រដ្ឋមន្ត្រី​កម្ពុជា​បួន​រូប​នឹង​ទៅ​ទស្សន​កិច្ច​នៅ​អាល្លឺម៉ង់​ដើម្បី​សិក្សា​បន្ថែម​ពី​វិមជ្ឈការ

រដ្ឋមន្ត្រីក្រសួងចំនួនបួនរបស់កម្ពុជានឹងចេញដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់នៅចុងខែកញ្ញាខាងមុខ ដែលមន្ត្រីផ្លូវការអះអាងថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញការអនុវត្តន៍គោលការណ៍វិមជ្ឈការនៅកម្ពុជា។

ភ្នំពេញ —

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នឹងចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការរយៈពេលមួយសប្តាហ៍ នៅប្រទេសអាល្លឺម៉ង់ នាចុងខែកញ្ញាខាងមុខ។ គោលដៅគឺដើម្បីពង្រឹងចំណងទាក់ទងទ្វេភាគីនិងដើម្បីសិក្សាបន្ថែមពីវិមជ្ឈការនៅអាល្លឺម៉ង់។

នេះគឺជាដំណើរទស្សនកិច្ចដ៏កម្រមួយរបស់ក្រុមរដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុបមួយនេះ។ លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់វីអូអេថា ការធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់នេះ ទទួលបានការអនុញ្ញាតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថា ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

«ក្រោយពីការបោះឆ្នោត អាល្លឺម៉ង់គាត់បានសន្យាថា គាត់នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ហ្នឹង តាំងពីប្រកាសលទ្ធផលបោះឆ្នោតម្ល៉េះ។ ដូច្នេះហើយនេះជាលទ្ធផលផ្លែផ្កាដែលភាគីអាល្លឺម៉ង់បានប្រកាសក្រោយការបោះឆ្នោតឆ្នាំ២០១៨»។

គណៈប្រតិភូនៃរដ្ឋមន្ត្រីទាំងបួនរូបនឹងចេញដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់នៅថ្ងៃទី២៤ ខែកញ្ញា និងត្រូវបញ្ចប់ទស្សនកិច្ចនៅទីនោះ នៅថ្ងៃទី៣០ខែកញ្ញាដដែល។ ប៉ុន្តែនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បដិសេធមិនបញ្ជាក់លម្អិតអំពីរបៀបវារៈនៃដំណើរទស្សនកិច្ចនេះទេ។

អាល្លឺម៉ង់គឺជាប្រទេសដែលមានប្រវត្តិឆ្លងកាត់បទពិសោធន៍នៃអំពើប្រល័យពូជសាសន៍ដូចគ្នាទៅនឹងប្រទេសកម្ពុជាដែរ។

Full article available : https://khmer.voanews.com/a/top-cambodian-officials-to-study-decentralization-process-in-germany/5041636.html