លោក សួស យ៉ារ៉ា បង្ហាញពីចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីក្លាយជាសង្គមមួយរីកចម្រើន ប្រកបដោយបរិយាប័ន្ន និងចីរភាព

(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា តំណាងរាស្ត្រកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាក្រោយសង្គ្រាម បានបង្ហាញនូវសក្ខីកម្មជោគជ័យដ៏អស្ចារ្យស្តីពីការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច ដោយចាប់តាំងពីទទួលបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ ដែលមានអត្រាកំណើនជាមធ្យម ៨%ក្នុងមួយឆ្នាំ។ លើសពីនេះទៅទៀត អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ពី ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹមតែ ១០% នៅក្នុងឆ្នាំ២០១៩។ ស្របពេលជាមួយគ្នានេះ វិស័យអប់រំ និងវិស័យសុខាភិបាល មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

លោក សួស យ៉ារ៉ា បានបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដ៏ឆាប់រហ័ស និងសមិទ្ធិផលដទៃទៀតទាំងអស់ ដែលកម្ពុជាសម្រេចបានកន្លងមក ជាលទ្ធផលនៃសន្តិភាព និងស្ថិរភាព ដែលបានមកដោយលំបាក តាមរយៈយុទ្ធសាស្រ្តដែលមានការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីផ្សះផ្សារជាតិ និងកសាងសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់នៅក្នុងសម័យប្រជុំលើកទី៧៥ នៃសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) នៅទីក្រុងបាងកកកាលពីដើមសប្តាហ៍នេះថា សន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ដែលមានលក្ខណៈបរិយាប័ន្ន និងស្មើភាពគ្នា គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជាតិ។

ជាក់ស្តែងសក្ខីភាពមួយ ដែលបង្ហាញអំពីគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានអនុវត្តតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល និងការបែកបាក់ផ្នែកមនោគមវិជ្ជា។ តាមរយៈការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គោលនយោបាយឈ្នះ-ឈ្នះ មិនត្រឹមតែបានផ្តល់នូវសុវត្ថិភាព និងសន្តិសុខដល់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវវឌ្ឍនភាពសង្គម និងវិបុលភាពសេដ្ឋកិច្ច។ ការផ្តល់នឹងការការពារកម្មសិទ្ធិឯកជន រួមទាំងដីសម្បទានសង្គមកិច្ចត្រូវបានអនុវត្តនៅទូទាំងប្រទេស។

លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ថា ការអភិវឌ្ឍជាតិ គឺជាការងារដែលត្រូវធ្វើជាបន្ត ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធសាស្រ្តអភិវឌ្ឍន៍ ប្រកបដោយភាពច្នៃប្រឌិតឥតឈប់ឈរ។ ជាឧទាហរណ៍រាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមផែនការអភិវឌ្ឍមួយប្រកបដោយមហិច្ឆតាខ្ពស់ ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ ប្រជាពលរដ្ឋម្នាក់ៗ នឹងត្រូវទទួលបាននូវការការពារសង្គមដូចៗគ្នានៅក្នុងកម្មវិធីបណ្តាញសុវត្ថិភាពសង្គម។

Full article available: http://freshnewsasia.com/index.php/en/localnews/123680-2019-06-03-08-39-12.html