៏សង្គ្រាមណាមួយនាពេលអនាគត។ ដូចនេះ
តួនាទីជប៉ុននៅក្នុងតំបន់នេះគឺសំខាន់។ ទាក់ទងទៅនឹងកម្ពុជា ខ្ញុំគិតថាជប៉ុននៅតែបន្តដើរតួនាទីសំខាន់របស់ខ្លួន ទាំងផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការការពារបរិស្ថាន ក៏ដូចជាការជំរុញនូវលទ្ធិ
ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានេះដែរ។ យើងឃើញថាកន្លងទៅនេះ ជប៉ុនគឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់។ ហេដ្ឋារចនាសម្ព័ន្ធទន់នេះគឺកាន់តែសកម្មជាងនេះ ទៅថ្ងៃអនាគត ជាពិសេសការពង្រឹងនូវសមត្ថភាពស្ថាប័ន អភិបាលកិច្ច ធនធានមនុស្ស បច្ចេកវិទ្យាជាដើម។ ដូច្នេះនេះ ការជួយរបស់ជប៉ុននៅក្នុងការស្ដារសេដ្ឋកិច្ចរបស់កម្ពុជាក្នុងបរិបទកូវីដ និងក្រោយកូវីដ ជាពិសេសការជំរុញផ្នែកធនធានមនុស្ស និងផ្នែកបច្ចេកវិទ្យា គឺជាកត្តាមួយសំខាន់ហើយជប៉ុនក៏មានឧត្តមភាពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនេះដែរ។

វាគ្មិន៖ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

Join our AVI Channel

Recent Posts

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930